Sunday, November 24, 2024
Homeនយោបាយលោក​គឹម សុខ ប្រកាស​តតាំង​បណ្តឹង សម្តេច​ហ៊ុន សែន ចូល​បំភ្លឺ​តុលាការ ថ្ងៃ​ទី​១៧ កុម្ភៈ

លោក​គឹម សុខ ប្រកាស​តតាំង​បណ្តឹង សម្តេច​ហ៊ុន សែន ចូល​បំភ្លឺ​តុលាការ ថ្ងៃ​ទី​១៧ កុម្ភៈ

 ភ្នំពេញ ៖ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវីតំណាងដោយអាណត្តិលោក គី តិច បានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ភ្លាមកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកគឹម សុខ អ្នក ឃ្លាំមើលសង្គម និងនយោបាយ ត្រូវបានតុលាការ ចេញដីកាកោះឱ្យចូលទៅបំភ្លឺនៅថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០១៧ និងបានចេញដីកាបង្គាប់ឱ្យ មន្ត្រីនគរបាលយុត្តិធម៌នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលត្រួតពិនិត្យតាម ច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក មិនឱ្យលោកគឹម សុខ ចេញទៅក្រៅ ប្រទេស ជាបណ្តោះអាសន្ន។

យោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៧ បញ្ជាក់ថា យើងសៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

អញ្ជើញឈ្មោះគឹម សុខ ជាជនសង្ស័យ

លំនៅសព្វថ្ងៃ ភូមិ១ សង្កាត់រកាក្នុង ក្រុង ដូនកែវ ខេត្តតាកែវ។

ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា ម៉ោង០៩ៈ០០នាទីព្រឹក

ដើម្បីសាកសួរបំភ្លឺ

ពីដំណើររឿងឈ្មោះគី តិច ជាមេធាវី តំណាងដោយអាណត្តិរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្តឹងឈ្មោះគឹម សុខ ដែលបានធ្វើអត្ថាធិប្បាយចោទប្រកាន់គណបក្ស ប្រជាជនកម្ពុជា នៅក្នុងវេទិកាវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

សាមីខ្លួនត្រូវអញ្ជើញតាមដីកាកោះនេះ ឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែល ទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិន បើមាន

ដោយឡែក ក្នុងដីកាបង្គាប់ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា យើងសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។

បានឃើញក្រមនីតិវិធីព្រហ្មទណ្ឌនៃ ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើ តាមព្រះរាជក្រម នស/០៨០៧/០២៤ ចុះថ្ងៃទី ១០ ខែសីហា ឆ្នាំ២០០៧។

បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីបានពិនិត្យចប់សព្វគ្រប់ យល់ ឃើញថា

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំពុងចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយបានកោះហៅឈ្មោះគឹម សុខ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៣តុលា១៩៨០ ជាជនសង្ស័យ មានលំនៅបច្ចុប្បន្ន នៅភូមិ១ សង្កាត់រកាក្នុងក្រុងដូនកែវ ខេត្តតាកែវ ឱ្យចូល មកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលា ម៉ោង៩ៈ០០នាទីព្រឹក ដើម្បីចូលមកសាកសួរពី ដំណើររឿងលើបណ្តឹងរបស់លោកមេធាវីគី តិច ចុះថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

ដើម្បីចៀសវាងកុំឱ្យមានការរាំងស្ទះ ដល់នីតិវិធីព្រហ្មទណ្ឌនៃការស៊ើបអង្កេត ការ ស្តាប់ចម្លើយជនសង្ស័យ និងជាមូលដ្ឋានឈាន ដល់ការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ គប្បី អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ហាមឃាត់នូវការធ្វើដំណើរបស់ជនសង្ស័យឈ្មោះ គឹម សុខ ក្នុងការចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅប្រទេសដទៃ ជាបណ្តោះអាសន្ន។

ហេតុដូច្នេះសម្រេច

បង្គាប់ឱ្យមន្ត្រីនគរបាលយុត្តិធម៌ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដែល ត្រួតពិនិត្យតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ហាមឈ្មោះគឹម សុខ ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៣តុលា១៩៨០ ជាជនសង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១០៣៦ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនឱ្យ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅ ប្រទេសដទៃ ជាបណ្តោះអាសន្ន ។

