ភ្នំពេញ ៖ នៅឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា និងមានបណ្តែតប្រទីប ចំនួនយ៉ាងតិច ៣២គ្រឿង។
យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ស្ដីពីការរៀបចំព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីបើកឱកាសជូនប្រជារាស្ត្រ បានចូលរួមទស្សនាកម្សាន្តសប្បាយរីករាយ អបអរសាទរ បុណ្យប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដោយ មានបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី។
ដើម្បីរៀបចំកម្មវិធីប្រកួតអុំទូក នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដូចឆ្នាំមុន ស្របទៅតាមប្រពៃណី ទំនៀមទម្លាប់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដោយធានាបានសុវត្ថិភាព ការសប្បាយរីករាយផងនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ ៖
ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត
-តុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អាហ្វីស ប៉ាណូ និងបំភ្លឺ ភ្លើង ពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី ខេត្ត មន្ទីរ អង្គភាព សាលារៀន វត្តអារាម ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមហ៊ុន រោងចក្រ សហគ្រាស តាមសួនច្បារ ទីសាធារណៈ និងគ្រប់ គេហដ្ឋានប្រជារាស្ត្រ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
-ធ្វើការណែនាំដល់មូលដ្ឋានដែលមាន ទូកង និង ទូកមួង ទូកអុំ និងទូកចែវ ដោយស្ម័គ្រចិត្តឥតបង្ខំ ឱ្យធ្វើការហ្វឹកហាត់សាកល្បង និងជ្រើសរើសទូកដែលមានចំណុះពី ១៨ខ្ទង់ឡើងទៅ ហើយជាប្រភេទទូកដែលលឿន និងមានលក្ខណៈសមស្រប។ ក្រោយការសាកល្បង ត្រូវធ្វើចំណាត់ថ្នាក់តាមលំដាប់លំដោយប្រភេទទូកលឿន ទូកមធ្យម និងទូកគូពិសេស ដើម្បីងាយស្រួលគណៈមេប្រយោគ ផ្គូផ្គងរវាងទូកនីមួយៗ។
-រៀបចំធ្វើប្រវត្តិសង្ខេបរបស់ទូកនីមួយៗ និងបញ្ជីរាយនាមអ្នកអុំ អ្នកចែវ ឱ្យបានច្បាស់លាស់ ដោយត្រូវជ្រើសរើសអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ និងចេះហែលទឹកស្ទាត់ជំនាញ ហើយផ្ញើមកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបានមុនថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ជាកំណត់។ ទូកទាំងឡាយ នឹងអាចចាត់តាំងចូលរួមបាន លុះត្រាតែបានទទួលការឯកភាពពីអាជ្ញាធរមូលដ្ឋានសាមី តាមរយៈឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលរាជធានី ខេត្ត ឬថ្នាក់ដឹកនាំក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព។
-រៀបចំអនុគណៈកម្មការមួយ មានសមត្ថភាពទទួលខុសត្រូវលើការគ្រប់គ្រងទូក និងប្រទីប ហើយត្រូវធ្វើការណែនាំ អប់រំដល់អ្នកអុំ និងអ្នកចែវទាំងអស់ ឱ្យយល់ពីខ្លឹមសារនៃព្រះរាជពិធីបុណ្យអុំទូក ចៀសវាងការប្រទូសរ៉ាយគ្នាទៅវិញទៅមក ដោយត្រូវរក្សាឱ្យបានសាមគ្គីភាព សប្បាយរីករាយ និងភាពថ្លៃថ្នូរ ស័ក្តិសមជាអ្នកស្រឡាញ់កីឡាប្រណាំងទូក និងរក្សាបានប្រពៃណីជាតិពិតប្រាកដ។
-ខិតខំដោះស្រាយផ្ទាល់ខ្លួន ខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន អង្គភាព និងជីវភាពក្នុងរយៈពេល៥ថ្ងៃ ព្រមទាំងគ្រប់មធ្យោបាយធ្វើដំណើរទៅមក។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងជួយឧបត្ថម្ភថវិកាដល់កីឡាករ កីឡាការិនីអុំទូក រង្វាន់ទូកទទួលជ័យលាភីផ្នែកសោភណភាព និងរង្វាន់ទូកទទួលជ័យលាភី តាមចំណាត់ថ្នាក់ផែននីមួយៗ។
-ណែនាំអ្នកគ្រប់គ្រងទូកនីមួយៗ ឱ្យលាបលន និងតុបតែងលម្អក្បាច់រចនា ឱ្យបានល្អប្រណីតតាមរចនាបទខ្មែរពិតប្រាកដ។ រីឯអ្នកអុំ និងអ្នកចែវ ត្រូវមានសម្លៀកបំពាក់សមរម្យ ជាឯកសណ្ឋានតាមលក្ខណៈប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង។ អនុគណៈកម្មការវប្បធម៌ ទំនៀមទម្លាប់ និងសោភណភាព នឹងមានដាក់ចំណាត់ថ្នាក់ ផ្តល់រង្វាន់ជ័យលាភីផ្នែកសោភណភាពរបស់ទូក និងសម្លៀកបំពាក់របស់កីឡាករ កីឡាការិនី។
