ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កំពុងប្រព្រឹត្តចាប់ផ្តើមនៅទូទាំងប្រទេស ដោយក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឲ្យដំណើរការប្រឡង ប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ បានសហការជាមួយក្រសួង-ស្ថាប័ន ចំនួន៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសុខា ភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់នៃការប្រឡង ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានដឹកនាំកិច្ចប្រជុំគណៈមេប្រយោគទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ដើម្បីធានាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារគណៈកម្មាការមេប្រយោគប្រចាំការ និងបុគ្គលិកអប់រំដែលពាក់ព័ន្ធទាំងអស់ បន្តចូលរួមពង្រឹងការអនុវត្តគោលការណ៍ បទប្បញ្ញត្តិដែលក្រសួង បានដាក់ចេញ ឱ្យបានខ្ជាប់ខ្ជួន ដោយគូសបញ្ជាក់អំពីភារកិច្ច តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតប ដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ ដូចជាបញ្ហាភ្លៀងធ្លាក់ ដោយរៀបចំយន្តការការពារឱ្យបានច្បាស់លាស់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ។
ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការ ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ហាបន្ទាន់និងចាំបាច់ ក៏ដូចជាទទួលរបាយការណ៍អំពីដំណើរការនៃការប្រឡង នៅមុនបញ្ចប់វិញ្ញាសាសរសេរ ទាំងពេលព្រឹក និងពេលរសៀល សហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការនិងទប់ស្កាត់បាតុភាពមិនប្រក្រតី សម្របសម្រួលជាមួយកម្លាំងសន្តិសុខតាមមណ្ឌល តាមរាជធានី-ខេត្ត ផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា តាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំ។
តាងនាមក្រសួងអប់រំ យុវជននិងកីឡា លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលសហការផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗ សិស្សានុសិស្ស និងបុគ្គលិកអប់រំទាំងអស់ ដែលចូលរួមក្នុងដំ ណើរការនៃការរៀបចំការប្រឡង ក៏ដូចជាក្រុមការងារត្រៀមចូលរួមក្នុងការប្រឡង និងសូមជូនពរឱ្យបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ នេះ ទទួលបានជោគជ័យ និងទទួលបាននិទ្ទេសដែលខ្លួនចង់បាន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរៀនសូត្រកន្លងទៅ និងឈានទៅបន្តការសិក្សាកាន់តែខ្ពស់ ឈោងចាប់ជំនាញនិងការងារក្នុងក្តីស្រមៃដែលខ្លួនប្រាថ្នា។
ដោយឡែក កាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស បានដឹកនាំកិច្ចប្រជុំណែនាំគណៈមេប្រយោគប្រចាំរាជធានីភ្នំពេញ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) សមាជិកគណៈកម្មាការមេប្រយោគ អប្បមាទទូទាំងប្រទេសប្រចាំរាជធានីភ្នំពេញ ប្រធាន អនុប្រធានមណ្ឌល និងសមាជិកអង្គភាពប្រឆាំងអំពើពុករលួយ សរុបចំនួនប្រ មាណ ២៩៧នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីណែនាំពីបច្ចេកទេស តួនាទី ភារកិច្ច និងផ្តល់អនុសាសន៍សំខាន់ៗ ដល់គណៈមេ ប្រយោគទាំងអស់ សម្រាប់ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤ ដើម្បីធានាបានថា ការប្រឡងដំណើរការដោយគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
មានប្រសាសន៍ក្នុងឱកាសនេះ លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈមេប្រយោគ និងបុគ្គ លិកអប់រំទាំងអស់ បន្តចូលរួមគោរពបទប្បញ្ញត្តិដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យមានភាពរលូន និងមានតម្លាភាព ដោយគូសបញ្ជាក់អំពីតួនាទីរបស់ប្រធាន និងអនុប្រធានមណ្ឌល ក្នុងការគ្រប់គ្រងស្ថានការណ៍ជាក់ស្តែងនៅក្នុងមណ្ឌលប្រឡង និងតួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេស ប្រចាំមណ្ឌលរាជធានី ខេត្ត ដើម្បីប្រមូលព័ត៌មាន ឆ្លើយតប និងដោះស្រាយបញ្ហាបច្ចេកទេស ព្រមទាំងផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលា។
ទន្ទឹមនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គភាពប្រឆាំងអំពើពុករលួយ និងភាគីពាក់ព័ន្ធទាំងអស់ ដែលតែងជួយគាំទ្រដល់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ និងបានរួមចំណែ កជំរុញឱ្យដំណើរការនៃកំណែទម្រង់ក្នុងវិស័យអប់រំឱ្យទទួលបានជោគជ័យ ក៏ដូចជាបានកោតសរសើរនិងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជននិងកីឡា គ្រប់ជាន់ថ្នាក់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តកំណែទម្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយដ៏សំ ខាន់ជំរុញឱ្យការប្រឡងដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡង និងធានាឱ្យបានសុខភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន ក្រសួងអប់រំ យុវជននិងកីឡា បន្តពង្រឹងកិច្ចសហការយ៉ាងស្អិតល្មួតជាមួយក្រសួង ស្ថាប័ន ចំនួន៦ រួមមាន ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្រសួងអប់រំ យុវជននិងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំតាមបណ្ដារាជធានី-ខេត្ត ដែលសហការនិងផ្តល់ការទំនុកបម្រុងគាំទ្រយ៉ាងកក់ក្ដៅចំពោះប្អូនៗសិស្សានុសិស្ស និងបុគ្គលិកអប់រំ ដែលត្រៀមចូលរួមក្នុងការប្រឡង៕ ខៀវទុំ