ត្រូវរាយការណ៍ និងបញ្ជូនលទ្ធផលនៃ ការអនុវត្តមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី

ពាក់ព័ន្ទនឹងបញ្ហានេះ លោកគឹម សុខ បាន សរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាល ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថា គណបក្សប្រជាជនកម្ពុជា បានប្តឹងខ្ញុំជាផ្លូវការហើយ ហើយខ្ញុំក៏បានបញ្ជាក់ជំហរនៅតតាំងរឿងក្តី នេះតាមច្បាប់ គឺមិនរត់ទៅក្រៅដែរ។ ខ្ញុំមិន និយាយលេងទេ ច្បាស់ណាស់ ទង្វើរបស់ខ្ញុំ ពិតស្របសំឡេងចេញពីមាត់ខ្ញុំ។ ហេតុនេះ ខ្ញុំសូម សំណូមពរសម្តេចនាយករដ្ឋមន្ត្រី មេត្តាកុំដាក់ កម្លាំងច្រើនពេកក្នុងឯកសណ្ឋានជាស៊ីវិល តាម អុកឡុករំខានការងាររបស់ខ្ញុំ។ ជាការងាយ បំផុត សម្តេចគ្រាន់តែដាក់ប៉ូលិសឯកសណ្ឋាន ពីរនាក់ តាមដានដំណើរចេញចូលរបស់ខ្ញុំទៅ នោះគ្រប់គ្រាន់ហើយ ហើយខ្ញុំសន្យាសហការ យ៉ាងត្រឹមត្រូវជាមួយពួកគាត់។ សូមលេងល្បែង ផ្លូវច្បាប់មែនទែន ដោយកុំប្រើវិធីបន្លាច រហូត មានការប្រើកម្លាំងឱ្យទៅធ្វើសកម្មភាពដល់ ស្រុកកំណើតខ្ញុំ ទាំងមិនសមជាក្រុមមនុស្សចេះ ច្បាប់ បង្កការភ័យខ្លាចដល់បងប្អូន អ្នកស្រុកខ្ញុំ នោះ។ សុំប៉ុនហ្នឹងបានទេ!”

លោកគឹម សុខ បានថា មិត្តភក្តិរបស់ ខ្ញុំម្នាក់ គឺលោកសៀង ជិន និងអ្នកជិតស្និទ្ធគាត់ ម្នាក់ទៀត ត្រូវបានគេឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានខណ្ឌដូនពេញ តាំងពីយប់មិញ ដោយ គ្រាន់តែពួកគាត់បានខ្ចីឡានគេទៅដឹក ជូន ដំណើរខ្ញុំពីការិយាល័យការងារ VOA មកផ្ទះ។

សូមបញ្ជាក់ថា លោកសៀង ជិន គ្រាន់តែ ជាអ្នករកស៊ីចិញ្ចឹមឆ្នាំងតូចតាចម្នាក់ប៉ុណ្ណោះ។ គាត់មិនដែលជាប់ពាក់ព័ន្ធការងាររបស់ខ្ញុំឡើយ។ រីឯមិត្តភក្តិរបស់គាត់វិញ ខ្ញុំមិនដែលស្គាល់សោះ។ គាត់ស្គាល់មុខខ្ញុំតាមតែសារពត៌មានទេ។ គាត់ គ្រាន់តែធ្វើដំណើរបានជាគ្នាជាមួយលោកសៀន ជិន

