ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ អាយុប្រមាណជាង៦០ឆ្នាំម្នាក់ ត្រូវបានសាច់ញាតិឱ្យម៉ូតូកង់បី ដឹកយកមកទម្លាក់ចោលនៅចំណុចមុខវិហារអ៊ិស្លាម មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ទាំងយប់។

ករណីដឹកស្ត្រីវ័យចំណាស់ យកមកទម្លាក់ចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ៣៦៩ ត្រង់ចំណុចទល់មុខវិហារអ៊ិស្លាម ស្ថិតក្នុងអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូកង់បី ១គ្រឿង មិនចាំស្លាកលេខ បានដឹកស្ត្រីចំណាស់ខាងលើ យកមកទម្លាក់ចោលនៅមុខវិហារឥស្លាម ហើយក៏បើកម៉ូតូទៅបាត់តែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីឃើញបែបនេះ ពួកគាត់បានរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅជួយអន្តរាគមន៍ និងពិនិត្យមើលស្ត្រីខាងលើដែលដេកលើចិញ្ចើមផ្លូវ ពេលសមត្ថកិច្ចទៅដល់ បានឃើញមាន កាបូបខោអាវ១ កង្ហារ១គ្រឿង កន្ថោរ១ និងទូរស័ព្ទដៃមួយគ្រឿង។

ករណីនេះ អាជ្ញាធរឱ្យដឹងថា ស្ត្រីខាងលើ ត្រូវបានសាច់ញាតិឱ្យដឹកតាមរថយន្តឈ្នួល ចេញពីខេត្តសៀមរាប មកភ្នំពេញ ហើយមកដល់ភ្នំពេញ ក៏បានឱ្យម៉ូតូកង់បីដឹកយកមកប្លុងចោលនៅផ្លូវ៣៦៩ ទល់មុខវិហារអ៊ិស្លាមតែម្តង។

ពាក់ពន្ធ័ករណីនេះរ អាជ្ញាធរ បានព្យយាមទាក់ទងរកសាច់ញាតិរបស់ស្ត្រីចំណាស់ខាងលើ រហូតដល់ម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ទៅហើយ នៅតែទាក់ទងមិនបាន ទើបលោកមេប៉ុស្តិ៍ព្រែកប្រា សម្រេចយករថយន្តផ្ទាល់ខ្លួន មកដឹកយកស្ត្រីខាងលើ ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ ជាបណ្តោះអាសន្ន រង់ចាំស្វែងរកសាច់ញាតិជាបន្តទៀត៕