Thursday, September 19, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាចប្រតិកម្ម សម រង្ស៊ី ចោទសម្តេចហ៊ុន សែន កាត់កោះត្រល់ ឲ្យវៀតណាម

បក្សកាន់អំណាចប្រតិកម្ម សម រង្ស៊ី ចោទសម្តេចហ៊ុន សែន កាត់កោះត្រល់ ឲ្យវៀតណាម

ភ្នំពេញ ៖ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) និងលោកអ៊ុំ សំអាន អតីតតំណាងមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាបានកាត់កោះត្រល់ ឲ្យវៀតណាម នៅក្នុងឆ្នាំ១៩៨២ ហើយថាផែនទីដែលដាក់តាំងនៅផ្ទះរបស់តាម៉ុក មេដឹកនាំខ្មែរក្រហម នៅអន្លង់វែង បានគូរបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ ជារបស់កម្ពុជា។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ថា វាជាការគួរឲ្យអស់សំណើចណាស់ ដែលយកផែនទីគូរដោយដៃ នៅជញ្ជាំងផ្ទះរបស់តាម៉ុក មកធ្វើជាផែនទីផ្លូវការ វ៉ៃប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះគេត្រូវផ្អែកទៅលើប្រវត្តិសាស្រ្តជាក់ស្ដែង ។ ពោលគឺទាំងលោកសម រង្ស៊ី និងលោកអ៊ុំ សំអាន ចង់និយាយរំលោភលើការពិតជាក់ស្ដែង ដើម្បីដាក់កំហុសមកលើរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ថាធ្វើឲ្យបាត់បង់កោះត្រល់ ។ ជាពិសេស ចង់ទម្លាក់កំហុសលើសម្ដេចហ៊ុន សែន ដែលជាត្បូងពេជ្រ នៅក្នុងគណបក្សប្រជាជនកម្ពុជា ឬជាស្នូលដឹកនាំ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “វាជាការគួរឲ្យអស់សំណើចណាស់ ដែលយកផែនទីគូរដោយដៃ នៅជញ្ជាំងផ្ទះរបស់តាម៉ុក ហ្នឹង យកមកធ្វើជាផែនទីផ្លូវការ យកមកនិយាយវ៉ៃប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ។ អ្នកណាក៏ដឹងដែរ នៅក្នុងប្រវត្តិសាស្រ្តជាក់ស្ដែង គេត្រូវផ្អែកទៅលើប្រវត្តិសាស្រ្តជាក់ស្ដែង ។ នៅថ្ងៃ៣១ ខែមករា ឆ្នាំ១៩៣៩ អគ្គទេសាភិបាលបារាំង ឈ្មោះប្រេវីយេ បានកាត់យកកោះត្រល់ ទៅដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ដែនដីកូសាំងស៊ីន ។ ១០ឆ្នាំក្រោយមក នៅពេលបារាំង ប្រគល់ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ទៅឲ្យសេ្ដចបាវដាយ វៀតណាមនោះ ក៏វាដោយកោះត្រល់ ទៅជាមួយ ។ អ៊ីចឹងទេ វាជាចំណុចទី២ធំ ដែលយើងកត់សម្គាល់។ ហើយចំណុចទី៣ធំ យើងដឹងហើយ ព្រះមហាក្សត្រ ព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ លោកបានបំពេញព្រះរាជបូជនីយកិច្ច តាំងពីឆ្នាំ១៩៤៩ ដើម្បីទាមទារឯករាជ្យ ឲ្យបានពេញលេញ ជូនកម្ពុជា ហើយក្នុងការទាមទារឯករាជ្យដ៏ពេញលេញ ថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ នោះ គឺថាព្រះអង្គទាមទារបានទឹកដីកម្ពុជាបច្ចុប្បន្ននេះ ដែលមានក្រឡាផ្ទៃ ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ដែលក្នុងនេះ អត់មានកោះត្រល់ ទេ ។ អាហ្នឹងអ៊ីចឹង ហើយសួរយ៉ាងម៉េចអាហ្នឹង? នេះចំណុចទី២ ។ ចំណុចទី៣ នៅឆ្នាំ១៩៦៣ ព្រះករុណា ដែលក្នុងនាមលោកជាព្រះប្រមុខរដ្ឋ លោកបានយកផែនទីបោន ខ្នាត ១/១០០ ០០០ ហើយដែលមានក្រឡាផ្ទៃ ១៨១ ០៣៥គីឡូម៉ែត្រការ៉េនេះ ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ ហើយក្នុងផែនទីដែលយកទៅតម្កល់នៅអង្គការសហប្រជាជាតិនេះ អត់មានកោះត្រល់ នៅជាមួយទេ អាហ្នឹងសួរថាម៉េច? តើកោះត្រល់ វាទើបនឹងបាត់ពេលដែលឆ្នាំ១៩៨២-១៩៨៣-១៩៨៤-១៩៨៥ ឬមួយក៏បាត់តាំងពីពេលណាមក? អាហ្នឹងចំណុចទី៣ ។ ចំណុចទី៤ នៅក្នុងពេលថ្មីៗនេះទេ ឆ្នាំ១៩៩៩ សម្ដេចព្រះនរោត្ដម សីហនុ ក្នុងនាមលោកជាព្រះមហាក្សត្រ នៃព្រះរាជាណាកម្ពុជា លោកបានឡាយព្រះហស្តលើលិខិតមួយ ចុតហ្មាយមួយ ទៅឲ្យលោកនាយករដ្ឋមន្រ្តី ផាម វ៉ាន់ដុង វៀតណាម ហើយថា សុំខ្សែប្រវីយេនេះធ្វើជាព្រំដែននៃដែនសមុទ្រ រវាងប្រទេសទាំង២ កម្ពុជា និងវៀតណាម ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ ។ អាហ្នឹងលោកកាត់យកតែខ្សែប្រេវីយេនេះ ដែលជាបន្ទាត់ព្រំដែនតែម្ដង ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គឺខាងភាគីវៀតណាម អត់ទាន់បានឆ្លើយតបចំពោះចុតហ្មាយរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទេ ។ អាហ្នឹងយើងគិតមើលទៅ! ចំណុចទាំង៤ធំៗនេះហើយ វាបញ្ជាក់ច្បាស់ថា កោះត្រល់ មិនមែនទើបតែបាត់នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “អ៊ីចឹងសរុបមកវិញ គឺថាទាំងសម រង្ស៊ី ទាំងអ៊ុំ សំអាន វាអត់យល់អំពីការពិតជាក់ស្ដែង ដែលមាននៅក្នុងឯកសារ ហើយក៏ដឹងដែរ ក៏ប៉ុន្តែមិនហ៊ាននិយាយ ពីព្រោះវាមិនមែនជាកំហុសរបស់គណបក្សប្រជាជនកម្ពុជា ។ អ៊ីចឹងទេ ចង់និយាយរំលោភលើការពិតជាក់ស្ដែង ដើម្បីដាក់កំហុសមកលើរាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា ថាធ្វើឲ្យបាត់បង់កោះត្រល់ ហ្នឹងឯង ។ ជាពិសេស ចង់ទម្លាក់កំហុសលើសម្ដេចហ៊ុន សែន ព្រោះជាការពិតហើយ យើងដឹងហើយថា សម្ដេចហ៊ុន សែន លោកជាត្បូងពេជ្រ នៅក្នុងគណបក្សប្រជាជនកម្ពុជា ជាស្នូលដឹកនាំ ។ អ៊ីចឹងទេ វាវ៉ៃប្រហារនេះ វាវ៉ៃប្រហារដើម្បីធ្វើម៉េចឲ្យគណបក្សប្រជាជន ចុះខ្សោយ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺថាប្រជាជន លោកដឹងអំពីប្រវត្តិសាស្រ្តជាក់ស្ដែងហ្នឹងហើយ ។ ខ្ញុំមានឯកសារទៀត ឯកសារទាំងលិខិតរបស់ព្រះករុណានរោត្ដម សីហនុ ទៅផាម វ៉ាន់ដុង ឯកសារទាំងសេចក្ដីសម្រេចរបស់លោកប្រេវីយេ ឆ្នាំ១៩៣៩ ហើយនិងមានឯកសារដែលសរសេរដោយបណ្ឌិត សារិន ឆាក និយាយពីរឿងព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងនេះ គឺយើងមានឯកសារច្បាស់លាស់តើ! យើងមិនមែនចេះតែនិយាយគ្មានទីបង្អែកទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះថា