ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថាបានរំលោភជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ដែលឆ្នាំនេះ ឈានដល់ខួបទី៣៣ (២៣ តុលា ១៩៩១-២៣ តុលា ២០២៤)។
លោកអ៊ុំ សំអាន អតីតសមាជិកសភា នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកសម រង្ស៉ី បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា “លោកហ៊ុន សែន បានរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ យ៉ាងធ្ងន់ធ្ងរ ក្នុងការធានាការពារនូវបូរណភាពទឹកដីកម្ពុជា ត្រង់មាត្រា១ ចំណុច២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លោកហ៊ុន សែន បានរំលោភបំពានមាត្រា១ ចំណុច២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដោយលោកហ៊ុន សែន បានប្រើប្រាស់សន្ធិសញ្ញាព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ សម័យវៀតណាម ត្រួតត្រាកម្ពុជា ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ដែលមាត្រា១ ចំណុច២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានតម្រូវឲ្យលុបចោល ឬបញ្ចប់សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ នេះ។ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងឆ្នាំ២០១៩ ដែលយកតាមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ (របបក្រុងភ្នំពេញ នាពេលនោះគ្មានកៅអីនៅអង្គការសហប្រជាជាតិ) បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរ ជាច្រើនគីឡូម៉ែត្រការ៉េ នៅតាមព្រំដែន»។
លោកអ៊ុំ សំអាន សរសេរបន្តថា “មាត្រា១ ចំណុច២ឃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ចែងថា «បញ្ចប់សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយដែលមិនស្របនឹងអធិបតេយ្យ ឯករាជ្យ បូរណភាព និងភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ខ្លួន»។ លោក ហ៊ុន សែន បានលុបចោលថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យជាតិ នៃខួបកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ពីប្រតិទិនឈប់សម្រាក ប៉ុន្តែរក្សាទុក ថ្ងៃ៧មករា ជាថ្ងៃដែលយួនឈ្លានពានកម្ពុជា ទៅវិញ។ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បានកំពុងបំផ្លាញនិងជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លោកហ៊ុន សែន បានសម្លាប់លទ្ធិប្រជាធិបតេយ្យ ដោយរំលាយគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ។ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងបានចាប់មន្រ្តីបក្សប្រឆាំង សកម្មជនសង្គម និងសកម្មជនបរិស្ថាន ដាក់ពន្ធនាគារ។ លោកហ៊ុន ម៉ាណែត កំពុងដឹកនាំប្រទេសតាមរបៀបផ្តាច់ការតពូជ ដូចប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីរី។ កម្ពុជា កំពុងមានប្រព័ន្ធដឹកនាំបក្សតែមួយ ដូចមុនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរថយក្រោយ ត្រឡប់ទៅរករបបមួយ ដូចសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា នាទសវត្សទី៨០។ អបអរសាទរខួបគម្រប់ ៣៣ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២៤)“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ហ្វេសប៊ុក ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ថា មេដឹកនាំកម្ពុជា ទាំងឪពុក ទាំងកូន បានរំលោភជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ និងបានទាញកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងរបបអតីតកាល ដែលការអនុវត្តអំណាចផ្ដាច់ការ ការកាន់អំណាចផ្ដាច់ការតពូជ ហើយមិនបានអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ទាំងឪពុក ទាំងកូនហ្នឹង គឺបានរំលោភជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១ ហ្នឹង ដោយបានប្រើសន្ធិសញ្ញាព្រំដែនខុសច្បាប់ នាទសវត្សរ៍ទី៨០ ដែលត្រូវបានលុបចោលរួចហើយ ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។ អ៊ីចឹងធ្វើឲ្យទឹកដីខ្មែរហ្នឹង បាត់បង់ទៅប្រទេសវៀតណាម យ៉ាងច្រើនទៅតាមព្រំដែន រួមទាំងកោះត្រល់ កោះក្រចកសេះ និងដែនសមុទ្រខ្មែរយើងយ៉ាងច្រើន ទៅវៀតណាម ហើយមួយទៀត ការជាន់ឈ្លីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ នេះ ធ្វើឲ្យកម្ពុជា ហ្នឹងសម្លាប់ប្រជាធិបតេយ្យ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ហ្នឹង សម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ចាប់មន្រ្តីបក្សប្រឆាំង សកម្មជនសង្គមស៊ីវិល សកម្មជនបរិស្ថាន ដាក់ពន្ធនាគារជាដើម ហើយនិងការបោះឆ្នោតក្លែងក្លាយ ។ ដូច្នេះមេដឹកនាំបានទាញកម្ពុជា ឲ្យធ្លាក់ចូលទៅក្នុងរបបអតីតកាល ដែលការអនុវត្តអំណាចផ្ដាច់ការ ការកាន់អំណាចផ្ដាច់ការតពូជ ហើយមិនបានអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១“ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តបក្សប្រឆាំង ខាងលើនេះ ស្របទៅនឹងការលើកឡើងរបស់លោកគឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ដែលបានចោទមេដឹកនាំប្រទេសកម្ពុជា នៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ថាបានទាញកម្ពុជា ឲ្យរអិលធ្លាក់ចូលរបបអតីតកាល ផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលចែងអំពីស្មារតីទប់ស្កាត់កុំឲ្យកម្ពុជា វិលត្រឡប់ទៅកាន់របបអតីតកាល ។
លោកគឹម សុខ អ្នកវិភាគនយោបាយនិងសង្គម ដែលកំពុងរស់និរទេសខ្លួននៅប្រទេសហ្វាំងឡង់ បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (PPA) ដែលជាលិខិតូបករណ៍អន្តរជាតិ ឬជាច្បាប់អន្តរជាតិ (សម្រាប់ដោះស្រាយជម្លោះទាក់ទងនឹងកម្ពុជា) ចែងអំពីស្មារតីទប់ស្កាត់កុំឲ្យកម្ពុជា វិលត្រឡប់ទៅកាន់របបអតីតកាល ប៉ុន្តែមេដឹកនាំត្រកូលហ៊ុន ចេះតែនាំគ្នានឹករបបអតីតកាល ហើយទាញកម្ពុជា ឱ្យមានដំណើររអិលធ្លាក់ចូលរបបអតីតកាល។ គឺរបបអតីតកាលដ៏សោកនាដកម្ម ដែលមិនគោរពសិទ្ធិមនុស្ស ធ្វើទុក្ខបុកម្នេញពលរដ្ឋ តាមទំនើងចិត្ត ប្រហារជីវិតពលរដ្ឋក្រៅច្បាប់ ជ្រៀតជ្រែកដោយបរទេស និងត្រួតត្រាដោយបរទេសឈ្លានពាន (ឬអាយ៉ងបរទេស [វៀតណាម]) ជាដើម»។
លោកគឹម សុខ បន្តថា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ៖ “ដោយទទួលស្គាល់ថា ប្រវត្តិសាស្ត្រថ្មីៗ (មុនថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១) ប្រកបដោយសោកនាដកម្មរបស់កម្ពុជា ទាមទារឲ្យមានវិធានការពិសេស ដើម្បីធានាការពារសិទ្ធិមនុស្ស និងបង្ការការវិលត្រឡប់ទៅរករបបនយោបាយនិងអំពើប្រព្រឹត្តពីអតីតកាល…” ។
ជាមួយគ្នានោះដែរ ការលើកឡើងរបស់លោកអ៊ុំ សំអាន សហការីលោកសម រង្ស៊ី ខាងលើនេះ ក៏ស្របទៅនឹងការលើកឡើងរបស់លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលថា មេដឹកនាំកម្ពុជា (សម្តេចហ៊ុន សែន និងសម្តេចហ៊ុន ម៉ាណែត) អាចទាញកម្ពុជា ធ្លាក់ទៅក្នុងរបបអតីតកាល នៅត្រង់ចំណុចមួយ គឺការអនុវត្តអំណាចផ្ដាច់ការ ផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសផង ផ្ទុយនឹងរដ្ឋធម្មនុញ្ញខ្មែរបច្ចុប្បន្នផង ។
