Thursday, September 19, 2024
Homeព័ត៌មានជាតិវឌ្ឍនភាពវិស័យសុខាភិបាល រយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧

វឌ្ឍនភាពវិស័យសុខាភិបាល រយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧

ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅអគារតេជោសន្តិភាព (ជាន់ទី៨) នៃមន្ទីរពេទ្យកាល់ម៉ែត ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល បានរៀបចំវេទិកាសារព័ត៌មានក្រោមប្រធានបទ “ស្ថានភាពសុខាភិបាលកម្ពុជា ៖ ប្រឈមនិងឱកាស” ដោយមានអ្នកសារព័ត៌មាន ចំនួន៧០នាក់ មកពី៥៨ស្ថាប័ន ដើម្បីស្ដាប់ការលើកឡើងរបស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ពីវឌ្ឍនភាពនៅក្នុងវិស័យសុខាភិបាល នៅក្នុងរយៈពេល ១ឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។

លោកពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ការលើកកម្ពស់សុខភាព និងសុមាលភាពប្រជាជន គឺស្ថិតក្នុងយុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ខណៈដែលក្រសួងសុខាភិបាល ជាស្ថាប័នជំនាញ និងអនុវត្តដោយផ្ទាល់នូវយុទ្ធសាស្ត្រដ៏មានសារសំខាន់នោះ។ ដូច្នេះដើម្បីអ្នកសារព័ត៌មានស្វែងយល់អំពីអ្វីជាយុទ្ធសាស្ត្រ និងយុទ្ធវិធីឆ្ពោះទៅសម្រេចបានគោលដៅនោះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល រៀបចំវេទិកាដូចប្រធានបទខាងលើ ដើម្បីជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសុខាភិបាល បង្ហាញអំពីសកម្មភាពការងារសំខាន់ៗ សមិទ្ធផល និងវឌ្ឍនភាពការងារសម្រេចបានក្នុងរយៈពេល ១ឆ្នាំ រួមទាំងបញ្ហាប្រឈម និងកាលានុវត្តភាពនៃវិស័យជាអាទិភាពនេះ សំខាន់ការពង្រឹងសេវាសាធារណៈ តាមមន្ទីរពេទ្យ សំដៅបង្កើនប្រសិទ្ធភាពការងារ និងជំនឿរបស់ប្រជាជន ។

 ថ្លែងក្នុងវេទិកានោះ លោកឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជម្រាបជូននូវវឌ្ឍនភាពរបស់ក្រសួងសុខាភិបាល ក្នុងពេល១ឆ្នាំដំបូង នៃអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងបង្ហាញពីបញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាព ដើម្បីធ្វើការអភិវឌ្ឍវិស័យសុខាភិបាល ដែលបម្រើសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ដូចខាងក្រោម ៖

