Tuesday, September 17, 2024
Homeព័ត៌មានជាតិកាត់ដីឲ្យយួន រួចដូរស៊ីញ៉េ បក្សកាន់អំណាច ប្រតិកម្ម ក្រុមសម រង្ស៊ី ចោទសម្តេចហ៊ុន សែន

កាត់ដីឲ្យយួន រួចដូរស៊ីញ៉េ បក្សកាន់អំណាច ប្រតិកម្ម ក្រុមសម រង្ស៊ី ចោទសម្តេចហ៊ុន សែន

ភ្នំពេញ ៖ មន្រ្តីជំនាញខាងកិច្ចការព្រំដែន ក្រុមលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) លោកអ៊ុំ សំអាន បានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាបានស៊ីញ៉េកាត់ដីខ្មែរ ឲ្យយួន នៅក្នុងឆ្នាំ១៩៨៥ រួចដូរហត្ថលេខា ។ មន្រ្តីប្រឆាំងរូបនេះ ក៏បានស្នើរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្នដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បង្ហាញផែនទីដែលប្រើបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម បានបន្ទាប់ពីបានដឹងថា រាជរដ្ឋាភិបាល គ្រោងនឹងយកផែនទីថ្មីខ្នាត 1/25 000 ដែលបានបោះតាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីជំនួសផែនទីបោន ខ្នាត 1/100 000 របស់បារាំង ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “រដ្ឋាភិបាល ត្រូវតែបង្ហាញជាសាធារណៈនូវផែនទីថ្មីខ្នាត 1/25 000 នេះ ដើម្បីឲ្យកូនខ្មែរ បានដឹង។ ផែនទីថ្មីនេះ ធ្វើតាមការបោះបង្គោលថ្មីបាន ៨៤% ជាមួយវៀតណាម កន្លងមក ដោយយោងទៅតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ សម័យយួនកាន់កាប់ និងត្រួតត្រាកម្ពុជា និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ។ ផែនទីថ្មីនេះ ធ្វើដោយវៀតណាម ហើយបោះពុម្ភដោយក្រុមហ៊ុនដាណឺម៉ាក។ រដ្ឋាភិបាល ត្រូវតែផ្ទៀងផ្ទាត់ជាសាធារណៈ រវាងផែនទីបោន ខ្នាត 1/100 000 របស់បារាំង និងផែនទីថ្មីខ្នាត 1/25 000 នេះ តើខុសគ្នាយ៉ាងណា? បាត់ដីខ្មែរ ប៉ុន្មាន? ខុសពីផែនទីបោនរបស់បារាំង ត្រង់ចំណុចណាខ្លះ? ផ្ទៃដីប្រទេសកម្ពុជា ១៨១ ០៣៥គីឡូម៉ែត្រការ៉េ នៅសល់ប៉ុន្មាន? ពីព្រោះផែនទីថ្មីនេះ ធ្វើទៅតាមការដូរដីខ្មែរ នឹងដីខ្មែរ ដូរភូមិខ្មែរ នឹងភូមិខ្មែរ (ដូចជាភូមិកំណើតលោកហេង សំរិន) ទៅឲ្យយួន ចំនួន ៣១តំបន់ និងការកែខ្សែព្រំដែន លើផែនទីបោនខ្នាត 1/100 000 ចំនួន៦តំបន់ ព្រមទាំងការបោះបង្គោលទៅតាមការកាន់កាប់ជាក់ស្តែងដោយយួន រំលោភចូលដីខ្មែរ ប៉ុន្មាន ឲ្យយួនប៉ុណ្ណោះ។ ផែនទីថ្មីនេះ ធ្វើទៅតាមការបង្គោលព្រំដែន ចំនួន៧២បង្គោល ដែលបានបោះចន្លោះឆ្នាំ១៩៨៦ ដល់១៩៨៨ សម័យយួន ត្រួតត្រាកម្ពុជា ដោយបោះបង្គោលមិនស្របតាមបង្គោលបារាំង ចំនួន ១២៤បង្គោលនោះទេ គឺបោះរំកិលចូលមកដីខ្មែរ។ រដ្ឋាភិបាល គ្រោងនឹងយកផែនទីថ្មី ខ្នាត 1/25 000 នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិ ដើម្បីជំនួសផែនទីបោន ខ្នាត 1/100 000 របស់បារាំង។ ផែនទីនេះ ធ្វើដោយវៀតណាម នៅប្រទេសវៀតណាម ហើយបោះពុម្ភដោយក្រុមហ៊ុនដាណឺម៉ាក ឆ្នាំ២០១៩ គឺ ៥ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាល មិនហ៊ានបង្ហាញជាសាធារណៈ ព្រោះខ្លាចកូនខ្មែរ ប្រៀបធៀបផែនទីនេះ នឹងផែនទីបោន របស់បារាំង ទៅឃើញថាបាត់ដីខ្មែរ“ ។

បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ “បាទ! ស្នើឲ្យរដ្ឋាភិបាលហ្នឹង បង្ហាញផែនទីថ្មី ខ្នាត១/២៥ ០០០ ហ្នឹង ដែលធ្វើទៅតាមការបោះបង្គោលថ្មីហ្នឹង ត្រូវបង្ហាញជាសាធារណៈ ឲ្យប្រជាពលរដ្ឋបានឃើញ ហើយបានដឹង ហើយការបង្ហាញហ្នឹង អាចបង្ហាញតាមរយៈសារព័ត៌មាន និងតាមរយៈសន្និសីទសារព័ត៌មាន តាម ទទក អីហ្នឹង ឬក៏អាចយកផែនទីនេះ ទៅដាក់តម្កល់នៅបណ្ណាល័យជាតិ ឬអគាររដ្ឋាភិបាលណាមួយ ដែលប្រជាពលរដ្ឋ អាចទៅយកមកមើលបាន ឬក៏អាចចម្លងបានអីអ៊ីចឹង ហើយរដ្ឋាភិបាល ត្រូវផ្ទៀងផ្ទាត់ថាផែនទីថ្មី ខ្នាត ១/២៥០០០ហ្នឹង វាខុសទៅនឹងផែនទីបោន ខ្នាត ១/១០០០ របស់បារាំង យ៉ាងម៉េច? ហើយបាត់ដីខ្មែរ ចំនួនប៉ុន្មាន? ដីខ្មែរ នៅសល់ ១៨១ ០៣៥គីឡូម៉ែត្រហ្នឹង ឬក៏យ៉ាងម៉េច? ដូច្នេះត្រូវបង្ហាញអាផែនទីហ្នឹង ផ្ទៀងផ្ទាត់មើលជាមួយនឹងផែនទីរបស់បារាំង ហ្នឹង តើខុសគ្នាចំណុចណាខ្លះ? ហើយវាខុសគ្នារបៀបម៉េច? ព្រោះយើងដឹងហើយ ផែនទីថ្មីហ្នឹង ធ្វើយូរហើយ បោះពុម្ពតាំងពីឆ្នាំ២០១៩ ប៉ុន្តែអត់ព្រមបង្ហាញជូនប្រជាពលរដ្ឋបានឃើញ នៅតែលាក់បាំង ។ អ៊ីចឹងឲ្យប្រជាពលរដ្ឋ មានការសង្ស័យថា អាចផែនទីថ្មីហ្នឹង ធ្វើឲ្យបាត់ដីខ្មែរច្រើន បានរដ្ឋាភិបាល មិនហ៊ានបង្ហាញ ព្រោះផែនទីហ្នឹង ធ្វើដោយវៀតណាម ធ្វើឡើងនៅប្រទេសវៀតណាម បន្ទាប់ពីធ្វើហើយ កាលហ្នឹងគ្រាន់តែកម្ពុជា ផ្ដល់ការយល់ព្រមហើយ បានឲ្យក្រុមហ៊ុនមួយ នៅប្រទេសដាណឺម៉ាក បោះពុម្ពតែប៉ុណ្ណោះឯង តាមពិតវៀតណាម អ្នកធ្វើទេផែនទីហ្នឹង ។ ផែនទីហ្នឹង គឺខុសពីផែនទីបោន ខ្នាត ១/១០០០ របស់បារាំង ដែលតម្កល់នៅអង្គការសហប្រជាជាតិ“ ។

ជាមួយនេះ ទាក់ទងនឹងបញ្ហាព្រំដែននេះដែរ លោកអ៊ុំ សំអាន ក៏បានចោទសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថាកាលនៅជារដ្ឋមន្រ្តីការបរទេសកម្ពុជា សម្ដេច បានស៊ីញ៉េសន្ធិសញ្ញាព្រំដែនគោក ឆ្នាំ១៩៨៥ ជាមួយលោកង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេសវៀតណាម កាត់ដីខ្មែរ ឲ្យទៅវៀតណាម ហើយថា សម្ដេច បានដូរហត្ថលេខា រហូតមកដល់សព្វថ្ងៃ ។

លោកអ៊ុំ សំអាន បានសរសេរបន្ថែម នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “លោកហ៊ុន សែន បានស៊ីញ៉េសន្ធិសញ្ញាព្រំដែនគោក ឆ្នាំ១៩៨៥ ជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេសវៀតណាម ដើម្បីកាត់ដីខ្មែរ ឲ្យទៅវៀតណាម។ កាលនោះ លោកហ៊ុន សែន ជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលខុសច្បាប់ ដែលលើកបន្តុបដោយវៀតណាម (សម័យវៀតណាម ត្រួតត្រាកម្ពុជា) ។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ គឺយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ។ សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ត្រូវបានទុកជាមោឃភាពរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដី និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ។ របបក្រុងភ្នំពេញ បានបោះបង្គោលព្រំដែនកន្លងមក ជាមួយវៀតណាម ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ នេះ ហើយកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ មានការចុះហត្ថលេខារវាងលោកហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរ ដែលបោះបានចំនួន ៨៤ភាគរយ ។ កំណត់សម្គាល់ : លោកហ៊ុន សែន បានដូរការស៊ីញ៉េរបស់គាត់សព្វថ្ងៃនេះ“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ថា «មិនមែនជាការចោទប្រកាន់នោះទេ គឺតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលធ្វើឲ្យរស់ឡើងវិញ ឆ្នាំ២០០៥ តាមសន្ធិសញ្ញាឆ្នាំ២០០៥ ហ្នឹង គឺបានធ្វើឲ្យខ្មែរយើង បាត់បង់ទឹកដីជាច្រើននៅតាមព្រំដែន ។ យើងឃើញការបោះបង្គោលម្ដងៗហ្នឹង ប្រជាពលរដ្ឋតែងតែស្រែកយំ បាត់ដីស្រែចម្ការ ។ ដូច្នេះនៅពេលដែលបាត់ដីស្រែចម្ការ គឺបាត់ដីខ្មែរហើយ ។ ដូច្នេះសន្ធិសញ្ញាឆ្នាំ១៩៨៥ គឺជាសន្ធិសញ្ញាខុសច្បាប់ ធ្វើឡើងក្នុងសម័យយួនត្រួតត្រាកម្ពុជា ប្រាកដជាធ្វើឲ្យដីខ្មែរ បាត់បង់នៅតាមព្រំដែនហើយ» ។

ទោះបីយ៉ាងណា ប្រតិកម្មឆ្លើយតបការចោទរបស់លោកអ៊ុំ សំអាន ថាសម្ដេចហ៊ុន សែន ស៊ីញ៉េកាត់ដីខ្មែរ ឲ្យយួន នៅឆ្នាំ១៩៨៥ រួចហើយបានដូរហត្ថលេខាមកដល់សព្វថ្ងៃនោះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ថា ការដែលអ៊ុំ សំអាន លើកឡើងថា សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស៊ីញ៉េកាត់ដីខ្មែរ ឲ្យយួន នោះ គ្រាន់តែជាការគិតឃើញរបស់គាត់ ក្នុងការវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះទេ ព្រោះតាំងពីដើមមក អ៊ុំ សំអាន មិនដែលល្អជាមួយគណបក្សប្រជាជនកម្ពុជា ទេ គឺតែងវ៉ៃប្រហារ ឬលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ជានិច្ច ហើយការដែលគាត់លើករឿងដូរហត្ថលេខារបស់សម្ដេចហ៊ុន សែន ក៏បង្ហាញពីចរិតសួពូជ របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមដែរ ព្រោះការដូរហត្ថលេខា គ្មានទាស់ខុសអីទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការដែលនិយាយរបស់អ៊ុំ សំអាន នេះ គ្រាន់តែជាការគិតឃើញរបស់គាត់ ក្នុងការវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះទេ ។ តាំងពីដើមមក អ៊ុំ សំអាន មិនដែលល្អជាមួយគណបក្សប្រជាជនកម្ពុជា ទេ ហើយតែងវ៉ៃប្រហារ ឬលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា អាហ្នឹងយើងដឹងទាំងអស់គ្នាហើយ ។ ដូច្នេះការនិយាយរបស់អ៊ុំ សំអាន ពាក្យណាក៏ដោយ ក៏ជាពាក្យដែលមួលបង្កាច់លាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ។ កិច្ចព្រមព្រៀងនិងសន្ធិសញ្ញាឆ្នាំ៨២-៨៣-៨៥នេះ គឺថាមានគោលដៅដើម្បីថែរក្សាការពារបូរណភាពទឹកដីកម្ពុជា ហើយយើងដឹងហើយថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជនកម្ពុជា ហើយធ្វើការដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ។ អ៊ីចឹងរាល់ការលើកឡើងរបស់លោកអ៊ុំ សំអាន វាផ្ទុយអំពីការពិតជាក់ស្ដែង និងផ្ទុយអំពីឧត្ដមគតិរបស់គណបក្សប្រជាជនកម្ពុជា ហើយគាត់តាំងខ្លួនគាត់ជាអ្នកប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជា គាត់មិនដែលនិយាយល្អពីគណបក្សប្រជាជនកម្ពុជា ទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អាហ្នឹងយើងឃើញហើយ គឺការបោះបង្គោលព្រំដែន ដែលគណបក្សប្រជាជនកម្ពុជា ខិតខំតស៊ូជាមួយភាគីប្រទេសជាមិត្តហ្នឹង គឺថាដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពដែនដីកម្ពុជា ដែលយើងផែនទីបោន ២៦ផ្ទាំង បន្សល់ទុកដោយអាណានិគមនិយមបារាំង យកមកធ្វើជាគោលក្នុងការបោះបង្គោលព្រំដែន ។ ដូច្នេះវាអត់មានបាត់បង់ទៅណាទេ ។ យើងដឹងហើយថា ប្រជាជននៃប្រទេសទាំងបី គឺកម្ពុជា វៀតណាម ឡាវ ពេលដែលស្ថិតនៅក្រោមអាណានិគមនិយមបារាំងនោះ បារាំង អត់ទាន់មានគូសផែនទីកំណត់ព្រំខណ្ឌសីមារវាងប្រទេសទាំងបីទេ រហូតដល់ជំនាន់ខ្ញុំនេះ ខ្ញុំនៅទាន់ ទសវត្សរ៍ឆ្នាំ១៩៥០ ហ្នឹង គេចាយលុយព្ចាស់ របស់បារាំង ហ្នឹង គឺថាក្រដាស ១រៀល ក្រដាស៥រៀល ក្រដាស១០០អីហ្នឹង គឺថាសុទ្ធតែចាយក្នុង ៣ប្រទេសទាំងអស់ ។ អាហ្នឹងយើងឃើញហើយ ដោយសារបារាំង ជាមេកោយប្រទេសទាំងបីហ្នឹងឯង ។ អ៊ីចឹងទេ គឺការឆ្លងដែនទៅវិញទៅមក ឬមួយក៏តាំងលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រទេសទាំងបីហ្នឹង គឺថាមានចេញចូលៗ ។ ក៏ប៉ុន្តែការបោះបង្គោលព្រំដែន យើងមិនយកការចេញចូលនៃការតាំងលំនៅឋានរបស់ប្រជាជននៅតាមព្រំដែនទេ គឺយកផែនទីបោន ២៦ផ្ទាំង ដែលបន្សល់ទុកដោយអាណានិគមនិយម ដែលមានខ្នាត ១/១០០ ០០០នេះ មកធ្វើជាគោល ដើម្បីវាស់ព្រំដែន ។ អ៊ីចឹងបានផ្អែកទៅលើមូលដ្ឋានដែលឯកភាពគ្នារវាងកម្ពុជា និងប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយហ្នឹង គឺយកផែនទីហ្នឹង មកធ្វើជាមូលដ្ឋានដើម្បីវាស់វែង ។ ឥឡូវនេះយើងបានសម្រេចលទ្ធផលនៃការបោះបង្គោលព្រំដែន រហូតដល់ ៨៦% ហើយ ហើយការដែលសម្រេចការបោះបង្គោលព្រំដែនរាប់រយបង្គោល មានបង្គោលធំ បង្គោលមធ្យម និងបង្គោលតូចនេះ គឺថា មានការតស៊ូគ្នារហូតដល់រាបឆ្នាំឯណោះ មិនមែនតិចទេ ហើយបើសិនណាដូចការចោទប្រកាន់របស់អ៊ុំ សំអាន របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះ ហើយយើងឃើញហើយ មិនបាច់ទៅតស៊ូធ្វើអីរាប់ឆ្នាំ? ហើយមិនបាច់បោះបង្គោលធ្វើអី បើគ្រាន់តែឲ្យដីទៅគេដដែល? អាហ្នឹងនិយាយទី១ ។ ទី២ បើសិនណាជាវៀតណាម មានមហិច្ឆតាចង់បានដីខ្មែរ ចង់បានត្រួតត្រាកម្ពុជា នេះតាំងពី៧៩ មក ដែលយើងអត់មានអីទាំងអស់ហ្នឹង រំដោះថ្ងៃ៧មករា បានមកហើយ គឺថា កងទ័ពវៀតណាម នៅត្រួតត្រាប្រទេសកម្ពុជា ទូទាំងប្រទេសតែម្ដង ហើយបើគេមិនចេញ ធ្វើអីគេ? អាហ្នឹងវាអ៊ីចឹង ។ អ៊ីចឹងការដែលដកថយកងទ័ពវៀតណាម ដែលចាប់ផ្ដើមតាំងពីដើមទសវត្សរ៍ឆ្នាំ៨០ មក បន្តបន្ទាប់មក រហូតទៅដល់ចប់ឆ្នាំ៨៧ យើងឃើញថា អានេះវាគឺជាឆន្ទៈមួយ មុនកិច្ចព្រមព្រៀងប៉ារីស កំណត់ឲ្យគេដកទៀត ប៉ុន្តែគេដកមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅទៀត ។ អាហ្នឹងហើយឆ្លុះបញ្ចាំងឲ្យឃើញថា វៀតណាម មិនមានមហិច្ឆតាអីដើម្បីដណ្ដើមយកទឹកដីកម្ពុជា ទេ ពីព្រោះក្នុងការជួយដល់ប្រជាជនកម្ពុជា រំដោះអាយុជីវិតប្រជាជនកម្ពុជា និងប្រទេសជាតិកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍នេះ វាជាសំណូមពរដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ប៉ុន្តែចំពោះគាត់ (អ៊ុំ សំអាន) ថា សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ត្រូវបានទុកជាមោឃភាពរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រង់មាត្រា១ ចំណុច ២.ឃ ទាក់ទងនឹងបូរណភាពដែនដី និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ការបោះបង្គោលព្រំដែន ដោយផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩៨៥ បាននោះ អ៊ុំ សំអាន អត់យល់អំពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីអំពីបញ្ហាបូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ទេ ។ កិច្ចព្រមព្រៀងប៉ារីស គេនិយាយថា រាល់កិច្ចព្រមព្រៀងទាំងឡាយណាពីមុន ដែលធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី បានសេចក្ដីថា កិច្ចព្រមព្រៀងណាដែលធ្វើឲ្យបាត់បង់ទឹកដីកម្ពុជា អាហ្នឹងត្រូវទុកជាមោឃៈ ក៏ប៉ុន្តែយើងដឹងថា កិច្ចព្រមព្រៀងឆ្នាំ៨២-៨៣-៨៥ នេះ គឺថា មិនមានបាត់បង់ទឹកដីកម្ពុជា ឯណា ។ ដូច្នេះហើយ កិច្ចព្រមព្រៀងទាំងអស់ហ្នឹង មិនត្រូវនិរាករណ៍ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ អាហ្នឹងមើលខ្លឹមសារកិច្ចព្រមព្រៀង ឲ្យមែនទែន ក្នុងជំពូកទីពីរធំ ស្ដីអំពីឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ដែលជាទឹកដីមិនអាចបំបែកបាននោះ អាហ្នឹងគឺមាននិយាយច្បាស់ ។ សន្ធិសញ្ញាពី៨២-៨៣-៨៥ ហ្នឹង វាជាការរួមចំណែកនៅក្នុងការប្រើប្រាស់ផែនទីបោន ២៦ផ្ទាំង ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ។ ការបោះបង្គោលព្រំដែន មិនមែនយកទៅលើកិច្ចព្រមព្រៀងទាំងស្រុងទេ យើងយកតាមផែនទីជាគោល ដូចខ្ញុំជម្រាបអ៊ីចឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែម ទាក់ទងការដូរហត្ថលេខារបស់សម្ដេចហ៊ុន សែន ថា “ទេ! អាហ្នឹងជាសិទ្ធិរបស់សម្ដេច តើ! គាត់ចង់ដូរហត្ថលេខាប៉ុន្មានដង ក៏ស្រេចលើសម្ដេច តើ! ឲ្យតែប្រជាជនកម្ពុជា ទូទាំងប្រទេស ទទួលស្គាល់ ពីព្រោះការផ្លាស់ប្ដូរហត្ថលេខារបស់មន្រ្តី ថ្នាក់ដឹកនាំប្រទេស ឬមួយក៏ក្រសួងនានាហ្នឹង បើគេផ្លាស់ប្ដូរ គេធ្វើសេចក្ដីជូនដំណឹងដល់សាធារណជន ឲ្យដឹងជាផ្លូវការហើយ ហើយអត់មានខុសអីទេ មានលួចស៊ីញ៉េឯណា អាហ្នឹងគឺស៊ីញ៉េផ្លាស់ប្ដូរ អាហ្នឹងទី១ គឺជាសិទ្ធិរបស់បុគ្គល ទី២ វាជាលក្ខណៈច្បាប់ គេផ្សព្វផ្សាយដល់ស្ថាប័នក្រសួង មន្ទីរនានា ឲ្យជ្រាបទូទាំងប្រទេស។ ដូច្នេះហើយ គឺថាមានបញ្ហាអី? ទើបតែឮអ៊ុំ សំអាន លើកហ្នឹង ។ ឥឡូវបើសម្ដេច ដូរមក តាំងពីឆ្នាំ៨៥ សួរថាតាំងពី៨៥ រហូតមកដល់ថ្ងៃនេះ ប៉ុន្មានឆ្នាំហើយ? វាចង់កន្លះសតវត្សរ៍ទៅហើយហ្នឹង ហើយអ៊ុំ សំអាន ទើបនឹងលើកឡើង ហើយហត្ថលេខាដែលដូរហ្នឹងហើយ ដែលអាចចាប់អ៊ុំ សំអាន ដាក់គុកបាននោះណា ។ បើថាហត្ថលេខាមិនត្រឹមត្រូវ អាហ្នឹងធ្វើម៉េចចាប់អ៊ុំ សំអាន ដាក់គុកបាន ។ និយាយទៅ ការលើកពីការដូរហត្ថលេខារបស់សម្ដេច នេះ អាហ្នឹងវាជាចរិតសួពូជរបស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទៅហើយ និយាយអី គឺថាបើមិនបានវ៉ៃប្រហារមកលើគណបក្សប្រជាជនកម្ពុជា មកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទេ ពួកវាដេកមិនលក់ទេ“ ។

ដោយឡែក ទាក់ទងដល់ស្នើរាជរដ្ឋាភិបាល បង្ហាញផែនទីបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នេះ លោកស្រឿ បូរ៉ា មន្រ្តីជំនាញបច្ចេកទេសជាន់ខ្ពស់កិច្ចការព្រំដែន នៃលេខាធិការដ្ឋានកិច្ចការព្រំដែន បានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) ជុំវិញការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ថា ផែនទីផ្លូវការរបស់យើង ខ្សែព្រំដែនផ្លូវការរបស់យើង គឺមានតែនៅលើផែនទីបោន ខ្នាត ១/១០០ ០០០ ដែលពួកយើងបានឯកភាពគ្នាតែប៉ុណ្ណោះ ។ ចំពោះផែនទីទាំងឡាយណាដែលយកចេញពីប្រភពក្រៅផ្លូវការណាមួយ ទិញពីទីផ្សារ ឬក៏បោះពុម្ពដោយក្រុមហ៊ុនឯកជនណាមួយ មិនថាអន្តរជាតិ មិនថាជាតិទេ គឺមិនត្រូវបានយកមកប្រើប្រាស់ធ្វើជាមូលដ្ឋានក្នុងការពិចារណាគិតគូរនៅខ្សែព្រំដែនឡើយ ៕ កុលបុត្រ

RELATED ARTICLES