Tuesday, January 21, 2025
Homeព័ត៌មានជាតិសាពូន មីដាដា បង្ហើបសម រង្ស៊ី ទាក់ទង ក្រោយត្អូញក្រ សុំដី១ដុំ រស់នៅព្រំដែន

សាពូន មីដាដា បង្ហើបសម រង្ស៊ី ទាក់ទង ក្រោយត្អូញក្រ សុំដី១ដុំ រស់នៅព្រំដែន

ភ្នំពេញ ៖ អតីតតារាចម្រៀងល្បី លោកសាពូន មីដាដា បានបង្ហើបថា ក្រោយពេលដែលខ្លួនត្អូញលំបាកជីវភាពក្រីក្រ រហូតសំពះសុំដី១ដុំ ពីសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដើម្បីបានរស់នៅព្រំដែននោះ ស្រាប់តែលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានឲ្យកូនចៅចូលមកទាក់ទងលោកជាសម្ងាត់ តែលោកមិនចាប់អារម្មណ៍ទេ កុំថាឡើយសម រង្ស៊ី ខ្មោចឪសម រង្ស៊ី គាស់មកទាក់ទង ក៏លោកមិនស្តាប់ ឬតបតឡើយ ព្រោះជាពួកក្បត់ជាតិ និងមិនមែនជាខ្មែរទេ។

លោកសាពូន មីដាដា បានបង្ហើបក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ថា បន្ទាប់ពីមានសារព័ត៌មានចុះផ្សាយពីរឿងលោកថ្លែងអំពាវនាវដល់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សុំដី១ដុំ នៅព្រំដែន ដើម្បីរស់នៅ ការពារទឹកដីនោះមក បានទាក់ទាញហ្វូងក្អែក ចូលមកព្រោងព្រាត ដោយទាំងលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បន្លំចូលមកទាក់ទងលោកទៀតផង ។

បន្ថែមលើការបង្ហើបតាមបណ្តាញសង្គម ខាងលើនេះ លោកសាពូន មីដាដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ថា អ្វីដែលលោកបង្ហើបខាងលើនេះ គ្រាន់ជាពាក្យលែបខាយទៅក្រុមប្រឆាំងប៉ុណ្ណោះ តាមពិតគ្មានសម រង្ស៊ី ឯណា មកទាក់ទងលោកនោះទេ ប៉ុន្តែមនុស្សជាកូនចៅរបស់ទណ្ឌិតរូបនេះ បានប្រើហ្វេសប៊ុកក្លែងក្លាយ ចូលមកខម្មិន ចំអកឡកឡឺយ ជេរលោកព្រោងព្រាត ប៉ុន្តែលោកមិនតបទេ ។