 ១- សមិទ្ធផលសុខាភិបាលគិតពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤ៈ ទី១ ជាការផ្ដើមនូវអត្ថន័យរបាយការណ៍សមិទ្ធផលនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដែលបានដាក់នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីអាទិភាពនយោបាយចំនួន៦ ។ នៅក្នុងនោះអាទិភាពទី១ គឺការពង្រីកនូវការថែទាំសុខភាព បូកនឹងការគ្របដណ្ដប់សុខទុក្ខជាសកល តាមរយៈការពង្រីកការគ្របដណ្ដប់កម្មវិធីសមធម៌ គ្រួសារងាយគ្រោះ សម្រាប់របបសន្តិសុខសង្គម (ប.ស.ស) សមាជិកគ្រួសារ ក៏ដូចជាអ្នកនៅក្នុងបន្ទុក គោលការណ៍ស្ម័គ្រចិត្ត រួមជាមួយនឹងការអនុវត្តវិធានគន្លឹះនៅក្នុងវិស័យសុខាភិបាលកម្ពុជា ដោយផ្ដោតលើការលើកកម្ពស់គុណភាពសេវា និងការពង្រឹងសមត្ថភាពទៅដល់សេវាសុខភាពបឋមជូនដល់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងមូលដ្ឋាន  ហើយគោលដៅផែនការសកម្មភាពសម្រាប់ការអនុវត្តវិធានគន្លឺះក្នុងវិស័យសុខាភិបាល គឺមានគោលដៅ៤ធំ ទី១ ការពង្រឹងនូវគុណភាពសេវាមណ្ឌលសុខភាព ដួចជានៅមន្ទីរពេទ្យបង្អែកគ្រប់កម្រិត១ កម្រិត២ កម្រិត៣ រួមទាំងបានណែនាំគ្រប់ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ គោលដៅទី២ ប្រជាជនទទួលបានសេវាសង្រ្គោះបឋម ក៏ដូចជាការសង្រ្គោះបន្ទាន់ឲ្យបានប្រសើរឡើងទាន់ពេលវេលា និងដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ជីវិតឲ្យបានច្រើនបំផុត ។ គោលដៅទី៣ ការព្យាបាលជំងឺដែលមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ ដោយផ្ដោតសំខាន់ទៅលើជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ដែលមាននៅតាមបណ្ដាភូមិឃុំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ គោលដៅទី៤ ការគ្របដណ្ដប់នូវមូលដ្ឋានសុខាភិបាលសាធារណៈ ជាពិសេសនៅមណ្ឌលសុខភាព ធ្វើយ៉ាងណាឲ្យមានការបម្រើសេវាធានាបាន២៤ម៉ោង ឬ៧ថ្ងៃ ដោយមានបុគ្គលិកប្រចាំការ ផ្អែកលើកត្តាភូមិសាស្រ្ត និងចំនួនប្រជាជនដែលត្រូវគ្របដណ្ដប់ ។

២- វឌ្ឍនភាព ៖ ទី១ ការបង្ការហានិភ័យនៃប្រព័ន្ធការប្រើប្រាស់សេវា ការចំណាយរបស់ប្រជាពលរដ្ឋទៅលើសេវាសុខាភិបាលនេះ ការគ្របដណ្ដប់នៃការគាំពារសុខភាពសង្គម ទៅលើប្រជាពលរដ្ឋ ដែលសម្រេចបាន ២លាន៥សែននាក់ ស្មើនឹង៤៣.២២% នៃប្រជាពលរដ្ឋ១៧លាន៣សែន៣ម៉ឺន៦ពាន់៣០៧នាក់ តាមរបាយការណ៍ដែលគិតមកត្រឹមខែមិថុនា ឆ្នាំ២០២៤ ។ នៅក្នុងនោះមូលនិធិសមធម៌ គ្របដណ្ដប់បាន២៩.២៣% ស្មើនឹង៥លាន លេខមូល នៃប្រជាពលរដ្ឋសរុប ។ របបសន្តិសុខសង្គម គ្របដណ្ដប់ទៅលើកម្មករនិយោជិតនៅក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធមន្រ្តីរាជការ អតីតមន្រ្តី អតីតយុទ្ធជន បុគ្គលិកស្វែងយល់ពី ប.ស.ស នេះ សរុប ២លាន៤សែន៣ម៉ឺន៤ពាន់៣រយ៤៣នាក់ ស្មើនឹង៩.០៤% នៃប្រជាជនសរុប ។

ក. ការប្រើប្រាស់សេវាសុខាភិបាល ៖ គ្របដណ្ដប់ទៅលើការគាំពារសុខភាពដល់មូលនិធិសមធម៌ និងដល់របបបេឡាសន្តិសុខសង្គម ។ ទី២ ការប្រើប្រាស់សេវាក៏មានលក្ខណៈស្របគ្នា ។ កម្មវិធីមូលនិធិសមធម៌ សមាជិក សមាជិកាបានប្រើប្រាស់សេវាថែទាំសុខភាពសង្គមមានអត្ថន័យជាង នៅក្នុងចំណោមប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយស្មើនឹង៨២.៣៤% នៃគ្រួសារងាយរងគ្រោះ គឺមានន័យថា ប្រជាពលរដ្ឋក្នុង៤លាន ប្រជាពលរដ្ឋក្រីក្រ៣លាន៣សែន ស្មើនឹង៨២.៣៤% និងគ្រួសារងាយរងហានិភ័យ ៥៧ម៉ឺន២ពាន់នាក់ជាង ស្មើ១៤.១០% ។ ចំណែកការប្រើប្រាស់ដោយ ប.ស.ស ទៅលើការថែទាំសុខភាពវិញ គឺមានប្រមាណ៦លាន៩សែន ជិត៧លាន នៃការប្រើប្រាស់សេវាថែទាំសុខភាព ហើយនៅមូលដ្ឋានសុខាភិបាលសាធារណៈ រួមទាំងនៅក្នុងផ្នែកសេវាឯកជនផងដែរ ។

 ទី២ ការផ្ដល់សេវាសុខាភិបាលៈ នៅមណ្ឌលសុខភាព ក៏ដូចជានៅតាមមន្ទីរពេទ្យបង្អែកទូទាំងប្រទេស នៅក្នុងឆ្នាំដំបូងនេះ គឺធៀបគ្នាជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំកន្លងទៅ ឃើញការពិគ្រោះជំងឺក្រៅ មានការកើនឡើង ១លាន៨សែនករណី មានន័យថា កើនឡើង១៥% ក្នុងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ ហើយសម្រាប់ករណីពិគ្រោះថ្មី ក៏មានការកើនឡើង១១.០៦% មានន័យថា វឌ្ឍនភាពនៃការជឿជាក់ និងការកើនឡើងនៃការប្រើប្រាស់សេវាសាធារណៈ ។ ចំពោះការសម្រាកពេទ្យ មានការកើនឡើងដែរ ធៀបនឹងរយៈពេលដូចគ្នា ហើយការប្រើប្រាស់នៃការសម្រាកពេទ្យនេះ ជាទូទៅនៅមណ្ឌលសុខភាពមិនមានគ្រែទេ មណ្ឌលសុខភាពខ្លះមានគ្រែសម្រាក ក៏មានប្រជាពលរដ្ឋយើងទៅសម្រាកដែរ ប្រមាណជា៥% ហើយនៅកម្រិតមន្ទីរបង្អែក១៥% ទៅ១៦% សលពីនោះនៅក្នុងកម្រិតទាប ។ សេវាទទួលជំងឺ ក៏មានវឌ្ឍនភាពក្នុងការបញ្ជូនជំងឺពីមណ្ឌលសុខភាព មកមន្ទីរពេទ្យស្រុក មន្ទីរខេត្ត ឬក៏មន្ទីរពេទ្យជាតិ ឃើញថា មានការបញ្ជូនករណីពីមណ្ឌលសុខភាពទៅមន្ទីរពេទ្យបង្អែក ២ពាន់ករណីជាង