Thursday, November 28, 2024
Homeសង្គម និងជីវិតគ្រួសារកូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

គ្រួសារកូនភ្លោះ៣ ទទួលអំណោយសម្តេចហ៊ុន សែន

ភ្នំពេញ ៖ សម្តេចហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ៣ ដែលជាគ្រួសារទី៤២០។

អំណោយឧបត្ថម្ភជូនគ្រួសារសម្រាលបានកូនភ្លោះ៣ នេះ រួមមាន ៖ ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្ករ-ស ៥គីឡូក្រាម សារុង២ និងក្រមា២។

អំណោយរបស់សម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី យកទៅប្រគល់ជូនដល់គ្រួសារខាងលើនៅគេហឋានក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

កូនភ្លោះបីដែលទទួលអំណោយឧបត្ថម្ភ ជាកូនលើកដំបូងក្នុងគ្រួសារ មានឪពុកឈ្មោះ ផន សុខា អាយុ ៣៣ឆ្នាំ ម្តាយឈ្មោះ ចាន់ ហេង អាយុ ៣១ឆ្នាំ អ្នកទាំងពីរមានមុខរបរជាបុគ្គលិកអគ្គិសនីកម្ពុជា។ កូនភ្លោះទាំងបីនាក់ (ប្រុសម្នាក់ ស្រី២នាក់) បានសម្រាលនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅចំពោះមុខគ្រួសារកូនភ្លោះបីនេះ លោក សេង ទៀង មានប្រសាសន៍នាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយសេច ក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល សម្តេចទាំង ទ្វេ តែងតែនឹករលឹកចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកនាយករង មានប្រសាសន៍ឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ន ពោលរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ មានគ្រួសារសម្រាលកូនភ្លោះបីនាក់ ឬបួននាក់ ចំនួន៤២០គ្រួសាររួចហើយ បានទទួលអំ ណោយឧបត្ថម្ភដ៏សប្បុរសធម៌ពីសម្តេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការចិញ្ចឹមបីបាច់កូនភ្លោះបីនាក់ ត្រូវជាកូន និងចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោកសេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋ ដែលបានសម្រាលកូនភ្លោះបី ឬបួននាក់។

លោកសេង ទៀង ក៏បានណែនាំដល់ឪពុកម្តាយ និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានដិតដល់ ពោលប្រសិនបើកូនមានអាការអ្វីខុសពីប្រក្រតី សូមនាំទៅកាន់មណ្ឌលសុខភាពនៅជិតលំនៅឋាន ដើម្បីជួយសង្រ្គោះ មិនត្រូវទុកកូនជួបគ្រោះថ្នាក់ដោយប្រការណាមួយ។

ឪពុកម្តាយកូនភ្លោះ៣នាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចហ៊ុន សែន  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងចាត់ទុកប្រជាពលរដ្ឋទីទ័ល់ក្រ ងាយរងគ្រោះ គឺជាការលំបាកផ្ទាល់របស់សម្តេច ទាំងទ្វេ។ ជាពិសេសតែងគិតគូរដល់ការលំបាករបស់ពលរដ្ឋសម្រាលបាន កូនភ្លោះ៣នាក់ ឬ៤នាក់ ហើយចាត់ឱ្យតំណាងរបស់សម្តេច នាំយកថវិកា និងសម្ភារៈដ៏មានតម្លៃ ចែកជូនផ្ទាល់ដៃដល់គ្រួសារសម្រាលបានកូនភ្លោះ៣នាក់ ឬ៤នាក់ ដើម្បីជួយសម្រាលការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូន ឱ្យមានជីវិតរស់នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀត ក្នុងសង្គម៕

RELATED ARTICLES