បន្ថែមលើសំណេរតាមទំព័រហ្វេសប៊ុកខាងលើ លោកគឹម សុខ ក៏បានបញ្ជាក់ប្រាប់នគរធំនៅ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ថា លោក នឹងចូលខ្លួនតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែលោកនឹង សុំពន្យារពេលដែរ បើលោកមេធាវីមិនទាន់ តែ ពេលនេះមានតម្រុយហើយថា អាចមានមេធាវី មកជួយការពារក្តីលោក។ ដូច្នេះលោកនឹងតតាំង ជាមួយគណបក្សប្រជាជនកម្ពុជា តាមផ្លូវតុលាការ ដោយលោកមិនរត់ទៅណាទេ ព្រោះលោក បញ្ចោញមតិនៅប្រទេសរបស់លោក ត្រូវតែ តស៊ូនៅក្នុងប្រទេស ហើយសង្ឃឹមថា មជ្ឈដាន ប្រជាពលរដ្ឋ នឹងមានភាពក្លាហានក្នុងការបញ្ចោញ មតិ តាមបែបសង្គមប្រជាធិបតេយ្យ។

លោកគឹម សុខ បានមានប្រសាសន៍ថាជំហររបស់ខ្ញុំ ដូចខ្ញុំបញ្ជាក់ពីដំបូងថា ខ្ញុំនៅ តតាំងតាមផ្លូវតុលាការ តាមនីតិវិធីច្បាប់។ ដូច្នេះខ្ញុំមានផែនការនឹងចូលនៅថ្ងៃទី១៧ តាម ការកោះហៅរបស់តុលាការ។ ប៉ុន្តែខ្ញុំទុកសិទ្ធិ ក្នុងការពន្យារពេលដែរ បើខ្ញុំរកមេធាវីមិនទាន់ ក្នុងការជជែកបញ្ហាផ្លូវច្បាប់ឱ្យបានចប់គ្រប់ សព្វគ្រប់រឿងរ៉ាវដែលគេប្តឹងខ្ញុំហ្នឹង។ ដូច្នេះ ខ្ញុំ បញ្ជាក់ថា វាអាចត្រឹមពន្យារពេលតែក្នុងករណី ខ្ញុំរកមេធាវីមិនទាន់ ក៏ប៉ុន្តែខ្ញុំមិនគេចខ្លួនទេ ខ្ញុំ មិនរត់ទេ។ ឥឡូវហ្នឹង កំពុងតែមានដំណឹងល្អ ថា មានមេធាវី គាត់ព្រមទទួលការពារក្តីឱ្យខ្ញុំ។ មែនទែនទៅ គណបក្សប្រជាជនកម្ពុជា មាន ការភ័ន្តច្រឡំ ឬបកស្រាយច្រឡំ ទាំងរបៀប របបនៃការប្រើភាសាខ្មែរ នៅពេលដែលស្តាប់ វីដេអូរបស់ខ្ញុំនោះ។ តាមពិតទៅ វាមិនមែនជា រឿងដែលជាប់ពាក់ព័ន្ធនៅក្នងផ្លូវច្បាប់អីទេ ប្រសិនបើករណីរបស់ខ្ញុំវាជាប់នៅក្នុងផ្លូវច្បាប់ មែន ករណីជាច្រើនរបស់សម្តេចនាយករដ្ឋមន្ត្រី អំពីប្រសាសន៍របស់គាត់ គឺថាមិនដឹងចេញចូល