ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិតស្រាយបំភ្លឺ ឆ្លើយតបចំពោះសារព័ត៌មានខ្មែរ នៅបរទេស ឌឹខេមបូឌា ដេលី ដែលបានផ្សាយចោទប្រកាន់ថា លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគប់គិតជាមួយលោក សូ ម៉ារ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ ដែលជាឪពុកមា កម្ចាត់មន្ត្រីចាស់ៗដែលស្និទ្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ចេញ ដើម្បីដាក់បក្ខពួករបស់ខ្លួនចូល។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសចរណ៍។
លិខិតស្រាយបំភ្លឺ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានខ្លឹមសារទាំងស្រុងថា «ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាម គ្គីភាពផ្ទៃក្នុង ព្រមទាំងបង្កភាពចលាចលក្នុងក្រសួង និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃ ថ្នូររបស់ក្រសួងទេសចរណ៍។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងទេសចរណ៍ សូមធ្វើការបំភ្លឺ ជូនសាធារណជន ឱ្យបានជ្រាបថា ៖
១. ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ មិនជាប់ជាសាច់ញាតិនឹងគ្នាឡើយ។ ហេតុដូចនេះ សូមសាធារណជន កុំមានការយល់ច្រលំ កុំជឿលើព័ត៌មានដែលមានលក្ខណៈញុះញង់ មូលបង្កាច់ និងមិនមានមូលដ្ឋានច្បាស់លាស់ តាមរយៈការចុះផ្សាយនិងចែករំលែកតាមបណ្តាញសង្គម។
២. ក្នុងរយៈពេលជាង ១ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្ត្រី ខិតខំផ្តល់ឱកាសជូនមន្ត្រីដែលមានសមត្ថភាពពេញលេញ និងមិនមានការដកតំណែងមន្ត្រីមួយរូបណាឡើយ ហើយក៏មិនដែលបានធ្វើបាបមន្ត្រី និងមានគំនិតកម្ចាត់មន្ត្រីណាម្នាក់ចេញពីក្រសួងផងដែរ។ ការផ្ទេរចេញរបស់មន្ត្រីក្រសួងទេសចរណ៍ ដែលទទួលបានភារកិច្ចថ្មីនៅស្ថាប័នមួយចំនួន គឺចេញពីការចាត់តាំងនិងជាការសម្រេចចិត្តរបស់មន្ត្រីទាំងនោះ ដែលមិនធ្លុះបញ្ចាំងពីការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី នោះទេ។
៣. ចំពោះការតែងតាំងមុខតំណែងនិងតួនាទីរបស់មន្ត្រី ក្រសួងទេសចរណ៍ តែងតាំងមុខតំណែង និងតួនាទីមន្ត្រី ដោយយោងលើវិជ្ជាជីវៈ គុណសម្បទា និងសមត្ថភាព ព្រមទាំងផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ ជាក់ស្តែង ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងទេស ចរណ៍ បានបង្កើតគណៈកម្មការវាយតម្លៃ និងតែងតាំងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ដោយមានថ្នាក់ដឹកនាំជាច្រើនរូប ជាសមាជិកនៃគណៈកម្មការនេះ ដោយឆ្លងតាមនីតិវិធីជ្រើសរើសប្រកបដោយតម្លាភាព ជាពិសេសការបើកទូលាយជូនមន្ត្រី និងថ្នាក់ដឹកនាំ ដើម្បីលើកបេក្ខភាពសម្រាប់ប្រអប់ទំនេរ ជូនគណៈកម្មការធ្វើការពិនិត្យនិងសម្រេច។ ក្នុងន័យនេះ ក្រសួង សូមច្រានចោលព័ត៌មានមិនពិតដែលបានចោទដោយគ្មានមូលដ្ឋាន ពីប្រភពព័ត៌មានអគតិនានា ដែលមានរចេតនាបំភាន់សាធារណមតិ។
៤. ក្រសួងទេសចរណ៍ ក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការពង្រឹងសមត្ថភាពមន្ត្រីក្រោមឱវាទ និងជំរុញការអភិវឌ្ឍធនធានមនុស្ស លើវិស័យទេសចរណ៍ ប្រកបដោយគុណភាព និងមានតុល្យភាពរវាងវិជ្ជាសម្បទា បំ ណិនសម្បទា ចរិយាសម្បទា កាយសម្បទា មនសិការស្នេហាជាតិ និងមនុស្សជាតិ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការលើកកម្ពស់ការអប់រំប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន ព្រមទាំងការបង្កើនឱកាសទទួលបានការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
៥. ត្រឹមតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី បានខិតខំជំរុញវិស័យទេសចរណ៍ តាមរយៈការគិតគូរជាលក្ខណៈប្រព័ន្ធនិងយុទ្ធសាស្ត្រ ដែលមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន។ ជាក់ស្តែង ការដាក់ឱ្យដំណើរការឡើងវិញនៃក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ ផ្សាយទេសចរណ៍កម្ពុជា និងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយតួអង្គជាតិនិងអន្តរជាតិសំខាន់ៗនានា បាននិងកំពុងដើរតួនាទីយ៉ាងពេញលេញនិងគ្រប់ជ្រុងជ្រោយ ក្នុងការជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍។
អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងទេសចរណ៍ សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយដោយគ្មានវិជ្ជាជីវៈ របស់បណ្តាញផ្សព្វផ្សាយទាំងឡាយណាដែលមានលក្ខណៈបំភ្លៃការពិត ញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម ស្ថិរភាពនយោបាយ និងកិត្យានុភាពរបស់ក្រសួងទេសចរណ៍។
ជាថ្មីម្តងទៀត ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមកុំធ្វើការចែករំលែកព័ត៌មានដែលគ្មានមូលដ្ឋាន និងមានចេតនាបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ដែលរៀបចំឡើងដោយឧបករណ៍ឃោសនានយោបាយខុសច្បាប់ និងជ្រុលនិយម ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រ សួងទេសចរណ៍។ ក្រសួង ក៏សង្ឃឹមយ៉ាងមុតមាំថា មន្ត្រីក្រោមឱវាទក្រសួងទេសចរណ៍ទាំងអស់ នឹងបន្តរូបរួម គ្នាធ្វើការរួមគ្នាដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍ ដែលជាវិស័យស្នូលមួយក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋ កិច្ចនិងសង្គមជាតិ សម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូ លមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន»៕ ខៀវទុំ