Tuesday, September 17, 2024
Homeព័ត៌មានជាតិអ្នកនយោបាយ ជាអតីតសហការី ហៅសម រង្ស៊ី ក្រុមខ្មែរក្រហមទី២

អ្នកនយោបាយ ជាអតីតសហការី ហៅសម រង្ស៊ី ក្រុមខ្មែរក្រហមទី២

ភ្នំពេញ ៖ មេបក្សខ្មែរតែមួយ លោកគុជ លី ដែលជាអតីតសហការីរបស់អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) លោកសម រង្ស៉ី បានលើកឡើងថា នុយនយោបាយ ជាទីផ្សារខ្មៅនៅកម្ពុជា មានក្រុមស ក្រុមក្រហម និងក្រុមខៀវ កំពុងលាក់ខ្លួនក្រោមឆត្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេស។ ក្នុងនោះក្រុមក្រហម គឺជាក្រុមរបស់ទណ្ឌិត សម រង្ស៊ី ដែលមានតែការញុះញង់ប្រជាពលរដ្ឋឲ្យបំផ្លាញសន្តិភាព និងការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ដូច្នេះក្រុមក្រហម របស់លោកសម រង្ស៉ី គឺលោកសុំហៅឲ្យចំថា ជាក្រុមខ្មែរក្រហមទី២ ។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយលោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ ៖

នគរធំ ៖ ជម្រាបសួរលោកគុជ លី! តើលោកពន្យល់យ៉ាងណា ចំពោះពាក្យថា នុយនយោបាយ ជាទីផ្សារខ្មៅនៅកម្ពុជា?

លោកគុជ លី ៖ ចំពោះទស្សនទានរបស់ខ្ញុំ នៅក្នុងបណ្ដាញសង្គម ថានុយនយោបាយ គឺជាទីផ្សារងងឹត សម្រាប់ក្រុមស ក្រុមខ្មៅ ក្រុមខៀវ ហើយនិងក្រុមក្រហម ដែលកំពុងជ្រកកោនក្រោមឆត្រនយោបាយនៅក្នុងប្រទេសកម្ពុជា តាមលទ្ធិប្រជាធិបតេយ្យ ឬក៏សិទ្ធិមនុស្ស ។ អ៊ីចឹងអ្វីខ្ញុំចង់បញ្ជាក់បន្ថែម យើងឃើញថា បច្ចុប្បន្នភាពនយោបាយនៅក្នុងប្រទេសកម្ពុជាយើងហាក់ដូចជានយោបាយមួយប្រើនុយ ដើម្បីរកទីផ្សារខ្មៅ ។ អ៊ីចឹងទីផ្សារខ្មៅ នៅទីនេះ គឺចង់និយាយអំពីការពង្វក់ប្រជាពលរដ្ឋខ្លួនឯង ញុះញង់ប្រជាពលរដ្ឋខ្លួនឯង ឲ្យលែងស្គាល់ស លែងស្គាល់ខ្មៅ លែងស្គាល់ក្រហម គឺទៅតាមគោលនយោបាយរៀងៗខ្លួន ។ ខ្ញុំលើកឧទាហរណ៍ យកក្រុមជ្រុលនិយម មកពង្វក់នៅក្នុងប្រទេសកម្ពុជា ចាត់ទុកថា ជានុយនយោបាយក្នុងទីផ្សារខ្មៅ ដោយសារតែប្រជាពលរដ្ឋមួយចំនួន ស្គាល់សង្វៀននយោបាយបន្តិចបន្តួចស្ដួចស្ដើង ។ អ៊ីចឹងយើងមើលឃើញថា ព្រឹត្តិការណ៍ដែលកើតឡើងនៅប្រទេសកម្ពុជា គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ជាព្រឹត្តិការណ៍ព្រែកជីកហ្វូណន ស្រាប់តែលេចចេញអំពី CLV ។ អ៊ីចឹង CLV ហើយនិងព្រឹត្តិការណ៍ព្រែកជីកហ្វូណននេះ វាមិនមែនជារឿងសាមញ្ញទេ គឺជារឿងចរិតនយោបាយ ដែលធ្វើជានុយនយោបាយ សម្រាប់ញុះញង់នៅក្នុងប្រទេសកម្ពុជា ឲ្យមានបដិវត្តន៍ ស្របទៅនបរិបទនៅលើពិភពលោក ប្រទេសបង់ក្លាដែស កំពុងចលាចលតែម្ដង ។ អ៊ីចឹងយើងមើលឃើញថា នេះគឺជានុយនយោបាយខ្មៅ ទីផ្សារបស់យើងតែម្ដង ។ អ៊ីចឹងករណីជាក់ស្ដែង នៅថ្ងៃទី១៨ សីហា អ៊ីចឹងក្រុមពួកគេហ្នឹង ដឹកនាំដោយហៃ វណ្ណា នៅក្នុងប្រទេសជប៉ុន ជាមេខ្លោងធំបំផុត ដែលមានលោកសម រង្ស៊ី ហ្នឹង ជាក្រុមយល់ជ្រុលនិយមនៅពីក្រោយខ្នង ។ ចុះសួរថា ម៉េចខ្ញុំហ៊ានអះអាង? ពីព្រោះយើងមើលឃើញថា លោកសម រង្ស៊ី ដែលជាទណ្ឌិតហ្នឹង គាត់តែងតែនៅពីក្រោយខ្នងចលនាយុវជនរបស់គាត់ជានិច្ច អ៊ីចឹងថ្វីត្បិតតែគាត់មិនបានចេញមុខដូចពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ធ្វើបដិវត្តន៍បះបោរឲ្យទាហានលើកកាណុងឡើង ដើម្បីទម្លាក់រាជរដ្ឋាភិបាល ឆ្នាំ២០១៩ អនុស្សាវរីយ៍ដែលយើងចងចាំ ។ អ៊ីចឹងទង្វើនេះ លោកសម រង្ស៊ី នៅពីក្រោយខ្នងដដែល គាត់បានបង្ហាញនៅតាមបណ្ដាញសង្គមរបស់គាត់ គឺហ្វេសប៊ុក តែម្ដង គាត់បានបំផុសញុះញង់ចលនាបង់ក្លាដែស ហើយចលនាដែលបានងើបឡើង គឺទាមទារក្នុងប្រទេសកម្ពុជា ឲ្យងើបឡើងបះបោរ ហើយផ្សារភ្ជាប់ជាមួយព្រែកជីកហ្វូណន ហើយនិង CLV តែម្ដង ។

នគរធំ ៖ តើនុយនយោបាយរបស់លោកសម រង្ស៊ី មានតាំងពីពេលណាមក?

