Friday, September 20, 2024
Homeព័ត៌មានជាតិរកឃើញកំណប់ក្បាលនាគ នៅប្រាសាទតាព្រហ្ម

រកឃើញកំណប់ក្បាលនាគ នៅប្រាសាទតាព្រហ្ម

ខេត្តសៀមរាប ៖ ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម បានរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់ព្រះពុទ្ធបដិមាប្រក់នាគ តម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។

បុរាណវិទូ លោកស្រី នេត ស៊ីមន បានឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣ នៃប្រាសាទតាព្រហ្ម បានប្រទះឃើញបំណែក ខ្លួននាគ មួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគ របស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។

ប៉ុន្តែបំណែកក្បាលនាគ មានត្រឹមក្បាលតែ ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាលនិងខាងស្តាំ ក្នុងចំណោមនាគ ក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្ម មានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាម ស្ថានភាពនៃបំណែកក្បាលនាគ កប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជយវរ្ម័នទី៧ ពេលដែលផ្លាស់ប្តូរសាសនា ពីពុទ្ធសាសនាមហាយាន ទៅព្រហ្មញ្ញសាសនា។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ព្រះពុទ្ធប្បដិមាប្រក់នាគ ដ៏ធំមួយនេះបន្ថែមទៀត នាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាសនិកគោរពបូជា តាមជំនឿ។

បុរាណវិទូ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ព្រះពុទ្ធប្បដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ ព្រះសិរ ជាដើម៕

RELATED ARTICLES