ខេត្តព្រៃវែង ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ ដែលត្រូវកូនបោះបង់ចោល មិនរវីរវល់ ទុកឱ្យឪពុកដែលជាមនុស្សពិការ (ស្វិតជើងទាំងសង ខាងដើរមិនរួច) ប្រឹងលូនវារទៅស៊ីឈ្នួលគេ រកប្រាក់ទិញអង្ករហូប និងទិញថ្នាំសង្កូវ ព្យាបាលជំងឺប្រចាំកាយនោះ ទីបំផុតត្រូវបានមហាជនមានការអាណិតអាសូរ ចែករំលែកផ្តល់ជាអំណោយសង្គ្រោះ សរុបជាទឹកប្រាក់ប្រមាណជាង ២ពាន់ដុល្លារ ដើម្បីចាត់ចែងសម្រួលជីវភាពតទៅថ្ងៃមុខ។
ប្តីប្រពន្ធអភ័ព្វទាំង២នាក់ខាងលើ សព្វថ្ងៃមានលំនៅក្នុងខេត្តព្រៃវែង ដោយបុរសជាប្តីមានវ័យជិត៧០ឆ្នាំ (ពិការជើងទាំងសងខាង) ចំណែកស្ត្រីជាប្រពន្ធ មានវ័យ៦០ឆ្នាំប្លាយ (ងងឹតភ្នែកម្ខាង)។
លោកចៅខ្មែរ ដែលជាអ្នកបង្ហោះផ្សាយពីខ្សែជីវិតអភ័ព្វរបស់ប្តីប្រពន្ធពិការ ខាងលើ និងកៀរគររកអំណោយ មកជួយប្តីប្រពន្ធកម្សត់ខាងលើ បានឲ្យដឹងថា ក្រោយពេលបានឃើញនូវសភាពរស់វេទនារបស់ប្តីប្រពន្ធខាងលើ ដែលបុរសជាប្តី ពិការជើងទាំង២ ប្រឹងលូនវារទៅស៊ីឈ្នួលកាត់ម្អមឱ្យគេ ដើម្បីរកប្រាក់ទិញអង្ករហូប និងទិញថ្នាំសង្កូវព្យាបាលជំងឺខ្លួនឯងនិងប្រពន្ធនេះ ធ្វើឱ្យមហាជនសម្តែងនូវទឹកចិត្តអាណិតអាសូរ ព្រមទាំងចែករំលែកជាថវិកាម្នាក់បន្តិចបន្តួច តាមលទ្ធភាព ជួយដល់ប្តីប្រពន្ធវ័យចំណាស់ខាងលើ សម្រាប់ដោះស្រាយជីវ ភាព ទិញឧបករណ៍សម្រាប់ប៉ះកង់ម៉ូតូ និងទិញអង្ករ ម្ហូបចំណី សម្រាប់ទទួលទានប្រចាំថ្ងៃ។
លោកចៅខ្មែរ បានបញ្ជាក់ថា ទឹកប្រាក់សរុបដែលសប្បុរជនផ្តល់ជូនប្តីប្រពន្ធវ័យចំណាស់ខាងលើ មានចំនួន ២៣៥០ដុល្លារ ក្នុងនោះលោកបានដកប្រាក់ចំនួន ៣៥០ដុល្លារ ទិញគ្រឿងឧបភោគ-បរិភោគមួយចំនួន និងទិញសម្ភារៈឧបករណ៍សម្រាប់ប៉ះកង់ម៉ូតូ មួយឈុត ដើម្បីឱ្យបុរសចំណាស់ខាងលើ ប្រកបរបរប៉ះកង់ នៅខាងមុខផ្ទះរបស់គាត់ តាមបំណងរបស់គាត់ ងាយស្រួលជាងលូនវារទៅស៊ីឈ្នួលគេ។
បន្ទាប់ពីទទួលបានអំណោយជាទឹកប្រាក់ជាង ២ពាន់ដុល្លារ រួចមក ប្តីប្រពន្ធវ័យចំណាស់ពិការខាងលើ បានសម្តែងនូវអារម្មណ៍ត្រេកអរ រំភើបរកអ្វីនឹងថ្លែងពុំបាន ដោយបញ្ជាក់ថា ថវិកាដ៏សន្ធឹកសន្ធាប់បែបនេះ ពួកគាត់ទាំង២នាក់ប្តីប្រពន្ធ មិនធ្លាប់បានប៉ះកាន់ និងមិនធ្លាប់ឃើញពីមុនមកឡើយ ហើយទឹកប្រាក់នេះ អាចជួយឱ្យជីវភាពពួកគាត់បានប្រសើរ ធូរស្រាលមួយកម្រិត ពិសេសមានលទ្ធភាពប្រកបរបរប៉ះកង់នៅមុខផ្ទះ ដើម្បីចិញ្ចឹមជីវិត មិនចាំបាច់លូនវារចេញទៅស៊ីឈ្នួលគេ ដូចមុនទៀតឡើយ។
