ភ្នំពេញ ៖ តាមប្រភព USAID Morodok Baitang-មរតកបៃតង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ដៃគូអភិរក្សរបស់ USAID មរតកបៃតង គឺក្រុមហ៊ុន រ៉ាយហ្ស៊ីង ហ្វីនិក ថ្មីៗនេះ បានតាមដាននិងកត់ត្រាឃើញចំនួនសត្វត្មាត ដល់ទៅ ១២៧ក្បាល នៅ “ភោជនីយដ្ឋានត្មាត” ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ខេត្តស្ទឹង ត្រែង ជាចំនួនច្រើនបំផុត ដែលត្រូវបានកត់ត្រាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ប្រភពខាងលើ បានបញ្ជាក់ថា ចំនួនសត្វត្មាតដែលបានកត់ត្រាឃើញនៅសៀមប៉ាង នេះ គឺស្ទើរតែស្មើគ្នានឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែលក្រុមការងារសត្វត្មាតកម្ពុជា បានបូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល ១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ២០២៣ នៅទូទាំងប្រទេស។
USAID បានបន្ថែមថា ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាត បីប្រភេទ គឺ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វត្មាតទាំងនេះ ត្រូវបានចុះជាប្រភេទសត្វជិតផុតពូជបំផុត នៅក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរ ជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។
សូមជម្រាបថា សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយវាដើរតួនាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការស៊ីសាច់សត្វដែលងាប់ និងជួយរក្សាតុល្យភាពនៅក្នុងបរិស្ថាន។

ទោះជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវា បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជា ផងដែរ ដោយសារមូលហេតុចម្បងពីរ គឺ កង្វះអាហារ និងការងាប់បណ្តាលមកពីការស៊ីសាកសពសត្វពុល ដែលបង្ក ដោយមនុស្ស។
បច្ចុប្បន្ននេះ សត្វត្មាត នៅកម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ក្នុងការផុតពូជពីក្នុងព្រៃ។ ដើម្បីជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាត គម្រោង USAID មរតកបៃតង សហការជាមួយដៃគូនានា បានបង្កើតគម្រោង “ភោជ នីយដ្ឋានត្មាត” ដើម្បីផ្តល់អាហារដែលមានសុវត្ថិភាព ជារៀងរាល់សប្តាហ៍ ដល់សត្វត្មាត ដើម្បីរក្សាសត្វត្មាត ឱ្យនៅក្នុងតំបន់ការពារ និងចៀសវាងការស្វែងរកអាហារដែលមិនមានសុវត្ថិភាពនៅក្រៅតំបន់។

ប្រភពខាងលើ បានឱ្យដឹងទៀតថា រ៉ាយហ្ស៊ីង ហ្វីនិក បានបំពាក់ឧបករណ៍តាមដាន (GPS-GSM tagging) ទៅលើសត្វត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់តែច្បាស់អំពីឥរិយាបថនៃសត្វស្លាបជិតផុតពូជទាំងនេះ រួមទាំងធ្វើការស្វែងរកនិងតាមដានសម្បុកសត្វត្មាត ដើម្បីធានាសុវត្ថិភាពនៃការបន្តពូជរបស់ពួកវាផងដែរ។

USAID បានគូសបញ្ជាក់ថា ខណៈដែល “ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិ” ឈានជិតចូលមកដល់ យើងពិតជាមានសេចក្តីរំភើបរីករាយក្នុងការចែករំលែកព័ត៌មានល្អៗបន្ថែម អំពីសត្វស្លាបដែលមានតួនាទីយ៉ាងសំខាន់ប្រភេទនេះ៕
