ខេត្តកំពង់ចាម ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានដើរចេញទៅច្រូតស្មៅ ឱ្យគោស៊ី ស្រាប់តែបាត់ខ្លួនមិនឃើញត្រឡប់ មកផ្ទះវិញ លុះក្រុមគ្រួសារដើរតាមរក ក៏ប្រទះ ឃើញលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៥និង១៥នាទីល្ងាច ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចស្រះទឹក ខាងលិចភូមិជាលា ឃុំជាលា ស្រុកបាធាយ។
បុរសរងគ្រោះដែលលង់ទឹកស្រះស្លាប់នោះ មានឈ្មោះខេង សឿន អាយុ៤៦ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាល ពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះបានចេញទៅផឹកស្រា រហូតដល់ស្រវឹង ជោក ទើបត្រឡប់មកផ្ទះវិញ។ លុះមកដល់ផ្ទះ បានមួយសន្ទុះ ជនរងគ្រោះក៏ដើរចេញពីផ្ទះវិញ ដោយប្រាប់ក្រុមគ្រួសារថា ចេញទៅរកច្រូត ស្មៅយកមកទុកឱ្យគោស៊ី។
ប្រភពដដែលបន្តថា លុះដល់ជិតព្រលប់ ទៅហើយ នៅតែមិនឃើញជនរងគ្រោះត្រឡប់ មកផ្ទះវិញ ទើបក្រុមគ្រួសារ បានចែកផ្លូវគ្នា តាមរក លុះពេលទៅដល់ចំណុចមាត់ស្រះទឹក កើតហេតុខាងលើ ក៏ប្រទះឃើញស្មៅគោមួយ ពំនូក ទើបនឹងច្រូតរួចថ្មីៗ ដាក់គរនៅមាត់ស្រះ តែបាត់ជនរងគ្រោះមិនដឹងទៅណា។ ដោយសារ តែសង្ស័យថា ជនរងគ្រោះលង់ទឹក ទើបក្រុម គ្រួសារបាននាំគ្នាចុះរាវរកនៅក្នុងទឹកស្រះ ស្រាប់តែប្រទះឃើញជនរងគ្រោះលង់ទឹកស្លាប់បាត់ ទៅហើយ។
ប្រភពខាងលើ បានបញ្ជាក់ថា នៅមុនពេល ចេញមកច្រូតស្មៅគោ ជនរងគ្រោះបានផឹកស្រា ស្រវឹងខ្លាំងណាស់ទៅហើយ ហេតុនេះពួកគាត់ សង្ស័យថា ជនរងគ្រោះដើររអិលជើងធ្លាក់ចូល ទឹកស្រះ ទើបបណ្តាលឱ្យលង់ស្លាប់បែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ពេលកំពុងច្រូតស្មៅនៅតាមមាត់ស្រះ ជនរងគ្រោះដែលស្រវឹងស្រាធ្លាក់ភ្នែកទៅហើយនោះ បានដើររអិលជើងធ្លាក់ចូលទឹក ទើបបណ្តាល ឱ្យលង់ស្លាប់តែម្តង ពោលគឺមិនពាក់ព័ន្ធទៅនឹង ករណីអ្វីផ្សេងនោះទេ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕
សុភ័ណ្ឌ