Wednesday, October 16, 2024
Homeទេសចរណ៍ បុណ្យសមុទ្រ លើកទី១១ ជ្រើសទីតាំង៣ នៅខេត្តកំពត

 បុណ្យសមុទ្រ លើកទី១១ ជ្រើសទីតាំង៣ នៅខេត្តកំពត

ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមការងាររៀបចំពិធីបុណ្យសមុទ្រ នៃក្រសួងទេសចរណ៍ រួមជាមួយអាជ្ញាធរខេត្តកំពត ដឹកនាំដោយលោកង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានចុះពិនិត្យទីតាំងដើម្បីរៀបចំបុណ្យសមុទ្រ ដែលគ្រោងធ្វើនៅពាក់កណ្តាលខែធ្នូ ខាងមុខ។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានសម្រេចរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ នៅខេត្តកំពត ដោយបានកំណត់យកថ្ងៃទី១៣-១៤-១៥ ខែធ្នូ ឆ្នាំ២០២៤។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តថា សម្រាប់មហាព្រឹត្តិការណ៍បុណ្យសមុទ្រ ឆ្នាំ២០២៤ នេះ ក្រសួងនៅមិនទាន់បង្ហើបឱ្យដឹងលម្អិតថា មានកម្មវិធីទាក់ទាញច្រើនប៉ុនណានោះទេ ត្រឹមតែដឹងថាក្រសួង នឹងធ្វើឱ្យធំ ល្អប្លែក និងទាក់ទាញជាងបុណ្យសមុទ្រឆ្នាំមុនៗ ដោយក្រសួង នឹងបង្កើតឱ្យមានសកម្មភាពកម្សាន្តសប្បាយ ការតាំងបង្ហាញទាំងលើអាកាស លើទឹក និងនៅលើគោក ការផ្សព្វផ្សាយតំបន់សក្តានុពល ទេស ចរណ៍របស់ខេត្ត និងកម្ពុជា ទៅកាន់ពិភពលោក ក្នុងគោលបំណងទាក់ទាញភ្ញៀវជាតិ ពិសេសភ្ញៀវអន្តរជាតិ ឱ្យទស្សនានិងវិនិយោគនៅកម្ពុជា។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បន្ទាប់ពីបានចុះពិនិត្យទីតាំងទាំងបី មានទីតាំងឆ្នេរខ្សាច់កម្សាន្តនៅចន្លោះស្ពានឥន្ទធនូ និងស្ពានបេតុងថ្មី រង្វង់មូលទុរេន និងពហុកីឡដ្ឋាន និងទីតាំងសួនច្បាព្រះបាទអង្គដួង និងរង្វង់មូលរូបត្រីផ្សោត រួចមក គណៈប្រតិភូក្រុមការងាររៀបចំពិធីបុណ្យសមុទ្រ របស់ក្រសួង បានបង្ហាញនូវការ សន្និដ្ឋានថា ទីតាំងទាំង៣នោះ មានអំណោយផលល្អ បរិស្ថានស្អាតទាក់ទាញ ពិសេសនៅក្បែរៗគ្នា ងាយ ស្រួលក្នុងការធ្វើដំណើរទស្សនាទាំង៣ទីតាំង។ ជាងនេះទៅទៀត ការបង្កើតសមិទ្ធផលថ្មីៗរបស់ខេត្ត មានរូបសំណាកសេះសមុទ្របាញ់ទឹក និងនាឡិកាធំខ្ពស់ជាងគេ ជាដើម គឺកាន់តែជួយឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១នេះ មានភាពទាក់ទាញកាន់តែខ្លាំង។

ប្រធានមន្ទីរទេសចរណ៍ ក៏បានជំរុញឱ្យម្ចាស់សណ្ឋាគារ រីសត បឹងហ្គាឡូ ផ្ទះសំណាក់ អាជីវករ អ្នកផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្ត ត្រូវខិតខំពង្រឹងគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច អនាម័យបរិស្ថាន រក្សាភាពស្មោះត្រង់ និងសេចក្តីថ្លៃថ្នូរចំពោះអតិថិជន រក្សានូវ តម្លៃសមរម្យ ដើម្បីឱ្យពិធីបុណ្យសមុទ្រផ្សព្វផ្សាយនូវកិត្យានុភាព សេចក្តីថ្លៃថ្នូរ វប្បធម៌នៃការរស់នៅ សក្តានុពល និងការអភិវឌ្ឍរីកចម្រើនរបស់សង្គមកម្ពុជា ទៅកាន់ឆាកអន្តរជាតិ៕

RELATED ARTICLES