ភ្នំពេញ ៖ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានផ្ញើឯកសារចំហ អំពីព្រំដែនខ្មែរ-ថៃ ជូនសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ពិចារណាក្នុងការលុបចោលគម្រោងរកស៊ីរួមគ្នាលើតំបន់ត្រួតស៊ីគ្នា ដែលជាដែនសមុទ្ររបស់ខ្មែរ និងទុកជាឯកសារប្រវត្តិសាស្រ្ត ដើម្បីកូនខ្មែរ បានដឹងនិងបានសិក្សាឈ្វេងយល់ ។
លោកអ៊ុំ សំអាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ថា “ខ្ញុំ អ៊ុំ សំអាន សូមផ្ញើឯកសារជាចំហអំពីព្រំដែនខ្មែរ-ថៃ ជូនលោកហ៊ុន ម៉ាណែត ។ ឯកសារសំខាន់បំផុត ជាប្រវត្តិសាស្រ្ត នៃព្រំដែនខ្មែរ-ថៃ ដែលកូនខ្មែរត្រូវតែដឹង។ ឯកសារនេះ ក៏បញ្ជាក់អំពីព្រំដែនសមុទ្រផងដែរ ដូចជា «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិនបារាំងសែស និងប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រ តាមចំណុចមួយនៅចំពីមុខកោះគុត ត្រង់កំពូលខ្ពស់បំផុត»។ ប៉ុន្តែកម្ពុជា បានបាត់បង់កោះគុត ទាំងស្រុង ទៅប្រទេសថៃ។ ពេលនេះ កោះគុត នៅខេត្តកោះកុង បានបាត់បង់ វានាំព្រំដែនសមុទ្រ ក៏បាត់បង់ច្រើនដែរ ព្រោះសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត ជាគោល។ ចំណុចខ្ពស់បំផុតនៃកោះគុត កម្ពុជា ត្រូវទទួលបាន ២/៣ នៃកោះគុត ឯថៃ ទទួលបាន ១/៣។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រំដែនសមុទ្រកម្ពុជា គិតពីចំណុចកំពូលភ្នំខ្ពស់បំផុតនៃកោះគុត ឆ្ពោះមកចំណុចរួមលើគោក នៅចាំយាម។ សម័យសង្គមរាស្ត្រនិយម កោះគុត មានកងទ័ពកម្ពុជា ទៅឈរជើងនៅទីនោះ ហើយសម័យខ្មែរក្រហម ខ្មែរកាន់កាប់កោះគុត ទាំងមូល ដោយឧត្តមសេនីយ៍ មាស មុត»។
លោកអ៊ុំ សំអាន បន្តថា «លោកហ៊ុន ម៉ាណែត និងថៃ បានព្រមព្រៀងគ្នាសិក្សាពីការរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។ តំបន់ត្រួតស៊ីគ្នា ចំនួន ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់សមុទ្រខ្មែរ តាមរយៈថៃ បានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ សម័យវៀតណាម ត្រួតត្រាកម្ពុជា។ តំបន់ដែនសមុទ្រខ្មែរ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់សមុទ្រខ្មែរ កាលពីឆ្នាំ១៩៩៧ គឺថៃ ស៊ីដាច់ដែនសមុទ្រខ្មែរ ចំនួន ៤០០០គីឡូម៉ែត្រការ៉េ ដោយមិនចរចាគ្នា ហើយនៅសល់ ២៦០០០គីឡូម៉ែត្រការ៉េ ចាត់ទុកជាតំបន់ត្រួតស៊ីគ្នា។
ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៩៧ លោក ហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកកដែរ ករណីដែលថៃ បានរំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េនោះ។ ប៉ុន្តែកាលនោះ ថៃ បានប្រាប់លោកហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាម ពាក់ពន្ធ័សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២។ យ៉ាងណាក៏ដោយ បន្ទាប់ពីលោកហ៊ុន សែន តវ៉ាជាមួយថៃ ថៃ ក៏បានយល់ព្រមដាក់ដែនសមុទ្រ ២៦០០០គីឡូម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។
គម្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នានោះ គឺយកសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគត កម្ពុជា នឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ដោយបែងចែកសមុទ្រខ្មែរ ចំនួន២៦០០០គីឡូម៉ែត្រការ៉េ ជាមួយថៃ ព្រមទាំងកម្ពុជា យល់ព្រមបោះបង់ចោលកោះគុត ទាំងស្រុង។ តាមពិត កម្ពុជា ត្រូវចរចាកំណត់ព្រំដែនសមុទ្រ ជាមួយថៃ ជាមុនសិន។ កម្ពុជា មិនត្រូវរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន ជាមួយថៃ មុនកំណត់ព្រំដែនសមុទ្រនោះទេ។ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀម ដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត ឆ្ពោះទៅសមុទ្រ»។ ការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុត (ខេត្តកោះកុង) ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ តំបន់ត្រួតស៊ីគ្នា ចំនួន ២៦០០០គីឡូម៉ែត្រការ៉េ ដែលកម្ពុជាគ្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន ជាមួយថៃ និងដែនសមុទ្រខ្មែរ ចំនួន ៤០០០គីឡូម៉ែត្រការ៉េ ដែលថៃ កំពុងកាន់កាប់ គឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា ១០០%»។
លោកអ៊ុំ សំអាន បន្តថា «កម្ពុជា ត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”) នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ 2/3 នៃកោះគុត មកវិញ និងទាមទារយកសមុទ្រខ្មែរ ទំហំ ២៦០០០គីឡូម៉ែត្រការ៉េ និងដែនសមុទ្រខ្មែរ ចំនួន ៤០០០គីឡូម៉ែត្រការ៉េ មកវិញ។ កម្ពុជា ធ្លាប់ឈ្នះក្តីលើថៃ រឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២។ សូមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ផ្តល់ឯកសារសំខាន់នេះ ដល់លោកហ៊ុន ម៉ាណែត ផង ព្រោះខ្ញុំជឿថា គាត់មិនទាន់បានអានឯកសារព្រំដែនខ្មែរ-ថៃ ដ៏សំខាន់នេះទេ។ ប្រសិនបើលោកហ៊ុន ម៉ាណែត បានអានឯកសារនេះ គាត់អាចប្តូរចិត្តលើគម្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា ហើយអាចការពារដែនសមុទ្រខ្មែរ មិនឲ្យបាត់បង់“ ។
