Sunday, November 24, 2024
Homeនយោបាយរដ្ឋសភា​អនុម័ត​​ទទួល​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ

រដ្ឋសភា​អនុម័ត​​ទទួល​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច អនុម័តទទួលសេចក្តីស្នើច្បាប់ ស្តីពីគណបក្ស នយោបាយ មកពិនិត្យនិងសិក្សា មុននឹងធ្វើការ បើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា និង អនុម័តនាំពេលខាងមុខ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក្រោម អធិបតីភាពសម្តេចហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានបើក កិច្ចប្រជុំពិភាក្សា និងអនុម័ត ទទួលយកសេចក្តី ស្នើវិសោធនកម្មច្បាប់ចំនួនពីរ គឺទី១ សេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈ មន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ និងទី២ សេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ ប្រគល់ជូនគណៈកម្មការជំនាញដើម្បី ពិនិត្យនិងសិក្សា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា ស្តីពីលទ្ធផលនៃ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រយ៍រដ្ឋសភា ចុះ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានបញ្ជាក់ថា ៖

១-អង្គប្រជុំបានអនុម័តប្រគល់ជូន សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី លក្ខន្តិកៈមន្ត្រីរាជការ នៃក្រុមនីតិប្បញ្ញត្តិ ដល់ គណៈកម្មការនីតិកម្មនិងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារ ជាតិ និងមុខងារសាធារណៈ ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។

២-អង្គប្រជុំបានអនុម័តប្រគល់សេចក្តី ស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយ ដល់គណៈកម្មការនីតិកម្មនិងយុត្តិ- ធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចន្ត្រៃយ៍រដ្ឋសភា វិញ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ ការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅ ថ្ងៃនោះ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈ- កម្មការទី៧នៃរដ្ឋសភា និងជាអ្នកនាំពាក្យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅរដ្ឋសភា បានលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្តី ពីគណបក្សនយោបាយ ត្រូវមានការចូលរួមពី គ្រប់គណបក្សនយោបាយ ដើម្បីឱ្យមានការ ផ្តល់យោបល់លើចំណុចដែលត្រូវកែលម្អ និង បំពេញបន្ថែម។

លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ ថា “គណបក្សនយោបាយមានជាង៧០ ហើយ ក្រសួងទទួលស្គាល់ជាង៤០ហើយ ម៉េចក៏មិន ពិភាក្សាជាមួយគណបក្សនយោបាយទាំងអស់នោះសិន ព្រោះជាការពិត លោក (CPP) មានសិទ្ធិក្នុងការធ្វើសេចក្តីព្រាងច្បាប់ ដាក់ជូន គណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មការ ទី៦ យកទៅសិក្សា ហើយដាក់ជូនសភាពេញអង្គ ព្រោះគាត់ជាសំឡេងភាគច្រើន។ ប៉ុន្តែជាសំឡេងភាគច្រើនក៏ដោយ ជាច្បាប់ មានន័យ ថា សម្រាប់គណបក្សនយោបាយទាំងអស់ ដែល មានទទួលស្គាល់ពីក្រសួងមហាផ្ទៃ ដូច្នេះត្រូវ បើកទ្វារជជែកជាមួយគណបក្សនយោបាយ ទាំងអស់ តើចំណុចណាខ្លះគួរកែលម្អ និងបំពេញ បន្ថែម ដើម្បីឱ្យពេញលក្ខណៈច្បាប់មួយ ឱ្យឈ្មោះ ថាទំនុកចិត្ត និងការទទួលយកបានពីគ្រប់ភាគី នៃគណបក្សនយោបាយ”។

លោកយ៉ែម បុញ្ញឫទ្ធី បានបញ្ជាក់បន្ថែម ថា ការបោះឆ្នោត កាន់តែខិតជិតមកដល់គ្រប់ គណបក្សនយោបាយ ត្រូវការពេលវេលា ដើម្បី គិតគូរពីបញ្ហាបោះឆ្នោត។ ដូច្នេះការធ្វើវិសោធន- កម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ ប្រសិនបើប្រញាប់ប្រញាល់នោះនឹងប៉ះពាល់ដល់ពេលវេលារបស់ គណបក្សនីមួយៗដែលត្រូវត្រៀមខ្លួនចូលរួម ប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ។

ទោះបីយ៉ាងណា អ្នកនាំពាក្យតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា លោក ឈាង វុន បានបញ្ជាក់ក្រោយកិច្ចប្រជុំគណៈកម្មាធិអចិន្ត្រៃយ៍នោះដែរថា សេចក្តីស្នើវិសោធនកម្មលើច្បាប់ស្តីពីគណបក្សនយោបាយ មិន អាចត្រូវបានពន្យារពេលនោះទេ ព្រោះសភាពការណ៍ប្រទេសជាតិនាពេលបច្ចុប្បន្ន តូវការ ច្បាប់នេះយកមកអនុវត្តជាប្រញាប់។ ម៉្យាងទៀត ខ្លឹមសារនៃច្បាប់នេះ បានឆ្លងកាត់ការ សិក្សាយ៉ាងស៊ីជម្រៅពីតំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជារួចហើយ ដូច្នេះមិនត្រូវការពន្យារ ពេលអ្វីឱ្យវែងឆ្ងាយទៀតឡើយ។

លោកឈាង វុន បញ្ជាក់បន្ថែមថា ការ ធ្វើវិសោធនកម្មនេះ គឺដើម្បីអនុវត្តទៅលើគ្រប់ គណបក្ស ហើយការកែច្បាប់ស្តីពីគណបក្ស នយោបាយ មិនមែនដើម្បីដាក់សម្ពាធទៅលើ គណបក្សសង្គ្រោះជាតិ ឬគណបក្សណាមួយឡើយ។

គួរម្លឹកថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានស្នើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា ឱ្យមានវិសោធនកម្មច្បាប់ស្តីពីគណបក្ស នយោបាយដោយកំណត់ថា អ្នកមានទោស ឬ ទណ្ឌិតមិនគួរមានសិទ្ធិក្លាយជាប្រធានគណបក្ស នោះទេ។ ក្រៅពីនេះសម្តេចហ៊ុន សែន ក៏ចង់ ឱ្យប្រទេសកម្ពុជា អនុវត្តច្បាប់ ដូចប្រទេសថៃ ដែលកំណត់ថា គណបក្សណា ដែលធ្វើខុសច្បាប់ធ្ងន់ធ្ងរ អាចត្រូវរំលាយចោលតែម្តង។

បើតាមប្រភពអ្នកនាំពាក្យគណបក្សប្រ-ជាជនកម្ពុជា ឱ្យដឹងថា សេចក្តីស្នើវិសោធនកម្ម ច្បាប់ ស្តីពីគណបក្សនយោបាយនេះ អាចនឹងត្រូវរដ្ឋសភា បើកសម័យប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័តនៅពេលដ៏ឆាប់ខាងមុខនេះ៕ កុលបុត្រ

RELATED ARTICLES