ភ្នំពេញៈ បន្ទាប់ពីមានការស្នើសុំពីមន្រ្តីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញបំភ្លឺបន្ថែម អំពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ជូនដល់ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ។
លោកបណ្ឌិតពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ថា “រឿង CVL-DTA គឺខ្ញុំនឹងធ្វើកិច្ចការនេះតាមភាពច្បាស់លាស់ ក្នុងនាមខ្ញុំជាមន្រ្តីរដ្ឋាភិបាលដោយអាណត្តិ ហើយខ្ញុំនឹងបន្តស្រាវជ្រាវគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចងក្រងជាសៀវភៅទុកជាសក្ខីភាព ។ ហើយខ្ញុំបានស្នើសម្តេចនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មកធ្វើបទបង្ហាញអំពីគម្រោង CLV-DTA ជូនដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងខែកញ្ញា នេះផងដែរ “ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកបណ្ឌិតពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ថា ក្រោយដាក់លិខិតជាផ្លូវការ តាមរយៈសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពេលនេះ មានការឆ្លើយតបពីខាងខុទ្ទកាល័យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មកថា លោកស្រីរដ្ឋមន្រ្តី ចម និម្មល នឹងជួបជាមួយសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។
លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ ខ្ញុំសូមបញ្ជាក់ពីគោលបំណងរបស់ខ្ញុំថា ហេតុអីបានខ្ញុំធ្វើការតាមភាពច្បាស់លាស់ ពីព្រោះកិច្ចការងារខ្លះ យើងអត់អាចធ្វើទៅតាមអារម្មណ៍ ទៅលើប្រព័ន្ធផ្សព្វផ្សាយមេឌាបានទេ យើងត្រូវតែជួបភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺសាមីខ្លួន ។ សាមីខ្លួន មានន័យថា អ្នកដែលផ្ដួចផ្ដើមគំនិតនៃការបង្កើត CLV ហ្នឹង ។ អ៊ីចឹងខ្ញុំសំដៅទៅលើរដ្ឋាភិបាលកម្ពុជាទាំងមូល ព្រោះកាលណាតែកម្ពុជាយើងអ្នកបង្កើតគំនិត គឺកម្ពុជាយើងមានពាក់ព័ន្ធនឹងមន្រ្តីជាន់ខ្ពស់ មានមន្រ្តីថ្នាក់ក្រោមជាតិ មន្រ្តីថ្នាក់ជាតិ មានអភិបាលខេត្ត មានសមាជិករាជរដ្ឋាភិបាល មានសមាជិកសភាអីអ៊ីចឹងជាដើម ។ល។ និង។ល។ ប៉ុន្តែការចាប់ផ្ដើមរបស់ខ្ញុំ គឺចាប់ផ្ដើមពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមុន ដោយយើងឃើញសម្ដេចប្រធានព្រឹទ្ធសភា លោកគូសបញ្ជាក់ថា រាល់ឯកសារទាំងអស់ គឺនៅក្រសួងពាណិជ្ជកម្ម ។ អ៊ីចឹងខ្ញុំក៏ដាក់លិខិតស្នើសុំសម្ដេចនាយករដ្ឋមន្រ្តី ឲ្យលោកអនុញ្ញាតឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចូលបំភ្លឺនៅមុខឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដើម្បីយើងដឹងច្បាស់លាស់អំពីកិច្ចការងារហ្នឹង