តុលាការហ្នឹងជាផ្ទះរបស់គាត់បាត់ទៅហើយ។ រដ្ឋាភិបាលមិនចាំបាច់ប្រុងប្រយ័ត្នពេកទេ ហើយ ក៏មិនចាំបាច់ចំណាយពេលចំណាយថិវកា ចំណាយ លទ្ធភាពអីច្រើនក្នុងការទប់ស្កាត់ខ្ញុំមិនឱ្យចេញ ក្រៅដែរ ពីព្រោះខ្ញុំមិនមានបំណងឬផែនការ ណាមួយចេញក្រៅទេ។ ខ្ញុំនិយាយនៅក្នុងប្រទេស កម្ពុជា ដូច្នេះខ្ញុំត្រូវតែតតាំងនិងតស៊ូមតិក្នុង ប្រទេសកម្ពុជា ក្នុងរឿងក្តីក្តាំតុលាការ បើទោះបីជាខ្ញុំគ្មានសង្ឃឹមលើប្រព័ន្ធតុលាការនៅប្រទេស កម្ពុជា ក៏ដោយ។ ចំពោះការទាមទារប្រាក់សំណង ៥០ម៉ឺនដុល្លារ វាគ្រាន់តែជាសម្ពាធដាក់មកលើ រូបខ្ញុំ ឱ្យខ្ញុំដកថយ ឬរត់គេចតែប៉ុណ្ណឹងទេ មែន ទែនទៅ គេប្រើពាក្យមានការទប់ស្កាត់មិនឱ្យ ខ្ញុំចេញក្រៅ ប៉ុន្តែបំណងរបស់គេមែនទែន គឺ ចង់ឱ្យខ្ញុំចេញក្រៅទេ ព្រោះខ្ញុំចេញក្រៅទៅ វាមានលក្ខខណ្ឌ២ ចេញក្រៅទៅ ដើម្បីទៅ ប្រាប់ប្រជាពលរដ្ឋថា ខ្ញុំខ្លាចអីអ៊ីចឹងទៅ ដើម្បី ប្រាប់ប្រជាពលរដ្ឋថា ខ្ញុំធ្វើដើម្បីយកតែរួចខ្លួន យកមុខខ្លួនឯងអីអ៊ីចឹងទៅ គេចេះតែនិយាយ ដើម្បីបំបាក់ស្មារតីអ្នកតស៊ូមតិក្រោយៗទៀត អ៊ីចឹងទៅ។ ចំណុចទី២ របៀបរបបនៃការហាម មិនឱ្យខ្ញុំចេញក្រៅរបស់គេ វាអាចដែលថា បើ សិនជាយើងចេញ គេមានលេសគ្រប់គ្រាន់ក្នុង ការចាប់ឱ្យកាន់តែលឿន ពីព្រោះអ្វីដែលគេ ចង់បាន ខ្ញុំមើលឃើញថា គេចង់ចាប់ខ្ញុំឱ្យបាន លឿន ដើម្បីបិទសិទ្ធិសេរីភាពក្នុងការនិយាយ ស្តីរបស់ខ្ញុំ មិនឱ្យខ្ញុំបង្ហាញពលរដ្ឋអំពីអ្វីដែលជា អសមត្ថភាពដឹកនាំរបស់គេ ហើយឱ្យពលរដ្ឋ យល់អំពីការប្រើសិទ្ធិជាមូលដ្ឋានរបស់គាត់ ក្នុង សង្គមប្រជាធិបតេយ្យ ក្នុងការតស៊ូមតិ រួមកម្លាំង ឱ្យបានខ្លាំងច្រើន ក្នុងការនាំសេចក្តីសង្ឃឹមនៃ ការផ្លាស់ប្តូរជូនប្រទេសជាតិហ្នឹង ឱ្យបានកាន់ តែឆាប់ គឺផ្លូវទៅកាន់ប្រជាធិបតេយ្យពិតប្រាកដ នីតិរដ្ឋដែលគេមិនបំពានច្បាប់