ឲ្យប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ រាជរដ្ឋាភិបាល លោកបានតវ៉ាណាស់ទៅហើយ ក៏ប៉ុន្តែលទ្ធភាពនៃការតវ៉ានេះ គឺមិនស្ថិតនៅក្នុងការតវ៉ារបស់យើងទេ ពីព្រោះយើងដឹងហើយថា បារាំង បានយកទឹកដីនៅឥណ្ឌូចិន ប្រទេសកម្ពុជា វៀតណាម ឡាវ នេះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួនរួចហើយ ។ អ៊ីចឹង មុននឹងចាញ់សង្រ្គាម ហើយនិងចេញទៅវិញនេះ គឺថាសម្រេចថាប្រគល់ឲ្យអ្នកណា គឺអ្នកហ្នឹងគេទទួលហើយ អាហ្នឹងអ៊ីចឹង ដូចដែនដីកូសាំងស៊ីន ដែលជាកម្ពុជាក្រោមអ៊ីចឹង ទៅបន្ទោសវៀតណាម ម៉េចកើត បើបារាំង ប្រគល់ឲ្យស្ដេចបាវដាយ របស់អណ្ណាមទៅហើយ ហើយប្រគល់ឲ្យ គេមិនយក? បើប្រគល់ឲ្យយើង ឬមួយប្រគល់ទឹកដីណាផ្សេងក្រៅពីដែនដីកម្ពុជាក្រោម ឲ្យយើង ក៏យើងលើកទទួលដៃពីរដែរ អាហ្នឹងរកបន្ទោសមិនបានទេ ។ បើតវ៉ា អាហ្នឹងតវ៉ាប្ដឹងផ្ដល់ទៅបារាំង នោះ ដែលប្រើឆន្ទានុសិទ្ធិរបស់ខ្លួន អំណាចរបស់ខ្លួន ហើយយកទឹកដីកម្ពុជាក្រោម របស់ខ្មែរហ្នឹង ទៅប្រគល់ឲ្យជាតិសាសន៍ដទៃ អាហ្នឹងបានត្រូវ ហើយបាត់បង់ទឹកដីកម្ពុជាក្រោម បាត់បង់កោះត្រល់ មិនទៅខឹងអាអ្នកប្រគល់ទៅឲ្យគេនោះ មកខឹងគ្នាឯងអ្នករងគ្រោះដែរ អាហ្នឹងម៉េចត្រូវ? ហើយរឿងឲ្យលុបសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នោះ អត់ទេ ។ សន្ធិសញ្ញាបំពេញបន្ថែមស្អីក៏ដោយ អាហ្នឹងគឺថា យើងធ្វើតាមនីតិវិធី ។ យើងដឹងហើយ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ នេះ គឺត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រជុំពេញអង្គ និងអនុម័តជាផ្លូវការ ស្របតាមនីតិវិធីដែលមានចែងនៅក្នុងច្បាប់ ។ ដូច្នេះហើយ មិនមែនគណបក្សប្រជាជន អត្តនោម័តទេ គឺថាបើសភាអនុម័តហើយ អាហ្នឹងចាត់ទុកជាបានការហើយ ជាផ្លូវការហើយ គ្មានជនណាមួយមកតវ៉ា ឬមួយក៏លុបចោលបានទេ ព្រោះជាការអនុម័តរបស់សភាជាតិ ដែលជាតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋទូទាំងប្រទេស ។ ជារួម ខ្ញុំយល់ថា ការនិយាយដែលមិនស្របទៅតាមប្រវត្តិសាស្រ្តជាក់ស្ដែង ហើយនិងការពិតនោះ ដែលមានកើតឡើងនៅក្នុងទឹកដីកម្ពុជា នៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា នេះ ខ្ញុំយល់ថា វាគ្រាន់តែជាវោហារសាស្រ្តនយោបាយ ដើម្បីបំភ័ន្តមតិសាធារណជាតិនិងអន្តរជាតិ ហើយគោលបំណងធំបំផុត គឺផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា ដែលពួកគេបានធ្វើ តាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះហើយ ជាង១០ឆ្នាំហើយ តែធ្វើទៅមិនរួច ។ ក៏ប៉ុន្តែគេប្រើវោហារសាស្រ្តនយោបាយ ដើម្បីបន្តមួលបង្កាច់សភាពការណ៍ពិត ដើម្បីក្នុងគោលដៅប៉ុនប៉ងផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា