ភ្នំពេញ ៖ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឱ្យដឹងថា ក្រុម ការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបពិភាក្សាជាមួយអ្នកដែលស្នាក់នៅអគារអង្គរ មានជ័យ ដ៏ចំណាស់ជិត១០០ឆ្នាំ ដែលបានសាងសង់តាំងពីទសវត្ស ឆ្នាំ១៩៥០ មកនោះ បានឯកភាពទទួលយកដំណោះស្រាយគោលនយោបាយ ចាកចេញពីអគារនេះ ដើម្បីសុវត្ថិភាព។

សូមបញ្ជាក់ថា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពចាស់ទ្រុឌទ្រោម នៃអគារដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៥០ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ទល់មុខអគារ WING TOWER ស្ថិតនៅ ខណ្ឌ៧មករា។

បច្ចុប្បន្នអគារនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង គួរឱ្យព្រួយបារម្ភ ដោយសារតែសំណង់ខ្វះការថែទាំ ជួសជុលឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស អស់រយៈពេលជាយូរឆ្នាំ បានរងនូវការខូចខាត ប្រេះសាំជាច្រើនកន្លែង ជាពិសេសគ្រឿងបង្គុំសំណង់ មានសភាពពុកផុយ ខូច អស់ប្រមាណ៥០ភាគរយ អាចបណ្តាលឱ្យបាក់ស្រុតនៅពេលណាមួយ។ ភាពទ្រុឌទ្រោមខ្លាំងនេះ អ្នកជំនាញអះអាងថា មិនអាចជួសជុលបាន ត្រូវធ្វើការផ្លាស់ប្តូរទៅលំនៅឋានថ្មី ដែលមានសុវត្ថិភាព៕

