ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល ដែលមានលោកកែវ រតនៈ ជារដ្ឋមន្រ្តី បានបង្ហាញរបាយការណ៍ស្ដីពីវឌ្ឍនភាពសំខាន់ៗរបស់វិស័យអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីមុំ៤ របស់រាជរដ្ឋាភិបាល ស្ដីពីគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ក្លឹបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីក្រសួងរ៉ែនិងថាមពល និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសន្និសីទ ក្រោមប្រធានបទ «គោលនយោបាយថាមពលកម្ពុជា» ដើម្បីផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានស្វែងយល់អំពីគម្រោងថាមពលស្អាត ឬថាមពលកកើតឡើងវិញនៅកម្ពុជា ដែលរាជរដ្ឋាភិបាល ទើបនឹងអនុម័តជាប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ ។
លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអញ្ជើញចូលរួមក្នុងសន្និសីទខាងលើនេះ ហើយលោកបានផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើគម្រោងថាមពលស្អាត អត្ថប្រយោជន៍ និងឱកាសនៃការអនុវត្តថាមពលស្អាត ឬថាមពលខ្យល់ នៅកម្ពុជា ។
មុននឹងឆ្លើយសំណួរអ្នកសារព័ត៌មានដែលបានចូលរួម ចំនួន៣៧ស្ថាប័ន និងមានការចូលរួមពីនិស្សិត ចំនួន៨មហាវិទ្យាល័យ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានលើកឡើងពីគោលនយោបាយនៃការអភិវឌ្ឍន៍វិស័យថាមពលនៅកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន ម៉ាណែត ក្នុងអាណត្តិទី៧ នេះ បានផ្តោតទៅលើមុំ៤ សំខាន់ៗ គឺមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ថាមពលកាន់តែស្អាត ថ្លៃសមរម្យ មានស្ថិរភាព និងមានសមធម៌ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្មនៅកម្ពុជា កាន់តែមិនសូវជាប់ការលំបាក។
មុំទាំង៤ ដែលលោករដ្ឋមន្រ្តី កែវ រតនៈ លើកឡើងនោះ រួមមាន ៖
មុំទី១ ៖ បន្តអភិវឌ្ឍន៍ប្រភពថាមអគ្គិសនី ដើម្បីកុំឱ្យមានការខ្វះខាត មានភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់ ព្រមទាំងបង្កើនការពង្រីកបន្ថែម ជាពិសេសថាមពលស្អាត ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចមិនអនុញ្ញាតឱ្យមានការដាក់ពង្រាយម៉ាស៊ីនភ្លើង ដែលដើរដោយម៉ាស៊ូត ឬប្រេងម៉ាស៊ីនខ្មៅទៀតនោះទេ។
មុំទី២ ៖ ការដំឡើងថ្លៃ ៖ ការខិតខំមិនធ្វើឱ្យថ្លៃអគ្គសនីឡើង គឺជាគោលនយោបាយសំខាន់ របស់សម្តេចមហាមបរវធិបតី ហ៊ុន ម៉ាណែត ដើម្បីកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ និងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។ ការធ្វើមិនឱ្យថ្លៃអគ្គិសនីឡើងនេះ អាចធ្វើបានតាមរូបភាព២ គឺទី១- មិនដំឡើងថ្លៃ ឬបញ្ឈប់ការឡើងថ្លៃ ដោយរាជរដ្ឋាភិបាល បានបានបញ្ចេញលុយតាមរយៈអគ្គិសនីកម្ពុជា ដើម្បីទប់ថ្លៃកុំឱ្យឡើងជាបន្តបន្ទាប់ ខណៈថ្មីៗនេះសម្តេចមហាបវរធិបតី បានសម្រេចបញ្ចុះថ្លៃអគ្គិសនីបន្ថែមទៀត ដល់បណ្តារោងម៉ាស៊ីនស្រូវ និងសម្ងួតស្រូវ ដើម្បីកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយកសិករ និងជំរុញដល់ការធ្វើផលិតកម្ម សម្រាប់នាំចេញអង្ករផងដែរ។
មុំទី៣ ៖ ស្ថិរភាពនៃការផ្គត់ផ្គង់៖ រាជរដ្ឋាភិបាល នឹងពិនិត្យទៅលើការវិនិយោគ ដើម្បីធានាថាចាប់ពីពេលនេះតទៅ ការផ្គត់ផ្គង់អគ្គិសនីនឹងកាន់តែទុកចិត្តបាន ពោលគឺមិនដាច់អគ្គិសនីញឹកញាប់ ដូចកាលពីមុនទៀតនោះទេ។ ដូច្នេះមុំទី៣ នៃវិស័យអគ្គិសនីនៅកម្ពុជា គឺឈានទៅពង្រឹងការមិនដាច់ភ្លើងនេះឱ្យកាន់តែល្អ ដើម្បីធ្វើឱ្យការរស់នៅ និងការធ្វើអាជីវកម្មនៅកម្ពុជា កាន់តែមិនសូវលំបាក។
មុំទី៤ ៖ សមធម៌ ៖ ពាក់ព័ន្ធនឹងចំណុចសមធម៌នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង លើសមធម៌ ៣ចំណុច គឺទី១-ថ្លៃប្រើប្រាស់នៅតំបន់ទីក្រុង និងជនបទ មិនមានគម្លាតគ្នា ពោលគឺអ្នកប្រើប្រាស់នៅជនបទតិច បង់ថ្លៃតិចជាងអ្នកប្រើប្រាស់ច្រើននៅទីក្រុង។ ទី២- សមភាពយេនឌ័រ ដោយរាជរដ្ឋាភិបាល បានកំណត់ថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ជាពិសេសគម្រោងថាមពលស្អាត ត្រូវស្រូបយកកម្លាំងពលកម្មស្រ្តីឱ្យច្រើន គឺតម្រូវឱ្យយកម្មករស្រី្តចូលធ្វើការយ៉ាងតិច ៦០% ក្នុងពេលសាងសង់គម្រោង, ក្នុងរយៈពេលប្រតិបត្តិការ ក្នុងរយៈពេល ២៥ឆ្នាំ នៃគម្រោង ដាច់ខាតត្រូវយកស្រ្តីឱ្យបាន៥០%។ បន្ថែមពីនេះ នៅក្នុងកម្រិតនៃការគ្រប់គ្រងគម្រោង គឺតម្រូវឱ្យយកនារីយ៉ាងតិច ១នាក់ជាជនជាតិខ្មែរ ធ្វើជាអនុប្រធានគម្រោង ដើម្បីរុញការងារចាប់ពីកម្រិតទាបដល់ខ្ពស់។ ចំណុចទី៣ គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវធានការមួយចំនួន ដើម្បីទៅជួយឱ្យប្រជាជន នៅតំបន់នៅតំបន់ជនជាតិភាគតិច មានអគ្គិសនីប្រើប្រាស់ ដូចប្រជាជនផ្សេងទៀតដែរ ។
ជាមួយគ្នានោះដែរ នៅក្នុងរបាយការណ៍ ស្ដីពីវឌ្ឍនភាពសំខាន់ៗ របស់វិស័យអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដែលក្រសួងរ៉ែនិងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា យកមកបង្ហាញនៅក្នុងវេទិកានោះ បានបង្ហាញពីវឌ្ឍនភាពមចំនួន៥ គឺ១- វឌ្ឍនភាពនៃការផ្ដល់ប្រភពអគ្គិសនី ២- វឌ្ឍនភាពនៃការផ្ដល់សេវាបញ្ជូនអគ្គិសនី ៣- វឌ្ឍនភាពនៃការផ្គត់ផ្គង់អគ្គិសនីឲ្យអ្នកប្រើប្រាស់ ៤- វឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យអ្នកប្រើប្រាស់ដល់ចុងឆ្នាំ២០២៣ និង៥- វឌ្ឍនភាពនៃការបន្ថយថ្លៃអគ្គិសនី ។