លោកម៉ែន ណាត បានមានប្រសាសន៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថា “តើកម្ពុជា បច្ចុប្បន្នធ្លាក់ទៅក្នុងរបបអតីតកាលឬយ៉ាងណានោះ យើងអាចទាញចំណាប់អារម្មណ៍ថា វាអាចទាញកម្ពុជា ធ្លាក់ទៅក្នុងរបបអតីតកាល នៅត្រង់ចំណុចមួយ គឺការអនុវត្តអំណាចផ្ដាច់ការ ហើយការអនុវត្តអំណាចផ្ដាច់ការហ្នឹង វាផ្ទុយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាផ្ទុយនឹងរដ្ឋធម្មនុញ្ញខ្មែរយើងបច្ចុប្បន្នផង ។ ប៉ុន្តែចំណាប់អារម្មណ៍របស់ខ្ញុំ ក្នុងរបស់អតីតកាល អ៊ីចេះ! និយាយអំពីគោលបំណងរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នោះ ។ គោលបំណងទី១ គឺការបញ្ចប់ជម្លោះគ្នាប្រដាប់អាវុធ រវាងខ្មែរនិងខ្មែរហ្នឹង ។ អាហ្នឹងហៅថា ដោះស្រាយបញ្ហាកម្ពុជា នៅក្នុងខ្លឹមសារច្បាប់ គេថាអ៊ីចឹង ហើយទី២ហ្នឹង គឺបំណងធំនៃកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង ឲ្យមានការផ្សះផ្សា ឯកភាពជាតិខ្មែរនិងខ្មែរ ។ ទី៣ គឺការការពារបូរណភាពខ្មែររឹងមាំ និងលុបចោលសន្ធិសញ្ញាកិច្ចព្រមព្រៀងខុសច្បាប់នានា ជាមួយប្រទេសវៀតណាម ដែលជាប្រទេសដាក់អណានិគមលើប្រទេសកម្ពុជា ១០ឆ្នាំ វាខុសនឹងច្បាប់អន្តរជាតិ ជំនាន់ហ្នឹង ហើយគោលបំណងទី៤ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសហ្នឹង គឺជំរុញឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ដល់ពេលការអនុវត្តអំណាចផ្ដាច់ការរបស់របបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បច្ចុប្បន្នហ្នឹង វាទៅធ្លាក់ទៅក្នុងអតីតកាល ត្រង់ចំណុចថា ការអនុវត្តអំណាចផ្ដាច់ការ ដូចខ្ញុំបញ្ជាក់ជូនមិញហ្នឹង ។ អំណាចផ្ដាច់ការហ្នឹង គឺបំពានគោលការណ៍បោះឆ្នោតសេរី និងយុត្តិធម៌ បំពានការគោរពសិទ្ធិមនុស្ស បំពានហ្នឹង ធ្វើឲ្យមានការបំបែកបំបាក់ជាតិ បែកបាក់ស្មារតីជាតិ ហើយទីមួយទៀតនោះ គឺធ្វើឲ្យកិច្ចព្រមព្រៀងសន្ធិសញ្ញាទាំងឡាយណាដែលកម្ពុជា ជំនាន់លោកហ៊ុន សែន ចុះជាមួយវៀតណាម នៅតែមានអាទិភាព ហើយរស់ឡើងវិញ តាមរយៈការធ្វើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែន ឆ្នាំ២០០៥ អីអ៊ីចឹង ហើយធ្វើឲ្យកោះត្រល់ កម្ពុជា អីរអិលទៅស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម តាមរយៈកិច្ចព្រមព្រៀងព្រំដែនទឹក ឆ្នាំ១៩៨២ ដែលលោកហ៊ុន សែន ចុះហត្ថលេខាជាមួយវៀតណាម អីអ៊ីចឹង ។ អាហ្នឹងបើយើងធៀបនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្នុងការអនុវត្តបច្ចុប្បន្ន ហើយនិងយើងធៀបនឹងរដ្ឋធម្មនុញ្ញ ក្នុងការអនុវត្តបច្ចុប្បន្នហ្នឹង មានន័យថា វាដើរធាក់ថយក្រោយ…» ។
ទោះបីយ៉ាងណា ឆ្លើយតបទៅការលើកឡើងចោទប្រកាន់របស់ក្រុមប្រឆាំង អ្នកវិភាគ និងអ្នកឃ្លាំមើលខាងលើនេះ លោកប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ថាការដែលថា រាជរដ្ឋាភិបាល ទាញប្រទេសកម្ពុជា ឲ្យធ្លាក់ទៅអតីតកាល គឺជាការនិយាយបំផ្លើស បំភ្លៃ បង្ខូចទាំងស្រុង ព្រោះរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានទាញប្រទេសពីអតីតកាល ដែលមានសង្រ្គាម មានរបបប្រល័យពូជសាសន៍ ក្រីក្រ ផេះផង់ មានតែឈាមនិងទឹកភ្នែក មកប្រែក្លាយឲ្យទៅជាប្រទេសមានសន្តិភាពពេញលេញ ប្រែក្លាយប្រទេសឲ្យទៅជាការអភិវឌ្ឍ ប្រែប្រួលខុសស្រឡះពីអតីតកាល ។ ម្យ៉ាងទៀត មានតែអ្នកប្រព្រឹត្តខុសច្បាប់ទេ ដែលថារាជរដ្ឋាភិបាល ដឹកនាំផ្ដាច់ការ ប៉ុន្តែសម្រាប់អ្នកគោរពច្បាប់ រស់នៅសុខសប្បាយ គ្មានអ្នកណាគេជឿទេ។