លោកគុជ លី ៖ អ៊ីចឹងយើងសួរថា ហេតុអីក៏លោកសម រង្ស៊ី ដែលជាទណ្ឌិត ដែលចាំតែញុះញង់ធ្វើនុយនយោបាយប្រឆាំងជាមួយនឹងប្រទេសកម្ពុជា របស់ខ្លួនឯង តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន មិនមែនសម រង្ស៊ី មិនដឹងថា សម រង្ស៊ី នៅឯណា ខ្លួនឯងក៏ជាអតីតគណបក្សប្រឆាំង ចូលក្នុងសភា ហើយខ្លួនឯងក៏មានសមាជិកសភា ជាពិសេសគឺលោកឡុង រី ហ្នឹងតែម្ដង ដែលជាសមាជិកមួយ នៅក្នុងគណៈកម្មការ CLV ក្នុងការចរចាជាមួយប្រទេសជិតខាងរបស់យើង តំបន់ត្រីកោណ ដែលមានប្រទេសកម្ពុជា មានខេត្ត៤ ប្រទេសវៀតណាម មានខេត្ត៥ ហើយនិងប្រទេសលាវ មានខេត្ត៤ ។ អ៊ីចឹងសរុបមកវិញ ១៣ខេត្តនេះ គឺមានន័យថា ពួកប្រឆាំង វាដឹងរឿងទាំងអស់ តែហេតុអីនៅពេលនេះ បានបដិសេធថា គណៈកម្មការដែលអតីតសភាហ្នឹងបានធ្វើហ្នឹងដាក់ឈ្មោះគាត់ ។ អ៊ីចឹងមានន័យថា គាត់កំពុងតែបោកបញ្ឆោតប្រជាពលរដ្ឋ កាន់តែខ្លាំងក្លាទៅៗ គ្មានការទទួលខុសត្រូវគួរឲ្យទុកចិត្តឡើយ ។ អ៊ីចឹងហើយក្រុមគាត់នេះ គឺជាក្រុមល្បែងដែលកំពុងតែធ្វើនុយនយោបាយ យកប្រជាពលរដ្ឋនៅក្នុងទីផ្សារមួយ ចាត់ទុកថា ទីផ្សារទីលានប្រជាធិបតេយ្យ ប្រជាពលរដ្ឋមួយចំនួនធំ បាត់បង់ជំនឿទៅលើនយោបាយ បាត់បង់ទៅលើមេដឹកនាំ បាត់បង់ទៅលើស្ថានភាព ដោយសារតែកត្តាមួយចំនួន គឺបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន គឺបញ្ហាវិបត្តិហិរញ្ញវត្ថុនៅលើពិភពលោក ។ អ៊ីចឹងហើយ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន កំពុងតែវិលវក់នឹងទីផ្សារខ្មៅ ។ ទីផ្សារខ្មៅ គឺសំដៅទៅលើទីលាននយោបាយសម្រាប់អ្នកនយោបាយកំពុងតែញុះញង់នៅក្នុងប្រទេសកម្ពុជា ហ្នឹងតែម្ដង ។ អ៊ីចឹងហេតុផលហ្នឹងហើយ ដែលធ្វើឲ្យខ្ញុំបានលើកឡើងនូវទស្សនទាននៅក្នុងបណ្ដាញសង្គម គឺសំដៅទៅលើពួកក្រុមជ្រុលនិយមហ្នឹង គឺបានមកធ្វើឲ្យខ្មែរយើង មានខ្មែរស ខ្មែរខ្មៅ ខ្មែរក្រហមហ្នឹង បែងចែកវណ្ណៈនៅក្នុងសង្គម គឺធ្វើឲ្យប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ងាកពីការចាប់អារម្មណ៍រាជរដ្ឋាភិបាលទៅវិញ ។ អ៊ីចឹងទោះបីយ៉ាងណាក៏ដោយ យើងមើលឃើញថា ចលនាបាតុកម្មថ្ងៃទី១៨ ខែសីហា គឺជាបរាជ័យធំបំផុត នៅលើទីផ្សារងងឹតរបស់ពួកគេ ។ អ៊ីចឹងទីផ្សារងងឹតរបស់ពួកគេ គឺជានុយនយោបាយ ថ្ងៃទី១៨ហ្នឹង ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន យើងមើលឃើញថា ពិតជាមានមែន គឺមានឃើញកម្លាំងយុវជនមួយចំនួនបានត្រៀមខ្លួន ហើយកម្លាំងយុវជនមួយចំនួនទៀត ក៏ត្រូវបានប៉ូលិសចាប់ ជាពិសេសនៅមុខព្រះអង្គដងកើ ត្រូវបានគេចាប់ចងអីតែម្ដង ។ អ៊ីចឹងយើងមើលឃើញថា បានបង្ហាញរូបភាពមួយបរាជ័យរបស់ពួកគេ ជាទុច្ចរិតក្នុងន័យនយោបាយ ហើយជាពិសេសគឺប្អូនហៃ វណ្ណា ហ្នឹង ហៃ វណ្ណនិត ហ្នឹងក៏បានសារភាពខ្លួននៅប៉ោយប៉ែតហ្នឹងតែម្ដង ហើយចុងក្រោយ គឺយើងមើលឃើញថា លោកហៃ វណ្ណា ខ្លួនឯងនោះ ក៏ចេញសារភាពថា ខ្លួនមិនបានទៅដឹកនាំចលនាជំរុញញុះញង់ឲ្យបាតុកម្មនោះទេ គ្រាន់តែជាការសម្ដែងមតិទៅវិញ ។ អ៊ីចឹងយើងមើលឃើញថា ទុច្ចរិតរបស់អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា របស់យើង គឺជាទុច្ចរិតមួយ ដែលធ្វើឲ្យអ្នកនយោបាយមើលមុខគ្នាមិនត្រង់ មានបែងចែកវណ្ណៈកសិករ ហាក់ដូចជាផ្ដើមមកទីនេះហើយ គឺដោយសារតែទណ្ឌិតសម រង្ស៊ី បានបញ្ឆេះកំហឹងនយោបាយ ក្លាយទៅជាអ្នកនយោបាយច្រណែនឈ្នានីស ។

នគរធំ ៖ បានន័យថា លោកសម រង្ស៊ី កំពុងតែអស់ផ្លូវដើរហើយមែនទេ ទើបមានតែធ្វើនុយនយោបាយ លើទីផ្សារងងឹតបែបនេះ?