បន្ទាប់មក ខ្ញុំនឹងទៅសួរភាគីពាក់ព័ន្ធ ។ ភាគីពាក់ព័ន្ធមានរដ្ឋសភា អភិបាលខេត្ត មានទូតឡាវ វៀតណាម និងប្រធានព្រឹទ្ធសភា ។ នេះជាផ្លូវដែលខ្ញុំត្រូវបន្តទៅមុខទៀត ហើយខ្ញុំនឹងដកស្រង់នូវមតិពួកគាត់ទាំងអស់ហ្នឹងមកចងក្រងជាសៀវភៅមួយ ទុកជាជំនួយស្មារតីដល់កូនខ្មែរជំនាន់ក្រោយ បើពួកគាត់ឈ្លោះគ្នារឿង CLV ឲ្យគាត់មានជម្រើសមកផ្ទៀងផ្ទាត់ ។ មានន័យថា ជម្រើសផ្ទៀងផ្ទាត់ខាងប្រឆាំងណាមួយទៅថ្ងៃខាងមុខទៀត ផ្ទៀងផ្ទាត់ជាមួយរដ្ឋាភិបាលផ្ទាល់ និងផ្ទៀងផ្ទាត់ជាមួយសៀវភៅពេជ្រ ស្រស់ ផ្ទាល់ ពីព្រោះអីសៀវភៅពេជ្រ ស្រស់ មានគ្រប់រសជាតិ មិនមែនធ្វើតែនៅក្នុងម៉ាស៊ីនត្រជាក់ទេ យើងនឹងចុះទៅធ្វើសំណាកជាមួយនឹងប្រជាជនរស់នៅក្នុង៤ខេត្ត រួមជាមួយនឹងអភិបាលខេត្ត ៤ខេត្តហ្នឹង និងជាមួយទូត និងជាមួយសម្ដេចប្រធានព្រឹទ្ធសភា ជាមួយនឹងសមាជិករដ្ឋសភា និងជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ អានេះហើយគឺជាអ្វីដែលខ្ញុំចង់បាន គឺកុំឲ្យកូនខ្មែរទៅមុខទៀតឈ្លោះគ្នារឿងដដែល” ។
លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្តថា “ ការប្រមូលព័ត៌មាននេះ អាចយូរដែរ ព្រោះការទៅធ្វើសំណាក និងការទៅស្វែងរកព័ត៌មានអំពី CLV មិនងាយស្រួលពេកទេ ។ ឧទាហរណ៍ដូចជារឿងសុំជួបទូតវៀតណាម ឡាវ ហើយនិងទៅដល់អភិបាលខេត្តទាំង៤ខេត្តហ្នឹង គឺមិនដឹងថា គេមានពេលឲ្យយើងអត់ ។ អាចយូរ ប៉ុន្តែវាមិនយូរពេកទេ គ្រាន់ថា ខ្ញុំនឹងធ្វើការងារនេះដុតដៃ ដុតជើង ដើម្បីជាតិ ដើម្បីស្មារតីកូនខ្មែរតជំនាន់ ។ ចំពោះការសង្ឃឹមនៅក្នុងរឿងនេះ សម្ដេចប្រធានព្រឹទ្ធសភា បើនិយាយក្រៅផ្លូវការ លោកទទួលយកហើយ គាត់នឹងរៀបចំជួបខ្ញុំ ដោយសារតែសម្ដេចព្រឹទ្ធសភា លោកជាបុគ្គល ជាអ្នកផ្ដួចផ្ដើមនៃការបង្កើត CLV ហ្នឹង ជាតួអង្គសំខាន់ មិនអាចខ្វះគាត់បានទេ ។ គាត់ទទួលយកសំណើរបស់ខ្ញុំហើយ ប៉ុន្តែគ្រាន់ថា នៅពេលណាលោកទំនេរ ដើម្បីសុំចូលជួបអ៊ីចឹង ។ ប៉ុន្តែរឿងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកនឹងចូលមកបំភ្លឺនៅថ្ងៃទី០៩ ហ្នឹងហើយ បើតាមខាងខុទ្ទកាល័យ លោកទាក់ទងមកខ្ញុំ ហើយខ្ញុំក៏បានដាក់លិខិតទៅសម្ដេចឃួន សុដារី ប្រធានរដ្ឋសភា ដែរ ដើម្បីសុំជួបលោកឈាង វុន ដែលធ្លាប់ជាអតីតប្រធានគណៈកម្មការឃ្លាំមើលការអភិវឌ្ឍ CLV តាំងពីម្សិលមិញម្ល៉េះ ។ អ៊ីចឹងខ្ញុំបានធ្វើហើយការងារហ្នឹង កំពុងតែធ្វើទៅមុខហើយ “ ។
លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្តទៀតថា “ សម្រាប់ការជួបរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាតម្រុយដែលខាងខុទ្ទកាល័យគាត់ឆ្លើយតបមក គឺថ្ងៃទី០៩ ហ្នឹងឯង ។ ចំពោះសួរថា តើឲ្យរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញខ្លះ ទាក់ទងនឹង CLV នោះ ខ្ញុំមិនទាន់ដឹងទេ ដោយសារឯកសារនៅនឹងខ្ញុំមិនទាន់មានទេ ។ អ៊ីចឹងចាំមើលជាក់ស្ដែងធ្វើបទបង្ហាញនោះ ហើយយើងមើលឯកសារភ្លាមៗ ហើយយើងមានសំណួរដែលយើងទន្ទេញទុករួចទៅហើយ សំណួរដែលចេញពីការគិតរបស់យើង មិនមែនជាសំណួរដែលចេញពីក្នុងឯកសារទេ ពីព្រោះឯកសារ យើងអត់ទាន់បាននៅក្នុងដៃ ។ អ៊ីចឹងយើងនឹងទៅតាមដំណើរនៃជាក់ស្ដែង នៅថ្ងៃទី០៩ហ្នឹង នឹងធ្វើអីខ្លះ ហើយជំនួបនេះ យើងជួបក្នុងនាមឧត្ដមក្រុមប្រឹក្សា មាន២៨គណបក្ស ហើយនិងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ អ៊ីចឹងយើងធ្វើជាលក្ខណៈក្នុងក្របខ័ណ្ឌឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ “ ។
លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្ថែមថា “ ខ្ញុំចង់អំពាវនាវដល់កូនខ្មែរគ្រប់រូប បើស្រលាញ់ជាតិ ត្រូវធ្វើការងារដោយភាពច្បាស់លាស់ បើស្រលាញ់ជាតិ ត្រូវយល់ដឹងឲ្យច្បាស់លាស់អំពីជាតិ ជាពិសេសបើស្រលាញ់ជាតិ ត្រូវរកប្រភពបញ្ហារបស់ជាតិឲ្យឃើញ កុំទៅតាមគ្នា និងទៅតាមប្រព័ន្ធ Social Medea ក៏តាមអ្នកញុះញង់ ។ នៅពេលដែលតាមគេអ្នកញុះញង់ ឬក៏តាម Social Medea អាហ្នឹងផុយស្រួយនឹងការគេបង្វិលឆន្ទៈយើងខ្លាំងណាស់ ហើយផុយស្រួយនឹងការដុតប្រទេសខ្លួនឯងខ្លាំងណាស់ ពីព្រោះអីការលើកព័ត៌មានមួយៗ មានគោលបំណងរបស់គេ អ្នកខ្លះគោលបំណងល្អទៅ គ្រាន់តែយើងផ្ដល់ព័ត៌មានពីភាគីមួយទៅភាគីមួយ ហើយអ្នកខ្លះទៀត គោលបំណងអាក្រក់ គឺគេដុតតែម្ដង គេដាក់ព័ត៌មានញុះញង់បណ្ដោយ ។ អ៊ីចឹងសូមឲ្យកូនខ្មែរទាំងអស់ធ្វើការឲ្យច្បាស់លាស់លើរឿងជាតិ កុំធ្វើការលុមៗ ហើយតាមអារម្មណ៍អី សិក្សាស្រាវជ្រាវឲ្យបានច្រើន ហើយផ្ទៀងផ្ទាត់ឲ្យបានគ្រប់ភាគី ចាំធ្វើសន្និដ្ឋាន និងសន្មត “ ។
លោកបណ្ឌិតពេជ្រ ស្រស់ បានមានប្រសាសន៍បន្ថែមទៀតថា “ ភ្ជាប់ជាមួយចំណុចនេះដែរ ខ្ញុំក៏សុំបញ្ជាក់ឡើងវិញថា ខ្ញុំធ្វើនេះដើម្បីជាតិខ្មែរផង ធ្វើដើម្បីកូនខ្មែរជំនាន់ក្រោយផង និងធ្វើដើម្បីខ្លួនឯងច្បាស់លាស់ផង នេះគឺជាគំរូមួយ ។ មានន័យថា ខ្ញុំចងក្រងសៀវភៅ ហេតុអីបានជាចងក្រងសៀវភៅ? ពីព្រោះខ្ញុំថ្នាក់បណ្ឌិតហើយ ខ្ញុំនឹងត្រូវសរសេរសៀវភៅទុកជាស្នាដៃ ។ អ៊ីចឹងខ្ញុំចង់ជម្រាបមួយទៀត ដោយមិនខ្មាសអៀនទេ ក្រៅពីនិក្ខេបបទរបស់ខ្ញុំជាង៣០០ទំព័រ ឥឡូវជាសៀវភៅក្បាលទី១ របស់ខ្ញុំ ដែលសរសេរក្នុងនាមខ្ញុំជាបណ្ឌិត គឺសៀវភៅ CLV ហ្នឹងតែម្ដង ។ អ៊ីចឹងការសរសេរសៀវភៅ CLV នេះ វាអត់មានទាក់ទងនយោបាយទេ គឺរឿងទី១ បង្កើតស្នាដៃដោយខ្លួនឯង ទី២ ឲ្យខ្លួនឯងច្បាស់លាស់ ទី៣ ជំនួយស្មារតីកូនខ្មែរជំនាន់ក្រោយ អំពី CLV កុំឲ្យឈ្លោះកាប់ចាក់គ្នាទៀត “ ។
គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងពាណិជ្ជកម្ម បានដាក់បង្ហាញជាផ្លូវការនូវឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថា CLV-DTA នៅលើគេហទំព័ររបស់ក្រសួង ដោយមានការភ្ជាប់ជាមួយប្រព័ន្ធ QR Code ដើម្បីទាញយកឯកសារ ដែលមានការផ្តល់សេចក្តីពន្យល់អំពីផលប្រយោជន៍ និងហេតុផលផ្សេងទៀតដែលតម្រូវឱ្យមានគម្រោង CLV-DTA នេះ ។
ដោយឡែក នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កិច្ចព្រមព្រៀង CLV- DTA នេះ មិនមែនជាការដាក់ហ៊ុនទឹកដី ឬដោះដូរទឹកដីនេះ ហើយប្រទេសនីមួយៗមានឯករាជ្យ និងម្ចាស់ការដោយខ្លួនឯងក្នុងការអភិវឌ្ឍ។ លើសពីនេះទៀត រាល់ការអភិវឌ្ឍនៅក្នុងតំបន់នេះធ្វើឡើងរៀងៗខ្លួន ដោយកម្ពុជាមានកញ្ចប់ថវិកាជាតិសម្រាប់អភិវឌ្ឍ ដូចជាមូលនិធិឃុំសង្កាត់ជាដើម។ លោកស្រីរដ្ឋមន្រ្តី ពន្យល់ថា ការដែលកម្ពុជាចូលទៅក្នុងកិច្ចព្រមព្រៀងនេះ គឺដើម្បីភាពប្រទាក់ក្រឡាគ្នានៃការកសាងគម្រោង ដូចជាការតភ្ជាប់ផ្លូវដើម្បីឲ្យប្រជាពលរដ្ឋដោះដូរទំនិញ និងការឆ្លងកាត់ទៅប្រទេសជិតខាង ដើម្បីទទួលសេវាព្យាបាលជាដើម។ លោកស្រីបន្តថា ដើម្បីឲ្យការតភ្ជាប់ និងការអភិវឌ្ឍអាចប្រព្រឹត្តទៅបាន វាតម្រូវឲ្យមានការវិនិយោគពីរដ្ឋ និងឯកជន ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះរួមមានទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី USAID និងដៃគូផ្សេងទៀតសរុបចំនួន ១២។ លោកស្រីបន្តទៀតថា កិច្ចព្រមព្រៀងនេះមិនមានការអនុញ្ញាតឲ្យប្រជាពលរដ្ឋពីប្រទេសនីមួយៗចេញចូលដោយសេរីនោះទេ។ ទោះបីជាកិច្ចព្រមព្រៀងបញ្ជាក់ពីការសម្រួលចរាចរណ៍ទំនិញ និងប្រជាជនក៏ដោយក៏ត្រូវតែអនុលោមតាមច្បាប់ជាធរមាន។បច្ចុប្បន្ននេះ ពលរដ្ឋនៅក្នុងតំបន់អាស៊ាន អាចធ្វើដំណើរទៅប្រទេសសមាជិកអាស៊ាន ដោយសេរី ក្នុងរយៈពេល ១៤ ថ្ងៃ ដោយត្រូវការតែលិខិតឆ្លងដែនប៉ុណ្ណោះ។ លោកស្រីក៏បានបង្ហាញពីលិខិតសម្រាប់ឆ្លងកាត់ព្រំដែនរវាងប្រទេស កម្ពុជា ឡាវ ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលលិខិតនេះមានសុពលភាពរយៈពេល ១២ម៉ោង។
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងដែរថា ចាប់តាំងពីចូលរួមអភិវឌ្ឍតំបន់ត្រីកោណជាមួយឡាវ និងវៀតណាម មក កម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនណាស់សម្រាប់ជាតិ រួមទាំងកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្ម។ លោកស្រីរដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ បានជួយបង្កើនផលិតផលសរុបក្នុងស្រុករបស់ខេត្តខ្មែរទាំង៤ គឺក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ពិសេសជួយប្រជាពលរដ្ឋនៅទីនោះទទួលបានប្រាក់ចំណូលជាមធ្យម ១៦៣០ដុល្លារ ក្នុង ១នាក់ កាលពីឆ្នាំ២០២២៕