ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី តែងតែកើតមាន ២ដង គឺនៅចន្លោះថ្ងៃទី២០-២២ ខែមីនា និងចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា។
ដូច្នេះកុំភ្លេចចូលរួមទាំងអស់គ្នា ចាប់ពីថ្ងៃ ២១-២៣ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ព្រឹត្តិការណ៍សមរាត្រី (Equinox) ដ៏អស្ចារ្យ ដែលព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។
សមរាត្រី គឺជាពេលវេលា ដែលរវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃវែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់អង្គរវត្ត ដែលបុព្វបុរសខ្មែរ បានរៀបចំគិតគូរប្លង់ស្ថាបត្យកម្មប្រាសាទគណនាតាមគណិតវិទ្យា សម្របតាមក្បួនតារាសាស្ត្រ ដោយតម្រូវតាមបាតុភូតធម្មជាតិ នៃដំណើរគោចរព្រះអាទិត្យ បង្កើតជាអច្ឆរិយការណ៍នៃព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ចំ វេលាដែលរយៈពេលពេលថ្ងៃ និងយប់ស្មើគ្នានេះឡើង។ អាចនិយាយបានថាព្រឹត្តិការណ៍មហស្ចារ្យនេះ ប្រហែ លជាកើតមានតែនៅប្រាសាទអង្គរវត្ត នៃប្រទេសកម្ពុជា តែមួយប៉ុណ្ណោះ នៅលើផែនដីនេះ។ ចំណែកសំណង់បុរាណជាច្រើន នៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។
ការស្រាវជ្រាវ បានបង្ហាញថា ប្រហែលជាមានតែអង្គរវត្តតែមួយគត់ ដែលអាចរៀបចំប្លង់ក្នុងការគ្រប់គ្រងព្រះ អាទិត្យ ហើយចំពេលថ្ងៃ និងយប់ស្មើគ្នា ព្រះអាទិត្យរះលេចចំកណ្តាលកំពូលរបស់អង្គរវត្ត លើសពីហ្នឹង ក៏មានពេលថ្ងៃវែងជាងយប់ ពេលយប់វែងជាងថ្ងៃ ក៏វានៅក្នុងប្លង់ របស់ប្រាសាទអង្គរវត្ត ដែរ នេះជាចំណុចពិសេសដែលថា មានតែមួយគត់នៅលើលោកនេះ ដែលសំណង់បែបហ្នឹង ហើយធំស្កឹមស្កៃបែបហ្នឹង ដែលស្ថាបនាឡើង ដើម្បីគ្រប់គ្រងដំណើរគោចរនៃព្រះអាទិត្យ។ ការកសាងបែបនេះ មានមូលហេតុយ៉ាងសំខាន់ ដែលយើងអាចឆ្លើយ នឹងសំណួរ ដែលតែងសួរថា ហេតុអ្វីអង្គរវត្ត បែរមុខទៅលិច គឺក្នុងគោល ដៅគេធ្វើដើម្បីឱ្យថាមពលនៃចក្រភពរបស់ខ្មែរ គ្រប់គ្រងអំណាចទាំងមូល របស់ចក្រក្រវាឡ ដែលមានព្រះអាទិត្យ ជាតំណាង ហើយភស្តុតាង គឺយើងឃើញច្បាស់ ដែលយើងស្គាល់ស្តេចសាងអង្គរវត្ត គឺព្រះបាទសូរ្យវរ្ម័នទី២។
សូមជម្រាបថា ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុ ស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា ”វិសុវ” គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។ គឺជាវេលាមង្គលដ៏ធំមួយ នៃប្រពៃណីខ្មែរបុរាណ។ ហេតុដូច្នេះសូមអញ្ជើញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា៕