លោកគុជ លី ៖ សម រង្ស៊ី នឹងអាចដាច់ខ្យល់ងាប់ នៅពេលដែលថ្ងៃណាមួយ ធ្វើនយោបាយកាន់តែប្រជាភិថុតិជ្រុល ហើយធ្វើឲ្យប្រជាពលរដ្ឋ កាន់តែអស់ជំនឿថែមទៀត ហើយជាពិសេសយើងមើលឃើញបរិបទនយោបាយនៅក្នុងតំបន់របស់យើង គឺប្រទេសថៃ ។ ប្រទេសថៃ ឥឡូវគ្រួសារថាក់ស៊ីន គឺកូនស្រី បានឡើងមកធ្វើនាយករដ្ឋមន្រ្តី ទៅទៀត វាឆ្លុះបញ្ចាំងឲ្យឃើញថា ជានាយករដ្ឋមន្រ្តីមួយវ័យក្មេង នៅក្នុងតំបន់អាស៊ាន ហើយចាត់ទុកថា ក្នុងពិភពលោកផង ។ ពេលហ្នឹងហើយ ដែលធ្វើឲ្យសម រង្ស៊ី កាន់តែក្ដៅក្រហាយកាន់តែខ្លាំង ពីព្រោះគាត់រំពឹងថា អាចញុះញង់កម្មករនៅប្រទេសថៃ រាប់លាននាក់ នៅពេលដែលកូនស្រីលោកថាក់ស៊ីន ធ្វើនយោបាយ ឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយមិនត្រឹមតែប៉ុណ្ណឹងទេ គ្រួសារលោកថាក់ស៊ីន និងសម្ដេចហ៊ុន សែន គឺជាគ្រួសារមិត្តភក្ដិ គ្រួសារល្អជាមួយនឹងគ្នា គឺចេះជួយយកអាសាគ្នាក្នុងការលំបាក ទោះបីលោកថាក់ស៊ីន ត្រូវបានព្រះមហាក្សត្រនិរទេស ឬក៏ទៅរស់នៅឯណាក៏ដោយ ក៏សម្ដេចតេជោ ហ៊ុន សែន នៅទទួលស្វាគមន៍លោកថាក់ស៊ីន មកចូលក្នុងប្រទេសកម្ពុជា ហើយយើងមើលឃើញថា អាហារសាមគ្គីជាមួយគ្នា កូនស្រីលោកថាក់ស៊ីន មុននឹងឡើងធ្វើនាយករដ្ឋមន្រ្តី ក៏ធ្លាប់បានឡើងមកស្វាគមន៍ជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជន នៅក្នុងប្រទេសកម្ពុជា ។ អ៊ីចឹងមើលទង្វើបរិបទនយោបាយនៅប្រទេសជិតខាង យើងមើលឃើញថា ក្នុងកាលៈទេសៈនេះ នាយករដ្ឋមន្រ្តីវ័យក្មេងបន្តវេន សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនិងនាយករដ្ឋមន្រ្តី កូនស្រីលោកថាក់ស៊ីន គឺជានយោបាយភូមិផងរបងជាមួយ កាន់តែល្អទៅ គឺបង្ហាញឲ្យឃើញថា ពួកប្រជាធិបតេយ្យកំពុងតែអស់ច្រកដើរ ។ កំពុងតែអស់ច្រកដើរ វាមានតែធ្វើនុយនយោបាយ លើទីផ្សារងងឹត ដើម្បីញុះញង់ឲ្យប្រជាពលរដ្ឋក្នុងការគិត ហើយពិចារណាវិញ ។ មូលហេតុហ្នឹងហើយ ដែលធ្វើឲ្យសម រង្ស៊ី ឆ្កឹះឆ្កៀលរឿង CLV ដើម្បីយកមកបង្វែងដាន កុំឲ្យមើលឃើញថា ប្រទេសកម្ពុជាយើងរបស់យើងនេះ អត់មាននយោបាយមួយ គឺសន្តិភាពនៅក្នុងប្រទេស ។ តាមពិត មានសន្តិភាព ប៉ុន្តែខ្លួនឯងធ្វើនយោបាយមួយ ញុះញង់ឲ្យប្រជាពលរដ្ឋខ្មែរ វង្វេងទិស ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ខ្ញុំចាត់ទុកថា រាជរដ្ឋាភិបាល កំពុងតែឆ្លាតមួយ គឺបង្កើតមូលនិធិដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ។ នេះគឺជានយោបាយបន្សាបដល់ពួកជ្រុលនិយម ពីព្រោះក្រុមជ្រុលនិយម ច្រើនយករឿងព្រំដែននេះ ធ្វើជានុយនយោបាយ ជារៀងរហូត ។ យើងឧទាហរណ៍ឆ្នាំ២០០៩ លោកសម រង្ស៊ី បានដកបង្គោលព្រំដែន នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង យើងមើលឃើញថា ២០១០ ចលនាតាមព្រំដែនខ្លាំង នៅខេត្តត្បូងឃ្មុំ យើងមើលឃើញថា ក្រុមនេះ គឺជាក្រុមយកនយោបាយតាមបណ្ដោយព្រំដែន មកធ្វើជាការវាយប្រហារលើរាជរដ្ឋាភិបាល ។ អ៊ីចឹងនយោបាយរបស់ពួកគេ គឺយកបញ្ហាព្រំដែន ជនអន្តោប្រវេសន៍ មកដោះស្រាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាល ។ និយាយអំពីការអភិវឌ្ឍនៅក្នុងប្រទេស គឺពួកគេលែងនិយាយទៀតហើយ ពីព្រោះរាជរដ្ឋាភិបាល បានអនុវត្តប្រទេសមានស្ពាន មានផ្លូវល្បឿនលឿន មានផ្លូវដើរហើរអីស្ទើរគ្រប់ខេត្តក្រុងទាំងអស់ គឺអត់មានការលំបាក ហើយមានសុវត្ថិភាពតទៅទៀត ។ អ៊ីចឹងនេះគឺជាចំណុចវិជ្ជមានរបស់រាជរដ្ឋាភិបាល បានរកឃើញ ហើយធ្វើឲ្យរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការព្រំដែន ឬក៏មូលនិធិព្រំដែន ដើម្បីបន្សាប ។ យើងមើលឃើញថា ចលនានេះ នឹងអាចធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការលះបង់ ៥០០ ក៏ដោយ ១រៀលក្ដី ២រៀលក្ដី ១ពាន់ក្ដី តាមសទ្ធាជ្រះថ្លា ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការកសាងរចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនបាន គឺលោកសម រង្ស៊ី ហើយនិងក្រុមរបស់ខ្លួន គ្មានអ្វីមកធ្វើទីផ្សារក្នុងប្រទេសកម្ពុជា ទៀតទេ ។

