ភ្នំពេញ ៖ ក្មេងស្ទាវ២នាក់ ព្រោះតែអត់លុយទិញកាដូផ្គាប់ចិត្តស្រីស្នេហ៍ក្នុងទិវានៃក្តី ស្រលាញ់ ស្រាប់តែបែកគំនិតចេញឆក់ខ្សែកគេ តាមផ្លូវសាធារណៈ តែរត់មិនរួច ក៏ត្រូវប្រជាពលរដ្ឋដេញចាប់វាយទ្រមខ្លួន ទើបប្រគល់ ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់ កាលពីវេលា ម៉ោង៥ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ តាមបណ្តោយផ្លូវឧកញ៉ាម៉ុង ប្ញទ្ធី ស្ថិតក្នុងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្មេងស្ទាវទាំងពីរនាក់ ដែលធ្វើសកម្មភាព ឆក់ខ្សែកគេយកលុយទៅទិញកាដូផ្គាប់ចិត្តស្រី នេះ រួមមាន ទី១–ឈ្មោះឡេង ដារ័ត្ន អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ២៦២ ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ និងទី២–ឈ្មោះស៊ុន សកល អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះលេខ G9 ផ្លូវលេខ៥៩៨ ខណ្ឌទួលគោក។ ជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GC-5062។
ចំណែកស្ត្រីរងគ្រោះ មានឈ្មោះទ្រូ ចាន់ណេ អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន– សុខ និងមានស្រុកកំណើតនៅភូមិស្វាយតាឯម ឃុំពាមរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូមួយ គ្រឿង ម៉ាកឃ្លីក ពណ៌ខ្មៅលាយស ពាក់ស្លាក លេខ ភ្នំពេញ 1Y-2500 ជិះតែម្នាក់ឯង ធ្វើ ដំណើរចេញពីរង្វង់មូលកាំកូស៊ីធី ក្នុងទិសដៅពី កើតទៅលិច លុះពេលធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ទាំង២នាក់ខាងលើ ជិះម៉ូតូដឹកគ្នា តាមមកពី ក្រោយនាង រួចក៏ធ្វើសកម្មភាពឆក់យកខ្សែក ប្លាទីន របស់នាងមួយខ្សែ ទម្ងន់៣ជី។
ស្ត្រីរងគ្រោះ បន្តថា ក្រោយពីធ្វើសកម្មភាពឆក់ខ្សែកពីនាងបានសម្រេចហើយ ជនសង្ស័យទាំង២នាក់ ក៏ភ្លាត់ស្នៀតជិះម៉ូតូដួល ទើបនាងស្រែកឆោឡោថា ចោរឆក់ខ្សែកៗៗ ធ្វើឱ្យប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ ផ្អើលចេញមកជួយអន្តរាគន៍ចាប់ជនសង្ស័យ ទាំង២នាក់ជាប់ រួចនាំគ្នាបញ្ចោញកំហឹងម្នាក់ មួយដៃមួយជើង រហូតដល់ទ្រមខ្លួន ទើបប្រគល់ ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជា ចោរឆក់ខ្សែកទាំង២នាក់ បានសារភាពថា ពួក គេពិតជាបានធ្វើសកម្មភាពឆក់ខ្សែករបស់ស្ត្រី– រងគ្រោះខាងលើបានសម្រេចមែន តែចង្រៃអី ភ្លាត់ស្នៀតដួលម៉ូតូ ទើបត្រូវប្រជាពលរដ្ឋចាប់ ក្របួចជាប់ និងវាយឡើងទ្រមខ្លួនតែម្តង។
ជនសង្ស័យទាំង២នាក់ បានបញ្ជាក់ថា មូលហេតុដែលពួកគេចេញធ្វើសកម្មភាពឆក់ ខ្សែកតាមផ្លូវសាធារណៈបែបនេះ ក៏ព្រោះតែ ពួកគេដាច់លុយ ម៉្យាងដល់ថ្ងៃបុណ្យទិវានៃក្តី ស្រលាញ់ថ្ងៃទី១៤ កុម្ភៈ ទៅហើយ គ្មានលុយ ទិញកាដូឱ្យសង្សារ ទើបបែកគំនិតចេញឆក់ខ្សែក រកលុយទិញកាដូផ្គាប់ចិត្តនាងថ្ងៃ១៤ កុម្ភៈ។
ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី៕