លោកគឹម សុខ មានប្រសាសន៍បន្តថាសំខាន់និយាយពីរឿងក្តីក្តាំរំបស់ខ្ញុំ គេប្តឹងខ្ញុំៗ សំណូមពរឱ្យអ្នកប្តឹងយើងទាំងអស់គ្នា តតាំង គ្នានៅផ្លូវតុលាការតាមច្បាប់ដោយសេចក្តីថ្លៃថ្នូរ បំផុត មានន័យថា កុំគាបសង្កត់ផ្លូវចិត្តខ្ញុំ អ្វី ដែលមិនមែនជារឿងត្រឹមត្រូវតាមច្បាប់ ហើយ កុំគាបសង្កត់ចាប់អ្នកដែលគ្រាន់តែរាប់អានជាមួយខ្ញុំដាក់ឃុំ ដូចជាចាប់មិត្តភក្តិខ្ញុំ និងគ្នាគាត់ គ្រាន់តែដំណើរខ្ញុំ ជូនដំណើរជិះឡានជាមួយខ្ញុំ ពី VOA មកដល់ផ្ទះ ពីល្ងាចមិញ ចាប់គាត់ ដាក់ឃុំនៅអធិការដ្ឋានខណ្ឌដូនពេញ។ អ៊ីចឹង អាហ្នឹងវាជាទង្វើដែលមនុស្សថ្លៃថ្នូរ ដែលគេ ធ្វើមិនកើតទេ ដូច្នេះខ្ញុំសំណូមពរឱ្យដើមបណ្តឹង ប្រកួតប្រជែង ឬក៏យើងឡើងតតាំងគ្នាតាម ផ្លូវតុលាការ ដោយសេចក្តីថ្លៃថ្នូរបំផុត ហើយ ចំណុចសំខាន់មួយទៀត គឺថា រឿងក្តីក្តាំនេះ អ្នក ណាក៏ដឹងវាមិនមែនជាហេតុផលដែលគេចង់ ចាប់ខ្ញុំក្នុងលក្ខខណ្ឌផ្ទាល់ខ្លួនដែលខ្ញុំនិយាយហ្នឹង ទេ មើលទៅជាហេតុផលសង្កត់សិទ្ធិសេរីភាព ក្នុងការនិយាយស្តីរបស់ខ្ញុំ ហើយសង្កត់ឱ្យបាន ឆាប់កាន់តែល្អ តាមអ្វីដែលគេចង់បាន។ ដូច្នេះ ហើយវាជារូបភាពមួយក្នុងហេតុផលសង្កត់សិទ្ធិ សេរីភាពបុគ្គលក្នុងការនិយាយស្តីពីបញ្ហាសង្គម និងនយោបាយ។ ដូច្នេះគំនិតដែលខ្ញុំចង់បង្ហាញ ពលរដ្ឋថាខ្ញុំនៅទីនេះ ខ្ញុំតតាំងនៅទីនេះ ដែល ខ្ញុំនិយាយនៅទីហ្នឹង ហើយចង់ឱ្យមានការផ្លាស់ ប្តូរនៅទីហ្នឹង គឺចង់ឱ្យប្រជាពលរដ្ឋមើលឃើញ ថារឿងរ៉ាវទាំងឡាយ សម្រាប់ការឈានទៅ ដល់ការផ្លាស់ប្តូរសង្គមមូយមាននីតិរដ្ឋពិតប្រាកដ មិនមែនបំបាក់ក្រុមណា ធ្វើបាបក្រុមណាទេ ដើម្បីឱ្យសង្គមហ្នឹងវាមាននីតិរដ្ឋពិតប្រាកដ។ ហេតុដួច្នេះហើយ ត្រូវតែមានការចូលរួមឱ្យ បានច្រើនបំផុតនៃការចូលរួមកម្លាំងក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ នីតិរដ្ឋពិតប្រាកដ។ ហេតុ ដូច្នេះហើយខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋយល់ ពីតម្លៃនៃការរួមកម្លាំងជាតិ រួមកម្លាំងប្រជាធិបតេយ្យ ហើយចូលរួមជាមួយគ្នា អនុវត្តសិទ្ធិ របស់បងប្អូន ក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យ រដ្ឋធម្មនញ្ញ ការពារពិតប្រាកដ។ ដូច្នេះទាល់តែយើងធ្វើបែបហ្នឹង ទើបអាចនាំប្រទេសជាតិ យើងទៅកាន់ស្ថានមួយនៃការផ្លាស់ប្តូរក្នុងអ្វី ដែលចង់បាន និងមើលឃើញថា ប្រជាធិបតេយ្យ ដែលគ្រប់គ្នាមិនស្រក់ទឹកភ្នែក មិនស្រក់ឈាម ហើយរស់នៅបានសុខសាន្តទាំងអស់គ្នា មិនមែន ដើម្បីគាបសង្កត់ ឬបំបាក់ក្រុមណាម្នាក់ទេ

