ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ខាងក្រុមលោកសម រង្ស៉ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) និងអ្នកឃ្លាំមើល ដែលបានលើកឡើងថា ការដែលរាជរដ្ឋាភិបាល ឲ្យពលរដ្ឋទៅលេងព្រំដែន ដោយមិនគិតថ្លៃ ដោយផ្តល់ជូននូវមធ្យោបាយធ្វើដំណើរ និងអាហារហូបចុកថែមទៀតនោះ គ្រាន់តែជាឆាកល្ខោនលាក់បាំងការពិត រឿងសម្ដេចហ៊ុន សែន ចុះសន្ធិសញ្ញាព្រំដែនខុសច្បាប់ ជាមួយវៀតណាម តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បន្ទាប់ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចរៀបចំឲ្យប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទៅកាន់តំបន់ព្រំដែន នៅភាគឦសាននៃប្រទេស ចាប់ពីខែកញ្ញា ដល់ចុងខែធ្នូ ឆ្នាំ២០២៤ ដើម្បីបានមើលឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍនៅតំបន់ព្រំដែន ដោយរាជរដ្ឋាភិបាល ជាអ្នកផ្តល់ជូននូវមធ្យោបាយធ្វើដំណើរ និងអាហារ មកនោះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៉ី និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានលើកឡើងថា ការរៀបចំឲ្យពលរដ្ឋទៅដើរកម្សាន្តនៅព្រំដែននេះ គឺជាឆាកល្ខោនលាក់កំបាំងការពិត ដែលសម្ដេចហ៊ុន សែន បានចុះសន្ធិសញ្ញាព្រំដែនខុសច្បាប់ ជាមួយវៀតណាម តែប៉ុណ្ណោះ ។
លោកអ៊ុំ សំអាន បានសរសេរក្នុងគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកកាលពីពេលថ្មីៗនេះថា «ការដឹកពលរដ្ឋទៅមើលបង្គោលព្រំដែន នៅខេត្តនាទិសឦសានក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) គ្រាន់តែជាឆាកល្ខោន និងជានយោបាយប្រជាភិថុតិ ដើម្បីបង្វែរសភាពការណ៍ពីការទាមទារឲ្យរដ្ឋាភិបាលដកខ្លួនពីគម្រោងត្រីកោណអភិវឌ្ឍន៍ (CLV) និងបំភាន់ភ្នែកពលរដ្ឋ ពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម តែប៉ុណ្ណោះ។ ដំណើរកម្សាន្តនេះ គ្រាន់តែជាដំណើរកម្សាន្តបែបទេសចរណ៍តែប៉ុណ្ណោះ ហើយរដ្ឋាភិបាលរៀបចំឲ្យពលរដ្ឋទៅកន្លែងណាដែលរដ្ឋាភិបាលចង់ឲ្យទៅតែប៉ុណ្ណោះ ហើយមិនហ៊ានឲ្យជួបពលរដ្ឋដែលបានបាត់បង់ដីស្រែចម្ការ ទៅវៀតណាម នោះទេ ព្រមទាំងនិយាយអ្វីដែលគេរៀបចំឲ្យនិយាយ»។លោកអ៊ុំ សំអាន សរសេរបន្តថា «បើចង់ឲ្យពលរដ្ឋដឹងការពិតថា តើការបោះបង្គោលព្រំដែន កន្លងមក បានបាត់បង់ទឹកដីខ្មែរឬអត់? រដ្ឋាភិបាល ត្រូវតែបើកចំហឲ្យពលដ្ឋទូទៅ មន្រ្តីបក្សប្រឆាំង ដូចជា លោក រ៉ុង ឈុន និងយុវជន ទៅមើលព្រំដែន ដោយសេរី ហើយកុំចាប់ពួកគេ និងលោករ៉ុង ឈុន ដាក់គុកទៀត។ បើបើកចំហដោយសេរី ពលដ្ឋទូទៅ មន្រ្តីបក្សប្រឆាំង និងយុវជន នឹងទៅកន្លែងដែលបាត់ដីខ្មែរ ទៅវៀតណាម និងទៅជួបពលរដ្ឋខ្មែរដែលបានបាត់បង់ដីស្រែចម្ការ ទៅវៀតណាមហើយប្រាកដជាស្វែងរកការពិតឃើញថា ការបោះបង្គោលព្រំដែន កន្លងមក ពិតជាបានបាត់បង់ទឹកដីខ្មែរ ទៅវៀតណាម ប្រាកដមែន។ ពេលការដឹកពលរដ្ឋទៅមើលតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) ត្រូវនាំទៅមើលក្នុងដីសម្បទានសេដ្ឋកិច្ចឲ្យយោធាវៀតណាម និងក្រុមហ៊ុនវៀតណាម ជាង ២៤ម៉ឺនហិកតារផង ទើបដឹងថា មានកម្មករវៀតណាម រាប់ម៉ឺននាក់ កំពុងរស់នៅនិងធ្វើជាកម្មករ លើចម្ការកៅស៊ូ ចម្ការចេក និងចម្ការដូងប្រេង ជាដើម។ ដំណើរកម្សាន្តនេះ មនុស្សភាគច្រើនជាយុវជនរបស់គណបក្សប្រជាជន ដែលគេឲ្យទៅសម្តែងល្ខោន បំភាន់ភ្នែកពលរដ្ឋតែប៉ុណ្ណោះ។ រដ្ឋាភិបាល គួរតែនាំពលរដ្ឋទៅមើលដីខ្មែរ ប្រមាណ ៥១គីឡូម៉ែត្រការ៉េ ដែលវៀតណាម កំពុងកាន់កាប់ទាំងស្រុង ក្នុងតំបន់ដាក់ដាំ ដាក់ហ៊ូត ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ផង»។
បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ថា“ ពិតហើយ អ្វីដែលក្រុមគ្រួសារហ៊ុន រ់ៀបចំឲ្យទៅដើរកម្សាន្តតាមព្រំដែនហ្នឹង ប្រាកដជាឆាកល្ខោន ជាប្រជាភិថុតិ ដើម្បីបិទបាំងការពិត ដែលលោកហ៊ុន សែន បានធ្វើសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ សម័យួន ត្រួតត្រាហ្នឹង ដើម្បីកាត់ដីខ្មែរ ទៅឲ្យយួន ហើយយើងឃើញថា ការដែលនាំប្រជាពលរដ្ឋទៅមើលព្រំដែនហ្នឹង អត់បានទៅមើលតំបន់ដែលបាត់ដីទៅយួន ផង អត់បានជួបជនរងគ្រោះដែលបាត់ដីទៅយួន ផងហ្នឹង ។ អាហ្នឹងធ្វើម៉េចបានដឹង ហើយទៅហ្នឹង ធ្វើតាមគេរៀបចំ ទៅកន្លែងដែលគេចង់ឲ្យទៅ ហើយអ្វីដែលគេចង់ឲ្យនិយាយអ៊ីចឹងឯង ហើយបើសិនជាចង់ដឹងការពិត បើកឲ្យគណបក្សប្រឆាំង ឲ្យសង្គម ឲ្យលោករ៉ុង ឈុន អី ឲ្យយុវជនអី ទៅមើលព្រំដែនដោយឯករាជ្យទៅ មិនបាច់នាំគេទៅទេ គេចង់ទៅកន្លែងណា ទៅកន្លែងហ្នឹងទៅ ឲ្យទៅជួបជនរងគ្រោះទៅ ដែលបាត់បង់ដីទៅយូនហ្នឹង អាហ្នឹងប្រាកដជាដឹងថា ដីខ្មែរ បាត់បង់ហើយ ប៉ុន្តែទៅវិញ អ្នកផ្សេង ដែលក្រៅពីការរៀបចំរបស់រដ្ឋាភិបាលទៅ គេចាប់ដាក់គុក ដូចលោករ៉ុង ឈុន អ៊ីចឹង ប៉ុន្តែដល់អ្នកគេនាំទៅដើម្បីសម្ដែងល្ខោន ឆាកល្ខោនហ្នឹង អាហ្នឹងបានគេឲ្យទៅ ដើម្បីថតដាក់ទូរទស្សន៍ តាមវិទ្យុ ទូរទស្សន៍ហ្នឹង ទៅបោកប្រជាពលរដ្ឋទៅ អាហ្នឹងបានគេឲ្យទៅ អាហ្នឹងយើងឃើញជាក់ស្ដែងអ៊ីចឹង“ ។
ចំណែកលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃដដែលនោះថា ការរៀបចំឲ្យប្រជាពលរដ្ឋទៅមើលព្រំដែននោះ ជាការលាក់បាំង ជាល្បែងថ្ពឹនភ្នែកប្រជាពលរដ្ឋ ដោយអាជ្ញាធរចេះតែនាំប្រជាពលរដ្ឋទៅមើលព្រំដែន ហើយឲ្យប្រជាពលរដ្ឋលើកដៃសាទរថា បង្គោលព្រំដែនត្រឹមត្រូវតាមផ្លូវច្បាប់។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “ខ្ញុំសូមជូនយោបល់ថា ការរៀបចំប្រជាពលរដ្ឋទៅមើលព្រំដែន ដែលលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បានធ្វើរៀងរាល់សប្ដាហ៍ហ្នឹង គឺឲ្យតែប្រជាពលរដ្ឋហ្នឹង ទៅមើលតែបង្គោលព្រំដែនដែលគេបោះហើយស្រាប់ហ្នឹង ហើយប្រជាពលរដ្ឋ លោកអត់ដឹងរឿងទេ ប្រជាពលរដ្ឋសាមញ្ញ លោកអត់ដឹងរឿងទេ អាទៅមើលបង្គោលព្រំដែន គេបោះស្រាប់ៗហើយហ្នឹង គឺគេណែនាំថា អាហ្នឹងបោះត្រឹមត្រូវតាមខ្សែបន្ទាត់ព្រំដែនអីអ៊ីចឹង ក៏ប៉ុន្តែសម្រាប់យើងអ្នកសិក្សាស្រាវជ្រាវ យើងមានឯកសារនៅក្នុងដៃ ឃើញថា ការបោះបង្គោលព្រំដែន ជាមួយកម្ពុជា-វៀតណាម គ្រប់ចំណុចទាំងអស់ សុទ្ធតែមានការលម្អៀង ហើយគ្រប់ចំណុចទាំងអស់ ធ្វើឡើងតាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ហើយធម្មតាធ្វើសន្ធិសញ្ញាហើយ បានគេយកផែនទីហ្នឹង មកវាស់វែង ហើយដល់ផែនទីដែលគេយកមកវាស់តាមសន្ធិសញ្ញាហ្នឹង អាផែនទីហ្នឹង វាត្រឹមត្រូវទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញ មាត្រាទី២ ព្រោះមាត្រាទី២ គេឲ្យប្រើផែនទីបោន របស់បារាំង ប៉ុន្តែក្នុងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ហ្នឹង ប្រើផែនទីបោន ប៉ុន្តែបោនហ្នឹងផលិតនៅស្រុកយួន នៅឆ្នាំ១៩៨៥ ដែលផែនទីខ្លះ មានបោះត្រាវៀតណាម ទៅទៀត ហើយផែនទីមួយប្រភេទទៀត គេយកផែនទី UTM ខ្នាត ១/៥០ ០០០ យកមកបោះដែរ ។ អាហ្នឹងផែនទីហ្នឹង ដែលសម្ដេចព្រះសីហនុ លោកប្រាប់ថា ផែនទីហ្នឹង វាអត់ត្រឹមត្រូវតាមច្បាប់ទេ ព្រោះអាមេរិកាំង គូសផែនទីនៅទសវត្សរ៍ឆ្នាំ១៩៦០ ហ្នឹង វាគូសចូលក្នុងដីខ្មែរ តែលោកហ៊ុន សែន យកអាផែនទីទាំងពីរហ្នឹង ទាំងប្រភេទបោន ខ្នាត ១/១០០ ០០០ និងអាផែនទីបោន ខ្នាត ១/៥០ ០០០ យកមកបោះឲ្យបានជាបង្គោលសព្វថ្ងៃហ្នឹង ។ អ៊ីចឹងបានឃើញថា បង្គោលខ្លះហ្នឹង វារអិលចូលក្នុងដីខ្មែរ ដែលបងប្អូនយើងបង្ហាញនៅលើបណ្ដាញសង្គម តាម Google Map នោះ ហើយក្នុងអា Google Map ទៀតសោតហ្នឹង វៀតណាម កំពុងតែកែតម្រូវជាមួយនឹងក្រុមហ៊ុនហ្គហ្គលហ្នឹង កែតម្រូវឲ្យអាផែនទីថ្មីហ្នឹង រត់ទៅលើខ្សែបន្ទាត់ត្រឹមត្រូវតាមខ្សែបន្ទាត់ថ្មី ។ អាហ្នឹងវាជាហានិភ័យណាស់ ហើយយើងដឹងច្បាស់ហើយថា ផែនទីដែលសម្ដេចសីហនុ តម្កល់នៅអង្គការសហប្រជាជាតិ ស្របនឹងមាត្រាទី២ នៃរដ្ឋធម្មនុញ្ញនោះ វាមាន១២៤បង្គោលរួចហើយ បោះក្នុងសម័យបារាំង ។ អាហ្នឹងយើងនិយាយដោយខ្លីទៅ គឺសម័យបារាំង អាបង្គោល១២៤ហ្នឹង មិនដឹងនៅឯណាទេ រកអត់ឃើញទេ តែឃើញតែបង្គោលថ្មីបច្ចុប្បន្នហ្នឹង» ។
