អតីតបេក្ខជន Cambodia Idol ធ្លាក់ក្នុងវគ្គផ្ដាច់ព្រ័ត្រ រដូវកាលទី១ ឆ្នាំ២០១៥ លោកម៉ៅ ហាជី ដែលមានរឿងចម្រូងចម្រាស់ជាមួយផលិតកម្មរស្មីហង្សមាស នោះ ពេលនេះបានក្លាយជាតារាចម្រៀងរបស់ផលិតកម្មថោន ជាផ្លូវការហើយ ដែលត្រៀមចេញ១វ៉ុលសុទ្ធម្នាក់ឯងទៀតផង។ប៉ុន្តែមានការចាប់អារម្មណ៍ថា ក្រោយពេលចូលជ្រកនៅផលិតកម្មថោន តារាចម្រៀងរូបនេះមានជីវភាពហ៊ឺហាជាលំដាប់ ដែលក្រោយពេលទិញផ្ទះល្វែងមួយជុង តម្លៃជិត៧ម៉ឺនដុល្លារ លោកបានទិញរថយន្តតម្លៃជាង៣ម៉ឺដុល្លារទៀត ដែលនាំឲ្យមានការសង្ស័យថា លោកទទួលបានការជ្រោមជ្រែងពីអ្នកពិសេសណាម្នាក់ ក្រោយពេលទាញបានភាពលេចធ្លោនៅលើវិថីចម្រៀង។
យ៉ាងណា លោកម៉ៅ ហាជី បានថ្លែងឲ្យដឹងថា រថយន្តម៉ាក Tundra តម្លៃជាង៣ម៉ឺនដុល្លារ ដែលលោកទើបទិញនោះ ពុំមែនលោកទិញផ្ដាច់ទេ គឺលោកបានស្គាល់រាប់អានថៅកែឡាន ដូចបងធម៌ ហើយក៏ឲ្យលោកជំពាក់ខ្លះ។ រីឯផ្ទះមួយល្វែងនៅម្ដុំផ្លូវឯកឧត្តមជា សុផារ៉ា នោះ គឺលោកទិញក្នុងលក្ខខណ្ឌបង់រំលស់១ខែ ជាង៦០០ដុល្លារ ពោលគឺពុំមានអ្នកពិសេសណាជួយឧបត្ថម្ភជ្រោមជ្រែងលោកនោះ ហើយអ្វីដែលលោកមានពេលនេះ គឺជាកម្លាំងញើសឈាមរបស់លោកទាំងស្រុង។ លោកថា ក្រោយពេលទាញបានភាពលេចធ្លោតាមរយៈកម្មវិធី Cambodia Idol លោកមានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីជាច្រើន ហើយក៏រកចំណូលបានក្រាស់ក្រែលផងដែរ។
លោកម៉ៅ ហាជី បានឲ្យដឹងដែរថា លោកកំពុងសម្រិតសម្រាំងចេញបទចម្រៀងនៅផលិតកម្មថោន ទាំងសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបទមនោសញ្ចេនា ព្រមទាំងបទញាក់ជាច្រើនទៀត ដើម្បីតម្រូវចិត្តទស្សនិកជន។ តែសន្ទុះគាំទ្រយ៉ាងណានោះ លោកទុកឲ្យទស្សនិកជនជាអ្នកឲ្យពិន្ទុ៕