ភ្នំពេញ ៖ មានព័ត៌មានចចាមអារ៉ាមថា លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នឹងត្រូវចូលនិវត្តន៍ នៅចុងខែកុម្ភៈ ឆ្នាំ២០១៧ នេះ ហើយតំណែងរបស់លោក នឹងត្រូវជំនួស ដោយលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។
ប៉ុន្តែទាំងអ្នកនាំពាក្យរដ្ឋបាលរាជធានី- ភ្នំពេញ អ្នកនាំពាក្យក្រសួងបរិស្ថាន និងអ្នក- នាំពាក្យគណបក្សប្រជាជនកម្ពុជា បានបដិសេធ ព័ត៌មាននេះ ។
តាមរយៈបទសម្ភាសជាមួយ “នគរធំ” កាល ពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកមេត មាសភក្តី បានបញ្ជាក់ថា លោកអភិបាលរាជ- ធានីភ្នំពេញ ប៉ា សុជាតិវង្ស ពិតជាត្រូវចូល និវត្តន៍ ប៉ុន្តែមិនមែននៅក្នុងអំឡុងចុងខែកុម្ភៈ នេះទេ គឺនៅយូរទៅមុខទៀត។ លើសពីនេះ ក៏មិនទាន់មានការប្រកាសជាផ្លូវការណាមួយ ដែលថា លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ត្រូវមក ជំនួសតំណែងលោកអភិបាលដែរ ដូច្នេះលោក ចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានចចាមអារ៉ាមគ្មានការពិត។
លោកមេត មាសភក្តី បានមានប្រសាសន៍ ថា “ខ្ញុំក៏ទទួលបានដែរព័ត៌មានហ្នឹង វាជាព័ត៌- មានចចាមអារ៉ាមទេ ដោយសារទី១ ឯកឧត្តម អភិបាល អត់ត្រូវចូលនិវត្តន៍នៅក្នុងចុងខែហ្នឹង ទេ មានន័យថា ទៅមុខទៀត ហើយដោយ- ឡែក បើសិនជាមានការផ្លាស់ប្តូរអីផ្សេងទៀត ហ្នឹង ក៏ខ្ញុំអត់បានទទួលលិខិតជាផ្លូវការ ឬព័ត៌មានជាផ្លូវការណាមួយពីហ្នឹងដែរ គឺសុទ្ធតែ ព័ត៌មានចចាមអារ៉ាម ដែលបាញ់ឃើញស៊ា (Share)បន្តគ្នា អីតែប៉ុណ្ណឹង។ អាហ្នឹងបើសិន ជាផ្លាស់ប្តូរដោយការចូលនិវត្តន៍ ហើយបើមិន មែនដោយការចូលនិវត្តន៍ទេ ក៏ខ្ញុំអត់មានទទួល ព័ត៌មានជាផ្លូវការក៏ដូចជាព័ត៌មាននៅក្នុងរាជធានីរបស់យើងដែរ។ ដូច្នេះមានតែប៉ុណ្ណឹង កុំ ជឿតាមពាក្យចចាមអារ៉ាម ព្រោះបើមានការ ផ្លាស់ប្តូរអីផ្លូវការហ្នឹង គឺត្រូវតែមានការចេញ លិខិតស្នាមពីក្រសួងមហាផ្ទៃមកហើយ”។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកសៅ សុភាព បានបញ្ជាក់ថា ព័ត៌មាននេះ ចាត់ទុក ថា ជាព័ត៌មានចចាមអារ៉ាម ព្រោះអត់មាន ប្រភពអីច្បាស់លាស់ទេ គឺជាការនិយាយចចាមអារ៉ាម តពីមួយទៅមួយ តាមបណ្តាញសង្គម។
លោកសៅ សុភាព មានមានប្រសាសន៍ ថា “បាទ! ខ្ញុំនិយាយខ្លី តែចចាមអារ៉ាមហើយ អ៊ីចឹងមានអីគាត់ត្រូវទៅ គាត់នៅធ្វើការជាធម្មតា ជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។ យើងមិនមានការ បញ្ជាក់អីទេ ពីព្រោះព័ត៌មានចចាមអារ៉ាមនេះ មិនមែនទើបតែឃើញឥឡូវទេ ព្រោះឃើញ យូរហើយៗក៏យើងឃើញច្រើនចុះផ្សព្វផ្សាយនៅ តាមបណ្តាញព័ត៌មាន ក៏ដូចជាបណ្តាញសង្គម។ ខាងខ្ញុំនេះដូចជាមិនមានអ្វីភ្ញាក់ផ្អើល ហើយ យើងក៏មិនមានអ្វីសង្ឃឹមថា សាធារណជន គាត់នឹងយល់ថាអ៊ីចេះថាអ៊ីចុះទេ ព្រោះឥឡូវ ហ្នឹងព័ត៌មានហ្នឹងកូរអស់រយៈពេលច្រើនខែមក ហើយ អ៊ីចឹងមិនមានអ្វីទេ យើងមិនចាប់អារម្មណ៍ ទេ គឺឯកឧត្តមរដ្ឋមន្ត្រី លោកនៅដឹកនាំក្រសួង បរិស្ថាន ជាធម្មតា មន្ត្រីរាជការ ក៏ដូចជាថ្នាក់ដឹកនាំ នៅបំពេញតួនាទីភារកិច្ចដូចធម្មតា ហើយ ធម្មតាព័ត៌មានដែលផ្សព្វផ្សាយចេញមកហើយ ទាំងរដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានឃើញព័ត៌មាន នេះហើយ”។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា លោកមិន បានដឹងរឿងនេះទេ ប៉ុន្តែលោកចាត់ទុកថា ព័ត៌- មានតាមហ្វេសប៊ុក មិនអាចយកជាផ្លូវការបាន ទេ។
លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ អត់បានដឹងរឿងហ្នឹងទេ។ ហ្នឹងហើយ កុំជឿពេក ហ្វេសប៊ុកគឺថា វាមានការក្លែងក្លាយច្រើនណាស់ ឥឡូវនេះ វាដោយសារបច្ចេកវិជ្ជាទំនើប គេចេះ- កែច្នៃហើយ ជួនណារឿងមិនពិត ក៏ធ្វើពិតដែរ អ៊ីចឹងម៉េចកើត! ឥឡូវចាំធ្វើសេចក្តីសម្រេច ព្រះរាជក្រឹត្យអីច្បាស់លាស់ អាហ្នឹងចាំយើង ថាពិត បើយើងមិនទាន់ធ្វើទេ ក៏យើងមិនទាន់ ថាពិត ឬថាវាមានបាតុភាពហេតុហ្នឹងកើតឡើងដែរ៕ កុលបុត្រ