លោកម៉ែន ណាត បន្តថា «អ៊ីចឹងហើយ ដែលយើងនិយាយថា ការនាំប្រជាពលរដ្ឋទៅមើលព្រំដែនហ្នឹង គឺជាការបិទបាំងការពិត ហើយឲ្យប្រជាពលរដ្ឋហ្នឹង និយាយតាមអ្វីដែលលោកហ៊ុន សែន ចង់បានហ្នឹង និយាយតាមអ្វីដែលលោកហ៊ុន ម៉ាណែត ចង់បានហ្នឹង ប៉ុន្តែយើងដឹងថា អាទឹកដីជាហ្នឹង មិនមែនលោកហ៊ុន ម៉ាណែត លោកហ៊ុន សែន ចង់បានហ្នឹង វាជារឿងត្រឹមត្រូវសម្រាប់ទឹកដីជាតិនោះទេ វាអត់ទេ អត់ត្រឹមត្រូវទេ ពីព្រោះលោកហ៊ុន សែន គាត់ធ្វើឡើងទៅតាមបញ្ជារបស់វៀតណាម តាំងពីឆ្នាំ១៩៨៥ នោះ ព្រោះសន្ធិសញ្ញាឆ្នាំ២០០៥ហ្នឹង គឺយកតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ហើយ១៩៨៥ ហ្នឹង អ្នកណាក៏ដឹងថា រដ្ឋាភិបាលកម្ពុជា ជំនាន់នោះ ជារដ្ឋាភិបាលខុសច្បាប់ដែរ ហើយកម្ពុជា ជំនាន់ហ្នឹង គ្មានកៅអីនៅអង្គការសហប្រជាជាតិទេ កម្ពុជា ជំនាន់ហ្នឹង ស្ថិតនៅក្រោមបញ្ជារបស់វៀតណាម ។ អ្នកណាក៏ដឹង រដ្ឋាភិបាលកម្ពុជា ជំនាន់ហ្នឹង គ្មានសិទ្ធិធ្វើសេចក្ដីសម្រេចចិត្តទេ ។ យើងឃើញជាឧទាហរណ៍ ដូចជាលោកប៉ែន សុវណ្ណ លោកចាន់ ស៊ី វៀតណាម បញ្ជាឲ្យចាប់ដាក់គុកនៅទីក្រុងហាណូយ លោកចាន់ ស៊ី ស្លាប់មិនដឹងមូលហេតុច្បាស់លាស់ផង ហើយលោកប៉ែន សុវណ្ណ ជាប់គុក ១០ឆ្នាំ ដោយសារវៀតណាម ចាប់យកទៅជំនាន់ហ្នឹង ហើយលោកហ៊ុន សែន ឡើងកាន់អំណាចជំនាន់ហ្នឹង ដោយសារវៀតណាមហ្នឹងគេពេញចិត្តពេញថ្លើម ពីព្រោះលោកហ៊ុន សែន ហ្នឹង បានចុះសន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨៥ ដែលយកមកបង្រ្គប់កិច្ចឡើងវិញ ឆ្នាំ២០០៥ កន្លងទៅហ្នឹង ហើយយកមកបង្រ្គប់កិច្ចហ្នឹងចម្រូងចម្រាស គំរាមផ្លាស់ប្ដូររបបទៀត វាមានឯកភាពជាតិពីណាមក? ហើយការធ្វើសន្ធិសញ្ញាព្រំដែន ការធ្វើកិច្ចព្រមព្រៀងព្រំដែន ដែលអត់មានការឯកភាពជាតិហ្នឹង តាមផ្លូវច្បាប់ គេអត់យកជាការទេ អាហ្នឹងជាគោលការណ៍ច្បាប់អន្តរជាតិ ច្បាប់ជាតិ ក៏អ៊ីចឹងដែរ គឺអត់យកជាការបានទេ ។ ក៏ប៉ុន្តែលោកហ៊ុន សែន នៅតែទទឹងទិស យកអាហ្នឹងមកជាត្រីមុខ ហើយយកអាហ្នឹងត្រីមុខហើយ អ្នកណាទិតៀនរឿងព្រំដែន ចាប់ប្រជាពលរដ្ឋដាក់គុក ចាប់គេគ្រប់គ្នាដាក់គុកទៅ ហើយអ្នកណាលើកដៃ អាជ័យធ្លាក់ទឹកជាមួយគ្នាទៅ គាត់នាំទៅមើលព្រំដែន ជួយបកស្រាយថា ការបោះបង្គោលត្រឹមត្រូវ“។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “រឿងដែលហ៊ុន