នគរធំ ៖ ក្នុងន័យនេះ បានន័យថា ក្រុមស ក្រុមក្រហម និងក្រុមខៀវ ចង់សំដៅលើក្រុមជ្រុលនិយមរបស់លោកសម រង្ស៊ី មែនទេ?

លោកគុជ លី ៖ ជាការពិតណាស់ ក្រុមហ្នឹង បែងចែកជា ៣ក្រុម គឺក្រុមស ក្រុមខៀវ ក្រុមក្រហម ។ ក្រុមក្រហម គឺជាក្រុមសម រង្ស៊ី តែម្ដង តែគឺខ្លួនគាត់ដែលនៅក្រៅប្រទេស យើងមើលឃើញថា គាត់អត់ដែលស្គាល់រសជាតិនៃរបបក្រហម (ខ្មែរក្រហម) ទេ ហើយក្នុងនាមជាគ្រួសារអភិជនមួយ គាត់មិនដែលស្គាល់ការលំបាកទេ គឺគ្រួសារអភិជន ច្រើនតែមើលងាយគ្រួសារជនបទ គ្រួសារអ្នកក្រីក្រតែម្ដង ។ អ៊ីចឹងការមើលងាយនេះ សូម្បីតែគ្នាគាត់ ក៏គាត់បែងចែកជាក្រុមខៀវ ក្រុមស ក្រុមក្រហមហ្នឹងដែរ ពីព្រោះមិនអាចរស់នៅជាមួយគ្នាបាន ។ បើសិនជាមើលឃើញមួយទៀត កាលពីគាត់រួបរួមជាមួយគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយកឹម សុខា សួរថាគាត់ត្រូវគ្នាទេ? គឺគាត់បែងចែកជាក្រុម ។ អ៊ីចឹងក្រុមនេះ ក្រុមស ក្រុមនេះ ក្រុមខៀវ ក្រុមក្រហម ដើម្បីធ្វើឲ្យមានការបែកបាក់គ្នា ។ អ៊ីចឹងការរលាយរបស់គណបក្សសង្រ្គោះជាតិ ការបែកបាក់គណបក្សរបស់គាត់ រហូតដល់មកភ្លើងទៀន រហូតដល់បែកភ្លើងទៀន ឥឡូវភ្លើងទៀន អត់មានវាសនាទៅឈរឈ្មោះបោះឆ្នោតទេ គឺបាត់លិខិតចុះបញ្ជីរបស់ក្រសួងមហាផ្ទៃ ឬសំបុត្រកំណើតតែម្ដង ។ ឥឡូវនេះគណបក្សភ្លើងទៀន បានបែងចែកទៅកម្លាំងជាតិ ឥឡូវកម្លាំងជាតិ ជំនួយការរបស់គាត់ ស៊ុន ចន្ធី ដែលជាជំនួយការផ្ទាល់ម៉ែន សុថាវរិន្រ្ទ ដែលជាសេនាធិការរបស់លោកសម រង្ស៊ី ហ្នឹង ក៏ត្រូវបានជាប់គុក មិនទាន់ចេញ ហើយយើងមើលឃើញថា នៅសល់តែតួអង្គរ៉ុង ឈុន មួយ ហើយរ៉ុង ឈុន ត្រូវជាប់បម្រាមតុលាការទៀត ។ យើងមើលឃើញថា ក្រុមរបស់គាត់ហ្នឹង ក៏បានបែងចែកពីមួយក្រុម ទៅមួយក្រុម ក្នុងការដណ្ដើមទីលានប្រជាធិបតេយ្យ ដើម្បីបង្អួតប្រជាពលរដ្ឋនៅលើទីផ្សារហ្នឹងតែម្ដង ។

នគរធំ ៖ ក្នុងចំណោមក្រុមទាំង៣ តើក្រុមមួយណាបំផុសបំផុលខ្លាំងជាងគេ?

លោកគុជ លី ៖ ជាក្រុមក្រហមហ្នឹងតែម្ដង ដែលខ្ញុំតែងចាត់ទុកថា សម រង្ស៊ី គឺជាក្រុមខ្មែរក្រហមទី២ ហើយបន្ទាប់មកទៀត ក៏រួមចំណែកជាមួយនឹងវិទ្យុអាស៊ីសេរី ដែលខ្ញុំច្រើនតែនិយាយថា ជាវិទ្យុខ្មែរក្រហមទី២ ដូចនៅជាយដែន នៅជំនាន់យើងនៅជំរំអ៊ីចឹង គឺជួយផ្សាយបំព្រុសសំឡេងទៅឲ្យតាមរយៈផ្សេងៗ ធ្វើឲ្យប្រជាពលរដ្ឋរបស់យើងស្ដាប់ហើយមានការភ័ន្តច្រឡំវង្វេងនឹងព័ត៌មានមួយចំនួន ។ អ៊ីចឹងក្រុមក្រហម នៅទីនេះ មកធ្វើនុយនយោបាយនៅលើទីផ្សារងងឹតក្នុងកម្ពុជា គឺក្រុមជនសម រង្ស៊ី តែម្ដង ជនក្បត់ជាតិ ៣ជំនាន់ របស់សម រង្ស៊ី ពីព្រោះយើងមើលឃើញថា ទីផ្សារងងឹត គឺសំដៅទៅលើប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែខ្វះព័ត៌មាន ។ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា ទីផ្សារងងឹត នៅទីនេះ គឺប្រជាពលរដ្ឋមួយចំនួនខ្វះព័ត៌មាន ។ យើងឧទាហរណ៍ ថ្ងៃទី១៨ សីហា នៃការអំពាវនាវរបស់បុគ្គលហៃ វណ្ណា ដែលធ្វើឲ្យបងប្អូនមួយចំនួនខ្វះព័ត៌មាន ចូលរួមធ្វើបាតុកម្ម ខ្លះបានត្រៀមខ្លួនជាស្រេចហ្នឹងឯងដោយការខ្វះព័ត៌មាន ខ្លះក៏ដឹងខ្លួន បានចូលសារភាពដល់រាជរដ្ឋាភិបាល ដើម្បីលើកលែងទោស ។ អ៊ីចឹងផ្សារងងឹត គឺសំដៅទៅលើពួកជនឧក្រិដ្ឋ ដែលគាត់ញុះញង់បំពុលសង្គមនៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ។