-ណែនាំអ្នកគ្រប់គ្រងទូកអុំ ទូកចែវទាំងអស់ ទោះចាញ់ឬឈ្នះ ដាច់ខាតត្រូវចូលរួមក្នុងពិធីកាត់ព្រ័ត្រ ដើម្បីអប អរសាទរលទ្ធផលនៃការបញ្ចប់ដោយជោគជ័យនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលជាបុណ្យប្រពៃណី ទំនៀមទម្លាប់ជាតិយើង។ ចំណែករូបភាពនៃការរៀបចំពិធីកាត់ព្រ័ត្រ នឹងត្រូវកំណត់ជាក់លាក់នៅក្នុងបទបញ្ជាផ្ទៃក្នុងមួយដោយឡែក។
ចំនួនប្រទីបរបស់រដ្ឋ ដែលនឹងត្រូវបណ្តែតអបអរសាទរ ៖
១-ប្រទីបព្រះបរមរាជវាំង ២-ប្រទីបព្រឹទ្ធសភា ៣-ប្រទីបរដ្ឋសភា ៤-ប្រទីបរាជរដ្ឋាភិបាល
៥-ប្រទីបក្រសួងយុត្តិធម៌ ៦-ប្រទីបក្រសួងការពារជាតិ ៧-ប្រទីបក្រសួងមហាផ្ទៃ ៨-ប្រទីបក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ៩-ប្រទីបក្រសួងធម្មការនិងសាសនា ១០-ប្រទីបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ១១-ប្រទីបក្រសួងអប់រំ យុវជននិងកីឡា ១២-ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ១៣-ប្រទីបក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ១៤-ប្រទីបក្រសួងពាណិជ្ជកម្ម ១៥-ប្រទីបក្រសួងទេសចរណ៍ ១៦-ប្រទីបក្រសួងរ៉ែនិងថាមពល ១៧-ប្រទីបក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ១៨-ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ១៩-ប្រទីបក្រសួងអភិវឌ្ឍន៍ជនបទ ២០-ប្រទីបក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ២១-ប្រទីបក្រសួងបរិស្ថាន ២២-ប្រទីបក្រសួងធនធានទឹកនិងឧតុនិយម ២៣-ប្រទីបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ២៤-ប្រទីបក្រសួងសាធារណការនិងដឹកជញ្ជូន ២៥-ប្រទីបក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ២៦-ប្រទីបក្រសួងមុខងារសាធារណៈ ២៧-ប្រទីបរដ្ឋបាលរាជធានីភ្នំពេញ ២៨-ប្រទីបសហភាពសហព័ន្ធយុវជនកម្ពុជា ២៩-ប្រទីបក្រសួងផែនការ ៣០-ប្រទីបក្រសួងសុខាភិបាល ៣១-ប្រទីបក្រសួងព័ត៌មាន ៣២-ប្រទីបក្រុមហ៊ុនវឌ្ឍនៈ ។
-ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលមានប្រទីប ត្រូវផ្តល់គំនូសរូបភាពប្រទីប និងបទអត្ថាធិប្បាយរបស់ប្រទីបនីមួយៗ ផ្ញើមកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ឱ្យបាន មុនថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលខេត្តនីមួយៗ និងក្រុមហ៊ុនឯកជន បើមានបំណងចង់ធ្វើប្រទីប ចូលរួមបណ្តែតអបអរសាទរក្នុងព្រះរាជពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ជាតិ ត្រូវដាក់ពាក្យស្នើសុំ និងផ្តល់គំនូសរូបភាពប្រទីប មកអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ ពិនិត្យជាមុន។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីសិល្បៈ សម្តែងជូនប្រជារាស្ត្រទស្សនាកម្សាន្តសប្បាយរីករាយ តាមទីតាំងជាក់ស្តែងដែលបានកំណត់។
ក្រុមហ៊ុន និងសប្បុរសជន បើមានបំណងចង់ជួយឧបត្ថម្ភជាសម្ភារ ថវិកា ដើម្បីបម្រើឱ្យការរៀបចំព្រះរាជពិធីបុណ្យ និងជូនជារង្វាន់ដល់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ ក្នុងស្មារតីចូលរួមអភិរក្សនូវប្រពៃណី ទំនៀមទម្លាប់ជាតិ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទូកអុំ ទូកចែវ អាចជួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាបាន។
ទទួលបានផែនការណែនាំនេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងអនុវត្តដោយគំនិតច្នៃប្រឌិត ក្នុងស្មារតីសន្សំសំចៃខ្ពស់ ធានាទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលបំណងនិងសំណូមពររបស់រាជរដ្ឋាភិបាល។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សង្ឃឹម និងជឿជាក់ថា គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានីខេត្ត នឹងចូលរួមយ៉ាងសកម្ម ដើម្បីញ៉ាំងព្រះរាជពិធីបុណ្យជាប្រពៃណី ទំនៀមទម្លាប់ជាតិនេះ ឱ្យប្រព្រឹត្តទៅយ៉ាងមហោឡារិកប្រកបដោយបរិយាកាសរីករាយ៕ ខៀវទុំ