Tuesday, September 17, 2024
Homeព័ត៌មានជាតិសម្តីទីប្រឹក្សារឿង CLV សហការីកឹម សុខា ថា ដូចស្រាតខោ ខោកនាយករដ្ឋមន្ត្រី

សម្តីទីប្រឹក្សារឿង CLV សហការីកឹម សុខា ថា ដូចស្រាតខោ ខោកនាយករដ្ឋមន្ត្រី

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេក្សប្រឆាំង បានលើកឡើងថា សម្ដីលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នឹងអាចវាស់វែងពីទំហំនៃការស្នេហាជាតិរបស់ប្រជាពលរដ្ឋទាំងអស់ និងបង្ហាញឱ្យឃើញថា ក្រុមប្រឆាំងក្រៅប្រទេស ដែលមិនបានចូលរួមនោះ មិនមែនជាអ្នកស្នេហាជាតិពិតប្រាកដនោះ គឺដូចស្រាតខោ និងខោកនាយករដ្ឋមន្រ្តី ។

សូមបញ្ជាក់ថា ថ្មីៗនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្រោមការផ្ដួចផ្ដើមរបស់សម្ដេចនាយករដ្ឋមន្រ្តី គឺបានឆ្លុះបញ្ចាំងពីសុខសន្តិភាព ការរួបរួមគ្នាជាធ្លុងមួយ ជាប្រភពទុនដ៏សំខាន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេស ហើយលោកបានយល់ឃើញថា មូលនិធិនេះ នឹងអាចវាស់វែងពីទំហំនៃការស្នេហាជាតិរបស់ប្រជាពលរដ្ឋទាំងអស់ និងបង្ហាញឱ្យឃើញថា ក្រុមប្រឆាំងក្រៅប្រទេស ដែលមិនបានចូលរួមនោះ មិនមែនជាអ្នកស្នេហាជាតិពិតប្រាកដនោះទេ ។

ក្រោយពីបានឃើញបានឮការលើកឡើងរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ខាងលើនេះ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានចំអកឲ្យទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះថា ជាសម្តីដែលនិយាយដោយមិនបានគិត ឬច្រឡំមាត់ ទោះបីនិយាយត្រូវ តែមិត្រូវនិយាយទេ ព្រោះសម្តីបែបនេះ ដូចស្រាតខោ និងខោកនាយករដ្ឋមន្រ្តី ដែលជាចៅហ្វាយខ្លួនតែម្តង។

លោកហ៊ីង សុខសាន្ត បានបញ្ជាក់តាមរយៈគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សម្តីនេះដូចស្រាតខោនាយករដ្ឋមន្ត្រី និងខោកចៅហ្វាយខ្លួន ។ មិនដឹងថានិយាយចេញពីចិត្ត ឬច្រឡំមាត់និយាយ។ ពិតណាស់ បណ្ឌិតនេះនិយាយត្រូវ ប៉ុន្តែមិនត្រូវនិយាយ ព្រោះ ៖

១. មិនត្រូវនិយាយ ៖ ព្រោះខ្លួនជាទីប្រឹក្សានាយករដ្ឋមន្ត្រី និយាយបែបនេះ គឺដូចស្រាតខោ ឬខោកនាយករដ្ឋមន្ត្រី ឲ្យមហាជនដឹងពីគោលដៅពិតនៃមូលនិធិនេះ ម្យ៉ាងទៀត នៅពេលមានអ្នកចូលរួមតិច គឺបញ្ជាក់ថា បរាជ័យហើយ។

២. និយាយត្រូវ ៖ យើងសុទ្ធតែដឹងទាំងអស់គ្នាហើយ ពិតណាស់ការរៃអង្គាសក្នុងកាលៈទេសៈនេះ វានឹងមិនបានច្រើននោះទេ ច្រើនអស់ហើយ មិនលើសពី ៥០លានដុល្លារនោះទេ។ សួរថាយកទៅធ្វើអីកើត ចំនួនប៉ុននេះ បើគម្រោងធំបែបនេះ (ធំជាងគម្រោងព្រែកជីកហ្វូណនតេជោ)។ ដូច្នេះការបង្កើតមូលនិធិនេះ គ្រាន់តែចង់វាស់វែងឬស្ទាបស្ទង់ទឹកចិត្តពលរដ្ឋ ពិសេសពួកអ្នកមាន តើគាំទ្រ CLV មានទំហំប៉ុនណា? តាមរយៈបរិច្ចាគលុយរបស់ពួកគេ” ។