គួររំលឹកថា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន កោះធំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសថា ពាក្យបណ្តឹងរបស់សម្តេច ដែលប្តឹងលោកគឹម សុខ អ្នកវិភាគ ទាក់ទងនឹង ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី នោះ បាន ទៅដល់ដៃតុលាការហើយ ដោយនៅក្នុងបណ្តឹង នោះ សម្តេចទាមទារសំណងជំងឺចិត្តចំនួន៥០ ម៉ឺនដុល្លារ (២ពាន់លានរៀល) ហើយបើការ ទាមទារនោះបានដូចបំណងមែន សម្តេចនឹង យកទៅសង់មណ្ឌលសម្រាប់ជនពិការ។ សម្តេច ក៏បានសង្កត់ធ្ងន់ថា សម្តេចបានបញ្ជាឱ្យនគរបាល តាមដានអ្នកវិភាគរូបនេះ ដោយមិនឱ្យ រត់រួចជាដាច់ខាត ត្រូវតែប្រឈមនៅតុលាការ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មាន ប្រសាសន៍នៅពេលនោះថាខ្ញុំគ្រាន់តែសុំថា អ្នកទាំងឡាយឱ្យមានចេះការគោរពគ្នាក្នុងការ ធ្វើនយោបាយ ហើយបើគ្មានការគោរព និង ចោទបំពាន ហើយអ្នកអាចទទួលខុសត្រូវខាង រដ្ឋប្បវេណី ឬទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ហើយអារឿងចោទសម្លាប់គេនេះ គឺអានេះ ជាការញុះញង់ បង្កឱ្យមានចលាចល អាទោស នេះ ជាទោសដែលត្រូវជាប់គុក គុកផង លុយ ផង ហើយរឿង ហ្នឹង រឿងមួយរត់ទៅបាត់វា ទាស់តែពេលហ្នឹង ប្តឹងយកលុយ១រៀល។ បើ ប្តឹងយកឱ្យច្រើនបន្តិចបានលក់ឡៃឡុងហើយៗ ខ្ញុំអត់យកទៅណាទេ យកកសាងផ្ទះជនពិការ។ អាហ្នឹង និយាយគ្នាឱ្យច្បាស់អ៊ីចឹងតែហ្មង ហើយ អាហ្នឹង អ្នកខ្លះចូលមក Comment ជេរ។ បើ ខ្ញុំប្រើអំណាច ខ្ញុំឱ្យប៉ូលិសទៅចាប់តាំងពីម្សិល ម្សិលម្ងៃ ប៉ុន្តែអានេះខ្ញុំប្រើប្រព័ន្ធតុលាការ បើ ខ្ញុំប្រើអំណាច ខ្ញុំបញ្ជាប៉ូលិសព្រឹប វ៉ៃខ្នោះ យក មកទុកកន្លែងប៉ូលិសប៉ុន្មានម៉ោង៤៨ម៉ោង ចាំ បញ្ជូន បើខ្ញុំប្រើអំណាច ព្រោះវាស្ថិតនៅក្នុង ជាករណីបទល្មើសជាក់ស្តែងមួយដែរ បើសិន ជាយើងវែកញែកទៅលើអាបញ្ហាហ្នឹង ព្រោះ ជាការបង្កើតជំរុញឱ្យមានចលាចល តាមរយៈ នៃការមួលបង្កាច់នេះ…”

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈ មេធាវីតំណាងដោយអាណត្តិ គឺលោកគី តិច បានដាក់ពាក្យបណ្តឹងចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោកចោទ ប្រកានប់មួលបង្កាច់ និងទម្លាក់កំហុសយ៉ាង ងងឹតងងុល ទៅលើគណបក្សប្រជាជនកម្ពុជា ថាជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។ ក្នុង ពាក្យបណ្តឹងនោះ មេធាវីតំណាងដោយអាណត្តិ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សុំប្តឹងទី១ សុំឱ្យ តុលាការផ្តន្ទាទោសលើ លោកគឹម សុខ តាម ផ្លូវច្បាប់ និងទាមទារឱ្យលោកគឹម សុខ សង សំណងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជា ចំនួន ២ ០០០ ០០០ ០០០ (ពីរពាន់លាន) រៀល ស្មើនឹងប្រមាណ៥០ម៉ឺនដុល្លារអាមេរិក៕ កុលបុត្រ

RELATED ARTICLES