គួររំលឹកថា បុរសចំណាស់ជាប្តីធ្លាប់បានរៀបរាប់ប្រាប់ថា គាត់និងប្រពន្ធមានកូនស្រី ចំនួន២នាក់ ដោយក្នុងនោះ កូនស្រីច្បង មានប្តី បែកផ្ទះចេញទៅរស់នៅផ្សេងទៅហើយ តែចិត្តមិនបាននោះទេ ដោយសារខ្លាចនិងជឿតាមប្តី ដែលបានហាម មិនឱ្យមករវី រវល់ជាមួយនឹងពួកគាត់ដែលជាឪពុកម្តាយពិការនេះទេ សូម្បីតែផ្តល់បាយទឹក នំចំណី ឬជូនលុយកាក់នៅរដូវបុណ្យទាន ក៏ហាមមិនឱ្យកូនស្រីគាត់ យកមកជូនពួកគាត់ដែរ គឺគេបោះបង់ចោលពួកគាត់តែម្តង។ ចំណែកកូនស្រីម្នាក់ទៀត សព្វថ្ងៃរស់នៅជាមួយពួកគាត់ដែរ តែនាងមានជំងឺបេះដូងធ្ងន់ ធ្ងរ មិនអាចធ្វើការងារអ្វីបានឡើយ សូម្បីតែដើរឬរត់ ក៏មិនបានផង ដេកដួលនៅផ្ទះ ត្រូវពឹងលើកកម្លាំងពួកគាត់ជាឪពុកម្តាយ ដើម្បីរកស៊ីចិញ្ចឹម និងមើលជំងឺរបស់នាងថែមមួយជាន់ទៀត។
បុរសចំណាស់ជាប្តី បានបន្តថា សព្វថ្ងៃគាត់ប្រកបរបរប៉ះកង់នៅមុខផ្ទះ តែរកមិនសូវបាននោះទេ ព្រោះគ្មានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ទើបមិនសូវមានអ្នកចូលមកប៉ះ ចេះតែទៅហួសមកហួស ជួន១ថ្ងៃរកម៉ូយម្នាក់មិនបានផង។ ក្រៅពីប៉ះកង់ គាត់ក៏ចេញទៅស៊ីឈ្នួលគេដែរ ដោយមានអ្នកភូមិជួលគាត់ឱ្យទៅច្រូតម្អមឱ្យគេ ហើយទោះជាគាត់ស្វិតជើងទាំង២ ដើរមិនរួចក៏ពិតមែន តែគាត់នៅតែប្រឹងត្រដរប្រើដៃទាំងសង ខាងជំនួសជើង ដោយវារផង លូនផង កាត់ក្រួសថ្ម ទឹក ភក់ផុង ហាលថ្ងៃ ហាលភ្លៀង ចេញទៅច្រូតម្អមឱ្យគេ ដោយក្នុង១ថ្ងៃ គាត់អាចរក ប្រាក់បានពី២ម៉ឺន ទៅ៣ម៉ឺនរៀលដែរ គ្រាន់យកមកឱ្យប្រពន្ធទិញអង្ករដាំបាយហូបខ្លះ និងទិញថ្នាំសង្កូវខ្លះ តែមិនមែនមានអ្នកជួលរាល់ថ្ងៃ នោះទេ។
បុរសចំណាស់ បានឱ្យដឹងថា គ្រួសារគាត់៣នាក់ (ប្តីប្រពន្ធនិងកូនស្រី) សុទ្ធតែមានជំងឺដូចគ្នា ដោយកូនស្រីមានជំងឺបេះដូង ប្រពន្ធមានជំងឺក្រពះ ពោះវៀន និងងឹតភ្នែក ចំណែកគាត់ពិការជើងសងខាងហើយ នៅមានជំងឺក្រួសក្នុងតម្រងនោម តែចេះតែប្រឹងត្រដរចេញទៅស៊ីឈ្នួល គេ ដើម្បីក្រពះ។ រាល់ពេលដែលគ្មានអ្នកជួល និងប៉ះកង់មិនបាន ហើយជំងឺធ្វើទុក្ខនោះ គាត់តែងវាលូនទៅរកបេះបោចថ្នាំព្រៃ ដូចជាប្រមោយដំរី សាវម៉ាវព្រៃ យកមកដាំទឹកផឹក ជួសថ្នាំពេទ្យ គ្រាន់បានធូរស្រាលមួយគ្រាៗដែរ។ ចំពោះបាយម្ហូប ពេលរកលុយបាន ប្រពន្ធគាត់តែងទិញអង្ករ យកមកទុកហូប រីឯម្ហូប ជួនទឹកត្រី ទឹកស៊ីអ៊ីវ ហើយស្ទើររាល់ថ្ងៃ ម្ហូបដែលឆ្ងាញ់ពិសាសម្រាប់គ្រួសារគាត់ គឺត្រកួនស្រុស ជ្រលក់នឹងទឹកអំបិល៕