ភ្នំពេញ ៖ កុមារីអាយុទើប២ខួបម្នាក់ បន្ទាប់ភ្ញាក់ពីដំណេកចុះពីលើអង្រឹងរត់តាមស្វែងរកជីដូន បែជាធ្លាក់ទឹកត្រពាំងលង់ស្លាប់ទៅវិញ គួរឲ្យសោកសង្រេង ទម្រាំតែដឹង ហួសពេលទៅហើយទោះជាក្រុមគ្រួសារ មិនអស់ចិត្តត្បិតឃើញនៅស្រស់ៗនឹងភ្នែក បីត្រងកងយកទៅផ្ទះពេទ្យ ក៏មិនអាចជួយសង្រ្គោះបាន ម្តាយយំសោកឱបកូនស្រី ដូចអកយំព្រាត់កូន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅត្រពាំងទឹក ក្នុងភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ ។
កុមារីរងគ្រោះ មានឈ្មោះ ខេន ថវិកា អាយុទើប២ខួប មានឪពុក ឈ្មោះ ឡុង ខេន អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានម្តាយឈ្មោះ យាំ ស៊ាត អាយុ ៣៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនស្រី២ ក្មេងរងគ្រោះជាកូនទី២ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅភូមិព្រៃកុដ៍ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិ តែងម៉ៅ ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
តាមសម្តីបុរសឈ្មោះ ឡុង សុខី អាយុ៣៣ឆ្នាំ មុខរបរកសិករ ត្រូវជាពូបង្កើតរបស់ក្មេងរងគ្រោះ តែមកពីស្រុក ជួយធ្វើផ្ទះឲ្យឪពុកម្តាយក្មេងខាងលើ បានឲ្យដឹងថា មុនកើតហេតុ ក្រោយពីហូបបាយ ថ្ងៃត្រង់រួច ខណៈដែលឪពុកម្តាយក្មេងរងគ្រោះ ទៅធ្វើការបាត់អស់ ត្រូវបានជីដូន មើល ហើយដាក់ឲ្យ គេងក្នុងអង្រឹងមុខផ្ទះលង់លក់បាត់ទៅ ចំណែកជីដូនក្រោយពីចៅស្រី គេងលក់ក្នុងអង្រឹង គាត់ក៏បាន ដើរទៅមើល ជាងធ្វើផ្ទះ ក្បែរនោះ អស់មួយសន្ធុះក្រោយមក ទើបដើរត្រឡប់មកមើលចៅវិញ ស្រាប់ តែបាត់ពីអង្រឹង មិនដឹងចុះទៅណា ទើបដើររក មិនឃើញ ក៏បានទៅតាមខ្លួន កំពុងធ្វើផ្ទះ រួមជាមួយ ជាងផ្សេងៗទៀត ត្រូវជាសាច់ញាតិ ដើរតាមស្វែររក រហូតដល់វេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃដដែល មិនអស់ចិត្ត ទៅរកមើលតាមមាត់ទឹកត្រពាំងខាងក្រោយផ្ទះ ស្រាប់តែប្រះឃើញ ក្មេងស្រី រង គ្រោះ អណ្តែត ពន្លឹមនឹងទឹក ទើបឆោឡោចុះស្រង់ ដោយមិនអស់ចិត្ត ដូចជានៅស្រស់ៗ ថ្មីៗពេក កីបី ត្រកងយកទៅផ្ទះពេទ្យ ក្នុងភូមិក្បែរនោះ តែត្រូវបានគ្រូពេទ្យប្រាប់ថា ក្មេងបានស្លាប់បាត់ទៅហើយ ។
តាមប្រជាពលរដ្ឋ ក្បែរខាង វិញបានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្រី ចុះពីលើអង្រឹង ដែលកំពុងគេង សង្ស័យរត់ទៅតាមរកជីដូន តែបែជាជ្រុលធ្លាក់ក្នុងទឹកត្រពាំង ទាំងគ្មានអ្នកណាចាប់អារម្មណ៍ ទម្រាំរកឃើញ ហួសពេលទៅហើយ ៕