ភ្នំពេញ ៖ តាមប្រភពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ថា ដោយទឹកទន្លេឡើងនីវ៉ូខ្ពស់ និងដោយមានករណីព្យុះភ្លៀង ៥ថ្ងៃជាប់ៗគ្នាមកនេះ បានបង្កឲ្យភ្លៀងធ្លាក់ខ្លាំង មានកម្ពស់រហូតដល់ ២៣៤មម បានបណ្តាលឲ្យទឹកជន់លិចនៅតំបន់មួយចំនួន នៅភូមិសាស្ត្រខណ្ឌសែនសុខ និងខណ្ឌឫស្សីកែវ តែមកដល់ពេលនេះ ស្ថានភាពទឹក បានស្រកអស់ស្ទើរគ្រប់ទីកន្លែង ។

គិតត្រឹមថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ការសាងសង់ស្ថានីយបូមទឹកថ្មី ស្វាយប៉ាក សម្រេចបាន ៩៦% និងសាង សង់ស្ថានីយបូមទឹកបន្ថែម សម្រេចបាន ២៥% ដែលគម្រោងទាំង២នេះ នឹងមានសមត្ថភាពបូមទឹកបន្ថែម សរុបនឹងកើនដល់ ៣៥ម៉ែត្រគូប ក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ ។

ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ការដ្ឋាននឹងដាក់ឲ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែម ចំនួន ២គ្រឿង អង្កត់ផ្ចិតទំហំ ១ម៉ែត្រ នៅស្ថានីយបូមទឹកស្វាយប៉ាក ដែលសង្ឃឹមថា នឹងកាត់បន្ថយការលិចលង់នៅតំបន់ខាងជើងរាជធានីភ្នំពេញ ៕