សែន លាក់កំបាំងការពិតហ្នឹង វាមានរឿងបីបួនចំណុច ។ ចំណុចទី១ ខ្ញុំលើករួចហើយ រឿងនាំប្រជាពលរដ្ឋទៅមើលបង្គោលព្រំដែនបច្ចុប្បន្នហ្នឹង ហើយខ្ញុំរំលឹកឡើងវិញ អាបោះបង្គោលព្រំដែនបច្ចុប្បន្នហ្នឹង វាមិនត្រឹមត្រូវទៅតាមខ្សែបន្ទាត់ព្រំដែនចាស់ ១២៤បង្គោល ដែលបន្សល់ពីសម័យអាណានិគមបារាំងទេ ហើយអា ១២៤បង្គោល របស់អាណានិគមបារាំងហ្នឹង ធ្វើទៅតាមអនុសញ្ញាបារាំង-កូសាំងស៊ីន ឆ្នាំ១៨៧៣ ហើយលោកហ៊ុន សែន មិនបានទាំងរំលឹកអាហ្នឹងផង ហើយទៅធ្វើសន្ធិសញ្ញាថ្មីទៀត ហើយតាមប្រវត្តិធ្វើសន្ធិសញ្ញាហ្នឹង ៣ដង ។ សម័យបារាំង ១ដង ឆ្នាំ១៩៨៥ ១ដង ហើយឆ្នាំ២០០៥ ហ្នឹងម្ដងទៀត ហើយ ៣លើក ហ្នឹងមានការរំកិលចូលទឹកដីខ្មែរ រហូត បើតាមឯកសារ ហើយនិងតាមការរស់នៅប្រជាពលរដ្ឋជាក់ស្ដែងនៅតាមព្រំដែន អាហ្នឹងចំណុចទី១ ។ ហើយចំណុចទី២ ក្រឡែតៗអារឿងកោះត្រល់ រឿងចង្កោមកោះក្រចកសេះនោះ ទើបតែលោកហ៊ុន សែន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឆ្នាំ១៩៨២។ អ្នកណាក៏ដឹងថា ឆ្នាំ៨២ លោកហ៊ុន សែន ទទួលស្គាល់កោះត្រល់ កោះក្រចកសេះហ្នឹង ទៅឲ្យវៀតណាមគ្រប់គ្រងទាំងស្រុងដែរ ហើយលោកហ៊ុន សែន យកលេសថា បារាំង ជាអ្នកផ្ទេរ ។ បារាំង ឯណាផ្ទេរមក? អត់មានឯកសារណាបារាំងផ្ទេរមកទេ សូម្បីតែក្រឹត្យច្បាប់របស់សម្ដេចព្រះសុរាម្រឹត ឆ្នាំ១៩៥៧ ក៏និយាយពីតម្កល់កោះត្រល់ហ្នឹង ជារបស់ខ្មែរ ។ សម្ដេចអង្គឌួង សម្ដេចព្រះសីហនុ ក្រោយមកទៀត ក៏នៅតែកោះត្រល់ ជារបស់ខ្មែរ ហ្នឹងមានទាំងសំឡេងនៅទៀត សម្ដេចសីហនុ ហើយសម័យលន់ នល់ ក៏កោះត្រល់ របស់ខ្មែរ សម័យអាពត ក៏កោះត្រល់ នៅជារបស់ខ្មែរដែរ បើលោកខៀវ សំផន បញ្ជាក់ច្បាស់ក្រឡែត មានទាំងសំឡេងទៀត ។ អ៊ីចឹងមានអ្នកណាហ៊ានទទួលស្គាល់? មានតែលោកហ៊ុន សែន ម្នាក់ឯងហ្នឹង ដែលហ៊ានទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម អាហ្នឹងជាការបិទបាំងទី២ ។ ការបិទបាំងទី៣ គឺលោកហ៊ុន សែន ធ្វើសារាចរណែនាំ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ១៩៨៦ ។ ធ្វើសារាចរណែនាំហ្នឹងហើយ ដែលធ្វើឲ្យវៀតណាមហ្នឹង ចូលយ៉ាងសន្ធឹកសន្ធាប់មករស់នៅស្រុកខ្មែរ តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នហ្នឹង ហើយប្រជាពលរដ្ឋវៀតណាម ខុសច្បាប់ មកនៅស្រុកខ្មែរហើយ អាជ្ញាធរកម្ពុជា គប់គិតគ្នាធ្វើលិខិតប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ឲ្យទៀត រួចអ្នកខ្លះហ្នឹង លួចធ្វើអត្តសញ្ញាណប័ណ្ណ តាមការសូកប៉ាន់អី គប់គិតជាមួយមន្រ្តីអាជ្ញាធរអីហ្នឹង ។ អាហ្នឹងសុទ្ធតែជាការគប់គិតពីថ្នាក់លើ ដល់ថ្នាក់ក្រោម ហើយជាក់ស្ដែងរឿងព្រំដែនហ្នឹង ខ្ញុំបញ្ជាក់ជូនឡើងវិញថា ការបោះបង្គោលព្រំដែនហ្នឹង មិនត្រឹមត្រូវទេ ហើយអាបង្គោលបច្ចុប្បន្នហ្នឹង កុំជឿថាជាបង្គោលដែលវាសមស្រប វាត្រឹមត្រូវនោះ វាមិនត្រឹមត្រូវទេ ។ ហ្នឹងហើយដែលបញ្ជាក់ថា ជាការលាក់បាំងប្រជាពលរដ្ឋ ជាល្បែងថ្ពឹនភ្នែកប្រជាពលរដ្ឋ ដែលចេះតែនាំប្រជាពលរដ្ឋទៅមើលព្រំដែនហើយ ឲ្យប្រជាពលរដ្ឋហ្នឹងលើកដៃសាទរថា អាហ្នឹងត្រឹមត្រូវ តាមផ្លូវច្បាប់ មែនទែនអត់ត្រឹមត្រូវទេ…“ ។
ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបការលោកឡើងចោទប្រកាន់របស់លោកអ៊ុំ សំអាន និងលោកម៉ែន ណាត ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ថា លោកម៉ែន ណាត និងអ៊ុំ សំអាន ជាសមាជិកក្រុមឧទ្ទាមក្រៅច្បាប់ ហើយក្រុមឧទ្ទាមក្រៅច្បាប់នេះ ជាអ្នកប្រឆាំងជ្រុលនិយម ។ ដូច្នេះពេលណាដែលយើងចង្អុលបង្ហាញឲ្យប្រជាពលរដ្ឋមើលឃើញការពិត វាទៅជានិយាយផ្ទុយអំពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ថាជាការបោកបញ្ឆោតទៅវិញ។ ប៉ុន្តែបញ្ហាសំខាន់ស្ថិតនៅលើប្រជាជន ទៅមើលឃើញការពិតជាក់ស្ដែង ហើយពួកគាត់ជឿឬមិនជឿ ជារឿងប្រជាជន តែចំពោះទស្សនៈរបស់អ្នកប្រឆាំង វាតែងតែដើរផ្ទុយអំពីគោលការណ៍របស់គណបក្សកាន់អំណាច ហ្នឹងឯង ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងអ្នកប្រឆាំង យើងឃើញហើយ ម៉ែន ណាត ហើយនិងអ៊ុំ សំអាន ជាសមាជិកក្រុមឧទ្ទាមក្រៅច្បាប់ ហើយក្រុមឧទ្ទាមក្រៅច្បាប់នេះ ជាអ្នកប្រឆាំងជ្រុលនិយម ។ អ៊ីចឹងទេ ពេលណាដែលយើងចង្អុលបង្ហាញឲ្យប្រជាពលរដ្ឋលោកមើលឃើញការពិត វាទៅជានិយាយផ្ទុយអំពីគោលការណ៍របស់គណបក្សប្រជាជន ថា ជាការបោកបញ្ឆោត អាហ្នឹងមិនមានទេ ។ បញ្ហាសំខាន់ស្ថិតនៅលើប្រជាជន លោកទៅមើលឃើញការពិតជាក់ស្ដែង ហើយលោកជឿឬមិនជឿ អាហ្នឹងជារឿងប្រជាជន តែចំពោះទស្សនៈរបស់អ្នកប្រឆាំង អាហ្នឹងវាតែងតែដើរផ្ទុយអំពីគោលការណ៍របស់គណបក្សកាន់អំណាចហ្នឹងឯង ។ ចំពោះបង្គោលព្រំដែន អ៊ុំ សំអាន មិនមានជំនាញខាងព្រំដែនឯណា ចេះតែថាៗទៅ ហើយការបោះបង្គោលព្រំដែននេះ យើងអនុវត្តដោយគណៈកម្មការជាតិចម្រុះកិច្ចការព្រំដែន ។ អ៊ីចឹងទេ អានេះជាផ្លូវការហើយ ហើយដែលយើងពិភាក្សាទ្វេភាគីរវាងប្រទេសជិតខាង ដូចជាវៀតណាម គេមានគណៈកម្មការកិច្ចការព្រំដែនរបស់គេ យើងក៏មានគណៈកម្មការព្រំដែនរបស់យើង ដើម្បីពិភាក្សាដោយឈរលើមូលដ្ឋានយកផែនទី ដែលបន្សល់ទុកដោយអាណានិគមនិយមបារាំង ។ ដូច្នេះមិនមែនភាគីណារើសយកផែនទីណាស្រេចនឹងចិត្តទេ គឺថាយើងយកផែនទីអ្នកទីបី ដែលធ្លាប់ជាអតីតអាណាព្យាបាលរបស់ប្រទេសទាំងពីរអ៊ីចឹងឯង »។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ស្របពេលដែលកំពុងមានភាពប្រទាំងប្រទើសរឿង CLV-DTA នោះ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំដំណើរកម្សាន្តដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ទៅកាន់ខេត្តទាំង៤ នៅតំបន់អភិវឌ្ឍន៍ត្រីកោណ (ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី) នៅរៀងរាល់ចុងសប្តាហ៍ ចាបពីខែកញ្ញា ដល់ចុងឆ្នាំ២០២៤ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន បានទៅដល់ខេត្តទាំង៤ បានមើលឃើញទិដ្ឋភាពជាក់ស្តែងនៃការអភិវឌ្ឍនៅតាមព្រំដែន និងការអភិវឌ្ឍជីវភាពរបស់ប្រជាជន នៅក្នុងខេត្តទាំងនោះ។ សម្តេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដោយសារសម្តេច ស្តាប់ប្រជាពលរដ្ឋ អំពីការព្រួយបារម្ភរបស់ពួកគាត់ ដែលប្រជាពលរដ្ឋភាគច្រើនលើសលប់ មិនខ្វល់ប៉ុន្មានពីរឿង CLV-DTA ឬអត់នោះទេ តែគាត់ខ្វល់ថា ធ្វើយ៉ាងណាកុំឲ្យបាត់ខេត្តទាំង៤ កុំឲ្យបាត់ទឹកដី កុំឲ្យបាត់អធិបតេយ្យជាតិ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «កម្មវិធីទី១ គឺដំណើរកម្សាន្តដោយឥតគិតថ្លៃ នៅរៀងរាល់ចុងសប្តាហ៍ ដែលចាប់ផ្តើមអនុវត្តពីខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន បានទៅដល់ខេត្ត និងឃើញទិដ្ឋភាពជាក់ស្តែង នៅតាមផ្លូវព្រំដែន ការអភិវឌ្ឍព្រំដែនរបស់យើង ក៏ដូចជាការអភិវឌ្ឍរបស់ប្រជាជននៅក្នុងខេត្តនោះ ។ កន្លងទៅ ខ្ញុំធ្លាប់បានអំពាវនាវឲ្យបងប្អូនទៅលេងឲ្យបានច្រើន ពីព្រោះបងប្អូនខ្លះថាចង់ទៅដែរ តែអត់លុយ ឥឡូវ រាជរដ្ឋាភិបាលនឹងរៀបចំនូវកម្មវិធីនេះ ដោយផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូន រថយន្ត និងអាហារ ដោយមិនគិតថ្លៃ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានទទួលភារកិច្ចនេះ ដើម្បីរៀបចំ និងដាក់ចេញនូវព័ត៌មានលម្អិតអំពីការចុះឈ្មោះ និងពេលវេលាដើម្បីអនុវត្ត»។
សម្តេចហ៊ុន ម៉ាណែត បន្តថា «ហើយខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសកម្មវិធីនេះ គឺមានភ្នំពេញ ជាពិសេសយុវជន សិស្ស និស្សិត ដែលចង់ទៅលេង ទៅមើល ទៅឲ្យស្គាល់ ថាតើនៅព្រំដែន យ៉ាងណា? តើផ្លូវដែលយើងបានធ្វើ ធ្វើចម្ងាយប៉ុន្មានពីព្រំដែន? តើប្រជាពលរដ្ឋដែលរស់នៅទីនោះ មានជីវភាពយ៉ាងម៉េច? តើអាចទេដែលទៅថ្ងៃក្រោយប្រជាពលរដ្ឋទាំងនោះនឹងក្លាយទៅជាមិនមែនប្រជាពលរដ្ឋខ្មែរ? តើអាចទេ កម្ពុជា នឹងត្រូវបាត់បង់ខេត្តទាំង៤ ? នឹងត្រូវបាត់បង់អធិបតេយ្យនៅខេត្តទាំង៤ ? ហើយនេះគឺជាកង្វល់របស់ប្រជាពលរដ្ឋយើងទាំងអស់ មិនថាអ្នកគាំទ្រ ឬមិនអ្នកគាំទ្រនូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA នោះទេ ហើយនេះគឺជាសិទ្ធិនិងកាតព្វកិច្ច ហើយខ្ញុំសូមដាក់ចេញនូវកម្មវិធីទាំងប៉ុន្មាននេះ គឺដោយសារខ្ញុំស្តាប់ប្រជាពលរដ្ឋ អំពីការព្រួយបារម្ភរបស់គាត់ ហើយដូចដែលខ្ញុំបានលើកឡើងកន្លងទៅ ប្រជាពលរដ្ឋភាគច្រើនលើសលប់ គាត់មិនខ្វល់ប៉ុន្មានពីរឿង -DTA មិន DTA នោះទេ តែគាត់ខ្វល់ថា ធ្វើយ៉ាងណាកុំឲ្យបាត់ខេត្តទាំង៤ កុំឲ្យបាត់ទឹកដី កុំឲ្យបាត់អធិបតេយ្យ មិនត្រឹមតែខេត្តទាំង៤ ទេ គឺនៅទូទាំងប្រទេសតែម្តង ហើយជំរុញការអភិវឌ្ឍ និងថែរក្សានូវស្ថិរភាព សន្តិសុខ ជូនគាត់ឲ្យបាន»។
ដោយឡែក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានសម្រេចចិត្តបញ្ចប់ការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានលើកជាសំណួរថា បើរាជរដ្ឋាភិបាល បញ្ចប់ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA ហើយ តើផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ក្នុងនោះរួមមាន ការធ្វើទស្សនកិច្ចតាមបណ្តោយព្រំដែន ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងផ្លូវក្រវាត់ព្រំដែន និងផែនការអភិវឌ្ឍន៍ខេត្ត នៅតំបន់ភូមិភាគឦសាន របស់កម្ពុជា នៅតែបន្តឬយ៉ាងណា?
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេច ធ្លាប់បាននិយាយនៅក្នុងវេទិកាសាធារណៈ ជាច្រើនលើករួចមកហើយ នាពេលកន្លងទៅ ទោះមានឬមិនមានកិច្ចសហប្រតិបត្តិការ CLV-DTA រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តអភិវឌ្ឍតំបន់ភូមិភាគឦសាន នៃប្រទេសរបស់ខ្លួន ក៏ដូចជាការធានានូវការការពារទឹកដី អធិបតេយ្យរបស់ប្រទេសកម្ពុជា ព្រោះនេះជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ ច្រើនលើសលប់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅផ្ទាល់នៅភូមិភាគឦសានតែម្តង ដូច្នេះការបន្តគោលនយោបាយជំរុញអភិវឌ្ឍភូមិភាគឦសានរបស់កម្ពុជា គឺនៅរក្សាដដែល គ្មានប្រែប្រួល ដែលរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវាត់ព្រំដែន និងការដាក់ចេញនូវកញ្ចប់លើកទឹកចិត្ត និងជំរុញការវិនិយោគខេត្តភូមិភាគឦសាន ឆ្នាំ២០២៥ ដែលសម្តេច បានប្រកាសនាពេលកន្លងទៅ នៅតែរក្សាដដែល…៕ កុលបុត្រ