Wednesday, October 16, 2024
Homeសង្គម និងជីវិតឪចាស់ នឹកកូនពេក មកលេង  រកផ្ទះកូនមិនឃើញ ឈរ.../យំ

ឪចាស់ នឹកកូនពេក មកលេង  រកផ្ទះកូនមិនឃើញ ឈរ…/យំ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ នឹករលឹកកូនចៅខ្លាំងពេក  សម្រេចចិត្តជិះរថយន្តឈ្នួល ធ្វើដំណើរចាកចេញពីស្រុកកំណើត ឯខេត្តព្រៃវែង មកកាន់ផ្សារជម្ពូវ័ន ដើម្បីស្កាត់មកលេងកូនប្រុសច្បង ដែលធ្លាប់ប្រាប់ថា លក់ បន្លែ នៅផ្សារជម្ពូវ័ន ទាំងមិនស្គាល់ទីតាំងច្បាស់ លុះមកដល់ រកកូនមិនឃើញ វង្វេងពុំដឹងថាត្រូវទៅរកកូននៅកន្លែងណា ម៉្យាងគ្មានទូរស័ព្ទប្រើទៀតទើបអស់សង្ឃឹម ឈរយំតាមផ្លូវ និងត្រូវប្រជាពលរដ្ឋឃើញ សួរនាំដឹងរឿង អាណិត ទិញនំចំណីឱ្យពិសា រួចដឹកតាមកង់បី ទៅសាលាសង្កាត់ ដើម្បីឱ្យអាជ្ញាធរជួយស្រាវជ្រាវរកកូន គាត់ផង។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បុរសចំណាស់ដែលស្កាត់មករកកូនចៅនោះ មានឈ្មោះ ផន ចេម អាយុ៧០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោកតា ផន ចេម បានរៀបរាប់ប្រាប់ថា គាត់មានកូនប្រុសស្រី ចំនួន៤នាក់ សព្វថ្ងៃមានគ្រួសារប្តីប្រពន្ធ និងកូនរៀងខ្លួនអស់ទៅហើយ ហើយបានចេញមករស់នៅ ធ្វើការរកស៊ីក្នុងរាជធានីភ្នំពេញ ដោយកូនប្រុសច្បង ឈ្មោះចិត្រ លក់បន្លែនៅម្តុំផ្សារជម្ពូវ័ន ចំណែកកូនប្រុសស្រី៣នាក់ទៀត ធ្វើការរោងចក្រ ហើយលោកតាបានរស់នៅឯស្រុកកំណើត តែ២នាក់ចៅប្រុសអាយុជាង១០ឆ្នាំម្នាក់ទៀតប៉ុណ្ណោះ។

លោកតា ផន ចេម បានបន្តថា ក្រៅតែពីខែបុណ្យខែទាន កូនៗចៅៗទំនេរពីការងាររកស៊ី ទើបលោកតាបានជួបកូនៗចៅៗ បើមិនដូច្នេះទេ មិនបានជួបឡើយ ព្រោះលោកតាអត់ចេះប្រើទូរស័ព្ទ ទើបរាល់ថ្ងៃ អត់ដែលបាននិយាយសួរទុក្ខកូនចៅសោះ ហើយលោកតាក៏មិនដែលបានយកលេខទូរស័ព្ទកូនទុកដែរ។ ប៉ុន្តែកន្លងមក ពេលទៅលេងលោកតា កូនប្រុសច្បងរបស់គាត់ ឈ្មោះចិត្រ ធ្លាប់បានប្រាប់ថា គេស្នាក់នៅផ្ទះជួល និងលក់បន្លែនៅម្តុំផ្សារជម្ពូវ័ន ប៉ុន្តែលោកតាពុំដែលបានមកលេង និងស្គាល់ម្តងណាឡើយ។

លោកតា បានប្រាប់ទៀតថា ចំណែកកូន៣នាក់ទៀត ប្រាប់ថាគេធ្វើការរោងចក្រ និងស្នាក់នៅរាជធានីភ្នំពេញ ប៉ុន្តែលោកតាក៏ពុំបានដឹងថា តើរោងចក្រនៅម្តុំណា និងស្នាក់នៅផ្ទះជួលម្តុំណានោះដែរ។ លុះក្រោពីបែកពីកូនចៅយូរពេក ធ្វើឱ្យលោកតាមានការនឹករលឹកពួកគេខ្លាំងពេក ទើបនៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ លោកតាសម្រេចចិត្តឡើងឡានឈ្នួល ក្នុងតម្លៃ ២ម៉ឺនរៀល ជិះចេញពីស្រុកកំណើត សំដៅមកភ្នំពេញ ដោយប្រាប់អ្នកបើករថយន្តឈ្នួលនោះថា គាត់ចុះនៅផ្សារជម្ពូវ័ន ។

លុះពេលមកដល់ រកកូនមិនឃើញឡើយ ព្រោះអត់ស្គាល់ផ្ទះជួលដែលកូនស្នាក់នៅ ជាហេតុធ្វើឱ្យគាត់អស់ សង្ឃឹម និងហួសចិត្តខ្លួនឯង បានត្រឹមតែស្រកទឹកភ្នែកដោយមិនដឹងខ្លួន ។

តាមប្រភពអ្នកភូមិ ដែលបានជួយយកអាសាលោកតា ផន ចេម បានបញ្ជាក់ប្រាប់ថា ទឹកចិត្តឪពុក ពិតជាធំធេងណាស់ ទោះជាគាត់មិនបានដឹងថាកូនរស់នៅកន្លែងណាផង តែដោយសារតែក្តីនឹករលឹកចំពោះកូនចៅខ្លាំងពេក ទើបគាត់ស្កាត់មកលេងកូនចៅ ទាំងមិនស្គាល់ភូមិសាស្ត្រ និងមិនមានគោលដៅច្បាស់។ លុះពេលរកកូនចៅមិនឃើញ អស់សង្ឃឹម ឈរយំម្នាក់ឯង ទើបត្រូវបានពួកគាត់ប្រទះឃើញ សួរនាំដឹងរឿង នឹកអាណិត ក៏បានទៅទិញនំចំណីខ្លះជូនលោកតាពិសា។ បន្ទាប់មក អ្នករត់ម៉ូតូកង់បី បានជួយដឹកលោកតា ទៅកាន់សាលាសង្កា ត់ចោមចៅទី៣ ដើម្បីឱ្យអាជ្ញាធរជួយស្រាវជ្រាវរកកូនរបស់លោកតា មកទទួលយកលោកតា៕

RELATED ARTICLES