ភ្នំពេញ ៖ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមានគណបក្សចំនួន៥ ចូលរួម គឺគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយម បានអះអាងថា សម្ព័ន្ធភាពនេះ នឹងនាំមកនូវការរួបរួមមួយ ដែលជាចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យ ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំាណាច (គណបក្សប្រជាជនកម្ពុជា) ឈានទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិ អាណត្តិទី៨ នៅពេលខាងមុខ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលមានគណបក្សចូលរួមចំនួន៤ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរនិងស្វាគមន៍គណបក្សកម្ពុជានិយម ដែលមានលោកយ៉ែម បុញ្ញឫទ្ធិ អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ជាប្រធាន ដែលបានសម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ក្នុងស្មារតីរូបរួមសាមគ្គីនៃអ្នកប្រជាធិបតេយ្យសេរី ដើម្បីពង្រឹងនិងលើកស្ទួយការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាព និងរបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានា នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីថ្លែងការណ៍ របស់សម្ព័ន្ធភាពឆ្ពោះទៅអនាគត បញ្ជាក់ថា ការចូលរួមរបស់គណបក្សកម្ពុជានិយម ក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងក្លាយជាកម្លាំងចលករថ្មីមួយ សម្រាប់ជាការជំរុញនិងលើកទឹកចិត្ត ព្រមទាំងជាជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការចូលរួមកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម ការរអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនាសម្រាប់ប្រជាជាតិខ្មែរ ទាំងមូល នាពេលអនាគត។
ជាមួយគ្នានេះ សម្ព័ន្ធភាពឆ្ពោះទៅអនាគត បានប្រកាសបើកចំហសម្រាប់ការចូលរួមពីគ្រប់គណបក្សនយោបាយដែលមានទស្សនៈ គោលដៅ និងគោលជំហរនយោបាយដូចគ្នា ដោយឈរលើស្មារតីបង្រួបបង្រួម សាមគ្គីភាព និងឯកភាពជាតិ ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។
បន្ថែមលើសេចក្ដីថ្លែងការណ៍ ខាងលើនេះ លោកទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថា សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងនាំមកនូវការរួបរួមមួយ ដែលជាចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យ ហើយលោកសង្ឃឹមថា សម្ព័ន្ធភាពឆ្ពោះទៅអនាគត នឹងនាំមកនូវជ័យជម្នះនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ទោះបីគណបក្សកាន់អំណាច មានសម្ព័ន្ធភាពជាមួយគណបក្សផ្សេងទៀត ដល់ទៅជិត ៣០គណបក្ស ក៏ដោយ ក៏សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលនៅពេលនេះមាន ៥គណបក្ស នឹងអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ឈានទៅឈ្នះការបោះឆ្នោត អាណ្តិទី៨ ខាងមុខ។
