Thursday, November 28, 2024
Homeសង្គម និងជីវិត ២ឆ្នាំ សត្វផ្សោតកើនដល់១០៥ក្បាល

 ២ឆ្នាំ សត្វផ្សោតកើនដល់១០៥ក្បាល

ខេត្តក្រចេះ ៖ កញ្ញាអ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបានជោគជ័យដ៏ធំក្នុងការអភិរក្សផ្សោត កើនដល់ ១០៥ក្បាល។

កញ្ញា អ៊ឹម រចនា បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបប្រជុំនិងពិភាក្សាជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងឆ្មាំទន្លេ ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

នៅចំពោះមុខឆ្មាំទន្លេមេគង្គ ក្នុងខេត្តក្រចេះ ចំនួន៤៤រូប មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរូបនេះ បានសម្តែងការកោតសរសើរនិងថ្លែងអំណរគុណចំពោះមន្ត្រីឆ្មាំទន្លេ ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបំពេញភារកិច្ចដោយមិនខ្លាចការនឿយហត់ ឆ្លាស់វេនគ្នា ការពារនិងទប់ស្កាត់បទល្មើសនេសាទនៅតំបន់ការពារ ២៤ ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ ការនេសាទដោយប្រើមងក្រឡាធំ និងឧបករណ៍ឆក់ នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ នៅតែមាន និងអាចបង្កហានិភ័យដល់អាយុជីវិតសត្វផ្សោត។

កញ្ញា អ៊ឹម រចនា បានលើកទឹកចិត្តនិងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីឆ្មាំទន្លេទាំងអស់ នឹងរួមសហការគ្នា ដើម្បីពង្រឹងវិធានការការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីធានានិរន្តរភាពសត្វផ្សោត ដែល់ជារតនសម្បត្តិរបស់ជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលដល់ប្រជាជននៅក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា “ជោគជ័យដ៏ធំដែលកម្ពុជា សម្រេចបានក្នុងការអភិរក្សផ្សោត គឺកំណើនសត្វផ្សោត ពីចំនួន ៩២ក្បាល ដល់ ១០៥ក្បាល ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដែលនេះគឺជាសមិទ្ធផលជាទីមោទនៈសម្រាប់កម្ពុជា ដែលកើតចេញពីកិច្ចខំប្រឹងប្រែងរបស់មន្ត្រីឆ្មាំទន្លេអភិរក្ស”។

ជាថ្មីម្តងទៀត តាងនាមឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានមានប្រសាសន៍ថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនិងសមត្ថភាព ផ្សព្វផ្សាយពីការងារអភិរក្សសត្វផ្សោតនេះ ឱ្យបានទូលំទូលាយថែមទៀត ទៅកាន់សាធារណជន ឱ្យបានជ្រាបកាន់តែច្បាស់ ជាពិសេសអំពីតម្លៃនៃការលះបង់របស់បងប្អូនឆ្មាំទន្លេ នៅក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ៕

RELATED ARTICLES