Saturday, November 23, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ចោទសម្តេចហ៊ុន សែន ទម្លាយរឿងលី សាម៉េត ករណីពាលស៊ីពាល

សម រង្ស៊ី ចោទសម្តេចហ៊ុន សែន ទម្លាយរឿងលី សាម៉េត ករណីពាលស៊ីពាល

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសមរង្ស៊ី) បានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទម្លាយរឿងអ្នកឧកញ៉ា លី សាម៉េត យកឈ្មោះសម្ដេច ដើរបោកលុយគេ រាប់សិបលានដុល្លារនោះ ថាជាករណីពាលស៊ីពាល ។ មិនតែប៉ុណ្ណោះ លោកសម រង្ស៊ី ក៏បានចោទសម្ដេចហ៊ុន សែន ថានៅពេលណាអ្នកដែលខ្លួនប្រើ លែងមានប្រយោជន៍ហើយ សម្តេចហ៊ុន សែន នឹងកម្ចាត់ចោល ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រតិកម្មឆ្លើយតបថា សម្ដេចហ៊ុន សែន គ្មានហេតុផលអីទៅចូលដៃចូលជើងជាមួយជនទុច្ចរិតដែលដើរបោកប្រាស់គេនោះទេ ។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ថា “ករណីឧកញ៉ា លី សាម៉េត គឺជាករណីពាលស៊ីពាល។ ពេលដែលពួកពាលឈ្លោះគ្នា និងលែងមានប្រយោជន៍ហើយ ហ៊ុន សែន នឹងកម្ចាត់ចោល។ ឥឡូវនេះ សួរថា តើលុយរាប់សិបលានដុល្លារ និងទ្រព្យរបស់ឧកញ៉ា លី សាម៉េត នឹងក្លាយទៅជាយ៉ាងណា?“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះដែរ លោកហេង ដាណារ៉ូ អតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី បានលើកឡើងតាមគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះដែរថា “មេរៀនសម្រាប់ពួកធ្វើលើសបញ្ជា! លោកហ៊ុន សែន បោកប្រាស់ កុហកទាំងស្រុងថា លោកលី សាម៉េត មិនស្គាល់ផ្ទះគាត់។ យើងចាំច្បាស់ណា ជាមេលលក ដើរអូសទាញសកម្មជនបក្សប្រឆាំង ធ្វើការអត់ប្រសិទ្ធភាពតាមការអួតអាង ក៏ត្រូវចូលខ្ទះឆាគ្រឿងអ៊ីចឹងហើយ កុំចេះតែហ៊ាន“។

