ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ ព្រោះតែប្តីរត់ចោលគ្មានទីពឹង ម៉្យាងគ្មានមុខ របរជាប់ខ្លួនផងនោះ ក៏ដើរធ្វើសកម្មភាពលួច ខោរបស់អាជីវករលក់ដូរនៅក្នុងផ្សារ យកទៅ លក់សន្សំប្រាក់ទុកសម្រាលកូន ទីបំផុត អស់ លក្ខណ៍ ក៏ត្រូវម្ចាស់តូបឃាត់ខ្លួនបាន កាលពី វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្សារកណ្តាល ស្ថិតក្នុងភូមិប៉ប៉្រខាងត្បូង សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ។
ស្ត្រីសង្ស័យមានឈ្មោះសុខ ស្រីចិន អាយុ ២១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ភាគ ច្រើនដើរដេកនៅតាមវត្តអារាម កំពុងមានផ្ទៃពោះ៨ខែ តែត្រូវប្តីរត់ចោល។ ចំណែកស្ត្រីជា អាជីវករលក់សម្លៀកបំពាក់ មានឈ្មោះតូច សុឃីម អាយុ៦៧ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ ក្នុងផ្សារកណ្តាល ស្នាក់នៅភូមិកើតហេតុខាង លើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ពួកគាត់ជាអាជីវករលក់ដូរនៅក្នុងផ្សារ កណ្តាល តែងបាត់បង់សម្ភារៈ ខោអាវ ទូរស័ព្ទ ជារឿយៗ ហើយស្ត្រីសង្ស័យខាងលើនេះ ឧស្សាហ៍ ដើរចេញចូលឆ្លងកាត់ធ្វើជារកទិញនេះទិញនោះ និងឃើញពោះធំមិនស្វាង តែមិនដែលឃើញ មុខប្តីនោះទេ។ នៅមុនពេលកើតហេតុ ខណៈ ដែលស្ត្រីជាអ្នកលក់សម្លៀកបំពាក់ខាងលើ រវល់ ដើរចូលផ្ទះដែលនៅក្បែរតូបលក់ដូរនោះ ស្រាប់ តែស្ត្រីសង្ស័យបានលួចយកខោចំនួន៧ រួចដើរ ចេញពីផ្សារបាត់ស្រមោល។ លុះមួយសន្ទុះក្រោយ មក ស្ត្រីសង្ស័យក៏កាន់ខោទាំងនោះ មកលក់ ឱ្យម្ចាស់តូបវិញ តែពេលនោះស្ត្រីជាម្ចាស់តូប ពិនិត្យស្គាល់ភិនភាគថា ជាខោរបស់គាត់ ទើប សាកសួរ ស្រាប់តែស្ត្រីសង្ស័យភ័យ ក៏ព្យាយាម រត់គេចខ្លួន តែត្រូវបងប្អូនអាជីវករលក់ដូរតូប ក្បែរៗនោះ ស្គាល់សមាសភាពច្បាស់ ក៏ចាប់ ក្របួចជាប់ រួចនាំយកទៅប្រគល់ឱ្យទីស្នាក់ការ ភូមិ ដើម្បីធ្វើការអប់រំណែនាំ។
តាមសម្តីស្ត្រីជាអាជីវករលក់សម្លៀក- បំពាក់ខាងលើ បានអះអាងថា នេះជាលើកទី ២ ហើយដែលស្ត្រីសង្ស័យបានលួចខោអាវនៅ ក្នុងតូបរបស់គាត់ ដោយកាលពីលើកមុន ក៏ឃើញ ពោះធំអ៊ីចឹងដែរ តែដោយគាត់មានមេត្តាធម៌ និងចង់ចងកម្មពៀរ ទើបទុកឱកាសឱ្យ ដោយ គ្រាន់តែអប់រំរួចដោះលែងឱ្យទៅវិញ នឹកស្មាន ថាកែខ្លួនបាន ដឹងអី ភ្លេចខ្លួនបែរជាមកលួចគាត់ ម្តងទៀត មិនតែប៉ុណ្ណោះនៅថ្លើមធំយកខោ ដែលលួចពីតូបរបស់គាត់ មកលក់ឱ្យគាត់ជា ម្ចាស់ដើមវិញទៀត។
ដោយឡែក ស្ត្រីសង្ស័យបានរៀបរាប់ទាំង ទួញសោកថា នាងពិតជាមានផ្ទៃពោះញឹកញាប់ មែន តែកូនកើតមកចេះតែស្លាប់ ចំណែកប្តីវិញ ក៏ច្រើនដែរ តែតែងរត់គេចអស់ គ្មានអ្នកណា ម្នាក់ទទួលខុសត្រូវចំពោះវាសនាអនាគតនាង និងកូនក្នុងផ្ទៃឡើយ ជាក់ស្តែងប្តីចុងក្រោយនេះ ក៏រត់ចោលនាងទៀត ទើបធ្វើឱ្យនាងពពោះ ៨ខែ គ្មានទីពឹងទ័លខ្លាំងពេក ក៏ដាច់ចិត្តប្រព្រឹត្ត អំពើលួចបែបនេះ ដើម្បីសន្សំប្រាក់ទុកសម្រាល កូន។
ស្ត្រីសង្ស័យបានអះអាងថា នាងសន្យា ថា នឹងឈប់លួចរបស់ទ្រព្យគេទៀតហើយ ក្រោយពីសម្រាលកូនរួច នាងនឹងស្វែងរកការងារស្របច្បាប់ ទោះជាលាងចាន បោកខោអាវ ឱ្យគេ គ្រាន់ដូចបាយហូប ក៏នាងព្រមធ្វើដែរ។
ក្រោយពីស្ត្រីសង្ស័យ ទួញយំ សំពះអង្វរ លន់តួខ្លាំងពេក ទើបស្ត្រីជាម្ចាស់ខោ ព្រមទាំងអាជ្ញាធរ គ្រាន់តែធ្វើការអប់រំណែនាំ ឈប់ឱ្យ ធ្វើបែបនេះទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ទៅវិញទៅ៕