ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធសង្កាត់កំពង់ស្វាយ បានចុះចាប់គោ ៨ក្បាល ដែលត្រូវបានម្ចាស់លែងឱ្យដើរដេកលើផ្លូវ យ៉ាងអនាធិបតេយ្យ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៥៦ ស្ថិតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកចៅសង្កាត់កំពង់ស្វាយ បានបញ្ជាក់ប្រាប់ថា សត្វគោ ចំនួន៨ក្បាល មានញី មានឈ្មោល និងមានទាំងកូនផង ត្រូវបានម្ចាស់លែងឱ្យដើរដេកលើផ្លូវជាតិលេខ៥៦ យ៉ាងអនាធិបតេយ្យ ដែលធ្វើឱ្យប្រឈមគ្រោះថ្នាក់គ្រប់ពេលដល់អ្នកដំណើរពេលយប់ ហេតុនេះហើយទើបកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ និងអាជ្ញាធរ បានចុះចាប់យកមកចងទុក ដើម្បីរកមុខម្ចាស់គោ។

លោកចៅសង្កាត់ បានបញ្ជាក់ថា សត្វគោ ទាំង៨ក្បាលនោះ ត្រូវបានយកទៅចងទុកនៅសាលាសង្កាត់កំពង់ ស្វាយ ដើម្បីស្រាវជ្រាវរកម្ចាស់មកយកសត្វគោរបស់ខ្លួនទៅវិញ និងតម្រូវឱ្យធ្វើកិច្ចសន្យា បើនៅចិញ្ចឹមសត្វ លែងឱ្យដើរដេកអនាធិបតេយ្យបែបនេះទៀត នឹងមានចំណាត់ការតាមច្បាប់។

លោកចៅសង្កាត់ បានសង្កត់ធ្ងន់ថា រយៈពេលកន្លងមក សត្វគោ ដែលរកម្ចាស់មិនឃើញ លែងអនាធិបតេយ្យ ដើរដេកតាមដងផ្លូវ និងឡើងសួន ស៊ីដើមឈើដែលដាំលម្អ ហើយការដែលដើរដេកអនាធិបតេយ្យបែបនេះ គឺប្រឈមគ្រោះដល់អ្នកដំណើរខ្លាំងណាស់ មិនថាពេលយប់ ឬថ្ងៃទេ៕