លោកហ៊ីង សុខសាន្ត បន្តថា “វាមិនទទួលបានការគាំទ្រពីមហាជនទេ ព្រោះពួកគេយល់ថា គម្រោងបែបប្រជាភិថុតិ។ ហេតុអ្វី? ព្រោះបើរាជរដ្ឋាភិបាល មានមារយាទ និងឆន្ទៈពិត ចង់កសាងសមិទ្ធផលដែលជាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនមែននោះ គឺត្រូវធ្វើយូរហើយ (CLV កើតតាំងពី១៩៩៩ ស្មើ២៥ឆ្នាំហើយ) ហើយក៏មិនខ្វះលុយធ្វើដែរ។ ក្នុងកញ្ចប់ថវិកាជាតិរាល់ឆ្នាំ មានខ្ទង់ចំណាយមួយ ហៅថាប្រាក់វិភាជមិនទាន់បែងចែក ដែលជាខ្ទង់ចំណាយពិសេស បង្កើតឡើងសម្រាប់នាយករដ្ឋមន្ត្រី ចាយតាមតម្រូវការ និងភាពចាំបាច់។ វាមានទំហំទឹកប្រាក់ច្រើនផងដែរ បើដកតែ ៥០លានដុល្លារ ទុករាល់ឆ្នាំ ២៥ឆ្នាំមកនេះ យើងមានលុយជាង ១ពាន់លានដុល្លារ យ៉ាងតិច“ ។

លោកហ៊ីង សុខសាន្ត បានបន្ថែមថា “សមី្ដដែលបុរេវិនិច្ឆ័យលើពលរដ្ឋខ្លួនឯង មិនចំណេញអីសោះ។ កម្ពុជា មានពលរដ្ឋជាង ១៦លាននាក់ ពេលនេះទើបមានអ្នកចូលរួមបរិច្ចាគលុយ ជាង១៨ម៉ឺននាក់ប៉ុណ្ណោះ។ ចំណែកបណ្ឌិតរូបនេះ ខ្លួនជាទីប្រឹក្សាដ៏មហិមារបស់នាយករដ្ឋមន្ត្រី បែរនិយាយថា ‘’មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន’’ នឹងអាចវាស់វែងពីទំហំស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋកម្ពុជា។ ដូច្នេះមានតែ ១៨ម៉ឺននាក់ហ្នឹងទេឬ ដែលបានចូលលុយ ទើបជាអ្នកស្នេហាជាតិពិតប្រាកដ? ចុះជាង ១៥លាននាក់ទៀត មិនទាន់ ឬមិនចង់ចូលលុយនោះ សុទ្ធតែមិនស្នេហាជាតិមែនទេ? ឈប់បាន ត្រូវឈប់ទៅ វាអត់ចំណេញអ្វីសោះ ចំពោះការធ្វើបុរេវិនិច្ឆ័យលើពលរដ្ឋខ្លួនឯងបែបនេះ។ វាដូចកំពុងផាត់ពណ៌ឲ្យពលរដ្ឋ។ ជាតិនឹងបែកបាក់។ ឲ្យតែជាខ្មែរ គ្មាននរណាម្នាក់មិនស្រឡាញ់ទឹកដីប្រទេសជាតិកំណើតរបស់ខ្លួននោះទេ ហើយខ្លួនមិនគាំទ្រ និងមិនចូលលុយ ស្រាប់តែត្រូវគេថា មិនមានទំហំស្នេហាជាតិពិតប្រាកដទៅវិញ។ ប្រយ័ត្នពលរដ្ឋមានកំហឹង! ដូចខ្ញុំនិយាយនាពេលកន្លងមករួចហើយ ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ជាគម្រោងធំណាស់ (ធំជាងព្រែកជីកហ្វូណន ទៅទៀត) និងសំខាន់ណាស់ ព្រោះនឹងផ្តល់ប្រយោជន៍ (សេដ្ឋកិច្ចនិងសង្គមកិច្ច) ឲ្យពលរដ្ឋ និងជាតិសម្រាប់ការពារខ្សែក្រវាត់ព្រំដែន ប៉ុន្តែមិនទទួលបានការគាំទ្រ និងមិនចូលលុយពីពលរដ្ឋ ព្រោះ ១. លើកយកមកធ្វើខុសកាលៈទេសៈ ចំពេលពលរដ្ឋកំពុងមិនសប្បាយចិត្តនឹង CLV និង ២. របៀបធ្វើ បានធ្វើឲ្យពលរដ្ឋមើលឃើញថាប្រជាភិថុតិ…” ។

