ភ្នំពេញ ៖ ក្រោយពេលសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពូជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មក លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសនៅប្រទេសហ្វាំងឡង់ បានលើកឡើងថា សម្ដេចហ៊ុន សែន និងលោកសុខ ឥសាន ចាញ់យុទ្ធសាស្រ្តរបស់ខ្លួនហើយ ។
លោកគឹម សុខ បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ថា “ជយោ ស្មារតីតស៊ូការពារទឹកដីជាតិ របស់ប្រជាពលរដ្ឋខ្មែរ !!! លោកហ៊ុន សែន និងលោកសុខ ឥសាន ចាញ់ខ្ញុំហើយ បន្ទាប់ពីលោកសុខ ឥសាន ជេរប្រមាថខ្ញុំសម្បើមណាស់ ក្នុងរឿង CLV។ ខ្ញុំប្រាប់ហើយថា អ្នកចេះយុទ្ធសាស្ត្រ មិនមែនមានតែលោកហ៊ុន សែន ទេ។ លោកហ៊ុន សែន អាចដេកមិនលក់ និងនៅតែឆ្ងល់ រកចម្លើយមិនឃើញឡើយថា CLV ២៥ឆ្នាំហើយ និងកន្លងមក មានអ្នកនិយាយក៏ច្រើនមកហើយដែរ តែបែរជាមិនផ្ទុះ ចុះហេតុអ្វីក៏ផ្ទុះកក្រើកនៅពេលនេះ? ចម្ងល់នេះ ទំនងជាមានតែខ្ញុំម្នាក់ទេ ដែលអាចបំភ្លឺលោកហ៊ុន សែន ឲ្យច្បាស់បាន។ បើចង់ឲ្យខ្ញុំប្រាប់ឲ្យបាត់ភាពងងឹត សូមប្រកាសស្ដារប្រជាធិបតេយ្យកម្ពុជា មួយទៀត បន្ទាប់ពីបញ្ចប់គម្រោង CLV ជាមួយវៀតណាម“ ។
លោកគឹម សុខ បានលើកបន្ថែមនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា “នីតិមាត់ហៀរកែង វង្វេងប្រើដល់នយោបាយការទូត CLV។ អំណាចគ្រួសារហ៊ុន នាំតែគ្រោះ និងភាពអាម៉ាស់ ដល់ប្រជាជាតិខ្មែរ។ … ស្នៀតលុបពាក្យ CLV-DTA តែរក្សាយុទ្ធសាស្ត្រឈ្លានពានរបស់វៀតណាម ប៉ងលេបយកកម្ពុជា“ ។
លោកគឹម សុខ បានសរសេរបន្ថែមទឿតនៅថ្ងៃដដែលនោះថា «ការប្រឆាំងCLV ជារឿងត្រឹមត្រូវ តែកុំប្រឆាំង CLMV ។ CLMV (C=កម្ពុជា L=ឡាវ M=មីយ៉ាន់ម៉ា និង V=វៀតណាម) គឺជាសមាគមប្រទេសឆ្នាំ២០០០ ដែលជាសមាជិកថ្មីបំផុត មានចំណូលទាបបំផុត និងមានសេដ្ឋកិច្ចអន់ នៅក្នុងសមាគមអាស៊ាន (ASEAN)។ CLMV ថ្ងៃក្រោយក៏អាចក្លាយជា CLMTV ដោយថែមទីម័រ (Timor-Leste) ពេលប្រទេសនេះចូលជាសមាជិកផ្លូវការថ្មីរបស់អាស៊ាន។
CLMV ជាសមាគមប្រទេសក្នុងយន្តការអាស៊ាន ដែលពុំមានអ្វីគួរឲ្យបាម្ភច្រើនទេ គឺខុសពីគម្រោង CLV ដែលជាសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម ក្រោមល្បិចកលនៃមហិច្ឆតាក្ដោបក្ដាប់ឥណ្ឌូចិន របស់វៀតណាម ក្រៅពីក្របខ័ណ្ឌអាស៊ាន។ ចំណុចគន្លឹះមួយ ក្នុងចំណោមវិធីដំណើរការ CLMV គឺតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច CLMV។
ដោយនិយាយពាក្យងាយយល់ CLMV ជារបស់អាស៊ាន រីឯ CLV ជារបស់វៀតណាម ឈ្លានពាន។
យុទ្ធនាការរបស់ពលរដ្ឋខ្មែរ ប្រឆាំង CLV ជារឿងត្រឹមត្រូវ ពីព្រោះយើងប្រឆាំងឧបាយកលនយោបាយឈ្លានពានរបស់វៀតណាម ដែលប៉ងលេបយកកម្ពុជា ទាំងមូល តែកុំប្រឆាំង CLMV។ បើប្រឆាំង CLMV = ប្រឆាំងយន្តការអាស៊ាន»។
ទោះបីយ៉ាងណា ទាក់ទងនឹងការលើកឡើងរបស់លោកគឹម សុខ ខាងលើនេះ លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ថា “ការដែលលុបចោលគម្រោងអភិវឌ្ឍតំបន់ CLV នេះ មិនមែនយកឈ្នះចាញ់ទៅលើបុគ្គលណាទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មិនពាក់ព័ន្ធអីជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ឬអ្នកវិភាគរត់ចោលស្រុក (គឹម សុខ) ដែរ ពីព្រោះអ្នកវិភាគរត់ចោលស្រុកនេះ អត់មានតម្លៃអីដែលត្រូវរាជរដ្ឋាភិបាលឆ្លើយតបទេ“ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា ក្នុងនាមសម្តេច ជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត បានសម្រេចចិត្តថា កម្ពុជា បញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការ ទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ។
សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅពេលនោះ ដែលមានខ្លឹមសារទាំងស្រុងថា «ជូនបងប្អូនជនរួមជាតិ ជាទីស្រឡាញ់ ! តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំមកហើយ និងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី។ ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជន ដែលបានធ្វើឱ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជាការចោទប្រកាន់ថា រាជរដ្ឋាភិបាល បានកាត់ទឹកដីនៃខេត្តទាំង៤ នៃភាគឦសាន ឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុក បង្កអស្ថិរភាពដល់សង្គមជាតិ។
រាជរដ្ឋាភិបាល បានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយម បានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។
ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយម បានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។
ដោយគិតគូរពីកង្វល់របស់ប្រជាជន លើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជា បញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការ ទៅប្រទេសវៀតណាម និងប្រទេសឡាវ រួចហើយដែរ។
យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគី រវាងប្រទេស និងប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។
មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាល ក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។
ពួកជ្រុលនិយម អាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេ លើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាល ចេះដោះស្រាយកង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ»។
ចំណែកសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់សម្តេច នៅរាត្រីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នោះដែរ អំពីការសម្រេចចិត្តបញ្ចប់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នេះ ដែលមានខ្លឹមដូចគ្នានឹងសាររបស់សម្តេចហ៊ុន សែន ខាងលើនេះផងដែរ៕ កុលបុត្រ