នគរធំ ៖ តើការលាក់ខ្លួនក្រោមឆត្រសិទ្ធិមនុស្ស វាអាចបានផលសម្រាប់ក្រុមទាំង៣ នេះដែរឬទេ?

លោកគុជ លី ៖ ជាការពិត អាចប្រជាពលរដ្ឋមួយចំនួននៅមានជំនឿ ពីព្រោះដោយសារយើងមើលឃើញថា បរិបទក្នុងសង្គមរបស់យើង យើងមើលឃើញ យើងត្រូវហ៊ាននិយាយកែលម្អរាជរដ្ឋាភិបាល ពីព្រោះរឿងអយុត្តិធម៌នៅក្នុងសង្គម វានៅតែមាន គ្រាន់តែថា មានក្នុងកម្រិតណាដែលយើងទទួលយកបាន ។ ឧទាហរណ៍បញ្ហាដីធ្លី នៅតែកើតឡើង បញ្ហាប្រជាពលរដ្ឋដែលលំបាកក្នុងការរកចំណូល ក៏នៅតែមាន បញ្ហាលើវិស័យអចលនទ្រព្យដែលនៅជាប់គាំង ដែលធ្វើឲ្យប្រជាពលរដ្ឋនៅជាប់បំណុល ក៏នៅតែមាន ជាពិសេសគឺវិស័យទេសចរណ៍មួយចំនួន ដែលធ្វើឲ្យប្រទេសកម្ពុជា ក៏នៅមានកម្រិត ។ អ៊ីចឹងរាជរដ្ឋាភិបាល ខ្លួនឯងគួរតែកែលម្អ  នៅពេលដែលខ្លួនឯងការលម្អរួចហើយនោះ ខ្ញុំគិតថា ពួកដែលជ្រកកោននៅក្រោមលទ្ធិប្រជាធិបតេយ្យ ហើយនិងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា គ្មានអ្វីដែលត្រូវមកជំទាស់ទៀតទេ ។ យើងមើលឃើញថា បើសិនជាក្នុងកាលៈទេសៈ ពេលវេលានេះ រាជរដ្ឋាភិបាល ធ្វើខុស ខ្ញុំគិតថា ស្ថានទូតនានានៅក្នុងប្រទេសកម្ពុជា ច្បាស់ណាស់ គេកំពុងតែដាក់ទូតរបស់គេមក គឺក្នុងការពារថាទូត គឺជាចារកម្មរបស់គេនីមួយៗ ក្នុងការប្រមូលព័ត៌មាន វាជាជាងអង្គការមួយចំនួនតូចដែលជាអង្គការក្រៅរាជរដ្ឋាភិបាល នៅក្នុងប្រទេសអាគាំង យើងមើលឃើញថា អង្គការយូម៉ែនរ៉ៃត៍វ៉ច្ឆ គឺច្រើនតែធ្វើរបាយការណ៍ទម្លាក់កំហុសនៅក្នុងប្រទេសកម្ពុជា ថាអំពីរំលោភសិទ្ធិមនុស្ស ឬមួយក៏អនុវត្តលទ្ធិប្រជាធិបតេយ្យ មិនត្រឹមត្រូវណាមួយក្នុងប្រទេសកម្ពុជា ។ ខ្ញុំគិតថា ប្រទេសកម្ពុជា រាល់ថៃ្ង មិនមែនលទ្ធិប្រជាធិបតេយ្យទេ គឺចង់ជ្រុលប្រជាធិបតេយ្យទៅទៀត វាសេរីជ្រុល កាលណាសេរីជ្រុល វាចង់ក្លាយទៅជាអនាធិបតេយ្យនៅក្នុងការរស់នៅវិញ សម្រាប់ខ្ញុំ ពីព្រោះយើងមើលឃើញថា បើសិនជានៅក្នុងការលេងបណ្ដាញសង្គម សារព័ត៌មាន ឬក៏បណ្ដាញព័ត៌មាននៅក្នុងសង្គម យើងឃើញថា ប្រជាពលរដ្ឋរបស់យើង រាល់ថ្ងៃ ៦ទៅ៧លាននាក់ ដែលជាអ្នកចេះប្រើប្រាស់ទូរស័ព្ទដៃ យើងមើលឃើញថា ប្រជាពលរដ្ឋខ្លួនឯង ក្លាយទៅជាអ្នកមានព័ត៌មាននៅក្នុងដៃ ជាអ្នកលេងព័ត៌មាននៅក្នុងដៃ ជាអ្នកបង្កើតព័ត៌មាននៅក្នុងដៃខ្លួនឯង ពេលកន្លែងខ្លះ ដោយសារតែប្រទេសកម្ពុជា របស់យើងមិនទាន់បានបង្កើតច្បាប់ការប្រើបាស់អ៊ីនធើរណេតនៅឡើយ ។ ដល់អ៊ីចឹងហើយ ធ្វើឲ្យប្រជាពលរដ្ឋមួយចំនួន ក្លាយខ្លួនទៅជាបុគ្គលអនាធិបតេយ្យ នៅក្នុងការចែកចាយព័ត៌មានបែបមិនពិត ព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ័ន្ត បំភ្លៃ ធ្វើឲ្យសង្គមរបស់យើងហាកដូចជាអសន្តិសុខមួយចំនួនផងដែរ ។

នគរធំ ៖ ទោះយ៉ាងណា ក្រៅពីក្រុមទាំង៣នេះ តើគួរទទួលស្គាល់ក្រុមមួយណាដែលធានានូវស្ថិរភាពនយោបាយ ការអភិវឌ្ឍន៍ និងសន្តិភាពពិតប្រាកដ?

