ខេត្តបន្ទាយមានជ័យ ៖ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចផ្លូវកោង បត់ចង្កូតមិនទាន់ ក៏ក្រឡាប់ធ្លាក់ ផ្លូវទាំងកំរោល បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន ៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែក នារីម្នាក់ទៀត ទទួលរងរបួសធ្ងន់ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិ សង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ។
ជនរងគ្រោះទាំង៣នាក់ ដែលបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើ រួមមាន ទី១–ឈ្មោះហួរ សុខផៃ ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅក្នុងភូមិ១៣មករា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង (ជាអ្នកបើកបរ) ទី២–ឈ្មោះធិញ ចាន់ធឿន ភេទស្រី មានលំនៅក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងទី៣–ឈ្មោះជុំ គឹមហ្គេច ភេទស្រី អាយុ២១ឆ្នាំ មានលំនៅក្នុងភូមិវត្តគរ ឃុំដំណាក់ហ្លួង ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកនារីរងគ្រោះដែលទទួលរងរបួសធ្ងន់ មិន ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ស បើកបរ ដោយបុរសម្នាក់ និងមាននារីចំនួន៣នាក់ រួមដំណើរជាមួយ បានបើកបរដោយល្បឿនយ៉ាង លឿន ដោយខ្វះការប្រុងប្រយ័ត្ន។ លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុដែលផ្លូវមានស្ថានភាព កោង ធ្វើឱ្យរថយន្តខាងលើ បត់ចង្កូតតាមស្ថានភាពផ្លូវមិនទាន់ ក៏រេចង្កូតធ្លាក់ផ្លូវ និងបានក្រឡាប់ ជាច្រើនត្រឡប់ បណ្តាលឱ្យរថយន្តសំប៉ែតស្ទើរ ដូចចេកចៀន ចំណែកអ្នករួមដំណើរក្នុងរថយន្ត ចំនួន៣នាក់ បានស្លាប់នៅនឹងកន្លែង ខណៈដែល ម្នាក់ទៀត ទទួលរងរបួសធ្ងន់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្ត– រាគមន៍ដល់ទីតាំងកើតហេតុ និងបានជួយដឹកបញ្ជូននារីរងគ្រោះដែលរួចរស់ជីវិត និងកំពុង ទទួលរងរបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះជីវិត។ ចំណែកសពត្រូវបានសមត្ថកិច្ច រួមនិងប្រជាពលរដ្ឋជួយគាស់យកចេញពីក្នុង រថយន្ត រួចទាក់ទងផ្តល់ដំណឹងដល់សាច់ញាតិមក ទទួលយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី រៀងៗខ្លួន។
ចំណែករថយន្តត្រូវសមត្ថកិច្ចអូសយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