ភ្នំពេញ ៖ អណ្ដាតភ្លើងឆេះគំនរឈើក្រោយផ្ទះមួយកន្លែងត្រូវបានអ្នករត់ម៉ូតូឌុបម្នាក់មើល ឃើញហើយស្រែកហៅម្ចាស់ផ្ទះឲ្យពន្លត់ទាន់ពេលវេលាបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៧ត្រង់ចំនុចផ្ទះលេខ១១៩ ផ្លូវ១៩២៨ហៅផ្លូវម៉ុង ឫទ្ធី ស្ថិតក្នុងភូមិពោងពាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
តាមប្រភពពត៌មានពីបុរសម្នាក់មានឈ្មោះ ពុធ ឆាន អាយុ៤៥ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងស្វាយសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងតែអង្គុយនៅម្ដុំស្តុបម៉ុងឫទ្ធី ស្រាប់តែឃើញអណ្ដាតភ្លើង បានឆាបឆេះឡើងសន្ធោសន្ធៅទើបរូបគាត់ជិះម៉ូតូទៅប្រាប់ម្ចាស់ផ្ទះដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងផ្ទះនោះអោយយកទឹកមកពន្លត់ព្រោះខ្លាចភ្លើងរាលដាលឆេះផ្ទះបាយដែលនៅឆ្ងាយពីគំនរភ្លើងប្រមាណជា៤ទៅ៥ម៉ែត្រប៉ុណ្ណោះ ។
បើតាមសម្ដីរបស់ម្ចាស់ផ្ទះបានអោយដឹងថាដើមឡើយនៅក្រោយផ្ទះគាត់មានស្រះទឹកដែលមានឈូកនិងផ្លែឈូកនៅពេញត្រពាំងនោះហើយនៅខាងក្រោយផ្ទះរបស់គាត់មានការដ្ឋានសំណង់មួយដែលកំពុងតែសាងសង់ហើយមានកម្មករសំណង់ចេះតែមកបេះឈូកក្នុងត្រពាំងនោះហើយថែមទាំងមកបត់ដៃបត់ជើងនៅម្ដុំនោះទៀតទើបរូបគាត់ដេញអ្នកទាំងនោះមិនឲ្យមកបេះផ្លែឈូកទៀតទេ ទើបគាត់សង្ស័យថាអាចជាកម្មករសំណង់នោះខឹង នឹងគាត់ហើយទើបបានជាមកដុតគំនរឈើសំណង់ដែលគាត់ទិញមកទុកដុតនំអន្សមលក់នោះ ។
ការឆាបឆេះនេះបង្កអោយខូចខាតឈើដែលគាត់ទិញពីការដ្ឋានសំណង់ទុកគ្រាន់ធ្វើអុសដុតស្ងោរនំអន្សម និងដើមស្វាយ២ដើមទៀតត្រូវបានងាប់ស្លឹកតែប៉ុណ្ណោះទេ មិនមានអ្វីដែលត្រូវភ្លើងឆេះធ្ងន់ធ្ងរនោះទេ ។
ក្រោយពេលកើតហេតុម្ចាស់ផ្ទះខាងលើមិនបានទាក់ទងរថយន្តពន្លត់អគ្គីភ័យមកពន្លត់នោះទេគឺគ្រាន់តែដងទឹកក្នុងពាងខ្លួនឯងយកមកពន្លត់ប្រមាណជា២០នាទីក្រោយមកទើបអគ្គីភ័យខាងលើរលត់ជាស្ថាពរ ៕
សោលវណ្ណៈ