លោកហេង ដាណារ៉ូ បានបន្ថែមថា «គ្រូជោគជ័យ បោករាស្រ្ត មិនជាអ្វី តែបោកសម្ដេចពុក ស្ពៃ!»។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកសម រង្ស៊ី ម្នាក់ទៀត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ថា នេះពិតជាករណីពាលស៊ីពាលហើយ គឺលោកលី សាម៉េត លែងមានប្រយោជន៍នឹងប្រើហើយ ទើបសម្ដេចហ៊ុន សែន កម្ចាត់ចោល ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ករណីនេះ គឺករណីពាលស៊ីពាល ហើយលី សាម៉េត ហ្នឹង លែងមានប្រយោជន៍នឹងប្រើហើយ ដូច្នេះលោកហ៊ុន សែន កម្ចាត់ចោល ។ នៅមានអ្នកដទៃជាច្រើនទៀត ដែលលោកហ៊ុន សែន កម្ចាត់ចោល របៀបពាលស៊ីពាល ។ យើងមើលក្នុងប្រទេសកម្ពុជា អ្នកឆបោកគេហ្នឹង ច្រើនណាស់ ប្រើឈ្មោះហ៊ុន សែន ហ្នឹងក៏ច្រើនដែរ ក៏ប៉ុន្តែលោកហ៊ុន សែន មិនចាត់ការ ហើយទៅចាត់ការលោកលី សាម៉េត ករណីមួយពីរហ្នឹង ដោយសារតែអ្នកហ្នឹង អស់ប្រយោជន៍នឹងប្រើ អាហ្នឹងគេហៅថា ពាលស៊ីពាល ។ តាមពិត លោកហ៊ុន សែន ហ្នឹង ទទួលបានលាភសក្ការៈពីលី សាម៉េត ហ្នឹងក៏មិនតិចដែរ កន្លងមកនោះ តាមរយៈការឆបោកនោះ ។ ឡេង ណាវ៉ាត្រា អីឃើញទេ ដើរបោកគេដែរ លក់ផ្ទះខ្យល់អីហ្នឹង ឧកញ៉ាមួយចំនួន លក់ផ្ទះខ្យល់ មិនឃើញចាប់ មិនឃើញអីផង ហើយចាប់ហើយហ្នឹង អត់មានបង្កកទ្រព្យសម្បត្តិ ដើម្បីយកទៅសងប្រជាពលរដ្ឋ ដូចដែលហ៊ុន សែន បញ្ជាឲ្យបង្កកទ្រព្យសម្បត្តិលោកលី សាម៉េត ហ្នឹង ឲ្យតុលាការបង្កកទ្រព្យសម្បត្តិលោកលី សាម៉េត ដើម្បីយកទៅសងជនរងគ្រោះវិញ ឃើញទេ? អាហ្នឹងឃើញខុសគ្នាទេ? ឧកញ៉ា កន្លងមក ដែលបោកប្រជាពលរដ្ឋ ដូចហ៊ី គឹមហុង ដូចឡេង ចាន់ណា អី អត់ឃើញរឹបអូសទ្រព្យសម្បត្តិហ្នឹងមកសងជនរងគ្រោះផងហ្នឹង ហើយលោកហ៊ុន សែន បែរជាឲ្យតែបង្កកទ្រព្យសម្បត្តិលី សាម៉េត ទៅសងជនរងគ្រោះ“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ដូច្នេះរឿងហ្នឹង គឺរឿងអយុត្តិធម៌សម្រាប់ជនរងគ្រោះដែលចាញ់បោកឧកញ៉ា ។ ដូច្នេះករណីនេះ គឺករណីពាលស៊ីពាលហើយ ហើយលោកហ៊ុន សែន ចាប់ផ្ដើមកម្ចាត់អ្នកណាដែលអត់ប្រយោជន៍ ឬក៏អ្នកណាដែលមិនមានខ្សែលោកហ៊ុន សែន ខ្សែលោកហ៊ុន ម៉ាណែត ហ្នឹង ខ្សែលោក ស ខេង អីហ្នឹង ខ្សែលោកស្រី ម៉ែន សំអន លោកទៀ បាញ់ អីហ្នឹង គាត់ចាប់ផ្ដើមកម្ចាត់បណ្ដើរៗហើយ គាត់មិនទុកទេ ធ្វើម៉េចពង្រឹងអំណាចត្រកូលហ៊ុន ឲ្យខ្លាំង ឲ្យលោកហ៊ុន ម៉ាណែត ហ្នឹងមានអំណាចទៅ នៅពេលលោកហ៊ុន សែន គាត់ស្លាប់ទៅ គឺលោកហ៊ុន ម៉ាណែត ហ្នឹង អាចឯករាជ្យ ម្ចាស់ការ គ្រប់គ្រងអំណាចបាន ។ ដូច្នេះគាត់ព្យាយាមកម្ចាត់អ្នកណានៅក្នុងគណបក្សប្រជាជន ដែលទើសមុខត្រកូលហ៊ុន នៅពេលត្រកូលហ៊ុន កាន់អំណាចនៅពេលអនាគត ដើម្បីផ្ទេរអំណាចទៅដល់កូន ដល់ចៅទៀត ។ ដូច្នេះត្រូវកម្ចាត់ហើយនៅក្នុងបក្សហ្នឹង របៀបថា ពាលស៊ីពាល“ ។