លោកអ៊ុំ សំអាន បានសរសេរបន្តទៀតថា “ខាងក្រោមនេះ ជាពិធីសារស្តីពីការកំណត់ព្រំប្រទល់ និងឧបសម្ព័ន្ធនៃសន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ព្រមទាំងសន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ៖
ដើម្បីសម្រួលដល់កិច្ចការគណៈកម្មការ ដែលបានគ្រោងទុក ហើយតាមប្រការ៤ នៃសន្ធិសញ្ញាចុះហត្ថលេខានាថ្ងៃនេះ និងដើម្បីចៀសវាងការលំបាក ដែលអាចនឹងកើតមានក្នុងការកំណត់ព្រំប្រទល់នោះ រដ្ឋាភិបាលបារាំង និងរាជរដ្ឋាភិបាលព្រះចៅប្រទេសសៀម បានព្រមព្រៀងចុះសម្រុងគ្នាដូចតទៅ ៖
មាត្រាមួយ ៖ ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិនបារាំងសែស និងប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រ តាមចំណុចមួយនៅចំពីមុខ “កោះគុត” ត្រង់កំពូលខ្ពស់បំផុត។ វាចេញពីចំណុចនេះ ឆ្ពោះទៅទិសឥឦសាន បន្តរហូតទៅដល់កំពូលភ្នំក្រវាញ។ ត្រូវបញ្ជាក់ថា ទោះជាក្នុងករណីណាក៏ដោយ ជម្រាលភ្នំនៅខាងកើតទាំងអស់នោះ មួយអន្លើ ដោយជលសីមា ខ្លងកោះប៉ោ ត្រូវតែនៅជារបស់ប្រទេសឥណ្ឌូចិនបារាំងសែស។ ព្រំប្រទល់នេះ បត់បែនតាមកំពូលភ្នំក្រវាញ តម្រង់ទៅទិសខាងជើង រហូតដល់ភ្នំធំ លើបន្ទាត់ចែកទឹកសំខាន់ទី១ រវាងស្ទឹងដែលហូរចាក់ទៅឈូងសមុទ្រសៀម និងស្ទឹងនានាដែលហូរចាក់ទៅទន្លេសាប។ ចាប់ពីភ្នំ មកព្រំប្រទល់នេះ ដំបូងបង្អស់បែរតម្រង់ទៅទិសពាយ័ព្យ រួចបានតម្រង់ទៅទិសខាងជើង ដែលជាព្រំប្រទល់បច្ចុប្បន្ន រវាងខេត្តបាត់ដំបង មួយផ្នែក និងព្រំប្រទល់ខេត្តចន្ទតាប៊ុន ជាមួយត្រាត មួយផ្នែកបន្តរហូតទៅដល់ចំណុចដែលព្រំប្រទល់នេះ កាត់ពុះស្ទឹងឈ្មោះណាយសាយ ។ ដូច្នេះវាត្រូវបត់បែនតាមលំបត់ស្ទឹងនេះ រហូតទៅដល់កន្លែងប្រសព្វមុខជាមួយស្ទឹងសេរីសោភ័ណ ហើយបន្តតាមស្ទឹងនោះ ឡើងទៅដល់ចំណុចមួយ ចម្ងាយ ១០គីឡូម៉ែត្រ នៅខាងក្រោយក្រុងអារញ្ញ ។ ទីបំផុតចាប់ពីចំណុចនេះទៅ វាបន្តជាបន្ទាត់ត្រង់ភ្លឹង រហូតទៅដល់ចំណុចមួយនៅខ្នងភ្នំដងរែក ចំកណ្តាលច្រកឈ្មោះចុងតាកោះ និងចុងសាមេត ។ សូមបញ្ជាក់ថា បន្ទាត់ត្រង់នេះ ត្រូវទុកឲ្យមានផ្លូវបើកបរបាននៅក្នុងប្រទេសសៀម ក្នុងការទាក់ទងផ្ទាល់រវាងអារញ្ញ និងចុងតាកោះ ។ ចាប់ពីចំណុចខាងលើនេះ នៅលើកំពូលភ្នំដងរែក ទៅព្រំប្រទល់ ត្រូវបត់បែនតាមបន្ទាត់ចែកទឹក រវាងទំនាប (Bassin) ទន្លេសាប និងទន្លេមេគង្គមួយផ្នែក និងទំនាបទន្លេណាមមីន មួយផ្នែក ហើយចាក់ទៅដល់ទន្លេមេគង្គ ពីខាងក្រោមទន្លេប៉ាកមួន ត្រង់កន្លែងប្រសព្វមុខទន្លេហួយដូន ស្របតាមខ្សែបន្ទាត់ដែលគណៈកម្មាការកំណត់ព្រំប្រទល់ លើកមុន បានអនុម័តកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ១៩០៧ ។ ស្នាមគំនូសរូបរាងស្តីពីព្រំប្រទល់ខាងលើ មានដាក់ភ្ជាប់នៅនឹងពិធីការនេះស្រាប់។
មាត្រាពីរ ៖ ពីខាងទីក្រុងលួងប្រាបាង វិញ ព្រំប្រទល់នេះឃ្លាតចេញពីទន្លេមេគង្គ ភាគខាងត្បូង ត្រង់កន្លែងប្រសព្វមុខទន្លេណាមហួង ហើយបត់បែនតាមផ្លូវនេះ រហូតដល់ទីប្រសព្វវា នៅភូខាវមៀង ។ ចាប់ពីនោះទៅ ព្រំប្រទល់នេះ បត់បែនទៅតាមបន្ទាត់បែងចែកទឹករវាងទន្លេមេគង្គ និងទន្លេមេណាម ហើយចាក់ចូលទៅក្នុងទន្លេមេគង្គ ត្រង់ចំណុចឈ្មោះកេងថាដាយ ស្របទៅតាមខ្សែបន្ទាត់ដែលគណៈកម្មការកំណត់ព្រំប្រទល់មុន បានអនុម័តហើយ កាលពីថ្ងៃទី១៦ ខែមករា ១៩០៦ ។
មាត្រាបី ៖ គណៈកម្មការកំណត់ព្រំប្រទល់ ដែលបានគ្រោងទុកហើយ ក្នុងប្រការបួន នៃសន្ធិសញ្ញាថ្ងៃនេះ នឹងត្រូវសម្រេចចិត្ត ហើយនឹងត្រូវគូសតាមពេលត្រូវការនៅលើដី នូវផ្នែកព្រំប្រទល់ដែលបានពោលរួចមកហើយ នៅក្នុងមាត្រាមួយ នៃពិធីការនេះ ។ ប្រសិនបើនៅពេលកំពុងប្រតិបត្តិការកម្រិតវាស់វែង រដ្ឋាភិបាលបារាំង ចង់បានសច្ចានុម័តពីព្រំប្រទល់ ក្នុងគោលបំណងនឹងយកបន្ទាត់តាមធម្មជាតិ មកជំនួសបន្ទាត់ដែលបានសន្មតសច្ចានុម័តនោះ មិនអាចធ្វើទៅបានឡើយ ទោះជាក្នុងករណីណាក៏ដោយ ឲ្យតែមានការខូចខាតប្រយោជន៏ប្រទេសសៀម ។
ជាភស្តុតាងនេះ បណ្ណទូតនៃប្រទេសរៀងៗខ្លួន បានចុះហត្ថលេខា និងបានបោះត្រា នៅលើពិធីការនេះស្រាប់។
ធ្វើជាពីរច្បាប់ នៅបាងកក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧
ហត្ថលេខា៖ វ.កុល្លាំង (ដឺប្ល៉ង់ស៊ី)
ឌេវវង្ស អរោប្រការ“ ។
លោកអ៊ុំ សំអាន បានសរសេរបន្តទៀតថា “សន្ធិសញ្ញាបារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ៖
សន្ធិសញ្ញាធ្វើនៅទីក្រុងបាងកក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ រវាងរដ្ឋាភិបាលសាធារណរដ្ឋបារាំង និងរាជរដ្ឋាភិបាលព្រះចៅប្រទេសសៀម (ធ្វើសច្ចានុម័តនៅទីក្រុងប៉ារីស នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៩០៧)ប្រការមួយ ៖ រាជរដ្ឋាភិបាលប្រទេសសៀម បានផ្ទេរការគ្រប់គ្រងមកឲ្យប្រទេសបារាំង នូវដែនដីខេត្តបាត់ដំបង សៀមរាប និងសេរីសោភ័ណ ដែលមានកំណត់ក្នុងមាត្រា២ នៃពិធីការស្តីពីការកំណត់ព្រំប្រទល់ ដាក់ភ្ជាប់មកជាមួយនេះស្រាប់។