លោកសាពូន មីដាដា បាននិយាយថា “ជាពាក្យលែបខាយ នៃសិល្បៈក្នុងការនិយាយទេ! សម រង្ស៊ី ឯណាមកទាក់ទងធ្វើនយោបាយអីជាមួយខ្ញុំ អត់ទេ! កុំថាឡើយសម រង្ស៊ី ខ្មោចឪសម រង្ស៊ី មកគាស់ឡើងវិញ មកទាក់ទងខ្ញុំ ក៏ខ្ញុំឲ្យក្ដិត (គូទ) មើល ឲ្យក្ដិតស្ដាប់ដែរ ។ នេះគ្រាន់តែចង់និយាយថា ជាពាក្យក្លែមនយោបាយ ព្រោះសម រង្ស៊ី ហ្នឹងមានស្បែកអី? គាស់ទាំងជីតាវា ឪវាហ្នឹង មកនិយាយស្អីជាមួយខ្ញុំ ក៏ខ្ញុំឲ្យក្ដិតស្ដាប់ដែរ ខ្ញុំមិនទៅយកចិត្តទុកដាក់អីជាមួយបុគ្គលក្បត់ជាតិ ។ មិនមែនក្បត់ជាតិទេ អាហ្នឹងមិនមែនខ្មែរផង ពួកវាសុទ្ធពួកយួនបង្កប់ហ្នឹង ។ អ៊ីចឹងខ្ញុំទៅខ្វល់ខ្វាយអី ប៉ុន្តែអាហ្នឹងគេហៅថាពាក្យក្លែមក្លយបែបសិល្បៈក្នុងការនិយាយ ហើយគិតខុសថា ស្មានតែសម រង្ស៊ី ទាក់ទងខ្ញុំទៅចូលរួមគាំទ្រពួកសម រង្ស៊ី ឯណាឆ្កុយ វាខុសបាត់ហើយ ។ ប៉ុន្តែខ្ញុំចង់បញ្ជាក់ដែរថា កន្លងមក វាបន្លំជាអាខោននេះនោះផ្សេង តែមិនមែនដាក់រូបវាអ៊ីចឹង វាចូលមកខំមិ្មនលែងខាយ ក្លែមក្លយ ជេរផង សរសើរផង បំផ្លើសការពិតផង កាត់តរូបភាពផ្ដេសផ្ដាស ។ កន្លងមក តាំងពីឆ្នាំមុននោះ អារឿងកាត់តរូបខ្ញុំ ថាខ្ញុំអ៊ីចេះ ខ្ញុំអ៊ីចុះ ពួកវាហ្នឹង ។ តាំងពី១០ឆ្នាំជាង រឿងកាត់រូបភាព ហើយសាធារណជនយើង អត់សូវចេះគិតស្អីទេ អត់ដឹងថា អាហ្នឹងវាកាត់ត ឬក៏រឿងពិត? ឲ្យតែឃើញម៉េច ចូលបញ្ចោរ ចូលជេរ ចូលថា ។ អ៊ីចឹងយុវជនខ្មែរយើងបែបហ្នឹង ធ្វើឲ្យពួកយួន ពួកសៀម វាមើលងាយយើង ព្រោះម៉េចបាននិយាយអ៊ីចឹង? ទៅមើលយុវជនយួន យុវជនសៀម គេខំណាស់ គ្រាន់តែគេមើលធ្លុះ ហើយពួកគេហ្នឹងមិនងាយចាញ់បោកការឃោសនា ការញុះញង់ ការអូសទាញទេ តែយុវជនខ្មែរយើងនេះ ពូកែណាស់អាខាងហ្នឹង មិនពូកែស្រាវជ្រាវឲ្យច្បាស់លាស់ ហើយចូលរួមសាមគ្គីគ្នាកសាងសង្គមជាតិទេ គឺឲ្យតែរឿងបំភ្លៃខុសការពិតហ្នឹងមក ជឿថាអាហ្នឹងពិតតែម្ដង ទាំងរូបភាព ទាំងពាក្យសម្ដី វីដេអូ អាហ្នឹងគ្រោះថ្នាក់ណាស់។ អាហ្នឹងតាំងពីអើយមក ពួកអាហ្នឹងកាត់ត ស្មាទោស ខ្ញុំនិយាយបង្ហើបមួយចុះ ពួកអាហ្នឹង ពួកអាប្រឆាំង ពួកអាសម រង្ស៊ី ពួកស្អីហ្នឹង ប្រើពួកគូកនវា កូនចៅវា កាត់តរូបភាពខ្ញុំជាមួយអតីតភរិយាខ្ញុំ ថាខ្ញុំឯណាឲ្យទៅភ្នាល់គ្នាដាក់ប្រពន្ធ ។ អ្នកណាទៅនិយាយអ៊ីចឹងកើត សូម្បីតែឪម៉ែអាពួកអ្នកកាត់ត ក៏មិនហ៊ានហាមាត់និយាយអ៊ីចឹងរួចដែរ តែដោយសារអី? ដោយសារតែភាពចចេស ភាពច្រណែន ចង់ឈ្នះគណបក្សប្រជាជន ជាពិសេសចង់ឈ្នះសម្ដេចតេជោ ឃើញទេ! កាត់តរូបភាពសម្ដេចតេជោ សព្វបែបសព្វយ៉ាង កាត់បំផ្លើសការពិតសព្វបែបសព្វយ៉ាង ទីបំផុតកម្មពៀរពួកហ្នឹងវាវិនាសខ្លួនវា ហើយមកកាត់តរូបខ្ញុំដែរ ថាខ្ញុំភ្នាល់ប្រពន្ធ ភ្នាល់អីឯណា ហើយយុវជនខ្មែរយើងមួយចំនួន អត់ព្រមពិចារណាអីទេ លេងមកបណ្ដោយ ថាអូ! អាសាពូន វាអ៊ីចេះ អាសាពូន វាអ៊ីចុះ អាហ្នឹងវាថោកទាប សព្វបែបសព្វយ៉ាងអ៊ីចឹងទៅ ។ អាហ្នឹងពួកសៀម ពួកយួន វាឃើញ វាសើច ហើយវាចាំអូសទាញដើម្បីឲ្យខ្មែរ លង់ទៅៗ ហើយវាកេងប្រវ័ញ្ចយកប្រយោជន៍ពេលក្រោយ ។ អាហ្នឹងគ្រាន់តែខ្ញុំប៉ុណ្ណឹងទេ ប៉ុន្តែគ្រាន់តែថា អ្វីដែលខ្ញុំសរសេរ គឺខ្ញុំការពារលើសំណេររបស់ខ្ញុំ គឺខ្ញុំទទួលស្គាល់ ហើយខ្ញុំការពារមួយរយភាគរយ ខ្ញុំអត់មានបំផ្លើស ហើយសរសេរអ៊ីចឹងហើយ ថាខ្លួនឯងមិនសរសេរ មិនអ៊ីចឹងទេ ខ្ញុំច្បាស់លាស់របស់ខ្ញុំណាស់“។