លោកគុជ លី ៖ យើងត្រូវតែជឿជាក់នៅលើរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្រ្តីវ័យក្មេង ហើយគាត់មានបរិបទថ្មី មានគំនិតថ្មី ខួរក្បាលថ្មី ខ្ញុំគិតថាអ្វីៗជាធម្មតាទេ ក្នុងនាមជាគ្រួសារមួយ ត្រូវបន្តបន្ទុកពីគ្រួសារមួយ ដើម្បីឲ្យប្រទេសជាតិ ហើយនិងកូនចៅ រីកចម្រើន។ ខ្ញុំជឿជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គាត់មិនធ្វើឲ្យប្រទេសកម្ពុជា ជាពិសេសតំបន់ CLV ហ្នឹង បាត់បង់ទឹកដីទៅក្នុងប្រវត្តិសាស្រ្តរបស់គាត់ទេ ហើយយ៉ាងណាមិញ ក៏ខ្ញុំមិនជឿថា គាត់ក៏មិនចង់ឲ្យប្រវត្តិសាស្រ្តជាអ្នកសរសេរសៀវភៅថា ត្រកូលហ៊ុន ជាអ្នកកាត់ទឹកដីឲ្យប្រទេសជិតខាង ដូចមានប្រវត្តិសាស្រ្តរបស់យើងជាដើម ទឹកដីកម្ពុជាក្រោម អ្នកណាមិនដឹងថា ជ័យជេដ្ឋាទី២ ជាអ្នកកាត់ទឹកដី ។ អ៊ីចឹងប្រវត្តិសាស្រ្តច្រំដែល ខ្ញុំគិតថា យើងជាអ្នកសិក្សាស្រាវជ្រាវ យើងជាអ្នករៀនសូត្រនៅជំនាន់ក្រោយ ហើយសម័យវិទ្យាសាស្រ្តជឿនលឿនទៅទៀត ខ្ញុំគិតថា គួរតែកូនខ្មែរ យល់ដឹងអំពីបញ្ហានេះ គួរតែយើងរួមគ្នាដើម្បីកម្ពុជា។ ក៏ប៉ុន្តែរួមគ្នាដើម្បីកម្ពុជា លុះត្រាតែមានក្រុមផ្សេងទៀត មានការចូលរួម អាហ្នឹងទើបបានយើងជោគជ័យទាំងអស់គ្នា ។ ចុះសំណួរសួរថា តើរាជរដ្ឋាភិបាល អាចលុបបំបាត់ចោលនូវក្រុមពួកជ្រុលនិយម សម រង្ស៊ី ដែលជាមេខ្យល់ ក្រុមក្រហម ក្រុមខៀវ ក្រុមស ដែលពួកគាត់នៅប្រទេសកម្ពុជា? ថាយើងលុបមិនបាត់ទេ នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ប៉ុន្តែអ្វីដែលរាជរដ្ឋាភិបាល ទប់ជំហរ គឺយើងមើលឃើញថា សម្ដេចបវរធិបតី កំពុងតែធ្វើត្រូវ នៅក្នុងការដឹកនាំប្រទេស ។ ទី១ ទប់ស្ថានភាព នៅពេល CLV ចេញមក គឺបង្កើតមូលនិធិព្រំដែន ដើម្បីរៀបហេដ្ឋារចនាសម្ព័ន្ធ ។ អ៊ីចឹងនេះមានន័យថា គេរិះគន់ គឺយើងត្រូវបានធ្វើ បើសិនជាគេអត់រិះគន់ គឺយើងមិនបានធ្វើ អាហ្នឹងជាភាពអវិជ្ជមាននៅក្នុងការដឹកនាំ ។ អ៊ីចឹងនៅពេលដែលយើងកំពុងប្រមូលមូលនិធិតាមបណ្ដោយព្រំដែននេះ មូលនិធិសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ប៉ុន្តែសូមឲ្យមានតម្លាភាពផង ។ អ៊ីចឹងបើសិនជាយើងបានលុយមកហើយ ប្រមូលមូលនិធិហើយ មិនតម្លាភាព អាហ្នឹងធ្វើឲ្យឱកាសពួកគណបក្សប្រឆាំង នឹងបន្តវាយប្រហារមកលើរាជរដ្ឋាភិបាល អាហ្នឹងគឺជាឱកាសរៀងៗខ្លួន ។ រាជរដ្ឋាភិបាល កំពុងតែដុតដៃដុតជើង មានបំណងចង់កសាងហេដ្ឋារចនាសម្ព័ន្ធ យើងមើលឃើញហើយ សម រង្ស៊ី បានចោទថា រាជរដ្ឋាភិបាល កំពុងជំរិតលុយប្រជាពលរដ្ឋ ដើម្បីឲ្យចូលមូលនិធិ ព្រោះដោយសាររាជរដ្ឋាភិបាល អត់លុយ ។ អ៊ីចឹងយើងដើម្បីបញ្ច្រាសហ្នឹង ធ្វើម៉េចឲ្យមានតម្លាភាពក្នុងការអភិវឌ្ឍន៍តាមបណ្ដោយព្រំដែន បង្ហាញទឹកប្រាក់មួយចំនួនដែលមូលនិធិមានប៉ុន្មាន ហើយយើងយកទៅកសាង ខ្ញុំគិតថា រាជរដ្ឋាភិបាលនឹងឈ្នះ ហើយពួកជ្រុលនិយម នឹងគ្មានពាក្យអ្វីមកនិយាយទេ ពាក្យញុះញង់របស់ពួកគេ និងការរិះគន់របស់ពួកគេ វាខុសគ្នា រិះគន់ដើម្បីឲ្យយើងមានការជឿនលឿន ។ ឥឡូវយើងឧទាហរណ៍ គេរិះគន់អំពីមូលនិធិ ថាយើងចាប់ជំរិតលុយប្រជាពលរដ្ឋ ឲ្យចូលមូលនិធិព្រំដែន ខ្ញុំមិនគាំទ្រទេ ក៏ប៉ុន្តែសុំឲ្យមានតម្លាភាព បើយើងមានតម្លាភាព មានន័យថា ពាក្យសម្ដីរបស់គេរលាយទៅបាត់ហើយ យើងវាជោគជ័យមកវិញ ។ អ៊ីចឹងសរុបមកវិញ ខ្ញុំគិតថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអាចយល់ដឹងអំពីបរិបទនយោបាយពួកក្រុមជ្រុលនិយម ពីព្រោះក្រុមរបស់លោកមានសេនាធិការ ជាពិសេសគឺយើងមើលឃើញថា អ្នកជំនាញនយោបាយនៅជុំវិញរបស់គាត់ កាន់តែច្រើន មានអ្នកនយោបាយ អ្នកវិភាគនយោបាយជុំវិញខ្លួន ខ្ញុំគិតថាប្រទេសកម្ពុជា នឹងអាចរីកចម្រើន ហើយនឹងអាចគេផុតពីក្រញាំប្រទេសជិតខាង ដែលគេកំពុងតែយាយីទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ ទាំងផ្នែកភូមិសាស្រ្ត ។ មែនទែនទៅ គឺយើងមិនអាចនិយាយអំពីការបង្ហាញពីការព្រួយបារម្ភពីព្រំដែននៅប្រទេសកម្ពុជា តែជាមួយវៀតណាម នោះទេ ជាមួយឡាវ គឺចាប់ពីកន្ទុយនាគ រហូតដល់ព្រះវិហារ ហើយយើងនៅតំបន់មួយ ហៅថា កំពុងស្រឡៅ ហ្នឹង ក៏មានបញ្ហាជាច្រើន យើងមិនទាន់បានដាក់តំបន់ហ្នឹងក្លាយទៅជាព្រំដែនទឹក ទន្លេមេគង្គហ្នឹង ឲ្យស្រលាញ់គ្នា ។ អ៊ីចឹងឃើញហើយ នៅគងគ្នានៅឡើយ ថ្វីត្បិតតែឡាវ មិនទាន់បានរករឿង ក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមានបញ្ហាជាច្រើននៅតាមបណ្ដោយព្រំដែន មានឡាវ មានថៃ អីក៏ដោយ ឥឡូវកោះកុង យើងក៏នៅជាបញ្ហារសើប ពីព្រោះពាក់ព័ន្ធទៅនឹងការគងនឹងទឹកសមុទ្រ ជាមួយនឹងប្រេងកាតរបស់យើង ។ អ៊ីចឹងយើងមើលឃើញថា ប្រទេសកម្ពុជា ពោរពេញទៅដោយហានិភ័យ ហើយនិងការព្រួយបារម្ភចំពោះបញ្ហាពំ្រដែន បើសិនជារាជរដ្ឋាភិបាល ដោះស្រាយមិនស្រួល គឺជាឱកាសនៃពួកប្រឆាំង ដើម្បីយកមកវាយបកនៅក្នុងប្រទេសកម្ពុជា ។