ប្រការពីរ ៖ រដ្ឋាភិបាលប្រទេសបារាំង បានផ្ទេរការគ្រប់គ្រងទៅឲ្យប្រទេសសៀម នូវដែនដីដានសាយ និងត្រាត ដែលមានព្រំប្រទល់បញ្ជាក់តាមមាត្រា១ និងមាត្រា២ នៃពិធីការនេះ មួយអន្លើដោយកោះនានា ខាងត្បូងជ្រោយឡេមលឹង រហូតដល់កោះគុត ក៏នៅក្នុងនោះផងដែរ។
ប្រការបី ៖ ការប្រគល់ដែនដីទាំងនេះ នឹងប្រព្រឹត្តទៅទាំងអស់គ្នាទាំងសងខាង ក្នុងអំឡុងរយៈពេល ២០ថ្ងៃ បន្ទាប់ពីសន្ធិសញ្ញានេះបានទទួលឲ្យសច្ចានុម័ត។
ប្រការបួន ៖ គណៈកម្មការចម្រុះមួយ ដែលមាននាយទាហាន និងអ្នករដ្ឋការបារាំង និងសៀម នឹងត្រូវបានចាត់តាំងឡើង ពីសំណាក់ប្រទេសគូភាគីទាំងពីរ ក្នុងអំឡុង ៤ខែ បន្ទាប់ពីបានចុះឲ្យសច្ចានុម័តលើសន្ធិសញ្ញានេះ ហើយទទួលបន្ទុកកំណត់ព្រំប្រទល់ថ្មី។ គណៈកម្មការ នឹងចាប់ផ្តើមធ្វើការ នៅពេលណាដែលឱកាសហុចឲ្យ ហើយបន្តធ្វើការឲ្យស្របទៅតាមពិធីការកំណត់ព្រំប្រទល់ដែលបានដាក់ភ្ជាប់មកជាមួយសន្ធិសញ្ញានេះស្រាប់។
ប្រការប្រាំ ៖ បទប្បញ្ញត្តិទាំងឡាយនៃសន្ធិសញ្ញាចាស់ កិច្ចព្រមព្រៀងនិងអនុសញ្ញានានា រវាងប្រទេសបារាំង និងសៀម ណាដែលមិនបានកែប្រែដោយសន្ធិសញ្ញានេះ ត្រូវស្ថិតនៅជាធរមានពេញបន្ទុក។
ធ្វើឡើងជាពីរច្បាប់ នៅទីក្រុងបាងកក ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧
ហត្ថលេខា . វ. កុល្លាំង (ដឺប្ល៉ង់ស៊ី)
ឌេវវង្សេ វរោប្រការ“ ។
បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ថា ការដែលលោកផ្ញើលិខិតចំហទៅសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺដើម្បីឲ្យសម្ដេច ពិចារណាក្នុងការលុបចោលគម្រោងរកស៊ីប្រេងនិងឧស្ម័នរួមគ្នាជាមួយថៃ លើតំបន់ត្រួតស៊ីគ្នា ដែលជាដែនសមុទ្ររបស់ខ្មែរ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ខ្ញុំផ្ញើលិខិតចំហទៅដល់លោកហ៊ុន ម៉ាណែត ហ្នឹង ដើម្បីឲ្យគាត់ពិចារណាក្នុងការលុបចោលគម្រោងរកស៊ីរួមគ្នាលើតំបន់ត្រួតស៊ីគ្នា ដែលតំបន់ត្រួតស៊ីគ្នាហ្នឹង គឺជាដែនសមុទ្ររបស់ខ្មែរ មានន័យថា យកដែនសមុទ្រខ្មែរ ទៅរកស៊ីជាមួយថៃ ។ ដូច្នេះផ្ញើឯកសារហ្នឹងទៅ គាត់បានអានទៅ គាត់យល់ថា អាហ្នឹង អូ! សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែនសមុទ្រ ចំនួន ២៦០០០គីឡូម៉ែត្រហ្នឹង គឺដែនសមុទ្ររបស់ខ្មែរតើ! អ៊ីចឹងគាត់អាចដូរចិត្ត ឈប់មករកស៊ីរួមគ្នានៅតំបន់ត្រួតស៊ីគ្នាហ្នឹង