ដោយសារតែស្ថានភាពសុខភាពនៅមណ្ឌលសុខភាព គឺសុខភាពបឋម ។ ដូច្នេះមិនសូវមានទម្ងន់នៃការទទួលទេ ប៉ុន្តែការបញ្ជូនកម្រិតមន្ទីរពេទ្យបង្អែកកម្រិតទាប មកកម្រិតខ្ពស់ គឺមានច្រើនបង្គួរ ដែលមាន២ម៉ឺន៩ពាន់ករណីជាង ។ ចំពោះសេវាថែទាំសុខភាពមាតា និងទារក ក៏ឃើញថា មានការកើនឡើងនៃការមកពិនិត្យផ្ទៃពោះ ។ ការពិនិត្យផ្ទៃពោះលើកទី២ មានការកើនឡើងប្រមាណ២% ការពិនិត្យផ្ទៃពោះលើកទី៤ ក៏មានការកើនឡើងរហូតដល់ទៅ៧% បើធៀបនឹងឆ្នាំចាស់ ហើយការសម្រាកក៏មានការកើនឡើង បន្ទាប់ពីកូវីដ ឥឡូវនេះ ក៏មានការកើនឡើងមួយចំនួនដែរ ១.០៤% ។ ចំណែកសុខភាពកុមារ គឺក្រសួងសុខាភិបាល បានដាក់កម្មវិធីចាក់ថ្នាំបង្ការ ខិតខំធ្វើការងារបានល្អ គឺមានអត្រារហូតដល់ទៅ១៧.៤៧% នៃការចាក់ថ្នាំបង្ការក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើម B រលាកសួត រលាកស្រោម ។ល។និង។ល។ ហើយចំពោះរឿងដែលលំបាកនោះ គឺការចាក់វ៉ាក់សាំងចំពោះកុមារដែលការពារជំងឺកញ្ជ្រិល និងស្អូច មិនងាយបានខ្ពស់ទេ នៅអតីតកាលយូរឆ្នាំហើយនោះ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ យើងកើនរហូតដល់ទៅ១០០% ។ ការងារគ្រប់គ្រងជំងឺមិនឆ្លង ក៏មានការរីកចម្រើនវឌ្ឍនភាពផងដែរ គឺជាគន្លឹះរបស់រាជរដ្ឋាភិបាលដាក់ចេញ ក្នុងការជួយលើកស្ទួយនៅក្នុងការទប់ស្កាត់នៃជំងឺមិនឆ្លង ដែលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងសង្គម នោះគឺជំងឺទឹកនោមផ្អែម ដែលឆ្នាំទី១នេះ យើងសម្រេចបានកំណើននៃការចូលរួមប្រើប្រាស់សេវាព្យាបាលជំងឺទឹកនោមផ្អែម រហូតទៅដល់ ៥៧.៧% មានន័យថា កើន១៥០% កើនឡើងពាក់កណ្ដាលថែមទៀត ។ ចំពោះការសម្រាកពេទ្យផ្អែកជំងឺនោមផ្អែម កើនឡើង ៣៤.៤% ប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំកន្លងទៅ ។ ចំណុចមួយទៀតនោះ ការពិគ្រោះជំងឺឡើងសម្ពាធឈាម ក៏ឃើញថា មានការកើនឡើង គឺ១៤.៩% ហើយការសម្រាកពេទ្យចំពោះអ្នកជំងឺសម្ពាធឈាមនេះកើន២៤% ។

 ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាលៈ គឺជាគន្លឹះនៅដើមអាណត្តិនេះ ដោយបានប្រើឧបករណ៍វាយតម្លៃទៅលើគុណភាពនៃការបម្រើសេវាសុខភាពនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក យើងបានធ្វើខេត្តក្រចេះ ឆ្នាំ២០២៤ហ្នឹង ធ្វើការវាយតម្លៃជាលើកទី២ ហើយបានទទួលលទ្ធផលមានការកើនឡើង ។ ពិន្ទុនៃការវាយតម្លៃលើកទី១ មានកើន១០.៥៣% ប៉ុន្តែលើកទី២នេះ មានការកើនឡើងទ្វេដង គឺកើនទៅដល់២២.៧៣% ។ ចំពោះមណ្ឌលសុខភាពចំនួន១០ ត្រូវបានវាយតម្លៃជ្រើសរើសជាគំរូ ជាមណ្ឌលសុខភាពជ័យលាភីប្រឡងប្រជែងអង្គភាពផ្ដល់សេវាសុខាភិបាលគំរូ ឆ្នាំ២០២៣ ដែលបានទទួលបណ្ណ ឬក៏ជ័យលាភី ដែលប្រារព្ធឡើងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ។

ទី៤ ការពង្រឹងសមត្ថភាពការផ្ដល់សេវាសុខាភិបាល ដល់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលៈ ក្រៅពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតូចៗ លោករដ្ឋមន្រ្តីសូមលើកតែចំណុចធំៗថា គឺហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗសុខាភិបាលសាធារណៈ ត្រូវបានបញ្ចប់ការសាងសង់ក្នុងដំណាក់កាលលើកឆ្នាំដំបូងនេះ ហើយដែលដាក់បង្កើតឲ្យដំណើរការ ក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំសុខាភិបាល ដែលក្នុងនោះរួមមានធំៗ គឺមន្ទឺរពេទ្យតេជោសន្តិភាព នៅបឹងតាមោក ដែលមានទំហំជិត១ម៉ឺនគ្រែ ហើយមន្ទីរពេទ្យតេជោសែន កោះធំ ជាមន្ទីរពេទ្យបង្អែកស្រុក ក្លាយទៅជាមន្ទីរពេទ្យតំបន់ដែលថ្មីទំនើបទាំងស្រុង ។ អគារនៅខាងមន្ទីរពេទ្យខេត្តសៀមរាប ដែលបានទៅជាមន្ទីរពេទ្យតំបន់ ។ មន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក ខេត្តសៀមរាប និងមន្ទីរមួយទៀត នៅពាក់ស្នែង ដែលនឹងធ្វើជាថ្នាក់ៗដែរ ។ មន្ទីរពេទ្យនៅខេត្តប៉ៃលិន ដែលដាក់ដំណើរការជូនបងប្អូនហើយ ។ អគារមន្ទីរពេទ្យព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ និងមណ្ឌលសុខភាពចំនួន១៩ នៅក្នុងខេត្តចំនួន៩ នឹងអគារជំងឺទូទៅ ផ្នែកសម្ភព នៅខេត្តពោធិ៍សាត់ ផងដែរ ។ ហើយខាងចុះអភិបាលគាំទ្រវិញម្ដងនោះ គឺនៅក្នុងអាណត្តិថ្មីនេះ មន្រ្តីទាំងអស់របស់ក្រសួងសុខាភិបាល រួមទាំងប្រធានស្ថាប័ន បានរៀបចំទាំងអស់គ្នា សុទ្ធតែមានការទទួលខុសត្រូវលើមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិទាំងអស់ ។ ដូច្នេះគោលការណ៍សំខាន់ៗជាច្រើនទាំងអស់សុទ្ធតែមានថ្នាក់ដឹកនាំជួយគាំទ្រ ហើយចុះទៅជួយធ្វើអភិបាលកិច្ច រហូតដល់៩៥%ហើយ ។ បើសិនជានិយាយពីមណ្ឌលសុខភាព១៣៥០ប្លាយ និងប៉ុស្តិ៍សុខភាព យើងបានចុះពិនិត្យ១២៤០ហើយ ។ អ៊ីចឹងនៅក្នុងរយៈពេលប្រមាណ១ខែទៀតនេះ យើងនឹងអាចសម្រេចបានគ្រប់មូលដ្ឋាន នៃមណ្ឌលសុខភាពនេះ ហើយមន្ទីរពេទ្យស្រុក មន្ទីរពេទ្យខេត្ត យើងបានធ្វើការចុះបាន១០០%ហើយ ហើយមន្ទីរពេទ្យជាតិក៏បានគ្រប់ហើយ នៅសល់តែផ្នែករបេងនោះទេ ហើយនិងមន្ទីរពេទ្យដែលយើងនឹងរៀបចំធ្វើឲ្យទៅជាមន្ទីរពេទ្យមហារីក ។