លោកប៉ែន បូណា បានមានប្រសាសន៍ថា “ខ្ញុំសូមបញ្ជាក់ជូន ទី១ ពួកប្រឆាំងជ្រុលនិយម មួយក្ដាប់តូចហ្នឹង ជំនាញរបស់គេ គឺបំផ្លើស បំភ្លៃ ភូតកុហកប្រជាពលរដ្ឋហ្នឹងឯង ។ ឥឡូវយើងមើល គេថា កម្ពុជា រាជរដ្ឋាភិបាល ទាញប្រទេសឲ្យទៅអតីតកាល គឺនិយាយបំផ្លើស បង្ខូចទាំងស្រុង ។ រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ទាញប្រទេសពីអតីតកាលដែលមានសង្រ្គាម មានរបបប្រល័យពូជសាសន៍ ក្រីក្រ ផេះផង់ មានតែឈាមនិងទឹកភ្នែក ឥឡូវនេះប្រែក្លាយឲ្យទៅជាប្រទេសសន្តិភាពពេញលេញ ប្រែក្លាយប្រទេសឲ្យទៅជាការអភិវឌ្ឍ ប្រែប្រួលខុសស្រឡះពីអតីតកាល ។ ជាង៥០០ឆ្នាំចុងក្រោយ អត់មានដែលកម្ពុជាណាមានការអភិវឌ្ឍដូចសម័យបច្ចុប្បន្នទេ គឺផ្ដល់សិទ្ធិរស់រានមានជីវិតឲ្យប្រជាពលរដ្ឋខ្មែរ នៅ០៧ មករា ១៩៧៩ ផ្ដល់សុខសន្តិភាពពេញលេញឲ្យប្រជាពលរដ្ឋខ្មែរ នៅថ្ងៃ២៩ ធ្នូ ១៩៩៨ ផ្ដល់ការអភិវឌ្ឍជឿនលឿន ឲ្យមានជីវភាពធូរធារ ឲ្យប្រជាជនស្គាល់បច្ចេកវិទ្យាទំនើប មានហេដ្ឋារចនាសម្ព័ន្ធល្អ ផ្លូវហាយវេយ៍ ផ្លូវល្បឿនលឿន មានផ្សារទំនើប អគារខ្ពស់ៗ កប់ពពក មានអគ្គិសនីប្រើប្រាស់ មានហាងទំនិញ មានយានយន្តពេញដងផ្លូវហ្នឹង គឺជាស្នាដៃរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ជាអតីតនាយករដ្ឋមន្រ្តី ហើយឥឡូវសម្ដេចធិបតី កំពុងតែបន្តវេន ឃើញទេ? អ៊ីចឹងពួកហ្នឹងជំនាញគេ គឺបំផ្លើស បំភ្លៃហ្នឹងហើយ ហើយនិងបង្កើតព័ត៌មានក្លែងក្លាយ“ ។
លោកប៉ែន បូណា បានមានប្រសាសន៍បន្តថា “ហើយជាធម្មតា អ្នកប្រព្រឹត្តខុសច្បាប់ តែងតែអត់ចូលចិត្តច្បាប់ទេ អត់ចូលចិត្តតុលាការ អត់ចូលចិត្តអាជ្ញាធរចាត់វិធានការទេ ព្រោះពួកគេខុសច្បាប់ ។ អ៊ីចឹងហើយបានជាគេចាត់ទុកថា រដ្ឋាភិបាលដែលចាត់វិធានការផ្លូវច្បាប់ទៅលើពួកគេហ្នឹង គេថាជាអំណាចផ្ដាច់ការ ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ១៧លាននាក់ គេរស់នៅសុខសប្បាយ គេអត់ប្រព្រឹត្តខុសច្បាប់ អ៊ីចឹងគេរស់នៅសុខសប្បាយ ប្រកបរបររកទទួលទាន មានការងារធ្វើ មានសន្តិសុខអីគ្រប់បែបយ៉ាង ។ នេះសម្រាប់អ្នកដែលគោរពច្បាប់ ខុសអីតែជនមួយក្ដាប់តូច ដែលបង្កបញ្ហា ប្រព្រឹត្តល្មើសច្បាប់ហ្នឹង គឺត្រូវទទួលរងចំណាត់ការផ្លូវច្បាប់ ហើយក៏នាំគ្នាស្រែកថា រដ្ឋាភិបាល ផ្ដាច់ការ ហ្នឹងជាភាសារបស់ពួកគេ ២០ឆ្នាំហើយ ប៉ុន្តែប្រជាជន អត់មានអ្នកណាជឿទេ“ ។
ដោយឡែក ក្នុងឱកាសខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១- ២៣ តុលា ២០២៤) សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ចូលរួមអបអរសាទរ និងបានគូសរំលេចថា «មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួមនិងផ្សះផ្សាជាតិ ពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារនិងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិនិងសង្គម”។
ចំណែកទំព័របណ្តាញសង្គម ហ្វេសប៊ុកផ្លូវការរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានបង្ហោះសារអបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០២៤) ដែលមានខ្លឹមសារទាំងស្រុងថា “៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង៤ របស់កម្ពុជា រួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយលោកសឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយលោកខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សី មកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួម ឡាយព្រះហស្តលេខាដោយសម្តេចព្រះនរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាងសីហនុ-ហ៊ុន សែន លើកទី២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្ត ដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត)។ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជា ទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយ រហូតមកដល់សព្វថ្ងៃ“ ៕ កុលបុត្រ