ខេត្តព្រៃវែង ៖ ប្តីប្រពន្ធវ័យចំណាស់ ២នាក់ មានវាសនាអភ័ព្វណាស់ ត្រូវកូនបោះបង់ចោល មិនរវីរវល់ ទុកឱ្យឪពុកដែលជាមនុស្សពិការ (ស្វិតជើងទាំងសងខាង ដើរមិនរួច) ប្រឹងវារទៅស៊ីឈ្នួលគេ គ្រាន់បានប្រាក់មកទិញអង្ករ និងទិញថ្នាំសង្កូវ ព្យាបាលជំងឺប្រចាំ ទាំង២នាក់ប្តីប្រពន្ធ ជួនត្រូវដេកអត់បាយក្រហាយទឹក ទ្រាំត្រដររស់យ៉ាងលំបាកវេទនា។
ប្តីប្រពន្ធអភ័ព្វទាំង២នាក់ សព្វថ្ងៃមានលំនៅក្នុងខេត្តព្រៃវែង ដោយបុរសជាប្តី មានវ័យជិត៧០ឆ្នាំ (ពិការជើងទាំងសងខាង) ចំណែកស្ត្រីជាប្រពន្ធ មានវ័យប្រមាណ ៦០ឆ្នាំប្លាយ (ងងឹតភ្នែកម្ខាង)។
តាមសម្តីបុរសចំណាស់ជាប្តី បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធ មានកូនស្រី ចំនួន២នាក់ ដោយក្នុងនោះ កូនស្រីច្បង មានប្តីមានគ្រួសារ បែកផ្ទះចេញទៅរស់នៅផ្សេងទៅហើយ តែចិត្តមិនបាននោះទេ ដោយសារខ្លាចនិងជឿតាមប្តី ហើយប្តីរបស់គេ បានហាមមិនឱ្យមករវីរវល់ជាមួយនឹងពួកគាត់ដែលជាឪពុកម្តាយពិការនោះទេ សូ ម្បីតែផ្តល់បាយទឹក នំចំណី ឬជូនលុយកាក់ នៅរដូវបុណ្យទាន ក៏កូនប្រសានោះ ហាមកូនស្រីគាត់ មិនឲ្យយកមកជូនពួកគាត់ដែរ គឺបោះបង់ចោលពួកគាត់តែម្តង។ ចំណែកកូនស្រីម្នាក់ទៀត សព្វថ្ងៃរស់នៅជាមួយពួកគាត់ដែរ តែនាងមានជំងឺបេះដូងធ្ងន់ធ្ងរ មិនអាចធ្វើការងារអ្វីបានឡើយ សូម្បីតែដើរឬរត់ ក៏មិនបានផង ដេកដួលនៅផ្ទះ ត្រូវពឹងលើកកម្លាំងពួកគាត់ជាឪពុកម្តាយ ដើម្បីរកស៊ីចិញ្ចឹម និងមើលជំងឺកូនថែមមួយជាន់ទៀត។
បុរសចំណាស់ជាប្តី បានបន្តថា សព្វថ្ងៃគាត់ប្រកបរបរប៉ះកង់ នៅមុខផ្ទះ តែរកមិនសូវបាននោះទេ ព្រោះគ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ទើបមិនសូវមានអ្នកចូលមកប៉ះ ចេះតែទៅហួស មកហួស ជួន១ថ្ងៃ រកម៉ូយម្នាក់មិនបានផង។ ក្រៅពីប៉ះកង់ គាត់ចេញទៅស៊ីឈ្នួលគេដែរ ពេលមានអ្នកភូមិ ជួលគាត់ឱ្យទៅច្រូតម្អម ឱ្យគេ ហើយទោះជាគាត់ស្វិតជើងទាំង២ ដើរមិនរួចក៏ពិតមែន តែគាត់នៅតែប្រឹងត្រដរប្រើដៃទាំងសងខាង ជំនួសជើង ដោយវារជើងបួន ផង និងលូនផង ក្រាបផង កាត់ក្រួស កាត់ទឹក ហាលថ្ងៃ ហាលភ្លៀង ចេញទៅច្រូតម្អមឱ្យគេ ដោយក្នុង ១ថ្ងៃ គាត់អាចរកប្រាក់បាន ពី២ម៉ឺន ទៅ៣ម៉ឺនរៀលដែរ គ្រាន់យកមកឱ្យប្រពន្ធទិញអង្ករ ដាំបាយហូបខ្លះ និងទិញថ្នាំសង្កូវខ្លះព្យាបាលជំងឺប្រចាំកាយ តែមិនមែនមានអ្នកជួលរាល់ថ្ងៃនោះទេ ទើបជួនការត្រូវអត់អង្ករច្រកឆ្នាំង ដាច់បាយ ក្រហាយទឹកក៏មាន។
