ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរដល់ប្រជាជាតិខ្មែរ ទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍នូវស្មារតីរូបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស ។
ព្រះករុណាព្រះមហាក្សត្រ បានសំណូមពរបែបនេះ នៅព្រឹកថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសដែលព្រះអង្គ បានយាងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងស្ថិតនៅខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ ចំថ្ងៃខួបលើកទី៣១ នៃទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៤) ។
វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ ដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព។ ស្ថាបត្យកម្មនៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាប ត្យករបានធ្វើសំយោគបញ្ចូលក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះ ផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ក្នុងសណ្ឋានជារូបភាពសំយោគរវាងស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវនិមិត្តរូបនៃគុណតម្លៃទំនើប និងស្ថាបត្យកម្មខ្មែរបុរាណ សម្ដែងនូវនិមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះ មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យយាងថ្លែងព្រះរាជសុន្ទរកថា ដែលមានខ្លឹមសារថា «ថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំ មានហឫទ័យសោមនស្សរីករាយជាអនេក ដោយបានចូលរួមជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដ៏ល្អវិចិត្រ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ប្រជាជាតិខ្មែរយើង ។ កាលពីឆ្នាំ២០២៣កន្លងទៅ ព្រះរាជាណាចក្រកម្ពុជា នៃយើង បានប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ ដ៏អធិកអ ធមជាប្រវត្តិសាស្ត្រ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ហើយនៅថ្ងៃនេះ ត្រូវជាខួប ៣១ឆ្នាំ ដែលប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង ។
ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ុម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានធ្វើរបាយការណ៍ ប្រកបដោយខ្លឹមសារដ៏មានសារសំខាន់ អំពីទស្សនាទាន និងដំណើរការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ដែលជាបូជនីយដ្ឋានតំណាងរដ្ឋធម្មនុញ្ញ នៃជាតិយើង»។
ព្រះរាជសុន្ទរកថាព្រះមហាក្សត្រ បន្តថា «ជាសច្ចធម៌មិនអាចប្រកែកបាន រយៈពេលជាង៣០ឆ្នាំ នៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណា ចក្រកម្ពុជា មានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញនិងដឹកនាំអនុវត្តផ្ទាល់ ប្រកបដោយភាពប៉ិនប្រសប់ ឈ្លាសវៃ ដ៏ឆ្នើម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធ ផលដ៏ធំធេងក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និង ការពង្រឹង ឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជា «កោះសន្តិភាព» ឡើងវិញ ផ្អែកលើប្រ ព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឲ្យប្រទេសជាតិ បានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន ។ សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមនេះ គឺជាមរតករបស់ជាតិ ដែលកំពុងត្រូវបានថែរក្សានិងបន្តអភិវឌ្ឍ ប្រកបដោយភាពអង់អាចស្វាហាប់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងកាលបច្ចុប្បន្ន ដើម្បីបន្តដឹកនាំកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍ ក្លាយជាអរិយប្រទេស »។
ព្រះរាជសុន្ទរកថាព្រះមហាក្សត្រ បន្តថា «សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់ សម្រេចបានយ៉ាងដូច្នេះ ខ្ញុំព្រះ ករុណា ខ្ញុំ សំណូមពរ សូមប្រជាជាតិខ្មែរ ទាំងមូល តាំងចិត្តក្នុងសមាទិដ្ឋិ ប្រកាន់យកជានិច្ចនិរន្តរ៍ នូវស្មារតី ៖ «យើងប្រជារាស្ត្រខ្មែរ រូបរួមគ្នាថែរក្សា ការពារ គោរពខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើបរួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង» ។
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិ ជាទីមេត្រី! អាស្រ័យដោយរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ មានអត្ថិភាពនិងស្ថិរភាពជាងបីទសវត្សរ៍ ជារយៈពេលមួយវែងក្នុងប្រវត្តិរដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ធានាបានភាពរឹងមាំនៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមាន វិមានរដ្ឋធម្មនុញ្ញ សម្រាប់ឱ្យខេមរជន ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹងនូវគុណបំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិកនិងជាប្រតិបត្តិករនៃច្បាប់កំពូលមួយនេះ និងសូមគោរព ចងចាំ អំពីក្រមសីលធម៌ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមគោរពចំពោះវិញ្ញាណក្ខន្ធរបស់ឥស្សរជនដែលបានខិតខំរូបរួមគ្នាយ៉ាងស្វិតស្វាញ កសាងរដ្ឋធម្មនុញ្ញចាប់ពីឆ្នាំ១៩៩៣ មក ហើយដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ សូមវិញ្ញាណក្ខន្ធឥស្សរជនទាំងនោះ បានប្រកបដោយសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ព្រះរាជសុន្ទរកថាព្រះមហាក្សត្រ បន្តទៀតថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានហឫទ័យរំភើបជាអនេក ពេលបានឃើញវិមានរដ្ឋធម្មនុញ្ញ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ក្នុងទម្រង់សិល្បៈស្ថាបត្យកម្មដ៏ល្អវិចិត្របែបនេះ ។ ផ្អែកតាមខ្លឹមសារនៃរបាយការណ៍របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ យើងអាចសន្និដ្ឋានបានថា វិមានរដ្ឋធម្មនុញ្ញ គឺជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋ តំណាងឱ្យនិមិត្តរូបនីតិរដ្ឋ ដែលមាន រដ្ឋធម្មនុញ្ញ ជាកំពូលនៃច្បាប់ផងទាំងឡាយ នៅព្រះរាជាណាចក្រកម្ពុជាយើង ។
ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ បានឧបត្ថម្ភគាំទ្រដល់កិច្ចកសាងវិមាននេះ រហូតសម្រេចជាស្ថាពរ។ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរសើរនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកផ្តួចផ្តើមគំនិត, បង្កើតទស្សនាទាន និងដឹកនាំការកសាងវិមានរដ្ឋធម្មនុញ្ញ ដ៏ពិសិដ្ឋនេះឡើង នៅលើទីតាំងប្រកបដោយជយភូមិ ដែលជាសំណង់បេតិកភណ្ឌជាតិ ដ៏វិសេសវិសាលនេះ បានបង្ហាញឱ្យឃើញអំពីតំណភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងអតីតកាលដ៏ថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ ដែលធ្លាប់មានអរិយធម៌ឧត្តុង្គឧត្តម, កិត្យានុភាពខ្ពង់ខ្ពស់ តាំងពីបុរាណកាលរៀងមក ។ សូមកោតសរសើរបណ្ឌិត ជាស្ថាបត្យករ, នីតិបញ្ញវន្ត, វរសិល្បករ និងក្រុមជាងគ្រប់ផ្នែកទាំង ឡាយ ដែលបានរួមចំណែកក្នុងដំណើរការកសាងវិមានរដ្ឋធម្មនុញ្ញនេះ រហូតទទួលបានសមិទ្ធផលដ៏ល្អស្កឹមស្កៃនេះឡើង។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូន ជនរួមជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការ ជានិច្ចនិរន្តរ៍តទៅ»៕ ខៀវទុំ