ខេត្តកំពត ៖ ក្រោយមានការផ្សព្វផ្សាយអំពីផ្សោតពណ៌ផ្កាឈូក ជាច្រើន នៅលើបណ្តាញសង្គម ពីសំណាក់ក្រសួង និងស្ថាប័នសារព័ត៌មាន នាពេលកន្លងមក បានធ្វើឱ្យចំនួនភ្ញៀវទៅកម្សាន្តជិះទូកមើលផ្សោតពណ៌ផ្កាឈូក នៅក្នុងសហគមន៍នេសាទព្រែកត្នោត ខេត្តកំពត មានកំណើនគួរឱ្យកត់សម្គាល់។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃពុធទី២៣ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា តាមរយៈទស្សនវិស័យ និងការដឹកនាំរបស់លោករដ្ឋមន្ត្រី ឌិត ទីណា ដោយមានការចូលរួមអនុវត្តផ្ទាល់ពីសំណាក់រដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តកំពត និងអង្គការដៃគូ ចំនួនសត្វផ្សោតពណ៌ផ្កាឈូក នៅតំបន់នេះ បានកើនឡើងដល់៧០ក្បាល ផ្សោតក្បាលត្រឡោក ពុំទាន់អាចកំណត់ចំនួនបាន និងសត្វជ្រូកទឹក ស្នាក់នៅអចិ ន្ត្រៃយ៍ ចំនួន១ក្បាល។

តាមរយៈការផ្សព្វផ្សាយបានទូលំទូលាយពីសំណាក់ក្រសួង ស្ថាប័នសារព័ត៌មាន និងក្រុម Influencers ចំនួនភ្ញៀវទៅកម្សាន្ត ជិះទូកមើលផ្សោតពណ៌ផ្កាឈូក មានកំណើនគួរឱ្យកត់សម្គាល់។

លោកអ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកត្នោត បានគូសបញ្ជាក់ថា ភ្ញៀវទេសចរមួយចំនួនដែលមានបំណងទៅទស្សនាសត្វផ្សោតពណ៌ផ្កាឈូក និងសត្វផ្សោតក្បាលត្រឡោក ត្រូវកក់ទូកមុន យ៉ាងហោចណាស់ ២ថ្ងៃ ដោយសារទូករបស់សហគមន៍ នៅមានកម្រិត ខណៈភ្ញៀវទេសចរដែលចង់ទស្សនាសត្វផ្សោត មានចំនួនច្រើន។

លោកប្រធានសហគមន៍ បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដែលបានជួយការពារ បង្ក្រាបបទល្មើសនេសាទ ព្រមទាំងអភិរក្សធនធានធម្មជាតិ រាប់ចាប់តាំងពីព្រៃកោងកាង ដែលក្លាយជាជម្រកនៃវារីសត្វដែលជាចំណីរបស់សត្វផ្សោត ការការពារនិងពង្រីកស្មៅសមុទ្រ ជាចំណីរបស់សត្វ ជ្រូកទឹក។

សមិទ្ធផលនេះ បានជួយដល់ប្រជាសហគមន៍ ទាំងផ្នែកសេដ្ឋកិច្ច និងជាពិសេសនិរន្តរភាពនៃធនធានធម្មជាតិ ស្របទៅតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជា “មានហូប មានបាន មានប្រើ និងមាន រហូត”៕