នគរធំ ៖ ភ្ជាប់ជាមួយបរិបទនយោបាយដដែលនេះ ក្រុមប្រឆាំង ក្រៅពីវាយប្រហារមកលើរាជរដ្ឋាភិបាល នៃបក្សកាន់អំណាច ក៏ចង់ឲ្យមានការផ្សះផ្សា បង្រួបបង្រួមជាតិដែរ តើវាអាចទៅរួចទេ?

លោកគុជ លី ៖ ខ្ញុំគិតថា វាជាទម្លាប់មួយអាក្រក់បំផុតរបស់ទណ្ឌិត សម រង្ស៊ី ចង់ចរចាជាមួយរដ្ឋាភិបាល តាំងពីឆ្នាំ១៩៩៧ នៅពេលដែលមានរដ្ឋប្រហារ ឆ្នាំ១៩៩៧-១៩៩៨ ។ បោះឆ្នោត ២០០៣ ដែលជាព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា ជាប់គាំងរយៈពេល ១ឆ្នាំ ។ ២០០៤ ហ្នឹងហើយ ដែលធ្វើឲ្យមានការចរចា ។ ចរចារបៀបសម រង្ស៊ី គឺចរចាបំផ្លាញជាតិសាសន៍ខ្លួនឯង យើងមើលឃើញហើយ ចរចាទី១ គឺសម្របសម្រួលថា ធ្វើម៉េចឲ្យមានរាជរដ្ឋាភិបាលចម្រុះត្រីភាគី កាលពីជំនាន់នោះ ប៉ុន្តែសម្ដេចតេជោ មិនព្រម ក៏មានទ្វេភាគីជាមួយគណបក្សហ៊្វុនស៊ិនប៉ិច ហើយនិងគណបក្សប្រជាជន ប៉ុណ្ណោះ ។ នៅពេលហ្នឹងហើយមានគំនិតចង់ផ្ចាញ់គ្នា ក៏សម រង្ស៊ី ចាប់ផ្ដើមស្នើឲ្យមានធ្វើវិសោធនកម្ម ២ភាគ៣ សម្រាប់ចូលទៅក្នុងសភា គឺក្នុងគោលដៅរំលាយគណបក្សហ៊្វុនស៊ិនប៉ិច ខ្លួនឯងចូលមករាជរដ្ឋាភិបាល រំពឹងទុក ។ អ៊ីចឹងហើយ គំនិតទុច្ចរិតហ្នឹង គឺមានតាំងពីដើមទី អ៊ីចឹងគំនិតចរចា របៀបនិយាយញុះញង់ក្នុងប្រទេសកម្ពុជា ដើម្បីឲ្យរួចខ្លួនរបស់សម រង្ស៊ី ខ្ញុំគិតថា រូបមន្តនេះ ប្រើប្រាស់ជាមួយនឹងសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ត្រូវ ក៏ប៉ុន្ទែខ្ញុំគិតថា សម្ដេចមហាបវរធិបតី ប្រហែលជាគិតហើយនិងពិចារណា មិនអនុញ្ញាតឲ្យយកការវ៉ៃប្រហារ ការបង្អាប់បន្តុះរាជរដ្ឋាភិបាល ញុះញង់ឲ្យប្រជាជនខ្លួនឯងចរចាដើម្បីវិលចូលមកប្រទេស ខ្ញុំគិតថា ប្រហែលជាគ្មានឱកាសទេ ពីព្រោះពេលវេលនេះ គេត្រូវការយុវជនដែលមានថាមពល ទាំងថវិកា ទាំងគំនិត ទាំងសញ្ញាបត្រ ។ អ៊ីចឹងមានន័យថា ពួកគាត់ជាអតីតនយោបាយ គួរតែក្លាយទៅជាទីប្រឹក្សាគំនិតរបស់ប្រជាពលរដ្ឋ ល្អជាជាងអនុគ្រោះឲ្យគាត់ចូលមកនៅក្នុងស្រុក ឬក៏សម្របសម្រួលណាមួយ ដើម្បីឲ្យវិលចូលក្នុងផ្សះផ្សាជាតិ ខ្ញុំគិតថា ពេលវេលានេះ មិនគួរយកនិយាយ គឺគួរតែឲ្យពួកគាត់ចូលនិវត្តទៅ ល្អជាជាង ។

