Saturday, August 16, 2025
Homeព័ត៌មានជាតិស្ត្រី​ឈឺ​ពោះ​ធំ ស្លាប់​ចោល​ម្តាយ និង​កូន​ស្រី

ស្ត្រី​ឈឺ​ពោះ​ធំ ស្លាប់​ចោល​ម្តាយ និង​កូន​ស្រី

ខេត្តក្រចេះ ៖ ស្ត្រីម្នាក់ ដែលបានធ្លាក់ខ្លួនឈឺជំងឺពោះធំធ្ងន់ធ្ងររ៉ាំរ៉ៃនោះ បានស្លាប់ចោល ម្តាយ និងកូនស្រីទៅហើយ ទាំងគ្មានប្រាក់ធ្វើ បុណ្យសព។

កាលពីពេលថ្មីនេះនគរធំបានចុះផ្សាយ ពីស្ត្រីម្នាក់ រស់នៅដោយក្តីឈឺចាប់វេទនាបំផុត ជាមួយជំងឺពោះធំ និងស្រែកដង្ហោយរកកិច្ច មនុស្សធម៌ ជួយសង្រោះជីវិតគាត់ ដោយសារ តែគាត់ស្ថិតក្នុងភាពក្រីក្រកម្សត់ទុរគត គ្មាន ប្រាក់ព្យាបាល។

ស្ត្រីអភ័ព្វទុរគតកើតជំងឺមហារីកថ្លើម (ពោះធំ) នោះ មានឈ្មោះជា ស្រីនីន អាយុ ៤៩ឆ្នាំ រស់នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានរៀបការ មានគ្រួសារ និងគេដែរ តែគាត់និងប្តីបានបែកបាក់គ្នាជាច្រើន ឆ្នាំ ធ្វើឱ្យគាត់មានឈ្មោះជាស្រីមេម៉ាយ មាន កូន៣នាក់។ ក្នុងនោះ កូនទី១ មានគ្រួសាររួច ហើយកូនទី២ បានចេញទៅធ្វើការស៊ីឈ្នួលគេ នៅភ្នំពេញ។ កូនទី៣ អាយុ១៤ឆ្នាំ នៅក្បែរ ម្តាយ មិនបានរៀនសូត្រគ្រប់គ្រាន់ទេ ព្រោះតែ ម្តាយគ្មានលទ្ធភាព។ កាលមិនទាន់ធ្លាក់ខ្លួនឈឺធ្ងន់ ពេលនៅមានកម្លាំងកំហែងគាត់បានប្រកបដើរ ស៊ីឈ្នួលច្រូតកាត់ឱ្យគេ និងធ្វើអ្វីផ្សេងទៀត តាមកម្លាំងពលកម្ម តែពេលនេះគាត់ធ្វើអ្វីលែង កើតហើយ នៅតែលើកន្ទេល រង់ចាំសេចក្តីស្លាប់ ទាំងគ្មានប្រាក់ព្យាបាល និងទិញចំណីហូបចុក គ្រប់គ្រាន់គឺពឹងផ្អែកតែទៅលើម្តាយចាស់ជរា អាយុ៧០ឆ្នាំ ដែលខំដើរស៊ីឈ្នួលច្រូតកាត់ឱ្យ គេយកលុយមកទិញអង្ករហូប ។

ក្រោយការចុះផ្សាយនោះ មិនបានប៉ុន្មាន ថ្ងៃ មកដល់ពេលនេះ បើតាមប្រភពពីសមាគម សាមគ្គីដើម្បីខ្មែរ បានឱ្យដឹងថា ស្ត្រីទុរគត មានជំងឺពោះធំនោះ បានទទួលមរណភាពហើយ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

សមាគមសាមគ្គីដើម្បីខ្មែរ បានបញ្ជាក់ថា ដូចសមាគមបានជម្រាបពីខាងដើម គឺជំងឺរបស់ អ្នកស្រីជា ស្រីនីន ជាជំងឺដំណាក់កាលចុងក្រោយ។ ដូច្នេះដំណឹងមរណភាពនេះ ចាត់ទុក ជាការជូនដំណឹងដល់បងប្អូន កូនចៅ សាច់ញាតិ ក៏ដូចជាសប្បុរសជនក្នុងនិងក្រៅប្រទេស មេត្តា ជ្រាប និងចូលរួមផ្តល់ជំនួយសម្រាប់អ្នកនៅរស់ ព្រោះក្រោយស្លាប់ទៅ អ្នកស្រីជា ស្រីនីន បន្សល់ ទុកម្តាយជរា និងកូនស្រីឱ្យនៅកំព្រា។

