ខេត្តមណ្ឌលគិរី ៖ ដំរីព្រៃឈ្មោល ១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទម្ងន់ប្រមាណ ៣តោន ត្រូវបានអ្នកភូមិប្រទះឃើញងាប់នៅក្នុងរណ្តៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម មួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃកែវសីមា កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ។

លោកឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា មន្ត្រីជំនាញ បានសហការជាមួយមន្ត្រីអង្គការ WCS និង អាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់សពដំរីព្រៃ ពីរណ្តៅដី កាលពីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសលវិច័យ។
ក្រុមការងារជំនាញនៅលើទីតាំង បានសន្និដ្ឋានជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះ ប្រហែលជាប់ផុង មុននឹងងាប់ ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ និងបានរាយការណ៍មកមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

តាមការពិនិត្យដោយផ្ទាល់ សពដំរី មានស្នាមរបួសជើងមុខ ហើយជាដំរីមួយ ក្នុងចំណោមហ្វូងរបស់វា មានចំនួនពី ១០ទៅ២០ក្បាល ធ្លាប់បានបង្ហាញខ្លួននៅតំបន់នេះ ម្តងមកហើយ កាលពីខែមេសា កន្លងទៅ។
លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការងាប់របស់ដំរី ១ក្បាលនេះ ជាការបាត់បង់ធនធានធម្មជាតិដ៏មានសារៈសំខាន់។

អ្នកនាំពាក្យក្រសួងបរិស្ថានខាងលើ បានឱ្យដឹងថា ហ្វូងដំរីព្រៃ ឬដំរីអាស៊ី នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី បានបង្ហាញខ្លួនញឹកញាប់ និងមានចំនួនច្រើនជាងបណ្តាឆ្នាំកន្លងទៅ ដែលបង្ហាញពីលទ្ធផលបញ្ជា ក់ថា ពួកវារស់នៅសុខសាន្ត និងបង្កើតកូនចៅជាបន្តបន្ទាប់ ហើយអាចបញ្ជាក់បានថា ការគ្រប់គ្រងធន ធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ធានាបាននូវប្រព័ន្ធអេកូឡូស៊ី បរិស្ថានបានល្អប្រសើរ នៅតាមប្រព័ន្ធការពារធម្មជាតិ ។
លោកខ្វៃ អាទិត្យា បានជំរុញឱ្យមានការចូលរួមពង្រឹងកិច្ចសហការពីអ្នកពាក់ព័ន្ធក៏ដូចជា ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងការអភិរក្សសត្វដំរី ជាពិសេសការការពារទីជម្រករបស់របស់វា។ ក្រៅពីជំរុញសកម្មភាពការពារនិងអភិរក្សធនធាន ធម្មជាតិ និងការស្តារទីជម្រក អ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញឱ្យកាត់បន្ថយជម្លោះរវាងមនុស្ស និងដំរី កុំឱ្យមានការបរបាញ់សត្វព្រៃ ជាចាំបាច់ និងជួយបង្កើននូវជម្រកបៃតង គឺបង្កើនគម្របព្រៃ សម្រាប់ការរស់នៅសុខសាន្តរបស់ជីវៈចម្រុះ ដូចជា ភេទសត្វដំរី ជាដើម៕