លោកសាពូន មីដាដា បន្តថា “ជាការសំណូមពររបស់ខ្ញុំ សូមឲ្យយុវជនកម្ពុជាយើងទាំងអស់ មិនថាតែយុវជនទេ គ្រប់វ័យ ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ប្រកបដោយការស្រាវជ្រាវ ចំណេះពិតប្រាកដ ទាំងចំណេះដឹង ចំណេះធ្វើ រួមគ្នាដើម្បីកសាងប្រទេសជាតិទាំងអស់គ្នា ដើម្បីឲ្យទៅមុខទាំងអស់គ្នា ក្រោមម្លប់សន្តិភាពយើង សូមចូលរួមថែរក្សាសន្តិភាពយើងឲ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សម្ដេចតេជោ ក្រោមម្លប់រាជរដ្ឋាភិបាលយើងសព្វថ្ងៃ ដែលមានសម្ដេចធិបតី ជាប្រមុខដឹកនាំ ដែលមានសម្ដេចតេជោ ជាម្លប់ដ៏ត្រឈឹងត្រឈៃ ហើយយុវជនកុំងាយជឿ ព្រោះសម័យឥឡូវ សម័យបច្ចេកវិទ្យា ស ជាខ្មៅ ខ្មៅជាស ។ អ៊ីចឹងយើងកុំជឿពេក យើងត្រូវយកមកពិចារណាសិន ឲ្យគ្រប់ជ្រុង ហើយបានយើងវាយតម្លៃ កុំឃើញមួយភ្លែតទៅ វាយតម្លៃ អាហ្នឹងក៏គ្រោះថ្នាក់ដែរ ព័ត៌មានវិទ្យាលឿនណាស់ អាហ្នឹងគេហៅសម្លាប់មនុស្សដោយមិនបាច់ស្រក់ឈាមដល់ដី ។ ហើយទី១ សុំឲ្យពួកគាត់កាត់បន្ថយការជេរបញ្ចោរ គាត់គាំទ្រគណបក្សណា គាត់គាំទ្រទៅ គាត់គាំទ្របុគ្គលណា គាំទ្រទៅ ប៉ុន្តែប្រកបដោយវិជ្ជាជីវៈ ។ ខ្មែរយើងមានការឱនលំទោន មានសីលធម៌ សុជីវធម៌ដូនតាយើងរហូតដល់ឥឡូវ ។ អ៊ីចឹងយើងប្រកាន់ខ្ជាប់កន្លែងហ្នឹងទៅ កុំហាឡើងជេរបញ្ចោរ ប្រមាថ គំនុំគុំកួនគ្នា ។ ចំពោះខ្ញុំៗអត់អីទេ បើជេរបញ្ចោរ ខ្ញុំកាន់សីលប្រាំ ខ្ញុំមិនងាយខឹង ហើយសុំឲ្យគាត់តាមដានឲ្យច្បាស់លាស់ ជាពិសេសរឿងថ្មីៗនេះ រឿង CLV-DTA នេះ សម្ដេចតេជោ លោកបានពន្យល់ម្ដងហើយម្ដងទៀតយ៉ាងច្បាស់លាស់ បន្ទាប់មក សម្ដេចមហាបវរធិបតី ក៏លោកបានពន្យល់ម្ដងទៀត ពន្យល់យ៉ាងច្បាស់ ហើយបន្ទាប់មកក៏ក្រសួងពាក់ព័ន្ធហ្នឹង គឺគាត់បានពន្យល់យ៉ាងច្បាស់លាស់ទៀត ហើយបន្ទាប់មានបណ្ឌិតបញ្ញវន្តយើង អ្នកដឹងរឿងហ្នឹង គាត់យល់រឿងហ្នឹង គាត់បានពន្យល់យ៉ាងច្បាស់លាស់ទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមួយចំនួនពីមុនដែលគាត់មិនសូវយល់រឿងហ្នឹង គាត់ជឿតាមពួកអាក្រៅស្រុកអី គេបំផ្លោងមកភឹងទៅ គាត់ភ្លេចការពិចារណា ជឿស្លុងតាមពួកហ្នឹងទៅ ដោយមិនស្ដាប់ តែឥឡូវដោយមានការពន្យល់ជាដំណាក់កាលៗអ៊ីចឹងទៅ ធ្វើឲ្យពួកគាត់យល់ច្រើន គាំទ្រ ដោយគាត់ឃើញអត្ថប្រយោជន៍នៃ CLV-DTA គាត់មកគាំទ្រ តាមរយៈការចូលមូលនិធិយ៉ាងសស្រាក់សស្រាំ ១០០រៀលក្ដី ៥០០រៀលក្ដី រហូតដល់រាប់ម៉ឺនដុល្លារក្ដី អាហ្នឹងជាសម្បត្តិពុះពោររបស់កម្ពុជាយើង ក្នុងការគាំទ្រយុទួ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយឥឡូវគាត់ជឿជាក់ គាត់នាំគ្នាចូលឡើងសស្រាក់សស្រាំ ពុះពោរតែម្ដង ដូចបាយពុះអ៊ីចឹង ។ អាហ្នឹងចលនាជាតិនិយមរបស់ខ្មែរយើង ហើយសុំឲ្យយុវជនមួយចំនួនតូចដែលគាត់នៅរឹងទទឹងហ្នឹង មកចូលរួមទាំងអស់គ្នាមក កុំនៅរឹងទទឹងអ៊ីចឹង វាមានបានអី? បានត្រឹមតែក្ដៅក្រហាយរឿងពួកគាត់ហ្នឹង ហើយគេនៅតែដើរទៅមុខដដែលហ្នឹង បានន័យថា ឆ្កែចេះតែព្រុស មនុស្សនៅតែដើរ“ ។