ហើយផ្ទុយទៅវិញ គាត់នឹងដោះស្រាយបញ្ហាព្រំដែន ឲ្យដាច់ស្រេចសិន ហើយនិងប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ នៅទីក្រុងឡាអេ ដើម្បីទាមទារយកតំបន់ត្រួតស៊ីគ្នា ២៦០០០គីឡូម៉ែត្រការ៉េ ហើយនិងដែនសមុទ្រខ្មែរ ៤០០០គីឡូម៉ែត្រការ៉េ ដែលថៃ ស៊ីដាច់ហ្នឹង អត់បានដាក់ជាតំបន់ត្រួតស៊ីគ្នា ឬក៏ចរចាគ្នាហ្នឹង ហើយនិងមកទាមទារយកកោះគុត ចំនួន ២/៣ នៃកោះគុត ត្រលប់មកវិញ ។ អ៊ីចឹងគោលបំណងសំខាន់ គឺចង់ផ្ញើឯកសារទៅលោកហ៊ុន ម៉ាណែត ក្រែងគាត់អត់ទាន់បានមើល ឲ្យគាត់បានមើលទៅ គាត់អាចដូរចិត្តឈប់រកស៊ីរួមគ្នាជាមួយថៃ ហើយឈប់យកសមុទ្រខ្មែរយើង ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ព្រោះកាលណាយើងយកសមុទ្រខ្មែរយើងទៅរកស៊ីរួមគ្នាជាមួយថៃ ថៃ្ងក្រោយ យើងប្រាកដជាចែកដែនសមុទ្រខ្មែរយើងហ្នឹង ជាមួយថៃហើយ នៅពេលអនាគត“ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ហើយឯកសារនេះ គឺបានបញ្ជាក់អំពីព្រំដែនកម្ពុជា ជាមួយថៃ ហើយនិងជាពិសេសព្រំដែនសមុទ្រ ជាមួយថៃ ដែលគេយកចំណុចខ្ពស់បំផុតនៃកោះគុត ហ្នឹងជាគោល ហើយគេគិតពីចំណុចខ្ពស់បំផុតនៃកោះគុត ហ្នឹងទៅដីគោក ហើយនិងទៅសមុទ្រ ហើយកាលណាយើងយកចំណុចខ្ពស់បំផុតនៃកោះគុតហ្នឹង គឺតំបន់ដែលថាត្រួតស៊ីគ្នាហ្នឹង ជាតំបន់សមុទ្ររបស់ខ្មែរ នោះទេ មិនមែនជាដែនសមុទ្ររបស់ថៃ គឺដែនសមុទ្ររបស់ខ្មែរ ហើយបើយើងឡើងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ យើងប្រាកដជាឈ្នះថៃ ហើយ ព្រោះយើងមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ជាសំអាង ដែលថា យកចំណុចខ្ពស់បំផុតនៃកោះគុត ជាគោល អាហ្នឹងទី១ ។ ទី២ យើងមាន UNCLOS អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ យើងយកអាហ្នឹងទៅសំអាង គឺយើងប្រាកដជាទាមទារ ២/៣ នៃកោះគុត ត្រលប់មកវិញ ហើយនិងតំបន់ត្រួតស៊ីគ្នា ដែលថៃគ្រប់គ្រង ២៦០០០គីឡូម៉ែត្រការ៉េ មកវិញ ហើយនិងផ្ទៃសមុទ្រ ៤០០០គីឡូម៉ែត្រការ៉េ ដែលថៃ ស៊ីដាច់ហ្នឹង ត្រលប់យកមកវិញ ។ បើសិនជាគាត់ប្ដូរចិត្តឈប់រកស៊ីរួមគ្នាជាមួយថៃ យើងមិនបាត់ធនធានធម្មជាតិយើងនៅសមុទ្រហ្នឹង ហើយថ្ងៃក្រោយ យើងដោះស្រាយបញ្ហាព្រំដែនសមុទ្រហ្នឹង ក៏មិនបាត់ដែនសមុទ្រយើង ចំនួន ២៦០០០គីឡូម៉ែត្រការ៉េ ដែលដាក់រួមគ្នាជាមួយនឹងថៃ ហ្នឹងដែរ ហើយក៏មិនបាត់កោះគុត ២/៣ហ្នឹងដែរ ហើយក៏មិនបាត់ ៤០០០គីឡូម៉ែត្រការ៉េ ដែលថៃស៊ីដាច់ ដោយមិនព្រមចរចាជាមួយនឹងកម្ពុជា ហ្នឹងផងដែរ“ ៕ កុលបុត្រ