តែម្ដង“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកសម រង្ស៊ី និងសហការីរបស់គាត់ គឺលោកអ៊ុំ សំអាន បានលើកឡើងតាមបណ្ដាញសង្គមថា ផែនទីដែលដាក់តាំងនៅផ្ទះសម្រាករបស់តាម៉ុក មេដឹកនាំខ្មែរក្រហម នៅអន្លង់វែង បានគូរបញ្ជាក់យ៉ាងច្បាស់ថា កោះត្រល់ ជារបស់កម្ពុជា។ សម័យខ្មែរក្រហម កោះត្រល់ នៅជារបស់ខ្មែរ នៅឡើយ។ កោះត្រល់ ទើបបាត់បង់នៅឆ្នាំ១៩៨២។ លោកសម រង្ស៊ី និងលោកអ៊ុំ សំអាន បានចោទសម្ដេចហ៊ុន សែន កាលជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់កោះត្រល់ ឲ្យទៅវៀតណាម តាមសន្ធិសញ្ញា «តំបន់ទឹកប្រវត្តិសាស្រ្ត» ឆ្នាំ១៩៨២ សម័យវៀតណាមត្រួតត្រាកម្ពុជា។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បានធ្វើសន្ធិសញ្ញាខុសច្បាប់ នាទសវត្សទី៨០ រស់ឡើងវិញ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ឆ្នាំ១៩៨២ ហ៊ុន សែន ជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់កោះត្រល់ ឲ្យទៅវៀតណាម តាមសន្ធិសញ្ញា «តំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២» សម័យវៀតណាមត្រួតត្រាកម្ពុជា។ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ បានធ្វើសន្ធិសញ្ញាខុសច្បាប់ នាទសវត្សទី៨០ រស់ឡើងវិញ“ ។

ចំណែកលោកអ៊ុំ សំអាន សហការីសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បន្ថែមលើការបញ្ជាក់តាមបណ្ដាញទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា កោះត្រល់ កាលពីសម័យសម្ដេចព្រះនរោត្តម សីហនុ នាទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់សម័យលន់ នល់ និងសម័យប៉ុល ពត នៅជារបស់ខ្មែរ នៅឡើយ គឺកោះត្រល់ ទើបតែបាត់ នៅពេលដែលសម្តេចហ៊ុន សែន ស៊ីញ៉េលើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ទើបកោះត្រល់ បាត់ទៅខាងវៀតណាម។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “កោះត្រល់ កាលពីសម័យសម្ដេចសីហនុ សម័យទសវត្សរ៍ទី៦០ ហ្នឹង ក៏ជារបស់ខ្មែរ សម័យលន់ នល់ សម័យប៉ុល ពត នៅជារបស់ខ្មែរនៅឡើយ ។ កោះត្រល់ ទើបតែបាត់នៅពេលដែលលោកហ៊ុន សែន ស៊ីញ៉េទៅលើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ហ្នឹងឯង ទើបកោះត្រល់ បាត់ទៅខាងវៀតណាម ហើយបើតាមសារាចរ របស់លោកប្រេវីយេ អគ្គទេសាភិបាលបារាំង ប្រចាំនៅឥណ្ឌូចិន ឆ្នាំ១៩៣៩ហ្នឹង គឺបានបញ្ជាក់ថា កោះត្រល់ ហ្នឹង នៅជារបស់កម្ពុជា ទេ គ្រាន់តែលោកប្រេវីយេ បញ្ជាក់ថា នៅខាងត្បូងខ្សែប្រេវីយេ ខាងត្បូងកោះត្រល់ ហ្នឹង គ្រប់គ្រងដោយកូសាំងស៊ីន ខាងជើងខ្សែប្រេវីយេ គ្រប់គ្រងដោយកម្ពុជា ប៉ុន្តែគេដាក់នៅឃ្លាខាងក្រោមថា ការគ្រប់គ្រងនេះ គ្រាន់តែជាការគ្រប់គ្រងផ្នែករដ្ឋបាល និងប៉ូលិស តែប៉ុណ្ណោះឯង ។ ចំណែកអធិបតេយ្យដែនដីហ្នឹង