ទោះបីយ៉ាងណា ជុំវិញការរិះគន់របស់លោកហ៊ីង សុខសាន្ត សហការីលោកកឹម សុខា ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់ឆ្លើយតបពីលោកបណ្ឌិត គី សិរីវឌ្ឍន៍ បានទេ កាលពីម្សិលមិញ ។

ទោះបីយ៉ាងណា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតមូលនិធិនេះ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ ជាមួយរាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារនិងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។

ដោយឡែក ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាក់ថា ផ្លូវដែលនៅសេសសល់ប្រមាណ ១៣០០គីឡូម៉ែត្រទៀត នឹងត្រូវសាងសង់រួចរាល់ក្នុងរយៈពេល ១០ឆ្នាំទៀត ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អ្នកចូលរួមបរិច្ចាគថវិកាសម្រាប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ ដែលគិតត្រឹមព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចូលរួមជិត ៤០ម៉ឺននាក់។ សម្ដេចបញ្ជាក់ថា មូលនិធិនេះ គឺដើម្បីឲ្យប្រជាជនភ្ជាប់និស្ស័យនិងចូលរួម មិនមែនថា រាជរដ្ឋាភិបាលមានកង្វះថវិកា ដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមមួយចំនួន លើកឡើងនោះទេ។ ផ្ទុយទៅវិញរាជរដ្ឋាភិបាល ធ្វើដើម្បីឲ្យប្រជាពលរដ្ឋបានផ្សារភ្ជាប់ជាមួយនឹងការចូលរួម លើការកសាងប្រទេសជាតិ ដែលបង្ហាញពីសមានចិត្ត ជាស្មារតីរួមគ្នា ។ ពោលគឺមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតការកសាងផ្លូវក្រវាត់ព្រំដែននេះ បង្កើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋជាច្រើន បានសំណូមពរមកកាន់សម្តេច ដើម្បីឲ្យខ្លួនមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ជាពិសេសអាចយកថវិកាទាំងនេះ ដើម្បីអភវិឌ្ឍន៍តំបន់ដាច់ស្រយាល ជាប់ព្រំដែន ជាពិសេសខេត្តទាំង៤ ក្នុងគម្រោង CLV- DTA តែម្តង ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «មកដល់ម៉ោងនេះ យើងមានប្រជាពលរដ្ឋចូលរួមជិត ៤០ម៉ឺននាក់ ហើយក្នុងមួយថ្ងៃៗ យើងមានអ្នកចូលរួមបរិច្ចាគ ចន្លោះពី ១ម៉ឺន៣ពាន់នាក់ ទៅ១ម៉ឺន៧ពាន់នាក់ ហើយយើងនៅបើកទទួល ហើយខ្ញុំសូមអរគុណណាស់» ។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍បន្ថែមថា “រឿងទឹកចិត្តធំណាស់ ហើយរឿងនៃការភ្ជាប់សមានចិត្តជាមួយនឹងការការពារទឹកដី តាមរយៈមិនត្រឹមតែបញ្ចេញកង្វល់ ប៉ុន្តែធ្វើសកម្មភាពជាក់ស្តែង ដើម្បីចូលរួមកសាង ។ នេះគឺជាអ្វីដែលយើងជាស្មារតីរួមគ្នា មិនមែនចូលរួមគ្នាស្រលាញ់ជាតិ ដើម្បីនាំគ្នាធ្វើម៉េចឲ្យសេដ្ឋកិច្ចខ្មែរ ដាំក្បាលចុះ យកឈ្នះរដ្ឋាភិបាលរលំនោះទេ ប៉ុន្តែរួមគ្នាដើម្បីការកសាង ការពារប្រទេសជាតិយើង ហើយក្នុងលទ្ធភាពមួយ តាមរយៈការចូលរួម គឺបង្ហាញសមានចិត្ត មិនថា ១០០រៀល ឬជាង ១លានដុល្លារនោះទេ តម្លៃស្មើគ្នា លទ្ធភាពខុសគ្នា ប៉ុន្តែទឹកចិត្តនៃការស្រលាញ់ជាតិ គឺស្មើគ្នា ហើយនេះហើយបានខ្ញុំសូមអរគុណណាស់ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានចូលរួម“ ៕ កុលបុត្រ

RELATED ARTICLES