ព្រះតេជគុណរេត រីទ្ធិណា សមាជិកសមាគមសាមគ្គី ដើម្បីខ្មែរគង់នៅវត្តសំបុកខេត្ត ក្រចេះ បានមានពុទ្ធដីកាបញ្ជាក់ប្រាប់នគរធំជាថ្មី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ថាថ្ងៃហ្នឹង គឺអាត្មាបានរៀបចំសពគាត់ហើយៗ ក៏បានយកគាត់ទៅដាក់ រួចថ្ងៃនេះ ហើយរង់ចាំតែថ្ងៃគ្រប់ខួប៧ថ្ងៃរបស់គាត់ ឈានមកដល់ យើងនឹងចាប់ផ្តើមធ្វើម្តងទៀត ដែលទទួលបាន ការឧបត្ថម្ភពីញាតិណោមកាលដែលគាត់នៅ រស់នោះ យើងសង្ឃឹមថា យកទៅឱ្យគាត់ ប៉ុន្តែ ឥឡូវគាត់ស្លាប់ ហើយអ៊ីចឹងយើងចាត់ចែងធ្វើ បុណ្យឱ្យគាត់តែម្តង។ សម្រាប់អាត្មានៅពេល ដែលអាត្មាទទួលដឹងថា គាត់ទទួលមរណភាព ហើយនោះ អំឡុងពេលនោះ គឺអាត្មាកំពុងតែ ខិតខំប្រឹងទន្ទឹមទៅនឹងគាត់ឈឺយ៉ាងខ្លាំងដែរ។ ប៉ុន្តែឥឡូវគាត់ស្លាប់ ហើយមិនមានអ្វីទៀត ទេ គ្រាន់តែមានភាពសោកស្តាយ ហើយនិង អាណិតចំពោះប្អូនស្រីវ័យ១៣ឆ្នាំ ដែលកំព្រា ម្តាយ និងញោមចាស់ម្នាក់ ដែលគាត់ជាជីដូន នោះ ត្រូវមើលថែចៅវ័យ១៣ឆ្នាំហ្នឹងផងដែរ។ សម្រាប់អាត្មា គ្រាន់តែចង់អំពាវនាវដល់ញាតិ ញោមក្នុងនិងក្រៅប្រទេសទាំងអស់ ដែលគាត់ បានទទួលផ្ញើបច្ច័យចូលរួមចំណែកនៃការធ្វើ អំណោយ ប៉ុន្តែឥឡូវគាត់ទទួលមរណភាព ហើយអាត្មានឹងរៀបចំធ្វើបុណ្យឱ្យគាត់បាន ស្អាតបាត ហើយនឹងសល់ពីការធ្វើបុណ្យ យើង នឹងរៀបចំទិញជាសម្លៀកបំពាក់ទិញជាកង់ជូន ទៅដល់ប្អូនស្រីកំព្រាម្តាយ អាយុ១៣ឆ្នាំ និង ជូនទៅដល់ដូនចាស់ ដែលរស់នៅកំព្រា គួរឱ្យ អាណិតម្នាក់ហ្នឹង។ លើសពីនេះ អ្វីដែលអាត្មា ស្រក់ទឹកភ្នែកនោះ នាងតូច អាយុ១៣ឆ្នាំ បាន ប្តេជ្ញាថា ក្រោយអត់ពីម្តាយកម្សត់ទៅ នាង មិនទៅណាទេ គឺនៅចិញ្ចឹមយាយ ដោយសារ តែយាយមានគុណ ជាអ្នកចិញ្ចិមម្តាយនាងកាល នៅរស់។ អ៊ីចឹងហើយ បើញោមបានឃើញព័ត៌មានហ្នឹងហើយអាត្មាសង្ឃឹមថា នឹងផ្តល់ជំនួយដល់ប្អូនស្រីបន្ថែមទៀត ដើម្បីឱ្យប្អូនស្រីបានរៀនសូត្របន្តទៀត”៕ កុលបុត្រ

RELATED ARTICLES