គឺនៅរក្សាទុកដដែល មានន័យថា កោះត្រល់ ជារបស់កម្ពុជា នៅតែជារបស់កម្ពុជា ដដែល ។ ដូច្នេះឆ្នាំ១៩៣៩ ហ្នឹង លោកប្រេវីយេ មិនបានកាត់កោះត្រល់ ទៅឲ្យកូសាំងស៊ីន នោះទេ ។ ដល់ឆ្នាំ១៩៤៩ បារាំង កាត់ទឹកដីកម្ពុជាក្រោម ឲ្យទៅយួន ហ្នឹង ក៏អត់បានកាត់កោះត្រល់ ទៅជាមួយដែរ ។ ដូច្នេះកោះត្រល់ ហ្នឹងនៅតែជារបស់ខ្មែរ រហូតក្រោយសម័យខ្មែរក្រហម ទើបដល់ឆ្នាំ១៩៨២ ហ្នឹង បានហ៊ុន សែន កាត់កោះត្រល់ ហ្នឹងឲ្យទៅយួន ។ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹង ហើយបើតាមព្រះរាជក្រឹត្យ របស់ព្រះបាទនរោត្ដម សុរាម្រិត ដែលជាព្រះបិតារបស់សម្ដេចសីហនុ គឺឆ្នាំ១៩៥៧ ហ្នឹង បានបញ្ជាក់ថា កោះត្រល់ ហ្នឹងជាកោះរបស់ខ្មែរ ។ អ៊ីចឹងកោះត្រល់ ហ្នឹងគឺជារបស់ខ្មែរ តាំងពីយូរមកហើយ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “បើតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS) បានចែងថា រដ្ឋនីមួយៗ អាចកំណត់ដែនសមុទ្ររបស់ខ្លួន រហូតទៅដល់ ១២ម៉ៃល៍ ។ ១២ម៉ៃល៍ សមុទ្រហ្នឹង ស្មើនឹង ២២,២គីឡូម៉ែត្រ ហើយបើគិតពីឆ្នេរខេត្តកំពត ទៅកោះត្រល់ តែ១៥គីឡូម៉ែត្រទេ ហើយបើគិតពីកោះត្រល់ ទៅឆ្នេរនៃខេត្តកៀងយ៉ាង នៃប្រទេសវៀតណាម គឺមានរហូត ៤៥គីឡូម៉ែត្រ ។ ដូច្នេះបើយើងគិតពីឆ្នេរកំពត ទៅដល់កោះត្រល់ តែ១៥គីឡូម៉ែត្រ ហើយតាម UNCLOS ហ្នឹង គឺគេកំណត់ដែនសមុទ្ររបស់ប្រទេសនីមួយៗ រហូតដល់ ២២,២គីឡូម៉ែត្រឯណោះ ។ ដូច្នេះកោះត្រល់ ស្ថិតនៅក្នុងដែនទឹករបស់កម្ពុជា ដូច្នេះបើយើងគិតពីច្បាប់សមុទ្រ ក៏កោះត្រល់ ជារបស់កម្ពុជា បើគិតពីសារាចរ របស់លោកប្រេវីយេ ឆ្នាំ១៩៣៩ ក៏កោះត្រល់ នៅតែជារបស់កម្ពុជា ។ បើយើងប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ នៅទីក្រុងឡាអេ បា្រកដជាយើងទាមទារបានកោះត្រល់ មកវិញហើយ បើសិនជារដ្ឋាភិបាលលោកហ៊ុន សែន ហ្នឹង លុបចោលសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញានៅទសវត្សរ៍ទី៨០ ហ្នឹង គឺយើងប្រាកដជាយកកោះត្រល់  បានមកវិញ ហើយយើងដឹងហើយ តាមមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញ ហើយនិងតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺគេតម្រូវឲ្យលុបចោលសន្ធិសញ្ញានៅទសវត្សរ៍ទី៨០ ដែលលោកហ៊ុន សែន ធ្វើជាមួយយួន សម័យកងទ័ពវៀតណាម កាន់កាប់កម្ពុជា សំដៅលើសន្ធិសញ្ញាឆ្នាំ១៩៨២ ស្ដីពីតំបន់ទឹកប្រវត្តិសាស្រ្តហ្នឹង ត្រូវលុបចោល អាហ្នឹងបានយើងអាចបានកោះត្រល់ មកវិញ ហើយអាចប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ។ ហើយផែនទីនៅផ្ទះតាម៉ុក ហ្នឹង បញ្ជាក់ថា សម័យខ្មែរក្រហម កោះត្រល់ នៅជារបស់កម្ពុជា នៅឡើយ ទើបបាត់នៅឆ្នាំ១៩៨២ ដែលលោកហ៊ុន សែន ស៊ីញ៉េកាត់កោះត្រល់ ទៅឲ្យយួន ហ្នឹងឯង“ ៕ កុលបុត្រ

RELATED ARTICLES