បុរសចំណាស់ បានឱ្យដឹងបន្តថា គ្រួសារគាត់ ៣នាក់ (ប្តីប្រពន្ធ និងកូនស្រី) សុទ្ធតែមានជំងឺដូចគ្នា ដោយកូនស្រី មានជំងឺបេះដូង ប្រពន្ធមានជំងឺក្រពះ ពោះវៀន និងងងឹតភ្នែក ចំណែកគាត់ ពិការជើងសងខាង ហើយមានជំងឺក្រួសក្នុងតម្រងនោម ជាប់ខ្លួនដែរ តែចេះតែប្រឹងត្រដរចេញទៅស៊ីឈ្នួលគេ ដើម្បីក្រពះ។ រាល់ពេលដែលគ្មានអ្នកជួល និងប៉ះកង់មិនបាន ហើយជំងឺធ្វើទុក្ខនោះ គាត់តែងវារលូនទៅរកបេះបោចថ្នាំព្រៃ ដូចជាប្រ មោយដំរី សាវម៉ាវព្រៃ យកមកដាំទឹកផឹក ជួសថ្នាំពេទ្យ គ្រាន់បានធូរស្រាលមួយគ្រាៗដែរ។ ចំពោះបាយម្ហូប ពេលរកលុយបាន ប្រពន្ធគាត់តែងទិញអង្ករ យកមកទុកហូប រីឯម្ហូប ជួនទឹកត្រី ទឹកសីអ៊ីវ ហើយស្ទើររាល់ថ្ងៃ ម្ហូបដែលឆ្ងាញ់ពិសាសម្រាប់គ្រួសារគាត់ គឺត្រកួនស្រុះ ជ្រលក់នឹងទឹកអំបិល។
បុរសចំណាស់ខាងលើ បានពោលត្អូញត្អែរថា ទឹកចិត្តឪពុកម្តាយ ប្រឹងបីបាច់ចិញ្ចឹមកូន ទោះលំបាកវេទនាយ៉ាង ណា ក៏មិនត្អូញត្អែរ ហើយនៅតែអាចចិញ្ចឹមកូនដល់ធំបាន តែកូនវិញ ពេលខ្លះមើលរំលងទឹកចិត្តឪពុកម្តាយ មិនរវីរវល់មើលថែ បោះបង់ឪពុកម្តាយចោល ឱ្យរស់ នៅទាំងលំបាកវេទនា។
បុរសជាឪពុក បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយ ដែលមានឪពុកម្តាយនៅមានជីវិត ព្រះនៅរស់ សូមមេត្តាគិតគូរថែរក្សាគាត់ផង កុំឱ្យដូចខ្ញុំ ខ្ញុំចប់ហើយឆាកជីវិតនេះ មានកូនដែរ តែមិនបានដូចចិត្ត និងក្តីបំណងទេ រស់នៅតែ២នាក់តាយាយ អត់ឃ្លាន ស្រក់ទឹកភ្នែករាល់ថ្ងៃ អ៊ីចឹងបងប្អូនដែលបានឃើញ បានដឹងរឿងជីវិតខ្ញុំហើយ សូមកុំឱ្យដូចខ្ញុំឱ្យសោះ សូមថែរក្សាម្តាយឪពុក ឱ្យរហូតទៅ…”។
បុរសពិការខាងលើ ក៏បានលើកដៃសំពះ អំពាវនាវដល់សប្បុរសជនជិតឆ្ងាយ ដែលមានសទ្ធជ្រះថ្លា សូមជួយចែកទាន មានជាថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារលោក ដើម្បីបានរស់ទៅមុខទៀតផង ទម្រាំដល់ថ្ងៃលាចាកលោកនេះ។ ជាមួយគ្នានេះ បុរសពិការនេះ ក៏ចង់បានសម្ភារ:សម្រាប់ប៉ះ សប់កង់មួយកំប្លេ ដើម្បីបានប្រកបរបរប៉ះកង់ បានជាប់លាប់ រកចំណូលចិញ្ចឹមគ្រួសារ មិនពិបាកវារលូន ទៅស៊ីឈ្នួលគេខាងក្រៅ ព្រោះសព្វថ្ងៃ គាត់ក៏ប្រកបរបនេះដែរ តែដោយសារគ្មានសម្ភារ:គ្រប់គ្រាន់ ទើបមិនសូវមានអ្នកមករកគាត់។ ដូច្នេះបើសប្បុរសជន ជួយឧបត្ថម្ភសម្ភារ:សម្រាប់ប៉ះកង់ ក៏លោកពិតជាមិនបំភ្លេចគុណ អតស់មួយជីវិត៕