នៅក្នុងវឌ្ឍនភាពនៃការផ្ដល់ប្រភពអគ្គិសនី បានបញ្ជាក់ពីវឌ្ឍនភាពនៃការផ្ដល់ប្រភពអគ្គិសនីក្នុងរយៈពេល១៥ឆ្នាំ កន្លងមក អានុភាពប្រភពអគ្គិសនីកើនឡើង ៨.០៣ដង និងបរិមាណថាមពលកើនឡើង ៨.០៧ដង និងទិន្នន័យនៃប្រភពអគ្គិសនីផ្សេងៗដែលផ្ដល់ឲ្យកម្ពុជា ។
នៅក្នុងវឌ្ឍនភាពនៃការផ្តល់សេវាបញ្ជូនអគ្គិសនី បានបង្ហាញពីផែនការអភិវឌ្ឍន៍បណ្តាញជាតិរហូតដល់ឆ្នាំ២០២៨ ដោយបញ្ជាក់ថា “បណ្តាញជាតិ” គឺជាប្រព័ន្ធផ្តល់សេវាបញ្ជូនអគ្គិសនីដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់៣ គឺ ៖ បណ្តាញបញ្ជូនតង់ស្យុងខ្ពស់ អនុស្ថានីយ និងមជ្ឈមណ្ឌលជាតិបញ្ជា។ ការអភិវឌ្ឍ “បណ្តាញជាតិ” មានគោលបំណងសំខាន់ជា៣ គឺទី១ បើកឱកាសឱ្យយើងអាចអភិវឌ្ឍប្រភពអគ្គិសនី ដែលមានសក្តានុពលនៅទីតាំងផ្សេងៗភ្ជាប់បញ្ចូលមកក្នុង “បណ្តាញជាតិ” , ទី២. គ្រប់គ្រងការទទួលប្រភពអគ្គិសនីទាំងនេះតាមពេលវេលា និងរដូវកាល មកលាយបញ្ចូលគ្នា តម្រូវទៅតាមទំហំនៃសេចក្តីត្រូវការប្រើប្រាស់តាមពេលនីមួយៗ និងទី៣. បញ្ជូនថាមពលអគ្គិសនីទាំងនេះ ទៅឱ្យរាជធានីខេត្ត និងតំបន់នានាតាមរយៈអនុស្ថានីយរបស់ខ្លួន ដើម្បីធ្វើការផ្គត់ផ្គង់អគ្គិសនី បន្តឱ្យទៅអ្នកប្រើប្រាស់ ។
នៅចុងឆ្នាំ២០២៣ តាមរយៈរហេដ្ឋារចនាសម្ព័ន្ធដែលមានខាងលើ “បណ្តាញជាតិ” មានលទ្ធភាពនាំចូលប្រភពអគ្គិសនីពីប្រទេសវៀតណម ថៃ និងឡាវ និងទទួលប្រភពថាមពលបានមកពីការផលិតនៃថាមពលអគ្គិសនីក្នុងស្រុកនានាដែលបានអភិវឌ្ឍ មកលាយបញ្ចូលគ្នា តម្រូវទៅតាមសេចក្តីត្រូវការប្រើប្រាស់ រួចបញ្ជូនប្រភពថាមពលទាំងនោះទៅផ្តល់ឱ្យគ្រប់រាជធានី/ខេត្តទូទាំងប្រទេស តាមរយៈអនុស្ថានីយដែលឋិតនៅក្នុងរាជធានី-ខេត្តទាំងនោះ ។ ហេដ្ឋារចនាសម្ព័ន្ធដែលមានខាងលើ ក៏អាចធ្វើឱ្យ “បណ្តាញជាតិ” មានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីធុនដុំឲ្យដល់រោងចក្រ និងតំបន់ឧស្សាហកម្មធំៗ ដែលមានទីតាំងឋិតនៅក្នុងរង្វង់ដែនផ្គត់ផ្គង់ពីអនុស្ថានីយទាំង ៦៨ ដែលឋិតនៅក្នុងរាជធានី-ខេត្តទាំង២៥ នោះផងដែរ ។
នៅក្នុងវឌ្ឍនភាពនៃការផ្តល់សេវាផ្គត់ផ្គង់អគ្គិសនីឱ្យអ្នកប្រើប្រាស់ បានបញ្ជាក់ពីការអភិវឌ្ឍបណ្តាញបញ្ជូនរង និងបណ្តាញចែកចាយអគ្គិសនី រចនាសម្ព័ន្ធ និងប្រភេទនៃការផ្គត់ផ្គង់អគ្គិសនី ដែលមាននៅព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំ២០២៣ ការផ្ដល់អាជ្ញាបណ្ណចែកចាយ ការផ្ដល់ដែនអាជ្ញាបណ្ណ និងការរៀបចំបណ្ដាញចែកចាយ វឌ្ឍនភាពនៃការផ្ដល់ដែនអាជ្ញាបណ្ណ និងការអភិវឌ្ឍខ្សែបណ្ដាញចែកចាយអគ្គិសនីរយៈពេល១៥ឆ្នាំ កន្លងមក កំណើនវិសាលភាពនៃអគិ្គសនីភាវូបនីយកម្ម (ដែនអាជ្ញាបណ្ណ និងតំបន់រៀបចំខ្សែបណ្ដាញរួច គិតត្រឹមខែធ្នូ ឆ្នាំ២០២៣) និងស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣ ។