 ទី៥ ការធ្វើនិយ័តកម្មៈ ចំណុចនេះ គឺជាគន្លឹះមួយ ដែលក្រសួងសុខាភិបាល ធ្វើកិច្ចការនេះដូចភ្លៀងរលឹម ឲ្យកាន់តែគត់មត់ទៅ ប៉ុន្តែមិនឃើញជារូបភាពផ្ទៃក្រៅធំទេ គឺជាគោលការណ៍តែម្ដង គឺធ្វើយ៉ាងណាឲ្យមានការធ្វើនិយ័តកម្មកែលម្អដោយស្វ័យប្រវត្តិខ្លួនឯង ដោយស្វ័យកែលម្អខ្លួនឯងឲ្យបានច្រើនជាង ដោយដំបូងដាក់គោលការណ៍ដើម្បីឲ្យដឹងថាការដែលត្រូវបំពេញអ្វីខ្លះ ដើម្បីឲ្យបងប្អូនកែ ។ ក្នុងករណីដែលលោកកែបាន លោកកែ ក្នុងករណីលោកកែមិនទាន់បាន លោកអាចនឹងសុំដើម្បីផ្អាក ឬបិទសិន ដើម្បីរៀបចំឡើងវិញ នោះគឺយើងបានធ្វើទាំងពីរ ធ្វើទាំងការអនុញ្ញាតច្បាប់រដ្ឋបាលថ្មី ប៉ុន្តែយើងប្រុងប្រយ័ត្ន លក្ខខណ្ឌហ្នឹងគឺមើលហើយមើលទៀត ។ អ៊ីចឹងយើងផ្ដល់ជូននូវអាជ្ញាបណ្ណថ្មីក៏មាន ក្នុងការបើកនូវសេវាឯកជន ដែលគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានការរីកចម្រើន ប៉ុន្តែឲ្យត្រឹមត្រូវ ព្រោះសេវាឯកជន និងសាធារណៈ គឺជាដៃគូ ។ មួយទៀត ក៏យើងបានផ្ដល់នូវទិដ្ឋាការក្នុងការនាំឱសថ បរិក្ខារ ។ល។និង។ល។ ដើម្បីបន្តការងារបម្រើសេវាជូនតាមត្រូវការរបស់ប្រជាពលរដ្ឋ ហើយចំពោះការណែនាំនូវការផ្សព្វផ្សាយដែលមិនត្រឹមត្រូវ ក៏យើងបានយកចិត្តទុកដាក់ ពេលខ្លះក៏ផ្សាយ ពេលខ្លះក៏មិនផ្សាយ ដោយយើងមានការខិតខំធ្វើដោយភាពទន់ភ្លន់ និងការសម្របសម្រួលបំផុត ឲ្យបងប្អូនមានការយល់ ។ ហេតុដូច្នេះហើយបានជាការអនុវត្តនិយ័តកម្មមានការពិន័យ ឬក៏ការបិទនូវទីតាំងមួយចំនួននោះ យើងបិទសរុប១៩៩កន្លែង នៅក្នុងឆ្នាំទី១ នៃអាណត្តិរបស់រដ្ឋាភិបាលនេះ ប៉ុន្តែក្នុងនោះមានបងប្អូនបិទខ្លួនឯង រហូតដល់ទៅ១៣៨កន្លែង ។ ចំណុចមួយទៀត ការធ្វើនិយ័តកម្មនេះដែរ គឺការលើកកម្ពុជាគុណភាពនៃការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ជំរុញឲ្យមានការខំប្រឹង របស់វិស័យសុខាភិបាល ទាំងគណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឆ្មប គណៈគិលានុបដ្ឋាក គណៈឱសថ ដើម្បីធ្វើការជួបប្រជុំគ្នា ហើយគ្រប់គ្រងដល់សមាជិក សមាជិកា នៅគណៈរបស់ខ្លួនឲ្យបានកាន់តែប្រសើរឡើង ។ ចំណែកមួយទៀត នៅកិច្ចការងារនិយ័តកម្មនេះដែរ ក្រុមការងារផ្នែកសុខាភិបាល ក្រុមខ នៃវិស័យឯកជន បានធ្វើវេទិកានៃការជួបជាមួយក្រសួងសុខាភិបាល បានពីរវគ្គហើយ ក្នុងឆ្នាំទី១នេះ ហើយបានដោះស្រាយបញ្ហាបានច្រើន ហើយនៅក្នុងវគ្គទី១នោះ គឺខាងផ្នែកសុខាភិបាល ជាមួយនឹងក្រុមឯកជន មិនមានសល់បញ្ហាដែលត្រូវដោះស្រាយកម្រិតរាជរដ្ឋាភិបាលទេ បានដោះស្រាយកម្រិតក្រសួង ជាមួយនឹងក្រុមការងារ ខ របស់វិស័យឯកជន ពាក់ព័ន្ធនឹងសុខាភិបាល ។

