ខេត្តសៀមរាប ៖ ខ្លោងទ្វារទិសខាងត្បូង ប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុង អស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្តើមបង្ហាញរូបរាងដើមជាបណ្តើរៗហើយ បន្ទាប់ពីអាជ្ញាធរអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។ ការងារនេះ ចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០២៤ ដោយពង្រឹងគ្រឹះនិងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញបានចំណាយពេល ១ឆ្នាំ ក្នុងការសិក្សា រុះរើថ្ម តាមបច្ចេកទេសអាណាស្ទីលឡូ។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម ឱ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ ក្រុមការងារបានសិក្សា រុះរើគំនរថ្មដែលជ្រុះធ្លាក់សន្ធប់មកលើតួខ្លោងទ្វារទាំងមូល និងស្វែងរកថ្មដែលចល័តខុសពីទីតាំងដើម មកផ្គុំសាកល្បង ឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។
អ្នកគ្រប់គ្រងការដ្ឋានបន្ថែមថា មកដល់ពាក់កណ្តាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំជួសជុលពង្រឹងគ្រឹះខ្លោងទ្វារ និងខឿនជញ្ជាំងមួយចំនួន តាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូនទៅបានឆាប់រហ័ស ដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណ ជា៩៥ភាគរយ យកមកដាក់នៅទីតាំងដើមឡើងវិញ។
លោក Chitranjan Kumar បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម នេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរ ជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk)៕