ភ្នំពេញ ៖ បន្ទាប់ពីបានបញ្ចប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេលពីរថ្ងៃ គឺថ្ងៃទី ០៨-០៩ ខែតុលា ឆ្នាំ២០២៤ ក្រសួងអប់រំ បានជូនដំណឹងថា លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺ នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៤ ដែលមានបេក្ខជនចុះឈ្មោះប្រឡង សរុប ១៣៧ ០៤០នាក់ (ស្រី ៧៤៨៨២នាក់) មណ្ឌលប្រឡងសរុប ២៣០មណ្ឌល ត្រូវជា ៥៥៣៣បន្ទប់។
ចំនួនគណៈមេប្រយោគទូទាំងប្រទេស និងគណៈកម្មការនានានៅក្នុងដំណើរការសំណេរ សរុប ១៨៧២៤នាក់ ក្នុងនោះទីស្តីការក្រសួង ៦១៨នាក់ និងរាជធានី-ខេត្ត ១៨១០៦នាក់។ គរុសិស្ស គរុនិស្សិតដែលបានចូលរួមជាជំនួយការ អប្បមាទ មានចំនួន ២៩៨២នាក់។
គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធានមណ្ឌល គណៈកម្មការកណ្តាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្សបានបំពេញការងារប្រកបដោយកាយក ចិត្តទុកដាក់និងទំនួលខុសត្រូវ ព្រមទាំងមានកិច្ចសហការល្អពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធ យុវជនកម្ពុជា ភ្នាក់ងារសុខាភិបាល កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចពាកព័ន្ធ។
ចំនួនបេក្ខជនអវត្តមាន សរុប ២៤០៦នាក់ (ស្រី ៩១៥នាក់) ត្រូវជា ១,៧៦ភាគរយនៃចំនួនបេក្ខជនសរុប ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅនិងបំពេញវិជ្ជា) អវត្តមានសរុប ១៩៩០នាក់ ស្រី ៧៣៨នាក់ ត្រូវជា ៨២,៧១ភាគរយ នៃបេក្ខជនអវត្តមានសរុប។
ចំនួនបេក្ខជនបានបញ្ហាសុខភាព សរុប ១៣៦នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបាន មានចំនួន ១០នាក់។ បេក្ខជនដាកឱ្យប្រឡងដាច់ដោយឡែក មានចំនួន ២២នាក់។ បេក្ខជនជួបគ្រោះថ្នាក់ចរាចណ៍ មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៦នាក់។
នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា។ ទោះបីជានៅតាមបណ្តាខេត្តមួយចំនួន មានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដលដំណើរការសំណេរបស់បេក្ខជនឡើយ។ ដោយឡែកមណ្ឌលប្រឡងមួយចំនួននៅខេត្តកោះកុង និងខេត្តស្ទឹងត្រែង ជួបប្រទះបញ្ហាភ្លៀងខ្លាំង និងដាច់ចរន្តអគ្គិសនីមួយរយ:ខ្លី នៅរសៀលថ្ងៃទី១ ប៉ុន្តែបាន បន្តដំណើរការវិញដោយប្រក្រតី។ បណ្ឌលប្រឡង ទ្យាល័យហ៊ុនសែន ជម្ពូវ័ន រាជធានីភ្នំពេញ បានជួបប្រទះបញ្ហាទឹកលិច និងបានផ្លាសប្តូរបន្ទប់ប្រឡង នៅថ្ងៃទី២។
បេក្ខជន និងអនុរក្សដែលបានប្រើប្រាស់ ឬយកទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង មានចំនួន ៥ករណី។ បេក្ខជនដែលមិនបានមកប្រឡងនៅម៉ោងដំបូង រួចហើយទាមទារចូលប្រឡងនៅម៉ោងបន្ទាប់ មាន ៣ករណី។
ដំណើរការសំណេរ បានបញ្ចប់នៅម៉ោង ១៦:៣០រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។ ហឹបសន្លឹកកិច្ចការបេក្ខជន និងសំណុំឯកសារពាក់ព័ន្ធការប្រឡង នឹងត្រូវត្រួតពិនិត្យដោយហ្មត់ចត់បំផុត ព្រមទាំងត្រូវបញ្ជូនមកកាន់រាជធានីភ្នំពេញ ដើម្បីបន្តដំណើរការកំណែ។
ជារួម ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៨ តុលា ២០២៤ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ “អ្នកចេះគឺជាប់”។
តាមការគ្រោងទុក លទ្ធផលប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ និងផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា tacebook.com/moeys.gov.kh ៕ ខៀវទុំ