វិមានរដ្ឋធម្មនុញ្ញ ដែលស្ថិតនៅទីតាំងសួនច្បារ ខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នឹងធ្វើព្រះរាជពិធីសម្ពោធ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ ។
ដើម្បីឱ្យព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរា ចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង ០៥: ០០នាទីព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោកឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ស្ថិតនៅទីតាំងសួនច្បារខាងលិចវិមានឯករាជ្យ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ដើម្បីឱ្យព្រះរាជពិធីសម្ពោធខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ នៅតំបន់ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសុរាម្រឹត កំណាត់មហាវិថីព្រះសីហនុ (ពីស្តុបវត្តលង្កា រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីព្រះនរោត្តម (ពីផ្លូវលេខ២៤០ រហូតដល់រង្វង់មូលវិមានឯករាជ្យ និងពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ផ្លូវលេខ២៩៤) ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់ព្រះរាជកម្មវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់មហាវិថីខាងលើ ដោយក្ដីអនុគ្រោះ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមន និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានសាងសង់តាមរចនាបទខ្មែរបុរាណ យ៉ាងពិចិត្រ ក្នុងនោះឆ្មាំតោ និងគជសីហ៍ តម្កល់នៅលើជណ្តើរ វិមានរដ្ឋធម្មនុញ្ញ នៅតាមទិសធំទាំង៤ ត្រូវបានរចនាជាពីរទម្រង់ គឺ ៖
-ទម្រង់ទី១ ៖ តោទល់ទ្រខឿនវិមាន គឺជាទម្រង់ចំណាស់មួយក្នុងប្រវត្តិសិល្បៈខ្មែរ តាំងពីសម័យមុនអង្គរ ដែលបុព្វបុរសខ្មែរ ឆ្លាក់ទ្រប្រាសាទអណ្តែត ភាគច្រើនមាននៅក្រុមប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ។ លុះដល់សម័យអង្គរ សិល្បករបានរចនារូបតោ ទល់ទ្រក្បាលសសរ ទល់ទ្រហោជាង បល្ល័ង្កព្រះឥសូរ ទ្រវិមាន និងទ្រខឿនប្រាសាទជាដើម ។ ការរចនារូបស្តេចសត្វចតុប្បាទ ដែលជាសត្វតោ ក្នុងឥរិយាបថទល់ទ្រវិមាន ឬខឿនប្រាសាទ ភាគច្រើនបុព្វបុរសខ្មែរ លោកនិយមសាងជាគូនឹងរូបគ្រុឌ មានដូចជា តោ និងគ្រុឌ ទល់ទ្រទេវវិមានចម្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត រោងទងទី២ ថែវខាងត្បូង ចំណុចចម្លាក់ឋានសួគ៌-ឋាននរក, ចម្លាក់តោ និងគ្រុឌ ទល់ទ្រខឿនព្រះលានជល់ដំរី នៅខាងមុខខ្លោងទ្វារព្រះបរមរាជវាំង អង្គរធំជាដើម។
ទស្សនៈក្នុងការសាងរូបតោ និងគ្រុឌ ទល់ទ្រ ត្រូវបានស្តែងឲ្យឃើញពីភាពអស្ចារ្យរបស់ ប្រាសាទ ប្រដូចបានទៅនឹងវិមានដែលត្រូវបានអណ្តែតត្រសែតលើអាកាស យ៉ាងដូច្នោះដែរ។
-ទម្រង់ទី២ ៖ ឆ្មាំតោ សាងពីថ្មភក់ តម្កល់លើកើយជណ្តើរ ឈរយាមនៅតាមទិសធំទាំងបួន នៃវិមានរដ្ឋធម្មនុញ្ញ។ ឆ្មាំតោនេះ ជាគូនឹងគជសីហ៍ រចនាតាមទម្រង់សិល្បៈសម័យអង្គរ សតវត្សរ៍ទី១២ នៃ គ.ស. ប្រៀបដូចទៅនឹងវិមានដែលត្រូវបានអណ្តែតត្រសែតលើអាកាស យ៉ាងដូច្នោះដែរ ៕ ខៀវទុំ