លោកទាវ វណ្ណុល បានមានប្រសាសន៍ថា “បាទ! ខ្ញុំសង្ឃឹមថា សម្ព័ន្ធភាព នឹងនាំមកនូវការរួបរួមមួយ ដែលជាចលករដ៏សំខាន់សម្រាប់អ្នកប្រជាធិបតេយ្យ ហើយខ្ញុំសង្ឃឹមថា ការរួបរួមនេះ នឹងនាំមកនូវជ័យជម្នះនៅក្នុងការបោះឆ្នោត២ នៅពេលខាងមុខ គឺនៅឆ្នាំ២០២៧ ហើយនិង២០២៨ ។ ការសង្ឃឹមនេះ ដោយសារប្រជាពលរដ្ឋ លោកចង់បានឲ្យគណបក្សប្រជាធិបតេយ្យ រួបរួមគ្នាតែមួយ កុំឲ្យមានច្រើន ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋ លោកនឹងបោះឆ្នោតជូនអ្នកប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខាងមុខនេះ ។ ក្នុងន័យនេះដែរ បើនិយាយពីការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ដែលមានគណបក្សសម្ព័ន្ធភាពដល់ទៅ ២៧គណបក្ស ខ្ញុំជឿថា អាចបាន ពីព្រោះប្រជាពលរដ្ឋ លោកយល់ គឺគណបក្សកាន់អំណាច ទោះបីជាមានសម្ព័ន្ធភាព ជាង២០គណបក្សក៏ដោយ ប៉ុន្តែយើងដឹងហើយ គណបក្សទាំងអស់នោះ មិនមែនជាគណបក្សមានសេរីភាពទេ គឺជាគណបក្សដែលយើងហៅថា គណបក្សរណប ។ អ៊ីចឹងប្រជាពលរដ្ឋ លោកយល់ លោកដឹងថា គណបក្សទាំងអស់នោះ ដូចជាគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ជាដើម លោកដឹងហើយ មេដឹកនាំគណបក្សសំបុកឃ្មុំ ជានរណា? ហើយធ្វើអី? អ៊ីចឹងខ្ញុំជឿថា ប្រជាពលរដ្ឋ មិនបានយកចិត្តទុកដាក់នឹងគណបក្សរណបទាំងអស់នោះទេ តែផ្ទុយទៅវិញ ខ្ញុំជឿថា ប្រជាពលរដ្ឋ ចង់ឲ្យគណបក្សប្រជាធិបតេយ្យរួបរួមគ្នា ដូចកាលដែលគណបក្សសង្រ្គោះជាតិ ដំណើរការ គឺគណបក្សសម រង្ស៊ី ហើយនិងគណបក្សសិទ្ធិមនុស្ស ចូលរួបរួមគ្នា ហ្នឹងគឺជាមតិប្រជាពលរដ្ឋដែលចង់បាន ។ អ៊ីចឹងហើយបានជាយើងខំបង្រួបបង្រួមគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យដូចគ្នា ឲ្យបានចូលរួមជាមួយគ្នា“ ។
លោកទាវ វណ្ណុល បានមានប្រសាសន៍បន្តថា “សម្រាប់ការចូលរួមរបស់គណបក្សកម្ពុជានិយម ខ្ញុំជឿថា កម្លាំងអ្នកប្រជាធិបតេយ្យ នឹងបូកបញ្ចូលគ្នា ដូច្នេះវានឹងបង្កើន ទី១ បង្កើនអ្នកដែលជាសមាជិក សមាជិការបស់គណបក្សកម្ពុជានិយម ទី២ គឺជាការចង់បានរបស់ប្រជាពលរដ្ឋ ។ នេះគឺជាការចង់បានរបស់ប្រជាពលរដ្ឋ ចង់ឲ្យយើងរួបរួមគ្នា ដើម្បីឈានទៅរកការបោះឆ្នោត ឆ្នាំ២០២៧ និង២០២៨ ខាងមុខនេះ ។ ជារួម ចុងក្រោយ ខ្ញុំគ្រាន់តែសុំអំពាវនាវទៅដល់គណបក្សផ្សេងៗទៀត ដែលមាននិន្នាការប្រជាធិបតេយ្យ សូមឲ្យអស់លោក ឬមួយក៏លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យទាំងអស់ មកចូលរួមជាមួយគណបក្សភ្លើងទៀន ហើយគណបក្សភ្លើងទៀនរបស់យើងខ្ញុំ គឺនៅតែបើកចំហទទួលអស់លោក លោកស្រីជានិច្ច ហើយសម្រាប់ប្រជាពលរដ្ឋ សូមឲ្យប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សសម្ព័ន្ធឆ្ពោះភាពទៅអនាគត មិនមែនជាគណបក្សភ្លើងទៀនទេ ដោយសារគណបក្សភ្លើងទៀន មិនមានលទ្ធភាពឈរឈ្មោះ ដូច្នេះសូមឲ្យប្រជាពលរដ្ឋ បោះឆ្នោតឲ្យគណបក្សនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលយើងនឹងយកគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សសម្រាប់បំពេញបេសកកម្មរបស់គណបក្សភ្លើងទៀន បន្តទៅមុខទៀត“ ។
គួរបញ្ជាក់ថា គណបក្សកម្ពុជានិយម ដែលបង្កើតឡើងដោយលោក យ៉ែម បុញ្ញឫទ្ធិ នៅឆ្នាំ២០២១ និងមានទីស្នាក់ការកណ្ដាលនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងស្មារតីរូបរួមសាមគ្គីនៃអ្នកប្រជាធិបតេយ្យសេរី ដើម្បីប្រជាធិបតេយ្យសេរី ពហុបក្ស និងភាពរុងរឿង នៃមាតុភូមិកម្ពុជា ក្នុងគោលបំណងកសាងសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម សង្គមស្អាតស្អំ ជាពិសេសការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជាតិខ្មែរ ជាចម្បង ទី១ គណបក្សគាំទ្រក្នុងការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ និងគណបក្សដែលមាននិន្នាការប្រជាធិបតេយ្យសេរី គោលការណ៍អហិង្សា គោរព លើកស្ទួយសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
គណបក្សកម្ពុជានិយម គោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលចង់ឃើញការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យសេរីជាធ្លុងមួយ យើងសូមប្រកាសជាឱឡារិក ជូនដល់បងប្អូនជនរួមជាតិ សាធារណជាតិ អន្តរជាតិ ឱ្យបានជ្រាបថា គណបក្សកម្ពុជានិយម សម្រេចចូលរួមក្នុង “សម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែលនឹងរូបរួមគ្នាជាសំឡេងអ្នកប្រជាធិបតេយ្យសេរីតែមួយ ក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ ។
លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថា ការចូលរួមរបស់គណបក្សកម្ពុជានិយម ជាមួយសម្ព័ន្ធភាពឆ្ពោះទៅអនាគត ក្នុងបំណងតែមួយគត់ ក្នុងដំណាក់កាលនេះ គឺការចូលរួមកសាងផ្ទះអ្នកប្រជាធិបតេយ្យ ដែលមានប្រវត្តិតាំងពីខែមេសា ឆ្នាំ១៩៤៦ បន្តដំណើរឆ្ពោះទៅមុខ ហើយនិងការព្យាយាមរួបរួមឲ្យកាន់តែមានកម្លាំងអ្នកប្រជាធិបតេយ្យសេរីឡើងវិញ ឲ្យបានខ្លាំងក្លា ។
លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា “កម្ពុជានិយម បានសម្រេចចូលរួមក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ។ មូលហេតុដែលចម្បងសំខាន់បំផុត យោងទៅតាមប្រវត្តិសាស្រ្តនៃអ្នកប្រជាធិបតេយ្យសេរី ដែលខិតខំព្យាយាមកសាងផ្ទះអ្នកប្រជាធិបតេយ្យ តាំងពីខែមេសា ឆ្នាំ១៩៤៦ ហើយបានទទួលការគាំទ្រយ៉ាងច្រើនជាទីបំផុតពីប្រជាពលរដ្ឋខ្មែរ ។ ទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ឆន្ទៈរបស់ប្រជាពលរដ្ឋ លោកចង់បាន ចង់ឃើញអ្នកប្រជាធិបតេយ្យរួបរួមគ្នា ហើយឈានទៅរកការចូលរួមការបោះឆ្នោតមួយ ដោយមានកម្លាំង រចនាសម្ព័ន្ធគ្រប់ទិសទីនៅទូទាំងប្រទេស ។ ចំណុចដ៏សំខាន់នេះ យើងយល់ឃើញថា ជាពេលវេលាមួយសមស្រប ដែលយើងផ្គួបផ្សំ រួមកម្លាំងសាមគ្គី ដែលនាំមកនូវភាពរុងរឿងនៃប្រជាពលរដ្ឋខ្មែរ និងប្រជាជាតិខ្មែរយើងទាំងមូល ។ ដូច្នេះការរួបរួមគ្នានេះ ក្នុងបំណងតែមួយគត់ ក្នុងដំណាក់កាលនេះ គឺការចូលរួមកសាងផ្ទះអ្នកប្រជាធិបតេយ្យ ដែលមានប្រវត្តិតាំងពីខែមេសា ឆ្នាំ១៩៤៦ បន្តដំណើរឆ្ពោះទៅមុខ ហើយនិងការព្យាយាមរួបរួមឲ្យកាន់តែមានកម្លាំងអ្នកប្រជាធិបតេយ្យសេរីឡើងវិញ ឲ្យបានខ្លាំងក្លា“ ។
ទោះបីជាយ៉ាងណា លោកគុជ លី ប្រធានគណបក្សខ្មែរតែមួយ ដែលជាគណបក្សសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ថា សម្ព័ន្ធភាពឆ្ពោះទៅអនាគត របស់គណបក្ស៥ ខាងលើ គឺគណបក្សភ្លើងទៀន ដែលមានលោកទាវ វណ្ណុល ជាប្រធានគណបក្សឆន្ទៈខ្មែរ ដែលមានលោកសុខ ហាច ជាប្រធាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានលោកយ៉េង វីរៈ ជាប្រធាន គណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធាន និងលោកអ៊ូ ច័ន្ទរ័ត្ន ជាអនុប្រធាន និងគណបក្សកម្ពុជានិយម ដែលមានលោកយ៉ែម បុញ្ញឫទ្ធិ ជាប្រធាន មិនអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានទេ គឺសម្ព័ន្ធភាពនេះ គ្រាន់តែធ្វើជាលេសនយោបាយ ឬជានុយនយោបាយ ដើម្បីតថ្លៃនយោបាយជាមួយនឹងគណបក្សកាន់អំណាច តែប៉ុណ្ណោះ ។
លោកគុជ លី បានមានប្រសាសន៍ថា “ចំពោះខ្ញុំយល់ឃើញថា ក្រោយពីការបោះឆ្នោតឆ្នាំ២០២៣ រួចមក ឃើញថា គណបក្សដែលបានចូលរួមនៅក្នុងការបោះឆ្នោតនោះ ក៏បានចូលជាមួយនឹងឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដែលមានអាណត្តិ តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ ហើយបន្ទាប់មក គឺសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រតិភូគណបក្សនីមួយៗ ដែលមានចំនួន ២៩គណបក្សនោះ ក៏បានធ្វើសម្ព័ន្ធភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។ អ៊ីចឹងយើលមើលឃើញថា ចលនាសម្ព័ន្ធភាពនេះ ជាគំនិតដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន ក្នុងគោលដៅប្រមូលធនធានមនុស្ស ប្រមូលស្មារតីជាតិនិយម ដែលយើងរួមធ្វើការងារជាមួយគ្នា ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ជាពិសេសគឺចង់ឲ្យគណបក្សក្រៅរាជរដ្ឋាភិបាល និងមានអាសនៈនៅក្នុងសភាហ្នឹង គឺមានឱកាសនៅក្នុងការធ្វើកិច្ចការងារក្នុងសង្គម ជាពិសេសក្នុងស្ថាប័នឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នេះតែម្ដង ។ អ៊ីចឹងចំណុចនេះ ខ្ញុំមើលឃើញថា ចំពោះគណបក្សសម្ព័ន្ធភាពឆ្ពោះទៅថ្ងៃអនាគត ដែលខ្ញុំមើលឃើញថា លោកយ៉ែម បុញ្ញឫទ្ធិ នោះ ជាប្រធានគណបក្សកម្ពុជានិយម ក៏បានចូលរួមនៅក្នុងការបោះឆ្នោតដែរ តែគាត់ក៏អត់បានចូលរួមនៅក្នុងសម្ព័ន្ធភាពនោះទេ ។ អ៊ីចឹងគាត់ក៏បានងាកខ្លួនទៅធ្វើសម្ព័ន្ធភាពជាមួយគណបក្សភ្លើងទៀន ឆន្ទៈខ្មែរ ប្រជាធិបតេយ្យមូលដ្ឋាន ហើយនិងកែទម្រង់កម្ពុជា ។ អ៊ីចឹងចំណុចនេះ យើងមើលឃើញថា វាជាការល្អទៅវិញទេ ដែលពួកគាត់បានមានគំនិតរួបរួមគ្នាក្នុងការធ្វើកិច្ចការងារដើម្បីប្រទេសជាតិ ហើយនិងដើម្បីបម្រើផលប្រយោជន៍ប្រជាជន តែទោះបីយ៉ាងណាក៏ដោយ សម្ព័ន្ធភាពរបស់គាត់ ហាក់ដូចមិនសូវមានការរលូន កន្លងមកយើងឃើញថា គណបក្សភ្លើងទៀន ក៏បានបែកបាក់គ្នា ទៅបង្កើតគណបក្សថ្មីមួយទៀត គឺកម្លាំងជាតិ ។ អ៊ីចឹងយើងមើលឃើញថា សម្ព័ន្ធភាពគ្នាគាត់ ដែលគេចាត់ទុកថាជាសម្ព័ន្ធភាពប្រមូលក្រុមអ្នកប្រឆាំង ក្រុមអ្នកប្រជាធិបតេយ្យ ក្រុមអ្នកជ្រុលនិយមអីក៏អាចជ្រកនៅក្រោមសម្ព័ន្ធភាពរបស់គាត់ តែផ្ទុយទៅវិញ សម្រាប់ខ្ញុំៗមើលឃើញថា ការសម្រេចចិត្តរបស់លោកយ៉ែម បុញ្ញឫទ្ធិ គណបក្សកម្ពុជានិយម ចូលជាមួយសម្ព័ន្ធភាពដែលមានគណបក្ស៤ ដែលគេបានបង្កើតឡើងនោះ វាគ្រាន់តែជាសារលេសនយោបាយមួយ កុំឲ្យនៅឯកោ ពីព្រោះយើងមើលឃើញថា បុគ្គលយ៉ែម បុញ្ញឫទ្ធិ នេះ គឺជាបុគ្គលមួយដែលហៅថា អ្នកនយោបាយកញ្ជើធ្លុះ ឬអ្នកនយោបាយបញ្ញើក្អែក ។ យើងមើលឃើញថា មុនការបោះឆ្នោត២០២៣ គឺលោកបុញ្ញឫទ្ធិ បានចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ២០២២ ក្រោយមក លោកបុញ្ញឫទ្ធិ មើលឃើញថា សន្ទុះប្រជាប្រិយភាពរបស់ខ្លួនមិនអាចទៅរួចទេ គឺឆ្លៀតឱកាសដើម្បីបន្តប្រជាប្រិយភាព អាជីពជាអ្នកនយោបាយ ដែលជាមនុស្សដែលអួតអាងហ្នឹង ក៏បានចាប់ដៃគ្នាជាមួយនឹងគណបក្សខ្មែររួបរួមជាតិ របស់ញឹក ប៊ុនឆៃ ។ នៅពេលដែលចាប់ហ្នឹង គឺមានសន្ទុះគួរសមដែរ ការរួបរួម។ អ៊ីចឹងហើយយើងមើលឃើញថា នេះគឺជាពាណិជ្ជកម្មនយោបាយ ជាអាជីវកម្មនយោបាយរបស់លោកបុញ្ញឫទ្ធិ អាចបន្តធ្វើរបៀបនេះតទៅទៀត ដើម្បីឲ្យខ្លួនកុំធ្លាក់ប្រជាប្រិយភាព“ ។
លោកគុជ លី បានមានប្រសាសន៍បន្តថា “អ៊ីចឹងបន្ទាប់ពីការរួបរួមជាមួយគណបក្សខ្មែររួបរួមជាតិ របស់ញឹក ប៊ុនឆៃ ខ្ញុំមើលឃើញថា លោកបុញ្ញឫទ្ធិ ទទួលបានប្រជាប្រិយភាពខ្លាំង ហើយមានមោទនភាពខ្លួនឯងថា នឹងអាចជាប់ឆ្នោតជាតំណាងរាស្រ្ត ។ ទីបំផុតនៅពេលអត់ជាប់ឆ្នោតជាតំណាងរាស្រ្ត គឺលោកបុញ្ញឫទ្ធិ បានលាលែងចេញពីអនុប្រធានរបស់គណបក្សខ្មែររួបរួមជាតិ ចេញពីញឹក ប៊ុនឆៃ តែម្ដង ។ អ៊ីចឹងយើងមើលឃើញថា ចរិតរបស់បុគ្គលអ្នកនយោបាយរូបនេះ គឺជាអ្នកនយោបាយអាជីវកម្មនយោបាយ ជាអ្នកនយោបាយទេសចរណ៍ អ្នកនយោបាយបញ្ញើក្អែកតែម្ដង ។ អ៊ីចឹងមើលឃើញថា នៅកន្លែងណាដែលអត់មានល្អទេ គឺរត់ទៅទៀត ។ អ៊ីចឹងការសម្រេចចិត្តរបស់យ៉ែម បុញ្ញឫទ្ធិ ទៅចូលជាមួយសម្ព័ន្ធភាពឆ្ពោះទៅអនាគត ក៏មិនខុសពីអតីតកាលដែលគាត់រត់ឆ្វេង រត់ស្ដាំ ដើម្បីទទួលយកប្រជាប្រិយភាព ព្រោះគាត់មិនអាចធ្វើនយោបាយនៅម្នាក់ឯងបានទេ ពីព្រោះមនុស្សគាត់ដូចខ្ញុំរំលឹកបន្តិច កាលពីនៅជាមួយសម រង្ស៊ី ឬនៅជាមួយកឹម សុខា គឺគាត់ជាប់ឆ្នោត ដោយសារគូទខោកឹម សុខា តែគាត់គ្មានសមត្ថភាពទេ ។ អ៊ីចឹងហើយត្រលប់មកវិញ ការចូលរួមជាមួយនឹងសម្ព័ន្ធភាពឆ្ពោះទៅថ្ងៃអនាគត សម្រាប់ខ្ញុំយល់ឃើញថា វាជាការល្អ ក៏ប៉ុន្តែបុគ្គលប្រធានគណបក្សនីមួយៗហ្នឹង គឺមិនអាចរួបរួមគ្នាបានទេ គឺពោរពេញទៅដោយប្រធានគណបក្ស គឺអញនិយម ជាពិសេសគឺយ៉ែម បុញ្ញឫទ្ធិ តែម្ដង គឺអញនិយម ហើយឥឡូវយើងមើលប្រធានគណបក្សភ្លើងទៀន គឺបានផ្លាស់ប្ដូរ ឆន្ទៈខ្មែរហ្នឹង ក៏បានផ្លាស់ប្ដូរ គណបក្ស GDP ហ្នឹង ក៏បាត់ទៅអស់ទៅទៀត គឺថ្នាក់ដឹកនាំរត់ចូលគណបក្សប្រជាជន ជិតអស់ ហើយអ៊ូ ច័ន្ទរ័ត្ន គឺជាបុគ្គលមនុស្សអញនិយមដូចគ្នា ។ អ៊ីចឹងមើលឃើញថា មេដឹកនាំក្នុងសម្ព័ន្ធភាពមួយណា ក៏ចង់តែធ្វើធំទេ ។ អ៊ីចឹងហើយសរុបមកវិញ សម្រាប់ខ្ញុំៗយល់ឃើញថា វាគ្រាន់តែជារូបភាពនយោបាយមួយឡប់ឡែជាមួយគណបក្សប្រជាជន ឬមួយក៏ជារូបភាពមួយដើម្បីទៅតថ្លៃ ឬទៅទាញសកម្មជនរបស់គណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យដូចគ្នា ។ ឧទាហរណ៍កម្លាំងជាតិ មិនបានចូលរួម ឥឡូវយើងឃើញថា អតីតរបស់គណបក្សសង្រ្គោះជាតិ ម្នាក់ទៀត គឺបើកគណបក្សជំនាន់ថ្មី គឺដឹកនាំដោយលោកមាជ សុវណ្ណារ៉ា យើងមើលឃើញថា នេះគឺជារបត់នយោបាយថ្មី បើសិនជាក្រុមបុញ្ញឫទ្ធិ ឬក្រុមសម្ព័ន្ធភាពឆ្ពោះទៅអនាគត មិនព្រមរួបរួមគ្នាទេ គឺមានន័យថា ជម្រើសថ្មី គឺគេនឹងទៅគណបក្សកម្លាំងជាតិ ហើយនិងគណបក្សជំនាន់ថ្មី របស់មាជ សុវណ្ណារ៉ា ដែលជាតួអង្គថ្មី ដែលចេញមកនៅក្នុងនយោបាយបច្ចុប្បន្ន ។ អ៊ីចឹងហើយត្រលប់មកវិញ ខ្ញុំមានទស្សនយល់ឃើញថា សម្ព័ន្ធភាពហ្នឹង មិនអាចបម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានទេ គឺជាសម្ព័ន្ធភាពធ្វើជាលេសនយោបាយ ធ្វើជានុយនយោបាយ ដើម្បីតថ្លៃនយោបាយជាមួយនឹងគណបក្សកាន់អំណាច តែប៉ុណ្ណោះ“ ។
ដោយឡែក លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការចងសម្ព័ន្ធភាពរបស់គណបក្សទាំងអស់នេះ បានឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពធ្វើនយោបាយ ស្របតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។ លោកថា ការរួបរួមគ្នានេះ ជាកម្លាំងនយោបាយបន្ថែម ហើយប្រសិនបើគណបក្សនយោបាយ បែកខ្ញែកគ្នា នឹងនាំការខាតសំឡេងនិងកម្លាំង។ យ៉ាងណា លោកបានលើកទឹកចិត្តដល់គណបក្សនយោបាយទាំងអស់ ប្រកួតប្រជែងគ្នាប្រកបដោយសមធម៌ គោរពច្បាប់ និងសណ្ដាប់ធ្នាប់សង្គម ៕ កុលបុត្រ