ការអភិវឌ្ឍបណ្ដាញបញ្ជូនរង និងបណ្ដាញចែកចាយអគ្គិសនី បានបញ្ជាក់ថា នៅកម្ពុជា ការផ្គត់ផ្គង់អគ្គិសនីឱ្យអ្នកប្រើប្រាស់ធ្វើតាមមធ្យោបាយ ៣ ប្រភេទ៖ ទី១. ចំពោះអ្នកប្រើប្រាស់អគ្គិសនីធុនដុំដែលមានអានុភាព ចចាប់ពី 10MV ឡើងទៅ អាចទិញថាមពលអគ្គិសនីតាមរយៈអនុស្ថានីយបណ្តាញជាតិ, ទី២. ចំពោះអ្នកប្រើប្រាស់ធុនធំ ដែលមានអានុភាពលើស ពី 5OOKVA ឡើងទៅ អាចទិញថាមពលអគ្គិសនីតាមរយះបណ្តាញបញ្ជូនរងរបស់អ្នកបញ្ជូនរង និងចែកចាយ និងទី៣. ចំពោះអ្នកប្រើប្រាស់ធុនតូចដែលមានអានុភាព 500KVAចុះក្រោម អាចទិញថាមពលអគ្គិសនីតាមរយៈបណ្តាញចែកចាយនៅតំបន់ចែកចាយដែលមានខ្សែបណ្តាញ តង់ស្យុងមធ្យម (MV) សមរម្យ និងស្ថិរភាព ។ បណ្តាញបញ្ជូនរង គឺជាបណ្តាញមេតង់ស្យុងមធ្យម(MV) ដែលគេប្រើប្រាស់សម្រាប់បញ្ជូនអគ្គិសនី ពីទូរចរន្តនៃអនុស្ថានីយទៅផ្តល់ឱ្យតំបន់ចែកចាយ និងអាចផ្គត់ផ្គង់អគ្គិសនីឱ្យអ្នកប្រើប្រាស់ធុនធំMV ដែលមានអានុភាពលើសពី 500KVA ឡើងទៅ ។ ប្រព័ន្ធចែកចាយ គឺជាហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីដែលមានបណ្តាញតង់ស្យុងមធ្យម(MV), ត្រង់ស្វូចែកចាយ, បណ្តាញរាយតង់ស្យុង ទាប(LV) និងបរិក្ខារភ្ជាប់ចរន្តឱ្យអ្នកប្រើប្រាស់សម្រាប់ផ្គត់ផ្គង់អគ្គិសនីឱ្យអ្នកប្រើប្រាស់ ដែលមានអានុភាព 500kVA ចុះក្រោម ។
រចនាសម្ព័ន្ធ និងប្រភេទនៃការផ្គត់ផ្គង់អគ្គិសនី ដែលមាននៅព្រះរាជាណាចក្រកម្ពុជានៅចុងឆ្នាំ២០២៣ បានបញ្ជាក់ថា ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាត្រូវបានដោះស្រាយ និងធ្វើការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចអភិវឌ្ឍបាននៃតំបន់នីមួយៗ ។ មកដល់ចុងឆ្នាំ២០២៣ យើងបានផ្គត់ផ្គង់អគ្គិសនីឱ្យទីតាំងប្រើប្រាស់ចំនួន ៣,៧០៥,៥០៧កន្លែង ហើយក្នុងនោះដែរ ការផ្គត់ផ្គង់អគ្គិសនីបានចែកចេញជា៣ប្រភេទ ទៅតាមលទ្ធភាពនៃការផ្តល់ប្រភពអគ្គិសនី គឺ៖ ១.ការផ្គត់ផ្គង់អគ្គិសនីដោយប្រភពអគ្គិសនីពីបណ្តាញជាតិ ចំពោះតំបន់ទាំងឡាយណាដែលប្រភពអគ្គិសនីពីបណ្តាញជាតិបានពង្រីកទៅដល់, ២.ការផ្គត់ផ្គង់អគ្គិសនីដោយប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង ចំពោះតំបន់ទាំងឡាយណាដែលបណ្តាញជាតិពុំទាន់ពង្រីកទៅដល់ ប៉ុន្តែមានលទ្ធភាពនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាងបាន តាមខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ឆ្លងកាត់ព្រំដែន និង ៣.ការផ្គត់ផ្គង់អគ្គិសនីដោយការផលិតអគ្គិសនីពីម៉ាស៊ីនដ្យេសែល ឬដោយបច្ចេកវិទ្យាផ្សេងៗទៀត ចំពោះតំបន់ទាំងឡាយណាដែលបណ្តាញជាតិពុំទាន់ពង្រីកទៅដល់ និងពុំមានលទ្ធភាពនាំចូលប្រភពអគ្គិសនីពីប្រទេសជិតខាង ។
