ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់ បានចូលមកជួលផ្ទះស្នាក់នៅ ដើម្បីលេង ល្បែងកាស៊ីណូនៅច្រកព្រំដែន លុះចាញ់ល្បែង ច្រើនពេក ដេកអត់បាយក្រហាយទឹក រហូតដល់ កើតអាការប្រកាច់ត្រដរខ្យល់ស្លាប់យ៉ាងអា- ណោចអាធ័ម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ ជួលលេខ២០៤ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ជនរងគ្រោះមានឈ្មោះស៊ុថាំ ណាក់ផាក់ចន អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅខេត្តឧដនថានី ប្រទេសថៃ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ ខាងលើ។
តាមសម្តីបុរសឈ្មោះសន អាក់នុចន អាយុ ៥៩ឆ្នាំ ជាជនជាតិថៃដូចគ្នា និងជាអ្នកជួលបន្ទប់ ស្នាក់នៅក្បែរគ្នា ដើម្បីលេងល្បែងតាមកាស៊ីណូ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ពេលដែលគាត់ដើរកាត់បន្ទប់របស់ជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះដេកដោះអាវ ដោយ ស្លៀកខោជើងខ្លី នៅក្នុងបន្ទប់ និងមានសភាព ញាក់ៗ ដូចមនុស្សត្រដរខ្យល់។ ភ្លាមនោះ គាត់ ក៏ប្រញាប់ចុះទៅរកគ្រូពេទ្យមកជួយសង្គ្រោះ ជនរងគ្រោះ តែអកុសល ពេលត្រឡប់មកវិញ ក៏ប្រទះឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនរងគ្រោះបានចូលមកជួលបន្ទប់ស្នាក់នៅ ដើម្បីលេងល្បែងកាស៊ីណូនៅតាមច្រកព្រំដែន ជាច្រើនថ្ងៃមកហើយ ហើយទំនងជាចាញ់ល្បែង អស់ពីខ្លួន រហូតឈឺចិត្តភ្លេចបាយភ្លេចទឹក ទើប បានជាកើតអាការប្រកាច់ត្រដរខ្យល់ស្លាប់ បែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើតអាការ ខ្យល់គរ ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វី ផ្សេងនោះឡើយ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទង ទៅភាគីថៃ ដើម្បីចុះមកពិនិត្យ និងចាត់ចែង បញ្ជូនទៅកាន់ស្រុកកំណើតវិញ ប្រគល់ឱ្យក្រុម គ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