ភ្នំពេញ ៖ លោកតាលោកយាយវ័យចំណាស់ សរុប១២នាក់ រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលកើតមានបញ្ហាភ្នែកស្រវាំង និងឡើងបាយ ត្រូវបានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំទទួលការព្យាបាលវះកាត់ភ្នែក នៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ ក្រោមការជ្រោមជ្រែងនិងឧបត្ថម្ភទាំងស្រុង ពីសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតឱ្យក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកតា លោកយាយ លោកអ៊ំដែលមានបញ្ហាភ្នែកឡើងបាយ បណ្តាល ឱ្យស្រវាំង មើលមិនឃើញច្បាស់ មកពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកទទួលការព្យាបាលវះកាត់ភ្នែកឡើងបាយ នៅរាជធានីភ្នំពេញ។
បច្ចុប្បន្ន លោកតា លោកយាយ លោកអ៊ំ ទទួលបានការពិនិត្យ វះកាត់ ព្យាបាល ដោយល្អិតល្អន់ និងជោគជ័យ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី។

សម្តេចនាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការវះកាត់ ព្យាបាល ស្នាក់នៅ ធ្វើដំណើរ ជូនលោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យលោកតា លោកយាយ លោកអ៊ំ និងក្រុមគ្រួសារ មានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះសម្តេច និងលោកស្រីបណ្ឌិត ជាអនេក តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)៕