នគរធំ ៖ តើអាចថា មិនអាចចរចាជាមួយបក្សប្រឆាំងបាន ដោយសារគណបក្សកាន់អំណាច មានសម្ព័ន្ធភាពជាមួយគណបក្ស ២៨ទៅហើយ ឬយ៉ាងណា?

លោកគុជ លី ៖ ជាការពិត បច្ចុប្បន្នភាព យើងមើលឃើញថា ក្រោយពីបោះឆ្នោត អាណត្តិទី៧ ឥឡូវខួប ១ឆ្នាំហើយ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣-២២ សីហា ឆ្នាំ២០២៤ មួយឆ្នាំ ។ អ៊ីចឹងសម្ព័ន្ធភាពរបស់គណបក្ស២៨ បូកនឹងគណបក្សប្រជាជន ២៩ ហ្នឹង គឺមានន័យថា មានរួចហើយ ។ អ៊ីចឹងយើងគិតថា វាគ្រប់គ្រាន់នៅក្នុងការដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយថ្មីៗនេះ យើងមើលឃើញថា គណបក្សថ្មីៗច្រើនទៀត ៥-៦ កំពុងតែបានបង្ហាញខ្លួន មានវត្តមានជំនួសឲ្យគណបក្សផ្សេងៗទៀតជាដើម ។ យើងក៏មិនអាចនិយាយថាភ្លេចដែរ អតីតអ្នកប្រឆាំងម្នាក់ អតីតអ្នកទោសនយោបាយ មាជ សុវណ្ណារ៉ា ក៏ក្លាយទៅជាប្រធានគណបក្សជំនាន់ថ្មីដែរ ។ អ៊ីចឹងយើងមើលឃើញថា បើទោះបីមិនមានប្រជាប្រិយភាពក្នុងការទាក់ទាញប្រជាពលរដ្ឋខ្លាំង ខ្ញុំគិតថា អាចលេងនៅក្នុងលទ្ធិប្រជាធិបតេយ្យ ជាមួយគ្នាបាន អាចជំនួសទៅថ្ងៃក្រោយ ក្រុមនេះ ក្រុមនោះបាន បើសិនជាមាជ សុវណ្ណារ៉ា ពិតជាមានឆន្ទៈចូលរួមនៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ កុំធ្វើខ្លួនបង្កប់និន្នាការជាមួយនឹងបរទេសនិយមមួយឲ្យសោះ ពីព្រោះយើងកំពុងតែបារម្ភថា ខ្លាចអ្នកនយោបាយខ្មែរ ទាំងខ្ញុំ ទាំងគេ ទាំងអស់ មិនទុច្ចរិតនៅក្នុងប្រទេសកម្ពុជា វាធ្វើឲ្យមានបញ្ហាឲ្យបរទេសលូកដៃលូកលាន់ ហើយធ្វើឲ្យយើងមានវិបត្តិនៅក្នុងសង្គមតទៅទៀត ។

នគរធំ ៖ ចុងក្រោយ តើលោកមានសារនយោបាយអ្វីទេ?

លោកគុជ លី ៖ ជាការពិត ខ្ញុំសូមអំពាវនាវ ទី១ គឺសូមឲ្យប្រជាពលរដ្ឋខ្មែរ ជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន សុំបន្តជឿជាក់ដូចសម័យកូវីដដែរ គឺរាជរដ្ឋាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមលុយកាក់ធ្វើយុទ្ធនាការបង្រ្កាបកូវីដ ។ អ៊ីចឹងនេះគឺជាបេសកកម្មជាតិមួយធំបំផុត ដែលខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានបរិច្ចាគរួចហើយ ហើយជាពិសេស គឺសុំឲ្យបងប្អូនយើងយល់ឃើញ ហើយនិងជឿជាក់។ ទី២ ក៏យើងសុំឲ្យតាមដាននៅពេលដែលរាជរដ្ឋាភិបាល បានប្រមូលមូលនិធិហើយ ទៅមើលទាំងអស់គ្នា ។ ឧទាហរណ៍ថា មូលនិធិនេះ យកទៅតំបន់ត្រីកោណអភិវឌ្ឍន៍ ទាំង៣ ហើយរាជរដ្ឋាភិបាល ក៏បានអនុគ្រោះឲ្យឡានក្រុង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅមើលដោយផ្ទាល់ ខ្ញុំគិតថា វាជាឱកាសមួយ ប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវជឿជាក់ ហើយខ្លួនឯងក៏ត្រូវផ្ដល់ឱកាសខ្លួនឯងសម្រាប់ទៅមើល កុំឲ្យចេះតែជឿតាមគេ តាមការញុះញង់ អាហ្នឹងគឺជាការគ្រោះថ្នាក់វិញទេ ។ អ៊ីចឹងសរុបមកវិញ ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាល សូមឲ្យជឿជាក់នៅលើខ្លួនឯង កុំទទួលព័ត៌មានណាដែលបំផ្លើស បំភ្លៃ ញុះញង់តាមក្រុមជ្រុលនិយមក្រហម របស់សម រង្ស៊ី ខ្លាំងពេក ពីព្រោះបច្ចុប្បន្ន សម រង្ស៊ី គឺជាអ្នកនយោបាយញុះញង់បញ្ហាសង្គមទាំងស្រុង ៕ កុលបុត្រ

RELATED ARTICLES