ទោះបីជាយ៉ាងណា ជាប្រតិកម្មឆ្លើយតបនឹងការចោទប្រកាន់របស់លោកសម រង្ស៊ី និងសហការីខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ថា ការដែលសម្ដេចហ៊ុន សែន ទម្លាយព័ត៌មានពីសកម្មភាពទុច្ចរិតរបស់អ្នកនៅជិតស្និទ្ធសម្ដេច មានន័យថា សម្ដេច មិនចូលដៃចូលជើងជាមួយពួកទុច្ចរិត ដែលយកកិត្តិយស យកឥទ្ធិពល យកអំណាចរបស់សម្ដេច ទៅប្រើដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ក្នុងការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ ដូច្នេះការនិយាយរបស់ទណ្ឌិតសម រង្ស៊ី និងពួកប្រឆាំង វាគ្រាន់តែជាការមួលបង្កាច់ ដើម្បីបង្កាច់បង្ខូចកិត្តិយសរបស់សម្ដេច តែប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “និយាយដូចទណ្ឌិតសម រង្ស៊ី វាមានន័យថា ដូចជាសម្ដេចតេជោ ហ៊ុន សែន ចូលដៃចូលជើងជាមួយជនទុច្ចរិត ក្នុងការបោកប្រាស់គេ ដើម្បីលុយកាក់អី ។ សួរថា គាត់ក្នុងនាមជាប្រធានបក្ស ទាំងមូល ហើយជាប្រមុខរាជរដ្ឋាភិបាល​ រាប់សិបឆ្នាំហើយ សួរថា គាត់ចង់បានលុយកាក់បែបទុច្ចរិតយ៉ាងម៉េច? អាហ្នឹងវាអត់ត្រឹមត្រូវទេ ។ អ៊ីចឹងការនិយាយរបស់ទណ្ឌិតសម រង្ស៊ី នេះ វាគ្រាន់តែជាការមួលបង្កាច់ ដើម្បីបង្កាច់បង្ខូចកិត្តិយសរបស់សម្ដេច ទេ ។ ទី១ ការទម្លាយព័ត៌មាននិយាយពីសកម្មភាពទុច្ចរិតរបស់អ្នកនៅជិតស្និទ្ធរបស់សម្ដេចហ្នឹង មានន័យថា សម្ដេចមិនចូលដៃចូលជើងជាមួយពួកទុច្ចរិតដែលយកកិត្តិយស យកឥទ្ធិពល យកអំណាចរបស់សម្ដេច ទៅប្រើដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ក្នុងការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនទេ ។ ទី២ ក៏ជាការដែលបង្ហាញថា បាតុភាពដែលកើតឡើងនេះ គឺវាជាគំរូធ្វើឲ្យអ្នកដែលនៅជិតសិទ្ធរបស់សម្ដេច ហ្នឹងប្រកាន់នូវឥរិយាបថត្រឹមត្រូវ កុំឲ្យយកសិទ្ធិអំណាច កុំឲ្យយកឥទ្ធិពលរបស់សម្ដេច ទៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន អាហ្នឹងមានបញ្ហាប៉ុណ្ណឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “វាអត់មានបានផលប្រយោជន៍ពីពួកហ្នឹងទេ ។ បើសិនណាជាសម្ដេច មានពាក់ព័ន្ធនឺងផលប្រយោជន៍ហ្នឹង សម្ដេច ម៉េចហ៊ានទម្លាយការពិតហ្នឹងចេញមក? ដូច្នេះអានេះ (ពួកប្រឆាំង) បន់ឲ្យតែមានបញ្ហា នឹងអាលវាដុតថែមទេ តែប៉ុណ្ណឹង អាហ្នឹងគឺថា វាអត់មានចិត្តអីចង់ការពារកិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេច ទេ ។ យើងដឹងហើយថា ទណ្ឌិតសម រង្ស៊ី ក្បត់ជាតិ ៣ជំនាន់នេះ គឺថាវាចាត់ទុកសម្ដេច ជាខ្មាំងសត្រូវសួពូជរបស់ពួកវាទៅហើយ ។ អ៊ីចឹងទេ ខ្ញុំយល់ថា ការនិយាយរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ វាឆ្លៀតឱកាសដើម្បីមួលបង្កាច់សភាពការណ៍ពិតតែប៉ុណ្ណោះ ។ និយាយទៅ ការប្រើពាក្យពាលស៊ីពាលនេះ វាពិតធ្ងន់ហើយ ពីព្រោះអាហ្នឹងវាធ្ងន់ណាស់ ដែលចោទសម្ដេច ថាចូលដៃចូលជើង ឬមួយក៏ពាក់ព័ន្ធជាមួយអំពើទុច្ចរិតណាមួយ ដែលបោកបញ្ឆោត ឆបោក ឬមួយក៏បោកប្រាស់ពលរដ្ឋដទៃទៀត ដែលគេអត់ដឹងអី ដើម្បីផលប្រយោជន៍នោះ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ការប្រកាសផ្សាយនូវព័ត៌មានដ៏រសើបនេះ គឺបង្ហាញថា សម្ដេច អត់មានពាក់ព័ន្ធជាមួយអំពើទុច្ចរិតណាមួយ ដែលយកឥទ្ធិពលសម្ដេច ទៅរកផលប្រយោជន៍របស់គណបក្សប្រជាជន ឬផលប្រយោជន៍របស់រាជរដ្ឋាភិបាលកម្ពុជា ទេ អាហ្នឺងគឺបញ្ជាក់ច្បាស់អ៊ីចឹងហើយ ។ បើសិនណាជាមានពាក់ព័ន្ធហ្នឹង គឺសម្ដេច មិនហ៊ានទម្លាយរឿងនេះចេញមកទេ ។ ដូច្នេះការទម្លាយបាតុភាពអសកម្មដែលកើតឡើងពាក់ព័ន្ធនឹងអ្នកដែលនៅជិតស្និទ្ធជាមួយសម្ដេច នេះ គឺមានន័យថា សម្ដេច មិនកាន់ជើង ឬមួយមិនចូលដៃជាមួយពួកហ្នឹងទេ ។ ឥឡូវយើងមិនបាច់វិភាគអីច្រើនទេ គឺថាសម្ដេច ជាប្រមុខរាជរដ្ឋាភិបាល ពីមុនមករាប់សិបឆ្នាំទៅហើយ ហើយសម្ដេច ជាប្រធានគណបក្សកាន់អំណាច សួរថា សម្ដេច ទៅយកលុយទុច្ចរិតហ្នឹងមកធ្វើអី? ពីព្រោះមានលុយ ថវិកាសម្រាប់ចាយវាយតាមតម្រូវការរបស់គណបក្ស ឬមួយរបស់រាជរដ្ឋាភិបាល ទៅហើយ“ ។