ភ្ជាប់ជាមួយចំណុចនេះ លោកសាពូន មីដាដា លោកនៅតែរក្សាជំហរទៅរស់នៅតាមព្រំដែន បើទោះបីរដ្ឋាភិបាលមិនផ្ដល់ដីឲ្យ ក៏លោកនឹងសន្សំលុយខ្លួនឯង ដើម្បីទិញដីនៅទីនោះ ហើយរស់នៅទីនោះ តាមបំណងប្រាថ្នារបស់ខ្លួន ។

លោកសាពូន មីដាដា បានបន្ថែមថា “រឿងថា ខ្ញុំចង់ទៅនៅព្រំដែនហ្នឹង ពិតជាចង់នៅមែន អាហ្នឹងជាឆន្ទៈរបស់ខ្ញុំ ជាឧត្ដមគតិរបស់ខ្ញុំ ក្នុងការចូលរួមចំណែកតូចមួយ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ។ ខ្ញុំចង់ទៅរស់នៅជាអចិន្រ្តៃយ៍តែម្ដង នៅតាមបណ្ដោយព្រំដែន កន្លែងណាក៏បានដែរ ចូលរួមការពារក្រវាត់ព្រំដែន ការពារជាតិ តាមអនុសាសន៍របស់សម្ដេចតេជោពុក ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចមហាបវរធិបតី ប្រមុខដឹកនាំរាជរដ្ឋាភិបាល សព្វថ្ងៃនេះ ដ៏ខ្ពង់ខ្ពស់បំផុត ។ ចាំមើលបន្តិចទៀត ខ្ញុំសន្សំលុយបាន ខ្ញុំសុំទៅជាវដីតូចនៅកន្លែងហ្នឹង ទិញដីមិនថ្លៃប៉ុន្មានទេ ដីល្មមស្នាក់នៅ មិនថ្លៃប៉ុន្មានទេ ដីតាមព្រំដែនយើង ហើយទៅរស់នៅក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ហើយបើសិនជារាជរដ្ឋាភិបាល សម្ដេចបង សម្ដេចធិបតី មហាបវរ លោកប្រទាន (ដី) មកហ្នឹង វិសេសវិសាលណាស់ សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតតែម្ដង បើលោកប្រទានថ្ងៃនេះ ទៅនៅស្អែកតែម្ដង ហើយបើមានការចាំបាច់ ចាំឡើងមកក្រុងភ្នំពេញ បើមិនចាំបាច់ទេ នៅហ្នឹងរហូត បើចាំបាច់ឡើងមកម្ដងម្កាល ឡើងមកលេងកូន លេងអីអ៊ីចឹងទៅ ប៉ុន្តែអត់ទេ នៅនោះរហូតហើយ ។ ហើយខ្ញុំមិនត្រូវដីធ្វើដាំដំណាំច្រើនហិកតារ ដាំកៅស៊ូ ស្វាយចន្ទី ដាំនេះ ដាំនោះច្រើន អត់អ៊ីចឹងទេ ខ្ញុំគ្រាន់តែចង់បានដីលំនៅឋានមួយ ដូចនៅស្រុកកំណើតអ៊ីចឹង ដាំបន្លែ ផ្លែឈើ បួនដប់ម្ភៃដើម ដើម្បីបញ្ជាក់ថា យើងជាប្រជាជនរស់នៅតាមបណ្ដោយព្រំដែនហ្នឹងដែរ តែប៉ុណ្ណឹងទេ គ្មានមកយកធ្វើទ្រព្យសម្បត្តិខ្ញុំស្អី ។ ប៉ុន្តែអាហ្នឹងជាយុទ្ធសាស្រ្តរាជរដ្ឋាភិបាល សម្ដេចបង សម្ដេចមហាបវរ លោកបានមានប្រសាសន៍បញ្ជាក់ហើយ អាហ្នឹងសម្រាប់តែពួកអ្នកអត់ដីពិតប្រាកដទេ ចំពោះប្រជាជនអត់ដីពិតប្រាកដ លោកជំរុញឲ្យប្រជាជនយើងរស់នៅទីនោះឲ្យបានច្រើនកុះករប៉ុណ្ណឹងទេ តែចំពោះខ្ញុំៗនឹងខំសន្សំលុយទៅទិញ ហើយខ្ញុំហ្នឹងអត់ដីពិតប្រាកដដែរ ខ្ញុំគ្មានដីមួយចំអាមទេ ខ្ញុំគ្មានទ្រព្យសម្បត្តិអីសោះតែម្ដង ហើយខ្ញុំនេះពិតជាអត់ដីមែន ប៉ុន្តែខ្ញុំនឹងខិតខំសន្សំលុយទៅទិញដីនោះល្មម ក្បាល១៥ បណ្ដោយ២៥ មិនថ្លៃប៉ុន្មានទេ ប៉ុណ្ណឹងប្រហែលជាពីរបីពាន់ដុល្លារអីហ្នឹង ចាំមើលខ្ញុំខិតខំសន្សំប្រាក់ទិញឲ្យបាន១ដុំ ដើម្បីរស់នៅទីនោះតែម្ដង“៕ កុលបុត្រ

RELATED ARTICLES