Wednesday, November 27, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីហួត ហាក់ ចេញទៅក្រសួងថ្មី កូនចៅឱបយំ ស្ដាយស្រណោះមេល្អ

រដ្ឋមន្ត្រីហួត ហាក់ ចេញទៅក្រសួងថ្មី កូនចៅឱបយំ ស្ដាយស្រណោះមេល្អ

ភ្នំពេញ ៖ បន្ទាប់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីអធិការកិច្ច ត្រូវបានផ្លាស់ប្តូរមកកាន់តំណែងក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវផ្លាស់ប្តូរទៅជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច មក មុនពេលចាកចេញពីកន្លែងចាស់ លោករដ្ឋមន្ត្រី ហួត ហាក់ បានទៅលាមន្ត្រីជាអតីតកូនចៅក្រោមឱវាទ នៅក្រសួងអធិការកិច្ច ហើយកូនចៅស្ទើគ្រប់គ្នា បានស្ទុះមកឱបយំគគ្រូកស្ដាយស្រណោះមេដ៏ល្អ មិនចែកឲ្យបែកឃ្លាតទៅណា។

មន្ត្រីនៅក្រសួងអធិការកិច្ច បានឲ្យដឹងដោយសុំមិនបញ្ចេញឈ្មោះថា ពួកគាត់ជាមន្ត្រីក្រោមឱវាទ ពិតជាស្តាយមេដ៏ល្អដូចលោករដ្ឋមន្ត្រីហួត ហាក់ នេះណាស់ មិនចង់ឲ្យលោកទៅណាចោលទេ ព្រោះលោករដ្ឋមន្ត្រី ក្រៅពីការងារហ្មត់ចត់ ច្បាស់លាស់ លោកប្រៀបដូចជាម៉ែឪដែលស្រឡាញ់ យកចិត្តទុកដាក់ចំពោះកូនទាំងអស់ ស្មើៗគ្មា មិនប្រកាន់បក្ខពួក លម្អៀងអគតិឡើយ ទើបក្នុងការដឹកនាំកន្លងមក មន្ត្រីក្រោមឱវាទទាំងអស់ គោរពស្រឡាញ់លោករដ្ឋមន្ត្រីណាស់។ ជាក់ស្តែងនៅពេលលោករដ្ឋមន្ត្រី លាពួកគាត់ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ពួកគាត់ទឹកភ្នែកស្ទើគ្រប់គ្នា។

 សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោក សុខ សូកេន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ នៅរសៀលថ្ងៃដដែលនោះ សម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងបានទទួលព្រះរាជនុញ្ញាតពីព្រះមហាក្សត្រ បានចេញព្រះរាជ ក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោកហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួសលោកសុខ សូកេន ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច។

 គួររំលឹកថា មុនពេលរដ្ឋសភា បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ផ្លាស់ប្តូរលោកសុខ សូកេន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ មកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច នេះ រដ្ឋមន្ត្រីវ័យក្មេង ជាកូនប្រុសសម្ដេចសុខ អាន រូបនេះ ត្រូវបានសារព័ត៌មានខេមបូឌាដេលីខ្មែរ ផ្សាយជាបន្តបន្ទាប់ថា មន្ត្រីជាច្រើននាក់ ក្នុងក្រសួងទេសចរណ៍ បានស្នើនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត ដកតំណែង ដោយចោទថា ដឹកនាំជិត១ឆ្នាំ គ្មានឃើញការរីកចម្រើន ថែមទាំងបានរងការចោទប្រកាន់ថា គប់គិតជាមួយលោក សូ ម៉ារ៉ា រដ្ឋលេខាក្រសួងទេសចរណ៍ ដែលជាឪពុកមា កម្ចាត់មន្ត្រីចាស់ៗដែលស្និទ្ធនឹងអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន ដើម្បីដាក់បក្ខពួករបស់ខ្លួនចូល ។

ជាក់ស្តែង កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានខេមបូឌាដេលីខ្មែរ បានផ្សាយថា មានមន្ត្រីជាច្រើននាក់ ក្នុងក្រសួងទេសចរណ៍ បានស្នើឱ្យនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន ម៉ាណែត ដកតំណែងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន ចេញពីតំណែង ព្រោះវិស័យទេសចរណ៍របស់កម្ពុជា អាចនឹងដួលរលំ ដោយ សារតែរដ្ឋមន្ត្រីក្រសួងនេះ។

បន្ទាប់មកទៀត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានដដែល បានផ្សាយថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិ បាលកម្ពុជា ទម្លាយថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកសុខ សូកេន កំពុងគប់គិតជាមួយលោកសូ ម៉ារ៉ា ដែលត្រូវជាឪពុកមាបង្កើតរបស់ខ្លួន រៀបចំល្បិចកលកម្ចាត់មន្ត្រីដែលមិនមែនជាសែស្រឡាយបក្ខពួកខ្លួន ឱ្យអស់ពីក្រសួង ដើម្បីបញ្ចូលមនុស្សថ្មី ដែលពួកគេបានរៀបចំទុក។

ទោះបីជាយ៉ាងណា ក្រោយទទួលរងការចោទប្រកាន់ខាងលើនេះ ក្រសួងទេសចរណ៍ បានចេញលិខិតស្រាយបំភ្លឺ ដោយបានបញ្ជាក់ថា បណ្តាញឃោសនានយោបាយ និងផ្សព្វផ្សាយព័ត៌មានខុសច្បាប់ និងអគតិជ្រុលនិយម បានចុះផ្សាយខ្លឹមសារព័ត៌មានមិនពិត ចោទប្រកាន់ដោយបំភ្លៃ គ្មានមូលដ្ឋាន និងមានចេតនាបំពុលសង្គម បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ក្រសួងទេសច រណ៍។ ក្រសួងទេសចរណ៍ បានបដិសេធថា លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ពុំមែនជាឪពុកមាបង្កើតរបស់លោកសុខ សូកេន នោះទេ៕ ខៀវទុំ

RELATED ARTICLES