គួរបញ្ជាក់ថា សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទម្លាយថា លោកលី សាម៉េត ហៅគ្រូមា ដែលមុននេះធ្លាប់ប៉ះសម្តីជាមួយលោកស្រីអ្នកឧកញ៉ា ហ៊ុន ស៊ីណាត ផ្អើលបណ្តាញសង្គមនោះ តែងប្រើឈ្មោះសម្តេច ដើរបោកប្រាស់គេ រាប់សិបលានដុល្លារ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនសម្តេច ទៀតផង ដោយអួតប្រាប់គេថា ខ្លួនចេញចូលផ្ទះសម្តេច ក្នុងពេលណាក៏បាន ទាំងដែលលី សាម៉េត មិនដឹងថាផ្ទះសម្តេច បែរមុខទៅខាងណាផង។

សម្តេចហ៊ុន សែន បញ្ជាក់ថា ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង សម្តេច សូមស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីការក្សាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត និងឲ្យអ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។ ជាមួយគ្នានេះ សម្តេច បានណែនាំលោកមេធាវី គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន និងចំពោះរឿងមិនអាចសម្របសម្រួល បានត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។ បន្ថែមពីលើនេះ សម្តេច ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលលោកលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។

សម្តេចហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ដោយរឿងច្រើនពេក ថ្ងៃនេះ ខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំ ដើរបោកប្រាស់គេ រហូតថាយកលុយដែលបោកប្រាស់បាន យកមកជូនខ្ញុំទៀតផង ដោយប្រាប់គេថា ខ្លួនចេញចូលផ្ទះខ្ញុំ ក្នុងពេលណាក៏បាន ក្នុងពេលដែលលី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះសុខ ឡេង ១០លានដុល្លារ ថាយកមកឲ្យខ្ញុំ តែពេលសុខ ឡេង ផ្តាំឲ្យសួរខ្ញុំ តាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹង ក៏ទាមទារពីលី សាម៉េត ប្រគល់ឲ្យសុខ ឡេង វិញទាំងអស់ ដោយពេលនោះ យកលី សាម៉េត ទៅសួរចម្លើយ និងប្រគល់-ទទួលប្រាក់ នៅស្នងការនគរបាលក្រុងភ្នំពេញ»។

សម្តេចហ៊ុន សែន សរសេរបន្តថា «មុននេះប៉ុន្មានថ្ងៃ ខ្ញុំបានប្រាប់ទៅលី សាម៉េត ឲ្យសងលុយទៅមួង ឃីម ចំនួន ២៣ម៉ឺនដុល្លារ ក្រោយមួង ឃីម បញ្ជូនសារជាវីដេអូ មកខ្ញុំ អមដោយសារសំឡេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។ ថ្ងៃនេះ ខ្ញុំទទួលវីដេអូ ពីលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ»។

សម្តេចប្រធានព្រឹទ្ធសភា បន្តថា «ក្នុងមុខតំណែងជារដ្ឋមន្ត្រី ៦ឆ្នាំ ជានាយករដ្ឋមន្ត្រី ៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទី ក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រី រាប់ម៉ឺននាក់ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយ មិនថាតាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញ មន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ ករណីលី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ»។

សម្តេចហ៊ុន សែន សរសេរបន្តទៀតថា «ដើម្បីជម្រះបញ្ជីមួយនេះ តាមរបៀបពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ ៖១. រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ដើម្បីចេញដីកាការពារទ្រព្យសម្បត្តិលី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោកលី សាម៉េត។ ២. អ្នកចាញ់បោកលី សាម៉េត ទាំងអស់ ដាក់ពាក្យប្តឹង ឬទាមទារសំណង ទៅកាន់មេធាវីសម្តេចតេជោ។ ៣. ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោ ចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបាន ត្រូវប្តឹងទៅតុលាការ ចាត់ការតាមច្បាប់។ ៤. ស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលលី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់»។

ចំណែកលោកមេធាវី គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ បន្ទាប់ពីបានឃើញសំណេរណែនាំរបស់សម្តេចហ៊ុន សែន ខាងលើ លោកបានឆ្លើយតបភ្លាមៗ ដោយគោរពទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច ។

លោកមេធាវី គី តិច បានសរសេរខម្មិនក្នុងទំព័រហ្វេសប៊ុកសម្តេចហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ថា «ខ្ញុំបាទសូមគោរពទទួលអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ។ ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ពីខ្ញុំបាទ»។

ដោយឡែក ពាក់ព័ន្ធនឹងការទម្លាយរបស់សម្តេចហ៊ុន សែន ពីរឿងលោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាលោកលី សាម៉េត បានយកប្រាក់ពីគាត់ ចំនួន ៣០ម៉ឺនដុល្លារ ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រនោះ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  ចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ភ្លាមៗផងដែរ ។

អនុក្រឹត្យ ចុះថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច ៖ ត្រូវបានបញ្ចប់មុខតំណែងលោក កន សុខកាយ ឋានន្តរស័ក្ដិឧត្ដមមន្រ្តី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលស្រុកល្វាឯម នៃខេត្តកណ្ដាល ដោយសារសាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ៕ កុលបុត្រ

RELATED ARTICLES