 ទី៦ ការកសាងសមត្ថភាពស្ថាន និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលៈ ចំណុចនេះ គឺ១ មានពីរ ក្រសួងសុខាភិបាល បានធ្វើការវិភាគមុខងារ រចនាសម្ព័ន្ធរបស់ក្រសួងអង្គភាព ហើយបានបញ្ចប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ ដែលបានធ្វើផ្ដោតសំខាន់លើមុខងារស្នូល តម្រូវការធនធានមនុស្ស និងការប្រជែងមន្រ្តី នៅក្នុងឆ្នាំ២០២៤ ២០២៥ នៅក្រោមអធិបតីភាពឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី ។ ២. ការបន្តវគ្គបណ្ដុះបណ្ដាល ចែករំលែកបទពិសោធន៍ភាគីអ្នកដឹងនាំ តាំងពីកម្រិតរដ្ឋលេខាធិការរបស់ក្រសួងសុខាភិបាលគ្រប់រូប រហូតដល់ប្រធានមន្ទីរ ប្រធានអូឌី ប្រធានការិយាល័យសុខាភិបាល រហូតដល់ប្រធានសុខភាព ។ នៅក្នុងក្រសួងសុខាភិបាលនេះ យើងជួបគ្នា ការជែកនៃអ្នកដឹកនាំ រាល់សប្ដាហ៍ និយាយគ្នាអំពីបញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធន៍ថ្មី ម៉ោង២ ដល់ម៉ោង៥ ជារៀងរាល់សប្ដាហ៍ ។ ដូច្នេះហើយការបញ្ជ្រាបនូវរំហូរនៃកំណែទម្រង់ក្នុងអាណត្តិថ្មីនេះ គឺថា បានលឿន ហើយបានឃើញ នៅពេលដែលក្រុមការងារចុះទៅដល់ ទឹកមុខរបស់មន្រ្តីមានការសាទរ ហើយខិតខំដើរឆ្ពោះទៅមុខ ដើម្បីឲ្យស្របទៅនឹងបរិបទនៃកំណែទម្រង់ថ្មីនេះ ។ មួយទៀត គឺការប្រលងថ្នាក់ជាតិជ្រើសនិស្សិតឲ្យចូលរៀន ក៏បានធ្វើបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ហើយការដាក់ឲ្យប្រើប្រាស់នូវស្ដង់ដារ បរិមាណ នៃគ្រឹះស្ថានសម្ព័ន្ធទ្រទ្រង់កម្មសិក្សាគ្លីនិក ក៏យើងបានយកចិត្តទុកដាក់ ពាក់ព័ន្ធជាមួយនឹងគុណភាពផលិតនៃធនធានមនុស្ស ដែលបានចុះទៅ២៥រាជធានីខេត្ត ។

 ៣- ការសន្និដ្ឋានពីវឌ្ឍនភាពចម្បងៗខាងលើ បានឆ្លុះបញ្ចាំងពីការចេញដំណើររបស់ក្រុមការងារ ក៏ដូចជាមន្រ្តីផ្នែកសុខាភិបាលនេះ ប្រកបទៅដោយកិត្តិយសនិងសេចក្ដីថ្លៃថ្នូរ ទាំងថ្នាក់ដឹកនាំសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ហើយក៏រួមទាំងពង្រឹងសមត្ថភាពខ្លួនឯងផងដែរ ក្នុងការអនុវត្តនូវគោលនយោបាយ ស្ថានភាព និងវិធានគន្លឹះរបស់វិស័យសុខាភិបាល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ៕ កុលបុត្រ

RELATED ARTICLES