ស្ថានភាពនៃការផ្គត់ផ្គង់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០២៣ បានបង្ហាញថា គិតមកដល់ក្នុងឆ្នាំ២០២៣ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងអភិវឌ្ឍបណ្តាញចែកចាយ អគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន ១៤.១៥១ភូមិ ស្មើនឹង ៤៩.៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេស ។ ក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤.១៥១ភូមិនេះ មានចំនួន ១៤.០០៨ភូមិ ស្មើនឹង ៩៨.៨៧% បានសាងសង់ខ្សែបណ្តាញរួច ហើយមានចំនួន ១០០ភូមិ ស្មើនឹង ១.១៣% ពុំទាន់មានខ្សែបណ្តាញទៅដល់បើធៀបទៅនឹងភូមិសរុបទូទាំងប្រទេស ។ សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៤.០០៨ភូមិ មានចំនួន ១៣.៨៩៦ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន១ភូមិ ទទួលប្រភពពីម៉ាស៊ីនដ្យេសែលតូចៗ។ ដោយឡែកចំពោះភូមិចំនួន១៦០ ដែលពុំទាន់មានខ្សែបណ្ដាញអគ្គិសនីទៅដល់ ភាគច្រើនឋិតនៅតំបន់កោះ តំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹក និងតំបន់ឆ្ងាយដាច់ស្រយាល ដែលមានប្រជាជនរស់នៅរាយប៉ាយ ។
នៅក្នុងវឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឱ្យអ្នកប្រើប្រាស់ដល់ចុងឆ្នាំ២០២៣ បានបញ្ជាក់ពីវឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីឱ្យអ្នកប្រើប្រាស់គ្រប់ប្រភេទក្នុងរយៈពេល ១៥ឆ្នាំ កន្លងមក កំណើននៃការភ្ជាប់ចរន្តឱ្យទីតាំងប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទ និងវឌ្ឍនភាពនៃការភ្ជាប់ចរន្តអគ្គិសនីនៃការភ្ជាប់ចរន្តអគ្គិសនីឲ្យលំនៅឋានក្នុងរយៈពេល៥ឆ្នាំ កន្លងមក ។
នៅក្នុងវឌ្ឍនភាពនៃការបន្ថយថ្លៃអគ្គិសនី បានបញ្ជាក់ពីផែនការបន្ថយអត្រាថ្លៃអគ្គិសនីដែលផ្គត់ផ្គង់ពីប្រភពបណ្ដាញជាតិ យោងប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លេខ០២៥៨ រថ.បគអថ.ប្រក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការឲ្យអនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំ២០២៣ រាជរដ្ឋភិបាលបានសម្រេចឲ្យរក្សាស្ថានភាពថ្លៃលក់អគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនីសម្រាប់ឆ្នាំ២០២៣ ឲ្យនៅដដែលដូចឆ្នាំ២០២២ ។ បញ្ជីថ្លៃលក់អគ្គិសនីតាមពេលវេលា និងអានុភាពសម្រាប់អ្នកប្រើប្រាស់ធុនដុំ ធុនធំ និងធុនមធ្យម “ប្រភេទឧស្សាហកម្ម និងកសិកម្ម” និង “ប្រភេទពាណិជ្ជកម្ម រដ្ឋបាល និងផ្សេងៗ” ដែលភ្ជាប់ចរន្តប្រើប្រាស់ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្ដាញជាតិ យោងប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លេខ០២៥៨ រថ.បគអថ.ប្រក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការឲ្យអនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនី សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចឲ្យរក្សាបញ្ជីថ្លៃលក់អគ្គិសនីតាមពេលវេលា និងអានុភាព សម្រាប់ឆ្នាំ២០២៣ ឲ្យនៅដដែលដូចឆ្នាំ២០២២ ។ បញ្ជីថ្លៃលក់អគ្គិសនីដែលមានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យសម្រាប់អ្នកប្រើប្រាស់ដុំ និងធុនធំ “ប្រភេទឧស្សាហកម្ម និងកសិកម្ម” និង “ប្រភេទពាណិជ្ជកម្ម រដ្ឋបាល និងផ្សេងៗ” ដែលភ្ជាប់ចរន្តប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីប្រភពបណ្ដាញជាតិ និងមានអនុភាពចាប់ពី 275KVA ឡើងទៅ យោងប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លេខ០២៥៨ រថ.បគអថ.ប្រក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ដីពីការដាក់ឲ្យអនុវត្តផែនការបញ្ជីថ្លៃលក់អគ្គិសនីសម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានសម្រេចឲ្យរក្សាបញ្ជីថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យភ្ជាប់សាំងក្រូនជាមួយប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីបណ្ដាញជាតិសម្រាប់ឆ្នាំ២០២៣ ឲ្យនៅដដែលដូចឆ្នាំ២០២២ ។ ស្ថានភាពបន្ថយគម្លាតថ្លៃលក់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០២៣ គិតមកដល់ចុងឆ្នាំ២០២៣ អាជ្ញធម៌អគ្គិសនីកម្ពុជាបានចេញអាជ្ញាបណ្ណឱ្យធ្វើការចែកចាយអគ្គិសនីលើតំបន់ចំនួន ៤០៤តំបន់ ដែលមានដែនអាជ្ញាបណ្ណសរុបគ្របដណ្តប់លើភូមិចំនួន ១៤.១៥១ភូមិ ត្រូវជា៩៩.៨៨% នៃភូមិសរុបទូទាំងប្រទេសចំនួន ១៤.១៦៨ភូមិ ។ បច្ចុប្បន្ន ក្នុងចំណោមអ្នកចែកចាយអគ្គិសនីទាំង ៤០៤តំបន់នេះ មានចំនួន ៣៩៩តំបន់ ដែលមានដែនអាជ្ញាបណ្ណគ្របដណ្តប់លើភូមិចំនួន ១៤០៣៩ ត្រូវជា ៩៩.០៩% នៃដែនអាជ្ញាបណ្ណសរយប កំពុងអនុវត្តបញ្ជីថ្លៃលក់អគ្គិសនីតែមួយដូចគ្នា គឺបញ្ជីថ្លៃលក់អគ្គិសនីដែលរាជរដ្ឋាភិបាលបានកំណត់សម្រាប់តំបន់ចែកចាយក្នុងប្រព័ន្ធបណ្តាញជាតិ ។ ទន្ទឹមនឹងនេះ នៅសល់តំបន់ចំនួន៥ទៀត ដែលនៅអនុវត្តបញ្ជីថ្លៃលក់អគ្គិសនីខុសៗគ្នាតាមថ្លៃដើមដាក់ស្តែងនៃតំបន់នីមួយៗនៅឡើយ ដែលក្នុងនោះ ៤តំបន់ មានដែនអាជ្ញាបណ្ណគ្របដណ្តប់លើភូមិចំនួន ១១១ ត្រូវជា ០.៧៨% នៃដែនអាជ្ញាបណ្ណសរុបកំពុងប្រើប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង ដែលមានអត្រាថ្លៃលក់៧៥០រៀល និងចាប់ពី៤.៤២៨៣ទៅ៦.០០បាត និង១តំបន់ទៀត កំពុងប្រើប្រភពអគ្គិសនីផលិតពីម៉ាស៊ីនដ្យេសែលតូចៗគ្រប់ដណ្តប់លើភូមិចំនួន១ ត្រូវជា០.០០១% ដែលមានអត្រាថ្លៃលក់ពី ២៩០០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ៕ កុលបុត្រ